ឱកាស​ចូលរួម​វគ្គ​បណ្ដុះ​បណ្ដាល​ផ្នែក​សារព័ត៌មាន និង​កម្មសិក្សា​នៅ​អាស៊ីសេរី


2017.07.19
បណ្ដុះបណ្ដាល ឱកាស​ចូលរួម​វគ្គ​បណ្ដុះ​បណ្ដាល​ផ្នែក​សារព័ត៌មាន និង​កម្មសិក្សា​នៅ​អាស៊ីសេរី។
Photo: RFA

អាស៊ី​សេរី​នឹង​រៀប​ចំ​វគ្គ​បណ្ដុះ​បណ្ដាល​ខ្លី​មួយ ស្ដី​ពី​សារព័ត៌មាន​វិទ្យុ និង​ទូរទស្សន៍​ក្នុង​បំណង​ផ្ដល់​ឱកាស​ដល់​និស្សិត​ស្ត្រី​ចំនួន​២០​នាក់ ដែល​ចាប់​អារម្មណ៍​អាជីព​សារ​ព័ត៌មាន​ផ្នែក​ទូរទស្សន៍​ឲ្យ​បាន​រៀន​សូត្រ និង​ដក​ស្រង់​បទ​ពិសោធន៍​ពី​អ្នក​បម្រើ​ការងារ​ផ្ទាល់​ក្នុង​វិស័យ​នេះ។

វគ្គ​បណ្ដុះ​បណ្ដាល​នេះ​មាន​រយៈពេល​៥​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី៩ ខែ សីហា ដល់​ថ្ងៃ​ទី ១៣ ខែ សីហា ខាង​មុខ ពី​ម៉ោង​៧​ព្រឹក ដល់​ម៉ោង​៩​ព្រឹក។

តាម​រយៈ​វគ្គ​សិក្សា​នេះ សិក្ខាកាម​នឹង​បាន​យល់ដឹង​អំពី​តួនាទី​សារព័ត៌មាន​ក្នុង​ដំណើរ​ការ​ ប្រជាធិបតេយ្យ ក្រម​សីលធម៌ គោលការណ៍​វិជ្ជាជីវៈ និង​វិធីសាស្ត្រ​សរសេរ​សេចក្ដី​រាយការណ៍​ផ្សេងៗ​រួម​មាន ព័ត៌មាន​ខ្លី ព័ត៌មាន​ពិស្ដារ បទ​វិភាគ និង​ប្រភេទ​អត្ថបទ​ផ្សេងៗ​ទៀត​សម្រាប់​វិទ្យុ និង​ទូរទស្សន៍។

លើស​ពី​នេះ អាស៊ីសេរី​នឹង​ផ្ដល់​ឱកាស​ធ្វើ​កម្មសិក្សា​ផ្នែក​ទូរទស្សន៍​ដល់​សិក្ខាកាម​ ឆ្នើម​​ចំនួន​៤​នាក់ ដែល​ចាប់​អារម្មណ៍​ចង់​ដក​ស្រង់​បទ​ពិសោធន៍​ការងារ​ផ្ទាល់ នៅ​​​អាស៊ី​សេរី​រយៈពេល​ពី​៣​ខែ​ឡើង​ទៅ។

សូម​ចុះ​ឈ្មោះ​ចូល​រួម​វគ្គ​សិក្សា​នេះ ដោយ​ផ្ញើ​អ៊ីមែល(Email) ទៅ​កាន់ sonorngk@rfa.orgដោយ​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​របស់​លោក​អ្នក​ចំពោះ​វគ្គ​បណ្ដុះ​បណ្ដាល​នេះ ព្រម​ទាំង​ភ្ជាប់​មក​ជា​មួយ​នូវ​ប្រវត្តិរូប​សង្ខេប​របស់​អ្នក ចាប់​ពី​ថ្ងៃ​ផ្សាយ​ដំណឹង​នេះ រហូតដល់ថ្ងៃទី៥ ខែ សីហា។ ព័ត៌មានបន្ថែម សូម​ហៅ​ទៅ​លេខ ០១២ ៤១៣ ៧៧៩។ សូមអរគុណ

 

ប្រទេស​កម្ពុជា​នឹង​រៀបចំ​ដំណើរ​ការ​បោះឆ្នោត​ជាតិ​ជ្រើស​តាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៦ នៅ​ថ្ងៃ​អាទិត្យ ទី​២៩ ខែ​កក្កដា ឆ្នាំ​២០១៨ ខាង​មុខ​នេះ។

ការ​បោះឆ្នោត​នេះ ត្រូវ​បាន​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ ផ្ដោត​ការ​ចាប់​អារម្មណ៍​ជា​ពិសេស ដោយសារ​តែ​នេះ​ជា​លើក​នីមួយ​ហើយ​ក្នុង​រយៈពេល​ជាង ២​ទសវត្សរ៍ ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា​សម័យ​ទំនើប ដែល​ការ​បោះឆ្នោត​នេះ ធ្វើ​ឡើង​ក្រោម​បរិបទ​នយោបាយ និង​នីតិកម្ម​ថ្មី ស្រប​ពេល​ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (..) ដែល​ជា​ស្ថាប័ន​ជាតិ​ទទួល​បន្ទុក​ការងារ​រៀបចំ​ដំណើរ​ការ​បោះឆ្នោត ត្រូវ​បាន​ធ្វើ​កំណែ​ទម្រង់​ស៊ី​ជម្រៅ​មិន​ធ្លាប់​មាន​ពី​មុន​មក ក្រោយ​ពី​មាន​ការ​ចោទ​ប្រកាន់​ថា ស្ថាប័ន​មួយ​នេះ​ធ្វើ​ការ​លម្អៀង ជួយ​លួច​បន្លំ​កេង​សន្លឹកឆ្នោត​ឲ្យ​គណបក្ស​កាន់​អំណាច និង​ពុំ​មាន​ឯករាជ្យ​ភាព។

ក្នុង​បរិបទ​នយោបាយ​ថ្មី សំឡេង​គាំទ្រ​គណបក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង មាន​លក្ខណៈ​ប្រកៀក​ប្រកិត​គ្នា​ស្ទើរ​ស្មាន​មិន​ត្រូវ។ កាល​ពី​ការ​បោះឆ្នោត​ជាតិ​អាណត្តិ​ទី៥ ឆ្នាំ២០១៣ កន្លង​ទៅ គណបក្ស​ប្រឆាំង​ធំ​ជាង​គេ​នៅ​កម្ពុជា​គឺ​គណបក្ស​សង្គ្រោះជាតិ ស្ទើរ​តែ​អាច​ដណ្ដើម​យក​ជ័យ​ជម្នះ​ពី​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​គណបក្ស​កាន់អំណាច​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​ និង​ដែល​បាន​ដឹកនាំ​ប្រទេស​អស់​រយៈពេល​ជាង ៣២​ឆ្នាំ​មក​ហើយ។

ការ​បោះឆ្នោត​ជាតិ​ឆ្នាំ ២០១៨​ខាងមុខ នឹង​ធ្វើ​ឡើង​ក្រោម​របប​ច្បាប់​មួយ​ដែល​មាន​លក្ខណៈ​រឹតត្បិត​គួរ​ឲ្យ​កត់​សម្គាល់។ ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​ថ្មី មិន​អនុញ្ញាត​ឲ្យ​គណបក្ស​ឈ្នះ​អាសនៈ​នៅ​ក្នុង​រដ្ឋសភា ធ្វើ​ការ​តវ៉ា​ប្រឆាំង​នឹង​លទ្ធផល​បោះឆ្នោត​តាមរយៈ​ការ​ធ្វើ​ពហិការ ឬ​ធ្វើ​បាតុកម្ម​មិន​ចូលរួម​បើក​សម័យ​ប្រជុំ​ដំបូង​របស់​រដ្ឋសភា​សម្រាប់​នីតិកាល​ថ្មី ដោយ​ត្រូវ​ប្រឈម​នឹង​ការ​ដក​ហូត និង​បែង​ចែក​អាសនៈ​ទៅ​ឲ្យ​គណបក្ស​ដទៃ​ទៀត​ដែល​ឈ្នះ​អាសនៈ​ក្នុង​រដ្ឋសភា។

ការ​អនុម័ត​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ដែល​រឹតត្បិត​សកម្មភាព និង​ហិរញ្ញវត្ថុ​របស់​អង្គការ​សង្គម​ស៊ីវិល និង​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ដ៏​ចម្រូងចម្រាស​ចំនួន​ពីរ​លើក​ផ្ទួនៗគ្នា ទៅ​លើ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ បាន​បើក​ផ្លូវ​ឲ្យ​គណបក្ស​កាន់​អំណាច អាច​មាន​លទ្ធភាព និង​វិសាលភាព​ផ្លូវ​ច្បាប់​ដ៏​ទូលំទូលាយ​មិន​ធ្លាប់​មាន​ពី​មុន​មក ក្នុង​ការ​រំលាយ ឬ​ផ្អាក​សកម្មភាព​គណបក្ស​ដៃ​គូ​ប្រកួត​ប្រជែង​ដទៃ​ទៀត ក្រោម​លេស និង​ហេតុផល​នយោបាយ តាមរយៈ​បទ​ចោទ​ប្រកាន់​ដែល​មាន​លក្ខណៈ​ស្រពេចស្រពិល និង​មិន​បាន​កំណត់​និយមន័យ​ច្បាស់​លាស់។

បទ​ចោទ​ទាំងនេះ​រួមមាន​ដូចជា ការ​ធ្វើ​ឲ្យ​មាន​អបគមន៍​ដែល​នាំ​ឲ្យ​អន្តរាយ​ដល់​ឯកភាព​ជាតិ និង​បូរណភាព​ដែនដី ការ​ធ្វើ​វិទ្ធង្សនា​ប្រឆាំង​នឹង​របប​ប្រជាធិបតេយ្យ សេរី ពហុបក្ស និង​របប​រាជា​និយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ ការ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​នៃ​រដ្ឋ ការ​បង្កើត​កង​កម្លាំង​ប្រដាប់​អាវុធ និង​ការ​ញុះញង់​ដែល​អាច​នាំ​ឲ្យ​មាន​ការ​បែកបាក់​ជាតិ​ជាដើម។ ដូច​គ្នា​នេះ​ដែរ ច្បាប់​នេះ ក៏​ហាម​ប្រាម​មិន​ឲ្យ​ទណ្ឌិត​ដែល​ជាប់​ទោស​ពី​បទ​ឧក្រិដ្ឋ ឬ​បទ​មជ្ឈិម មាន​សិទ្ធិ​ធ្វើ​នយោបាយ ឬ​ដឹកនាំ​គណបក្ស​នយោបាយ ឬ​មិន​ឲ្យ​គណបក្ស​នយោបាយ​ធ្វើ​សកម្មភាព​នយោបាយ​ដោយ​ប្រើប្រាស់​សារ​ជា​សំឡេង រូបភាព ឯកសារ​ជា​លាយលក្ខណ៍​អក្សរ ឬ​សកម្មភាព​របស់​ទណ្ឌិត ដើម្បី​ជា​ផល​ប្រយោជន៍​នយោបាយ​សម្រាប់​គណបក្ស​របស់​ខ្លួន ឬ​យល់ព្រម​ដោយ​ចំហ ឬ​ដោយ​តុណ្ហីភាព ឬ​ឃុបឃិត គាំទ្រ ឬ​រៀបចំ​ផែនការ​ជាមួយ​ទណ្ឌិត ឬ​ឃុបឃិត​ជាមួយ​រាល់​បុគ្គល​ដែល​ធ្វើ​សកម្មភាព​ក្នុង​គោលបំណង​ប្រឆាំង​នឹង​ផល​ប្រយោជន៍​របស់​ប្រទេស​កម្ពុជា។ សហគមន៍​ជាតិ និង​អន្តរជាតិ បាន​ហៅ​ការ​អនុម័ត​ច្បាប់​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​នេះ ថា​ជា​ដំណាក់កាល​ចុង​ក្រោយ​នៃ​ការ «សម្លាប់​ប្រជាធិបតេយ្យ» នៅ​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។