បណ្ដាំ​ពុក​ម៉ែ

ដោយ យី ឆេងអ៊ួ (ប៉េង)
2014.12.07

១. ពីរ​ពាន់​ដប់​បួន ខែ​វិច្ឆិកា ម្ភៃ​ប្រាំមួយ​ណា ពុក​ម៉ែ​សូម​ផ្តាំ កូន​ខ្មែរ​គ្រប់គ្នា គួរ​កត់ចំណាំ ទុកជា​បណ្តាំ ចាំ​ត​កូនចៅ។

២. ពុក​ម៉ែ​តែង​កាព្យ ទុកជា​បណ្ដៅ ប្រការ​ក្រែង​ខ្លៅ រុកកួន​ដល់​កូន បើ​សិន​កូន​ធ្វេស ជាតិ​នឹង​សាបសូន្យ ខ្ចាត់ខ្ចាយ​បងប្អូន ព្រោះ​កូន​មិន​ដឹង។

៣. ពុក​ស្លេះ​ពាក្យ​ផ្ដើម ត្រឹមតែ​ប៉ុណ្ណឹង ឱ​កូន​ព្រលឹង តទៅ​ចាំ​ស្តាប់ ពុក​តែង​ជា​ក្បួន ម៉ែ​តែង​ជា​ច្បាប់ រាយ​ឲ្យ​កូន​ស្ដាប់ ជា​ក្បួនច្បាប់​ខ្មែរ។

៤. ពុក​ម៉ែ​នៅ​រស់ កូន​ត្រូវ​ខំ​ថែ ទោះ​នៅ​ក្រុង​ស្រែ ថែ​តាម​លំអាន ឲ្យ​ល្អ​ពិសិដ្ឋ តាម​សម័យ​បុរាណ ជាតិខ្មែរ​ថ្កើងថ្កាន ព្រោះតែ​អង្គរ។

៥. ឲ្យ​ពុក​និង​ម៉ែ បាន​ឃើញ​កូន​ល្អ ឃើញ​កូន​ស្មោះ​ស ជាមួយ​នឹង​ជាតិ កូន​ស្រលាញ់​ធម៌ ស្រលាញ់​មិត្ត​ញាតិ ដុះដាល​ថែមទៀត ជាតិ​ខ្មែរ​កើន​ល្បី។

៦. ទោះ​ក្រ​ឬ​មាន កូន​ទាំង​ប្រុស​ស្រី កូន​កុំ​អាង​អី រឿង​ទ្រព្យ​ក្រៅ​ខ្លួន ទ្រព្យ​ដែល​ល្អ​ពិត ណា​ស្រស់​នឹមនួន គឺ​ទ្រព្យ​ក្នុង​ខ្លួន ចំណេះវិជ្ជា។

៧. កូន​ត្រូវ​ខំ​រៀន កុំ​គេច​សាលា មិត្តភ័ក្ដិ​ផង​គ្នា ត្រូវ​ជួយ​អប់រំ ទាញ​មក​ផ្លូវ​ល្អ ឲ្យ​ខ្ពស់​សក្ដិសម ជាតិ​នឹង​សុខដុម ព្រោះតែ​អ្នក​ប្រាជ្ញ។

៨. រឿង​ការ​លំបាក កូន​ត្រូវ​អង់អាច ចូរ​កូន​កុំ​ខ្លាច ត្រូវ​ស្រាយ​ឧបសគ្គ រៀន​ប្រើ​សតិ ប្រាជ្ញា​គ្រប់​ថ្នាក់ រៀន​ញែក​ឧបសគ្គ ដោះស្រាយ​ឲ្យ​រួច។

៩. កុំ​គេង​ទ្រមក់ កុំ​ខិល​កុំ​ខូច ទោះ​ខ្លួន​នៅ​តូច កូន​ត្រូវ​ខំប្រឹង រៀន​ពត់​ចរិយា តាំងពី​ពេល​ហ្នឹង នោះ​ទើប​ព្រលឹង កូន​បាន​រឹងមាំ។

១០. តន្ត្រី​ខ្មែរ​មាន កូន​ត្រូវ​ថែទាំ ឲ្យ​ល្អ​សក្ដិសម ព្រលឹង​ជាតិ​ខ្មែរ រៀន​បន្តវេន ពី​ពុក​និង​ម៉ែ របាំ​ជាតិ​ខ្មែរ​ក៏​ត្រូវ​រក្សា។

១១. រៀន​ពី​ធម្មជាតិ មាន​ព្រៃ​ព្រឹក្សា ម្រឹគីម្រឹគា បក្សាបក្សី ប្រើ​ដោយ​សន្សំ ទេសចរណ៍​ប្រពៃ ក្រ​មាន​ម្ដេច​ក្តី កុំ​ជួញ​ខុស​ច្បាប់។

១២. កុំ​ជក់បារី ពុក​ម៉ែ​ផ្តាំ​ប្រាប់ ព្រោះ​ផ្សែង​សម្លាប់ អ្នក​បំពាន​ជក់ ស្រា ស្រី បន​ល្បែង កូន​កុំ​វីវក់ ល្បែង​នាំ​អាក្រក់ អន្តរាយ​គ្រប់យ៉ាង។

១៣. ត្រូវ​សាង​ក្តី​ល្អ ទុកជា​សម្អាង ធ្វើ​ល្អ​គ្រប់​យ៉ាង គ្រប់​ពេល​វេលា ធ្វើ​ល្អ​ឲ្យ​ល្អិត ឲ្យ​បាន​គ្រប់គ្នា ព្រម​ដោយ​វិជ្ជា ប្រាជ្ញា ស្មារតី។

១៤. ស្លៀកពាក់​ឲ្យ​សម ជា​ខ្មែរ​ប្រពៃ បុរាណ សម័យ ឲ្យ​ត្រូវ​លំអាន សញ្ញាណ​ជាតិ​ខ្មែរ ត្រូវ​ថែ​ឲ្យ​បាន ខ្មែរ​គ្រប់​ទី​ស្ថាន រួម​ថែ​វប្បធម៌។

១៥. អក្សរ​ភាសា ខ្មែរ​ដ៏​បវរ ត្រូវ​ប្រើ​ឲ្យ​ល្អ ឲ្យ​ត្រូវ​តាម​ក្បួន តាម​គោល​វេយ្យាករណ៍ អាន​ឲ្យ​សមសួន កុំ​រំលង​ក្បួន អក្សរសាស្ត្រ​ខ្មែរ។

១៦. ត្រូវ​ចេះ​លើកដៃ សំពះ​ផង​គេ តាម​បែបផែន​ខ្មែរ ទាំង​ប្រាំ​ប្រការ ត្រឹម​ទ្រូង ច្រមុះ ចិញ្ចើម​ចង្កា និង​ត្រឹម​សិរសា ប្រជុំ​ចិញ្ចើម។

១៧. ទោះ​ជួប​អ្នកណា កូន​ត្រូវ​រៀន​ផ្តើម កូន​ត្រូវ​រៀន​ផ្សើម រឿង​ធម៌​រឿង​អាថ៌ ធ្វើ​ចិត្ត​ឲ្យ​ស្លូត សំដី​រាបសា ព្រម​ដោយ​ហត្ថា សំពះ​បែប​ខ្មែរ។

១៨. ទោះ​ជាតិ​សាសន៍​អ្វី ក៏​អាច​ឆ្លាត​ដែរ កូន​អើយ​ពុក​ម៉ែ គាំទ្រ​កូន​ខំ រហ័សរហួន វាងវៃ​សក្ដិសម ល្អ​ព្រោះ​ខិតខំ តស៊ូ​ឧស្សាហ៍។

១៩. កូន​ត្រូវ​ខំ​រៀន ពី​អ្នក​គ្រប់គ្នា លោក​យាយ​លោកតា លោកគ្រូ អ្នកគ្រូ បងប្អូន​ញាតិមិត្ត ណា​ដែល​គំរូ ប្រើ​ពេល​មិន​យូរ គង់​បាន​សម្រេច។

២០. ពី​រឿង​រកស៊ី កូន​គិត​ឲ្យ​ស្រេច កូន​ចង​ជា​បាច់ ជា​ក្បួន​រកស៊ី រឹង​បាន​ស្រុក​មួយ បន្ត​ស្រុក​ពីរ ញញឹម​សំភី សង្ឃឹម​ផ្លែផ្កា។

២១. រកស៊ី​លូតលាស់ ចម្រើន​ផលា ផ្តល់​បុត្រ​ធីតា ឲ្យ​រៀន​បាន​ខ្ពស់ ជំរុញ​កូន​រៀន ទើប​គង់​កេរ្តិ៍ឈ្មោះ សក្ដិសម​កិត្តិយស ត​ពង្ស​ត្រកូល។

២២. មាន​ប្តី​ប្រពន្ធ ស្រស់​កែវ​បណ្ដូល ស្វែងយល់​ចំណូល ចំណង់​ចិត្ត​គ្នា សាមគ្គី​អនុគ្រោះ មិន​ជួប​វេរា បាន​យល់​ចិត្ត​គ្នា គ្រួសារ​សុខសាន្ត។

២៣. ប្រទេស​ជួប​គ្រោះ កូន​ពុក​គ្រប់​ប្រាណ ត្រូវ​ធ្វើ​ឲ្យ​បាន សាមគ្គី​គ្រប់​ស្រុក បណ្ដេញ​សត្រូវ ក្លាហាន​ទៅមុខ បំបាក់​សម្រុក យក​សុខ​សាន្តត្រាណ។

២៤. កុំ​ឲ្យ​សត្រូវ មក​ឈ្លានពាន​បាន ប្រុងប្រៀប​គ្រប់​ប្រាណ ការពារ​ជាតិខ្មែរ ទោះជា​សត្រូវ វា​ខ្លាំងពូកែ យើង​ជា​កូន​ខ្មែរ ត្រូវតែ​តប​វិញ។

២៥. ឲ្យ​សត្រូវ​យើង វា​ខ្លប​រត់ចេញ សន្តិភាព​វិល​វិញ អភិវឌ្ឍ​កកើត ពូជ​ជន​ឈ្លានពាន នឹង​លែង​ហ៊ាន​អើត ព្រោះតែ​កំណើត កូន​អ្នកក្លាហាន។

២៦. មោទនភាព​ខ្មែរ ព្រោះតែ​កូន​បាន កសាង​ភូមិឋាន ឲ្យ​បាន​ក្តី​សុខ ចម្រើន​អភិវឌ្ឍ បន្ត​ទៅមុខ ជាតិខ្មែរ​ខ្ពស់​មុខ ព្រោះ​ស្តាប់​ពុក​ម៉ែ៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។