ឥទ្ធិពល​ដុល្លារ

ដោយ គង់ ឡាយ
2014.11.27

១. ឥទ្ធិពល​ដុល្លារ               វាយ​ប្រហារ​មិន​រើស​មុខ
មាន​ច្រើន​រស់​បាន​សុខ តែ​មាន​ទុក្ខ​ព្រោះ​តែ​វា។

២. វា​ជា​គ្រឿង​បញ្ជា            ឲ្យ​គ្រប់​គ្នា​យល់​សេវា
បម្រើ​សព្វ​កិច្ចការ              តាម​ប្រាថ្នា​របស់​គេ។

៣. អំណាច​នៃ​ដុល្លារ           មាន​បញ្ហា​កុំ​ថា​ទេ
បុក​ថែម​ឲ្យ​កើន​ទ្វេ          កុំ​ថា​ទេ ដោះ​ឲ្យ​បាន។

៤. រឿង​ខុស​ក្លាយ​ជា​ត្រូវ      កុំ​ឲ្យ​នៅ​នាំ​រំខាន
ព្រោះ​គេ​ជា​អ្នក​មាន        ចាយ​ប៉ុន្មាន​ឲ្យ​បាន​ការ។

៥. សង្គម​អនាធិបតេយ្យ      គហបតី​ប្រើ​ដុល្លារ
ធ្វើ​អ្វី​ត្រូវ​បាន​ការ            កុំ​វា​ចារ​ថា​មិន​កើត។

៦. បើ​ខ្វះ​យក​ថែម​ទៀត       ប្រើ​គ្រប់​ស្នៀត​ឲ្យ​បាន​ឆើត
អ្វីៗ​ត្រូវ​តែ​កើត               បើ​មិន​កើត​មិន​ព្រម​ឈប់។

៧. ដុល្លារ​មាន​អំណាច         ឫក​កោងកាច​គ្មាន​អ្វី​ទប់
ធ្វើ​អ្វី​ឲ្យ​ខ្លួន​សុខ              គេ​កើត​ទុក្ខ​ធ្វើ​មិន​ដឹង។

៨. អ្នក​នោះ​ត្រូវ​បណ្ដាសា     រួម​ទេវតា​ក៏​នឹង​ខឹង
ដាក់​ទោស​យ៉ាង​តឹងរ៉ឹង   តាម​បណ្ដឹង​អ្នក​កើត​ទុក្ខ។

៩. បើ​មាន​អ្នក​ធ្វើ​ល្អ    មិន​បង្ក​ឲ្យ​មាន​ទុក្ខ
ចាយ​ដុល្លារ​ឲ្យ​គេ​សុខ     ត​ទៅ​មុខ​បាន​ថ្កុំថ្កើង៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។