លា​ហើយ​ស្រុក​ស្រែ

១. គេ​កើត​និង​រស់​នៅ​ស្រុក​ស្រែ ស្បែក​ខ្មៅ​ជាប់​ស្លែ​សក់​អង្កាញ់
ដក​ស្ទូង​ច្រូត​កាត់​មិន​ដែល​ចាញ់ ជញ្ជាត់​កូន​ក្រាញ់​ស្ល​ទំពាំង។

២. ដល់​ពេល​ក្រមុំ​ចង់​រក​ប្រាក់ ទារ​ទៅ​រោងចក្រ​មិន​អាច​ឃាំង
ពេល​នោះ​ធ្វើ​ការ​នៅ​ផ្នែក​ឃ្លាំង រលះរលាំង​នឹង​កិច្ចការ។

៣. ធ្វើ​ការ​យូរ​ទៅ​មាន​លុយ​កាក់ ឡើង​ទាំង​ឋានៈ​សាច់​ឈាម​ថ្លា
ស្រាប់​តែ​ពេល​នេះ​មាន​ស្នេហា ក្លាយ​ជា​បុប្ផា​ផ្កា​ទីក្រុង។

៤. មើល​ចុះ​ឥឡូវ​សាច់​ស​ខ្ចី នាង​ធ្វើ​ឫក​ហី​អារម្មណ៍​ស្លុង
លែង​ជាន់​ស្រុក​ស្រែ​ព្រោះ​ខ្លាច​ឆុង ស្រី​ស្រស់​ខ្លាច​ផុង​ប្រឡាក់​ភក់។

៥. លា​ហើយ​លា​ហើយ​លា​ស្រុក​ស្រែ ឈប់​ជាន់​ឈប់​ក្បែរ​រឿង​ភ្លើង​ភ្នក់
ភ្លេច​ស្រុក​ភ្លេច​ស្រែ​ដេក​លង់​លក់ ពេល​នេះ​ស្រី​ឈ្លក់​នឹង​ស៊ី​ចាយ។

៦. ទោះ​បី​ម្ដាយ​ឈឺ​នាង​មិន​មក ស្រី​ស្រស់​ពន្លក​គ្មាន​ខ្វល់​ខ្វាយ
គិត​តែ​ផឹក​ស៊ី​សើច​សប្បាយ ពេល​នេះ​យក​កាយ​ធ្វើ​ដើម​ទុន។

៧. មើល​ចុះ​ឥឡូវ​នាង​ហក់​លោត ហាយ​ឡាយ​សក់​ពោត​ខុស​ពី​មុន
ដឹង​តែ​សប្បាយ​ភ្លេច​ទោស​គុណ ម៉ែ​ប្រឹង​រែក​ពុន​គ្រុន​យប់​ថ្ងៃ។

៨. មិត្ត​ភក្ដិ​ប្រុស​ស្រី​ច្រើន​ស្អេក​ស្កះ សប្បាយ​ខ្លាំង​ណាស់​លេង​អស់​ដៃ
ព្រោក​ប្រាជ្ញ​លែបខាយ​គ្មាន​សំចៃ សប្បាយ​ពេក​ក្រៃ​នឹង​ល្បែង​ស្នេហ៍។

៩. ស្រី​ប្រើ​សម្រស់​អូស​ទាញ​ប្រាក់ ចាយ​មិន​បណ្ដាក់​ចេញ​ហូរហែ
អាង​លើ​ប្រាក់​ធីប​ដល់​រាល់​ខែ សាច់​គោ​ឱ្យ​ឆ្កែ​ស៊ី​ប្រចាំ។

១០. ក្រឡេក​មើល​ចុះ​នៅ​ឯ​ស្រុក ម្ដាយ​ហូប​ប្រហុក​ពិត​ជា​កម្ម
ព្រោះ​ចំណូល​តិច​ក្នុង​មួយ​ឆ្នាំ ទិញ​ម្ហូប​ទិញ​ថ្នាំ​ក្នុង​គ្រួសារ។

១១. ពេល​ដែល​មាន​ប្រាក់​នាង​មិន​គិត សប្បាយ​ម៉ាក​មិត្ត​ឫក​ហ៊ឺហា
គេ​ចាយ​សព្វ​ថ្ងៃ​ប្រាក់​ដុល្លារ ម្ដាយ​វិញ​ខ្លោចផ្សា​ហៅ​លែង​ឮ។

១២. កាល​មុន​ស្រី​ស្រស់​សប្បាយ​ក្រៃ ពេល​នោះ​ស្រី​ថ្លៃ​ឫក​គេ​ឌឺ
ដល់​ពេល​ស្រី​នាង​ធ្លាក់​ខ្លួន​ឈឺ ស្រែក​ថ្ងូរ​ហ៊ឺៗ​ទើប​នឹក​ម៉ែ។

១៣. ពេល​មក​ដល់​ស្រុក​មិន​ប៉ុន្មាន នាង​ក៏​ចែក​ឋាន​ព្រោះ​ខ្មោច​ស្នេហ៍
សប្បាយ​ខ្លាំង​ពេក​ជ្រុល​ហួស​កែ លា​ស្រុក​លា​ស្រែ​លា​រហូត៕