បុប្ផា​អង្គរ (បទ​ពាក្យ​៨)

ដោយ គង់ ឡាយ
2015.03.13

១. សតវត្ស​ឈាន​ទៅ​ឥត​ឈប់ឈរ   ប្រាសាទ​អង្គរ​ឈរ​នៅ​ប្រត្យក្ស
ជា​កេរ​ដំណែល​ដូនតា​ខ្មែរ​ច្បាស់   ឥត​មាន​ប្រែ​ផ្លាស់​ទៅ​ណា​បាន​ទេ។

២. នេះ​ជា​បុប្ផា​នៃ​ដូនតា​ខ្មែរ   កុលបុត្រ​ត្រូវ​ថែ​ឲ្យ​គង់វង្ស​ថេរ
ឥឡូវ​បុប្ផា​រីក​ស្រស់​លើស​គេ   ជ្រោង​ដៃ​ទាំង​ទ្វេ​បង្ហាញ​លោកា។

៣. បុប្ផា​ក្រអូប​ស្រូប​មិន​ជិន​ណាយ   ជះ​ក្លិន​បាន​ឆ្ងាយ​ដែល​យើង​ប្រាថ្នា
បង្ហាញ​ភ្នែក​លោក​ឲ្យ​គេ​យល់​ការណ៍   នេះ​សម​ឈ្មោះ​ថា​បុប្ផា​អង្គរ។

៤. កិត្តិសព្ទ​អង្គរ​មាន​យូរ​មក​ហើយ   ចូរ​កុំ​កន្តើយ​ជ្រោង​ទង់​ឲ្យ​ឈរ
លើ​លោក​គេ​បាន​អបអរ​សាទរ   ឃើញ​ខ្មែរ​ក្រោក​ឈរ​សាង​សន្តិភាព។

៥. ម្លប់​សន្តិភាព​ថ្លៃ​ជាង​មាស​ពេជ្រ   ហាក់​បាន​រំលេច​ខ្ពស់​ក្រៃ​មិន​ទាប
ប្រាសាទ​អង្គរ​ល្បី​សាយ​ឥត​ប្រៀប   រក​អ្វី​មក​ធៀប​ប្រដូច​មិន​បាន។

៦. បុប្ផា​អង្គរ​ជា​មរតក​ខ្មែរ   ចូរ​ខំ​ប្រឹង​ថែ​កុំ​ឲ្យ​ខកខាន
អក្ខរា​ចារ​ឆ្លាក់​ដិត​ជាប់​ដោយ​ស្ថាន   កិត្តិនាម​ប៉ុន្មាន​ត​ជំនាន់​ក្រោយ។

៧. មរតក​មហា​សាល​កម្រ​មាន   ជា​ទ្រព្យ​ធនធាន​ដូនតា​ទុក​ឲ្យ
ជា​ព្រលឹង​ជាតិ​រស់​មិន​មែន​ខ្សោយ   ចូរ​ខំ​ឡើង​ឲ្យ​ល្បី​លើ​លោកា។

៨. ជំនាន់​ខ្មែរ​ថ្មី​ខំ​ប្រឹង​រំលេច   អង្គរ​ដូច​ពេជ្រ​កេរ​ពី​ដូនតា
ឲ្យ​ជំនាន់​ក្រោយ​យល់​ស្នា​ហត្ថា   នៃ​ព្រះ​ចេស្ដា​មហាក្សត្រ​ជាតិ។

៩. ម្លប់​សន្តិភាព​ក្រោម​ទង់​អង្គរ   ខ្មែរ​ឈាន​ទៅ​ឈរ​លើ​អន្តរជាតិ
កេរ្តិ៍​ឈ្មោះ​កូន​ខ្មែរ​មិន​អាច​ចាក​ឃ្លាត   ខ្មែរ​មាន​មារយាទ​ដូច​បុប្ផា​អង្គរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។