បណ្ដាំ​រាស្ត្រ​ក្រុង​ភ្នំពេញ

ដោយ យី ឆេងអ៊ួ (ប៉េង)
2015.08.06

កំណាព្យ

២.    ថ្ងៃ​មួយ​សីហា        ពីរ​ពាន់​ដប់​ប្រាំ        រាស្ត្រ​ខ្មែរ​សូម​ផ្តាំ    អ្នក​អភិវឌ្ឍ
​ភ្លៀង​ខ្លាំង​មួយ​មេ    ទឹក​លិច​ប្រាកដ    សាលា ផ្ទះ វត្ត    ​លិច​ស្ទើរ​គ្មាន​សល់។

២.    ខូចខាត​ទ្រព្យធន    រាស្ត្រ​ជួប​អំពល់    ចរ​ទៅ​លែង​ដល់    ទឹក​ជន់​ភ្នំពេញ
​លុប​បឹង​លូ​តូច    ​សំរាម​រាយ​វិញ    គ្មាន​អ្នក​យក​ចេញ    លិច​ក្រៃ​កន្លង។

៣.    លិច​ខឿន​លេច​ផ្លូវ​    ​លិច​ទាំង​របង        លិច​ជ្រៅ​កន្លង    ជង្គង់ ចង្កេះ
​យាន​ត្រូវ​រលត់    មិន​អាច​បញ្ឆេះ    រាស្ត្រ​ទាល់​តម្រិះ    ខាត​គ្រប់​តែ​គ្នា។

៤.    ភ្នំពេញ​ប្រវត្តិ        តាំង​ពី​យូរយារ    ភ្លៀង​ខ្លាំង​ច្រើន​គ្រា    កម្រ​លិចលង់
ហេតុ​ម្ដេច​ពេល​នេះ        ត្រូវ​មក​ខូច​បង់​    ​ក្រុង​ធ្លាប់​ផូរផង់    បែរ​អាប់​រស្មី។

៥.    ពេល​អភិវឌ្ឍ        មិន​ត្រូវ​ចាក់​ដី        ​បឹង​តូច​ធំ​ក្តី    ជា​អាង​ផ្ទុក​ទឹក
​ទោះ​ភ្លៀង​ច្រើន​ថ្ងៃ​    ​បន្ត​រដឹក    ​ពេល​យប់​ល្ងាច​ព្រឹក        ក៏​ទឹក​មិន​ជន់។

៦.    លោក​អ្នក​ចាំ​ទេ​    ​    ​ជាតិ​ខ្មែរ​ពី​មុន        ទឹក​មិន​អាច​ជន់    ព្រោះ​ប្រាជ្ញ​វាងវៃ
មាន​ទួល​មាន​បឹង    សញ្ជឹង​លក​លៃ    ​មិន​ខ្វល់​យក​ដី    ​ពី​ការ​លុប​បឹង។

៧.    បើ​ជ្រុល​លុប​ហើយ​    ​ត្រូវ​តែ​ខំប្រឹង        ធ្វើ​លូ​ឲ្យ​ថ្លឹង    កម្លាំង​ទឹក​ហូរ
​មុខ​ធំ​ប៉ុន​ផ្ទះ        ទើប​រាស្ត្រ​មិន​ថ្ងូរ    បើ​សិន​ជន់ជោរ    ពេល​តិច​ក៏​ស្រក។

៨.    រី​សំរាម​វិញ    នៅ​គ្រប់​ច្រកល្ហក    ស៊ីនទ្រី​កុំ​ខក        កុំ​ខាន​ដឹក​ចេញ
​ដឹក​ឲ្យ​បាន​ទាន់​    ​ពី​ក្រុងភ្នំពេញ​    ​    ​យក​ទៅ​បំពេញ    ​ដី​ឆ្ងាយ​ពី​ក្រុង។

៩.    ក្រុង​នឹង​លែង​លិច​    ​សម្រស់​ផូរផង់    ​រាស្ត្រ​នៅ​ក្នុង​ក្រុង    ​នឹង​បាន​សប្បាយ
​ទ្រព្យ​លែង​ខូចខាត​    ​ប្រាក់​កើន​គ្រាន់​ចាយ        ​បរទេស​ជិត​ឆ្ងាយ    ​នឹង​ពោល​សរសើរ។

១០. អភិវឌ្ឍ​ជាតិ    ត្រូវ​លៃ​ឲ្យ​ស្មើ        ​ខាង​ក្រោម​ខាងលើ​    ​ខាង​ឆ្វេង​ខាង​ស្ដាំ
​ខាង​មុខ​ខាង​ក្រោយ    កុំ​ឲ្យ​ប្រេះស្រាំ​    ​    ​នេះ​ជា​បណ្ដាំ    រាស្ត្រ​ក្រុងភ្នំពេញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។