ខ្ញុំ​ចង់

ដោយ យី ឆេងអ៊ួ (ប៉េង)
2015.10.29

កំណាព្យ

១.    ខ្ញុំ​ចង់​ឲ្យ​ខ្មែរ​ប្រែ​មក​ស្លូត        សាមគ្គី​រហូត​ឈប់​ឈ្លោះ​គ្នា
ខ្ញុំ​ចង់​ឲ្យ​ខ្មែរ​គ្រប់​និន្នា            រួម​ពួតដៃគ្នា​ដេញ​សត្រូវ។

២.    ខ្ញុំ​ចង់​ឲ្យ​ខ្មែរ​គ្រប់​ភូមិ​ស្រុក        រស់​មាន​ក្តី​សុខ​ឆ្ងាយ​អាស្រូវ
ខ្ញុំ​ចង់​ឲ្យ​ខ្មែរ​ស្គាល់​ម៉ែឪ        ប្រព្រឹត្ត​ធម៌​ត្រូវ​គ្មាន​ហិង្សា។

៣.    ខ្ញុំ​ចង់​ឲ្យ​ខ្មែរ​ប្រែ​មក​ល្អ        រីករាយ​សាទរ​អ្នក​ប្រាជ្ញា
ខ្ញុំ​ចង់​ឲ្យ​ខ្មែរ​ចិត្ត​ហានក្លា        លះ​ភាព​ឫស្យា ខ្លៅ និន្ទា។

៤.    ខ្ញុំ​ចង់​ឲ្យ​ខ្មែរ​ជួយ​ស្រង់​ជាតិ        លះបង់​មារយាទ​មិន​ថ្លៃថ្លា
ខ្ញុំ​ចង់​ឲ្យ​ខ្មែរ​ថែរក្សា            កេរ្តិ៍ឈ្មោះ​ដូនតា​ឲ្យ​គត់គង់។

៥.    ខ្ញុំ​ចង់​ឲ្យ​ខ្មែរ​ឈប់​ចាញ់បោក        ល្បិចកល​ស្មោកគ្រោក​មិន​ផូរផង់
ខ្ញុំ​ចង់​ឲ្យ​ខ្មែរ​ជួយ​គ្នា​ស្រង់        ជាតិ​ឲ្យ​ផូរផង់​ល្អ​ទៅ​មុខ។

៦.    ខ្ញុំ​ចង់​ឲ្យ​ខ្មែរ​ភ្ញាក់កំណើត        គំនិត​ល្អ​ឆើត​សាង​ភូមិ​ស្រុក
ខ្ញុំ​ចង់​ឲ្យ​ខ្មែរ​រៀន​យល់​មុខ        ជួយ​ញាតិ​ឲ្យ​សុខ​ទាំង​អស់​គ្នា។

៧.    ខ្ញុំ​ចង់​ឲ្យ​ខ្មែរ​ដេញ​សត្រូវ        ថយ​ឲ្យ​ឆ្ងាយ​ទៅ​ពី​រដ្ឋា
ខ្ញុំ​ចង់​ឲ្យ​ខ្មែរ​ថែ​សាស្ត្រា        រៀន​ឆ្លាក់​ច្នៃ​ចារ​ឲ្យ​ខ្មែរ​ខ្ពស់។

៨.    ខ្ញុំ​ចង់​ឲ្យ​ខ្មែរ​សំបូរ​ប្រាជ្ញ        ចិត្ត​ល្អ​អង់អាច​ដោយ​កិត្តិយស
ខ្ញុំ​ចង់​ឲ្យ​ខ្មែរ​ថែ​កេរ្តិ៍ឈ្មោះ        ឲ្យ​ល្អ​ពីរោះ​គ្រប់​គ្រួសារ។

៩.    ខ្ញុំ​ចង់​ឲ្យ​ខ្មែរ​ចេះ​បណ្ដុះ        ថែ​ផ្សាំ​ឲ្យ​លាស់​ខ្ពស់​អស្ចារ្យ
ខ្ញុំ​ចង់​ឲ្យ​ខ្មែរ​មាន​ព្រហ្មវិហារ        ធម៌​ល្អ​ក្រៃណា​នៃ​ព្រះពុទ្ធ។

១០.    ខ្ញុំ​ចង់​ឲ្យ​ខ្មែរ​ថែ​បងប្អូន        លើក​ស្ទួយ​តា​ដូន​ឲ្យ​ម៉ត់ចត់
ខ្ញុំ​ចង់​ឲ្យ​ខ្មែរ​ល្អ​ប្រាកដ        ត្រង់​ដូច​បន្ទាត់​ស្នេហា​ជាតិ។

១១.    ខ្ញុំ​ចង់​ឲ្យ​ខ្មែរ​គោរព​ច្បាប់        លះ​ការ​បង្អាប់​ដល់​មិត្រ​ញាតិ
ខ្ញុំ​ឲ្យ​ខ្មែរ​ខំ​ថែមទៀត            ផល​កើន​ព្រោងព្រាត​សំណាង​ខ្មែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។