វាចា​អំបាត

កំណាព្យ (បទ​ពាក្យ​៨)
ដោយ ព្រុំ គឹមជឿន
2014.04.21

១. មិនមែន​មេ​ចៃ​ខ្ញុំ​ជា​អំបាត ប្រឹងប្រែង​សង្វាត​មិន​គ្រប់​មួយ​គែ
បៀវត្សរ៍​មិន​គ្រាន់​ចាយ​ដល់​ដាច់​ខែ   បើកភ្នែក​ឃើញ​តែ​បញ្ហា​ញាំញី។

២. ប្រាក់ខែ​តិចតួច​មានតែ​លួច​ផ្សំ        ទ្រាំ​ធ្វើ​ស្អាតស្អំ​តើ​បាន​អ្វី​ស៊ី?
ខ្ញុំ​មាន​ប្រពន្ធ​មាន​ទាំង​កូន​ពីរ           ម្ង៉ៃៗ​វក់វី​គិត​ពី​ក្រពះ។

៣. បេះបោច​តិចៗ​មិន​ភ្លេច​គុណធម៌     មិន​ចេះតែ​ញ័រ​ឲ្យ​តែ​ប្រទះ​
មាន​ត្រឹម​ម៉ូតូ​ហើយ​និង​កូន​ផ្ទះ         មិន​ស៊ី​ចាក់ច្រាស​ដូច​ពួក​មេៗ។

៤. បុណ្យ​សក្ដិ​តូច​ទាប​អំណាច​ក៏​តិច     ខ្ញុំ​មិន​ដែល​ភ្លេច​មិន​ក្អាង​ដូច​គេ
ឯ​រឿង​លួច​ជាតិ​រឹតតែ​ឆ្ងាយ​ទ្វេ         មិន​អាច​ធ្វើ​ទេ​ព្រោះ​ខ្ញុំ​ជា​ខ្មែរ។

៥. រឿង​មាន​ហ៊ឺហា​អ្នកណា​មិន​ចង់?     រស់​យ៉ាង​ខ្ពស់​ខ្ពង់​ខ្ញុំ​ក៏​គិត​ដែរ
ខ្ញុំ​ដេក​យល់សប្ដិ​រាល់​យប់​ឥត​ល្ហែ     វា​ទាស់​ត្រង់​តែ​ខ្ញុំ​ទៅ​មិន​រួច។

៦. តាំងតែ​ពី​តូច​ចូល​ដល់​វ័យ​ជ្រេ          ខ្ញុំ​ស្អប់​ជាង​គេ​គឺ​ពាក្យ​ថា “លួច”
ស្អប់​អ្វី​ជួប​ហ្នឹង​នាំ​ចិត្ត​ខឹង​ព្រួច          តែ​ទ្រាំ “លីស៊ួច” តាម​កាល​វេលា។

៧. មាន់​ពង​លើ​ស្រូវ​ម្ដេច​ត្រូវ​មិន​ស៊ី?     ជុំ​ខ្លួន​មូល​មីរ​គេ​ធ្វើ​ដូចគ្នា​
ខុស​គេ​តែឯង​ក្រែង​គេ​និន្ទា              ចង់​ធ្វើ​អ្នកជា​ជីវភាព​ជួប​គ្រោះ។

៨. ដល់​ជៀស​មិន​រួច​ខ្ញុំ​ក៏​លួច​ដែរ          តិចៗ​ហែៗ​គ្រាន់​តែមួយ​រស់
រឿង​ស៊ីសំណូក​ស្ដាប់​មិន​ពីរោះ         តែ​មិន​ធ្វើ​សោះ​ដាច់​ពោះ​កូន​ចៅ។

៩. កុំ​បន្ទោស​ខ្ញុំ​បន្ទោស​សង្គម               រឿង​តូច​រឿង​ធំ​ក្លាយ​ជា​ដំបៅ​
ដាក់​ថ្នាំ​មិន​ត្រូវ​ជា​តែ​ពី​ក្រៅ               បៀម​ខ្ទុះ​ជាប់​នៅ​រលួយ​អសោចិ៍៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។