មាន​អ្វី​អាង​ទៀត?

ដោយ ព្រុំ គឹមជឿន
2014.09.07

១. ចាស់ៗ​អាង​ស្លាប់​ទៅ​ចាប់​ជាតិ​ថ្មី           ពពួក​យុវតី​អាង​លើ​ក្រែម​ម្សៅ
យុវជន​ឈាម​រាវ​អាង​ភាព​កម្លៅ            រី​ជន​ល្ងង់ខ្លៅ​អាង​ភ្លើ​ធ្វើ​ចេះ។

២. មូលធន ចក្រពត្តិ​អាង​ត្រួត​ជិះជាន់         និស្សិត​បញ្ញវន្ត​អាង​លើ​តម្រិះ
ឯ​មនុស្ស​កម្ជិល​អាង​ការ​គេចវេះ            អ្នក​អត់​ចំណេះ​អាង​លើ​កម្លាំង។

៣. អ្នក​ធំ​មាន​ប្រាក់​អាង​សក្តិ​អំណាច          អ្នក​តូច​អាង​ខ្លាច​មិន​ហ៊ាន​តតាំង
អ្នក​ល្មោភ​សង្គ្រាម​អាង​ធ្វើ​ចម្បាំង         ឯ​ពួក​ជើង​ខ្លាំង​អាង​កាប់​វ៉ៃ​តប់។

៤. ពួក​មហា​អំណាច​អាង​បរមាណូ            គំរាម​កកូរ​ទ្វីប​លោក​ឥត​ឈប់
អ្នក​ប្រាជ្ញ​អាង​ឆ្លាត​រក​ផ្លូវ​ទល់​ទប់            ពួក​មូស្លីម​ស៊ប់​អាង​ភេរវកម្ម។

៥. ខ្មែរ​អាង​ធនធាន​ធម្មជាតិ​ពិសិដ្ឋ             អាង​ឈើ​ប្រណិត​អាយុ​រយ​ឆ្នាំ
អាង​កាប់​បំផ្លាញ​ជាប់​ជា​ប្រចាំ               អាង​មើល​បំណាំ​អាត្មា​និយម។

៦. មើល​ចុះ​ត្បូង​ខ្មែរ​កំពុង​វិនាស  ចំណែក​រ៉ែ​មាស គ្រឿងចក្រ​តូច​ធំ
គេ​ជីក​កកាយ​រំលើង​រំលំ  ធម្មជាតិ​ស្រែក​យំ​គ្មាន​អ្នក​សង្គ្រោះ។

៧. ឥឡូវ​បាត់បង់​សម្បត្តិ​ធម្មជាតិ         បើ​បណ្ដោយ​ទៀត​ខ្មែរ​បាត់​ទាំង​ឈ្មោះ
“COUNTRY FOR SALE” មិនមែន​ពីរោះ     កំពុងតែ​ឆ្ពោះ​រក​គ្រោះ​អសោចិ៍។

៨. បុព្វហេតុ​តែមួយ​មិន​អាច​គេចកែ         ព្រោះ​តែ​មាន​ខ្មែរ​ស្គាល់​តែ​ប្រយោជន៍
ស៊ី​មិន​ចេះ​ឆ្អែត​នាំ​គ្នា​បេះបោច        ដល់​ជាតិ​ហិនហោច​មាន​អ្វី​អាង​ទៀត?

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។