ទន្លេ​មេកុង

ដោយ គង់ ឡាយ
2015.07.21

កំណាព្យ (ពាក្យ​៨)

១.    សំណាង​ស្រុក​ខ្មែរ មាន​ដង​ទន្លេ    មេកុង​ចាក់​ផ្ទេរ ពី​ចិន​ដែនដី
នាំ​ល្បាយ​នាំ​ល្បាប់ នាំ​ដី​មាន​ជី    ផ្ដល់​ដោយ​វា​រី ដល់​ស្រូវ​សំណាប។

២.    មក​ដល់​ភ្នំពេញ បែក​ចេញ​ជា​បួន​    ​ពីរ​ចែក​ទៅ​យួន នាំ​ក្បូន​ទឹកសាប
មួយ​បែក​ទៅ​ស្តាំ ហៅ​ទន្លេសាប    ចិញ្ចឹម​សំណាប ច្រើន​ហ្មឺន​ហិកតារ។

៣.    ទន្លេ​នេះ​ប្លែក ចម្លែក​ជាង​គេ    ទឹក​ហូរ​ចាក់​ផ្ទេរ ពី​លើ​ធម្មតា
​មក​ដល់​ភ្នំពេញ បែក​មួយ​ហត្ថា    ហូរ​មិន​ធម្មតា ហូរ​ច្រាស​ទៅ​លើ។

៤.    បើ​ជិះ​ជលយាន តាម​ទន្លេ​នេះ    ហាក់​មាន​តម្រិះ ដួច​គេ​បាន​ធ្វើ
ដំណើរ​ស្រាវជ្រាវ នៅ​តាម​ស្រុក​លើ     ​ប្រៀប​ដូច​បាន​ទើរ លើ​ដែន​ជលសា។

៥.    ហូរ​ចូល​បឹង​មួយ មហា​សែន​ធំ    ជា​បឹង​ជំរុំ ជម្រក​មច្ឆា
ទេសភាព​ល្អគន់ ដ៏​ស្រស់​ត្រកាល    បក្សី​បក្សា មាន​តូច​មាន​ធំ។

៦.    ពី​ដើម​បើ​ចង់ បាន​ត្រី​មក​ស្ល    ញាំ​-​អាំង ឬ ខ មិន​បាច់​ប្រឹង​អុំ
​ទូក​ទៅ​ឱ្យ​ឆ្ងាយ ខ្វល់ខ្វាយ​ហើយ​ខំ    យក​ចង្វា​ដំ (១) ត្រី​លោត​ចូល​ឯង។

៧.    អាស៊ី​គ្មាន​ទេ បឹង​ធំ​ល្វឹងល្វើយ​    ​សមុទ្រ​គ្មាន​ត្រើយ កវី​ចារ​ចែង
​សំបូរ​ត្រី​ណាស់ គ្មាន​អ្វី​ថ្លាថ្លែង​    ​ឱ្យ​រាស្ត្រ​ចំបែង ពី​ខ្វះ​ម្ហូប​ឡើយ។

៨.    មាតុភូមិ​បវរ ត្រូវ​យើង​ខំ​ថែ    ទោះ​មិន​នៅ​ក្បែរ កុំ​នៅ​កន្តើយ
​ផ្តល់​ជា​គំនិត សម្រេច​ឱ្យ​ហើយ​    កុំ​ឱ្យ​សល់​ឡើយ ដល់​មិត្ត​សំឡាញ់។

៩.    នៅ​ភូមិ​កំណើត នៅ​ស្រែ​ចំការ    ​នៅ​មាន​មេត្តា នៅ​ក្តី​ស្រឡាញ់
​បើ​អស់​ទឹក​ដី គ្មាន​អ្វី ជា​អញ (២)    ខ្មាស​អស់​សំឡាញ់ ក្នុង​លោក​ណាស់​ទាន។

១០.    ដែនដី​ខ្មែរ​ប្រែ​ថា ដែន​សុវណ្ណ​    ​នៅ​គ្រប់​ខេត្ត​ខណ្ឌ សម្បូរ​ធនធាន
​ទោះ​ក្នុង​ទឹក-​ដី (៣) ក៏​សុទ្ធ​តែ​មាន    មាស​ពេជ្រ​ជា​យាន នាំ​ស្រុក​ថ្កើងថ្កាន៕

(១)= ដំ​លើ​ទូក​ឲ្យ​ត្រី​ផ្អើល, (២)= ជា​របស់ខ្ញុំ,   (៣)= ក្នុង​ដី​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។