ភូមា​អនុញ្ញាត​ឲ្យ​យន្តហោះ​អាមេរិក​ដឹក​ជំនួយ​សង្គ្រោះ​ចូល

2008-05-14

មន្ត្រី​សហរដ្ឋ​អាមេរិក​បាន​ជូន​ដំណឹង​ថា អាជ្ញាធរ​ភូមា​បាន​យល់ព្រម​ឲ្យ​យន្តហោះ​យោធា​អាមេរិក​ដឹក​ជញ្ជូន​ស្បៀង​សម្រាប់​ជនរងគ្រោះ ចូល​ទៅ​ចត​ក្នុង​ទឹកដី​ភូមា​នៅថ្ងៃ​ច័ន្ទ​ក្រោយ​នេះ ។

AFP Photo

កុមារ​ជា​ជនរងគ្រោះ​ដោយ​សារ​ព្យុះ​នៅ​ភូមា​ដើរ​កាត់​ផ្ទះ​ដែល​ត្រូវ​បំផ្លិច​បំផ្លាញ​​ដោយ​ព្យុះ។

យន្តហោះ​យោធា​អាមេរិក​ដឹកជញ្ជូន​ស្បៀង​ធុន C-130 ត្រូវ​គេ​រាយ​ការណ៍​មក​ថា កំពុង​ស្ថិត​ក្នុង​វាល​យន្តហោះ​ក្នុង​ប្រទេស​ថៃ ត្រៀម​ការចាក​ចេញ​ដើម្បី​ការជួយ​សង្គ្រោះ​នោះ​ហើយ ។

នៅជាមួយគ្នា​នេះ​ដែរ មន្ត្រី​នៃ​អង្គការ​កម្មវិធី​ស្បៀង​អាហារ​ពិភពលោក បាន​និយាយ​នៅ​ថ្ងៃ​សៅរ៍​ថា គេ​ក៏​នៅតែ​បន្ត​ការដឹកស្បៀង​ចូល​ទៅ​ក្នុង​តំបន់​ប្រជាជន​ភូមា​រងគ្រោះ​ដោយ​ការលិច​ទឹក​នោះ​ថែម​ទៀត បើ​ទោះបីជា​អាជ្ញាធរ​ក្រុង​រ៉ង់ហ្គូន​នៅតែ​រារាំង​មិន​ឲ្យ​បុគ្គលិក​បរទេស ចូល​ទៅ​ចែក​អំណោយ​ដោយ​ផ្ទាល់​នោះ​ក៏ដោយ ។

សូម​ជម្រាប​ថា មុន​នេះ មន្ត្រី​ស្បៀងអាហារ​ពិភពលោក​របស់​អង្គការ​សហប្រជាជាតិ (អ.ស.ប.) បាន​ថ្លែង​ថា គេ​នឹង​ផ្អាក​ការដឹក​ជំនួយ​នោះ​សិន ដោយសារ​តែ​ការខឹង​នឹង​មន្ត្រី​យោធា​ភូមា​ដែល​បាន​ធ្វើការ​រឹបអូស​ស្បៀង​ចំនួន ៣៨​តោន​ដឹក​មកពី​ប្រទេស​បង់ក្លាដេស្ហ និង​មកពី​ប្រទេស​សហភាព​អារ៉ាប់ អេមីរ៉ាត​នោះ ។

មន្ត្រី​អង្គការ​ស្បៀងអាហារ​ពិភពលោក​បាន​ឲ្យ​ដឹង​ថា ស្បៀង​ទម្ងន់​៣៨​តោន​នោះ អាច​ផ្គត់ផ្គង់​ដល់​មនុស្ស​បាន​ដល់​ទៅ ៩​ម៉ឺន ៥​ពាន់​នាក់ ។

សេចក្តី​សម្រេច​ថា នឹង​បន្ត​ការដឹក​ស្បៀង​យក​ទៅ​ឲ្យ​អ្នក​រងគ្រោះ​ភូមា គឺ​នៅ​បន្ទាប់​ពី​មាន​ការព្យាករណ៍​ពី​ក្រុម​ឧតុនិយម​ឲ្យ​ដឹង​ថា នៅ​សប្តាហ៍​ក្រោយ​រវាង​ថ្ងៃ​ព្រហស្បតិ៍​និង​ថ្ងៃ​សុក្រ ខាង​មុខ​នេះ នឹង​អាច​មាន​ខ្យល់​និង​ការភ្លៀងធ្លាក់​យ៉ាង​ធំ​មក​ទៀត​ដល់​ប្រទេស​ភូមា ហើយ​គេ​បារម្ភ​ថា អាកាសធាតុ​អាក្រក់​នៅ​សប្តាហ៍​ក្រោយ​នោះ នឹង​ប៉ះ​ទង្គិច​ដល់​តំបន់​ទីទំនាប ដែល​មាន​ប្រជាជន​ធ្លាប់​បាន​រងគ្រោះ កាលពី​សប្តាហ៍​មុន​រួច​ទៅហើយ​នោះ ។

សូម​ជម្រាប​ថា តួលេខ​ដែល​និយាយ​អំពី​ការស្លាប់​និង​បាត់​ខ្លួន​ដោយ​គ្រោះថ្នាក់​ខ្យល់​ព្យុះ​កាលពី​សប្តាហ៍​មុន មាន​ការខុសគ្នា​រវាង​សេចក្តី​រាយការណ៍​របស់​រដ្ឋាភិបាល​ភូមា ជាមួយ​នឹង​ក្រុម​ជំនួយ ។

ប្រព័ន្ធ​ឃោសនា​ក្នុង​ស្រុក​ភូមា បាន​ផ្សាយ​ថា​មាន​មនុស្ស​ស្លាប់​ចំនួន ២៣.៣៣៥​នាក់ និង​បាន​បាត់​ខ្លួន​ចំនួន ៣៧.០១៩​នាក់ ប៉ុន្តែ​ក្រុម​អ្នកផ្តល់​ជំនួយ​បរទេស​និយាយ​ថា ចំនួន​មនុស្ស​ដែល​ស្លាប់​អាច​មាន​រវាង​ពី ៦៣.០០០​នាក់​ទៅ​ប្រមាណ ១​សែន​នាក់ ហើយ​អ្នក​ដែល​បាន​រងគ្រោះ សេស​សល់​ពី​ស្លាប់​និង​បាន​បង់​ទីជម្រក មាន​ចំនួន​ប្រមាណ​ជាង​១​លាន​នាក់ ។

សេចក្តី​រាយការណ៍​កាលពី​ម្សិលមិញ​បាន​ឲ្យ​ដឹង​ថា អាជ្ញាធរ​ភូមា​បាន​យក​ស្បៀង​អាហារ​ជំនួយ​ដែល​រឹបអូស​យកពី​អង្គការ​ស្បៀង​អាហារ​ពិភពលោក​នោះ បាន​យក​ទៅ​ចែក ប៉ុន្តែ កញ្ចប់​នីមួយ​ៗ សុទ្ធតែ​បាន​ដាក់​ឈ្មោះ​ឧត្តមសេនីយ៍​របស់​ខ្លួន ។

បើ​តាម​សេចក្តី​រាយការណ៍​ពី​ទីភ្នាក់ងារ អេ.ភី បាន​និយាយ​ថា ទូរទស្សន៍​ក្នុង​ស្រុក​នៃ​ប្រទេស​ភូមា បាន​បញ្ចាំង​រូប​ឧត្តមសេនីយ៍​ដែល​បាន​ចែក​អំណោយ រួមទាំង​រូប​លោក​ឧត្តមសេនីយ៍ ថាន់ស្វេ មេដឹកនាំ​របប​យោធា​ភូមា​នោះ​ទៀត​ផង ។

តាម​ការបញ្ចាំង​នោះ គេ​បាន​ឃើញ​ថា កញ្ចប់​នីមួយ​ៗ​បាន​ដាក់​ឈ្មោះ​ឧត្តមសេនីយ៍​យោធា​ភូមា ហើយ​នៅលើ​កញ្ចប់​នោះ​ដែរ ជំនួយ​មកពី​ប្រទេស​នានា ត្រូវ​គេ​សរសេរ​ជា​អក្សរ​តូច​ៗ ។

ទាក់ទង​នឹង​រឿង​ចែក​ជំនួយ​ដែល​រឹបយក​ពី​អង្គការ​ស្បៀង​អន្តរជាតិ​នោះ​ទៀត មាន​សេចក្តី​រាយការណ៍​ពី​សាក្សី​បញ្ជាក់​ទៀត​ថា គេ​បាន​ឃើញ​រឿង​បន្លំ​យក​អំណោយ​នោះ​ទៀត ។

សាក្សី​ជាតិ​ភូមា​បាន​រាយការណ៍​កាលពី​ម្សិលមិញ​មក​ថា ៖ «មេបញ្ជាការ​តំបន់​នៃ​ប្រទេស​ភូមា​ម្នាក់​ឈ្មោះ ទន់​តេ បាន​ចែក​អំណោយ​ស្បៀងអាហារ​របស់​អ.ស.ប. ដល់​ប្រជាជន និង​បាន​ថតរូប​ទុក​ជា​ភស្តុតាង​ទៀត​ផង ប៉ុន្តែ​ក្រោយពី​លោក​មេបញ្ជាការ​នោះ បាន​ចាកចេញ​ភ្លាម ពួក​អាជ្ញាធរ​មូលដ្ឋាន​បាន​ដើរ​ប្រមូល​យក​អស់​ទៅវិញ»

មន្ត្រី​អ្នកនាំពាក្យ​ភូមា​ឈ្មោះ Ye Htut មិន​សប្បាយ​ចិត្ត​នឹង​ការចោទ​ថា អាជ្ញាធរ​បាន​រឹបអូស​យក​ស្បៀង​នោះ​ឡើយ ។ មន្ត្រី​អ្នកនាំពាក្យ​ភូមា ធ្វើ​ជា​បង្ហាញ​ភាពឈឺឆ្អាល​របស់​ខ្លួន​ដោយ​បញ្ជាក់​ថា រដ្ឋាភិបាល​ភូមា​សុខចិត្ត​ធ្វើ​កិច្ចការ​នោះ​ដោយ​ការពឹង​កម្លាំង​ខ្លួនឯង ហើយ​អំណោយ​ជា​ស្បៀង​ដែល​បាន​យក​ទៅនោះ គឺ​បាន​យក​ទៅ​ចែក​ភ្លាម​ៗដល់​អ្នកស្រុក​ស្រេក​ឃ្លាន​ដោយ​មិន​បង្អង់​ទុក​យូរ​ទេ ។

តាមរយៈ​ទូរទស្សន៍​ស៊ី.អិន.អិន គេ​បាន​ឃើញ​ទស្សនីយភាព​ដ៏​គួរ​ឲ្យ​តក់ស្លុត​នៅពេល ដែល​ឃើញ​មនុស្ស​ជាច្រើន​បាន​ស្លាប់​អណ្តែត​ចូល​ទៅ​នៅក្នុង​ទឹក​សមុទ្រ ។

ស្ត្រីភូមា​ម្នាក់​បាន​និយាយ​ថា មេដឹកនាំ​ភូមា​មិន​មាន​បំណង​ស្រង់​យក​ខ្មោច​ដែល​អណ្តែត​ទឹក​នោះ ដាក់​លើ​គោក​ដើម្បី​បញ្ចុះ​ឬ​បូជា​នោះ​ឡើយ ៖ «លោក​រដ្ឋមន្ត្រី​ក្រសួង​ព្រៃឈើ បាន​ជិះ​កាណូត​មើល​សាកសព​ដែល​អណ្តែត​នៅក្នុង​ទឹក ។ ពេលនោះ មាន​គេ​សួរ​លោក​រដ្ឋមន្ត្រី​ថា តើ​គេ​គួរ​ធ្វើ​យ៉ាងណា ចំពោះ​សាកសព​នោះ? លោក​រដ្ឋមន្ត្រី​បាន​ឆ្លើយ​ថា គេ​មិន​ចាំបាច់​ធ្វើ​អ្វី​នោះ​ទេ ព្រោះ​ត្រី​គង់តែ​នឹង​ស៊ី​សាច់​ខ្មោច​អណ្តែត​ទឹក ហើយ​ឆ្អឹង​ក៏​គង់តែ​លិច​បាត់​ទៅ​ខាង​ក្រោម​នោះ​ដែរ»

កាលពីម្សិលមិញ ក្រុម​អ្នក​ដឹក​ជំនួយ​សង្គ្រោះ បាន​ថ្លែង​ថា គេ​មាន​ការខឹង​សម្បា​ចំពោះ​មន្ត្រី​យោធា​ភូមា​ដែល​មិន​អនុញ្ញាត​ឲ្យ​ពួកគេ​ចូល​ទៅ​សង្គ្រោះ​ជនរងគ្រោះ​ភូមា​នោះ ។

នាយក​អង្គការ​ស្បៀង​អាហារ​ពិភពលោក លោក Tony Bnabury បាន​ថ្លែង​អង្វរ​សូម​កុំ​ឲ្យ​មេដឹកនាំ​ក្រុង​រ៉ង់ហ្គូន​ភ្ជាប់​រឿង​ការជួយ​ជីវិត​ប្រជាជន​រងគ្រោះ​ភូមា ទៅ​នឹង​រឿង​នយោបាយ ។

លោក​បាន​ថ្លែង​ថា ពួក​គេ​ដែល​មាន​ចំនួន​ប្រមាណ ១​លាន​ឬ​ជាង​១​លាន​ដែល​កំពុងតែ​ស្រេក​ឃ្លាន​នោះ ត្រូវការ​ជំនួយ​មនុស្សធ៌ម ហើយ​លោក​សូម​ឲ្យ​មន្ត្រី​ភូមា​បើក​ការអនុញ្ញាត​ឲ្យ​ក្រុម​សង្គ្រោះ​មនុស្សធម៌​អ.ស.ប.​បាន​ចូល​ទៅ​ជួយ​សង្គ្រោះ​ប្រជាជន​ទាំង​នោះ ។

មន្ត្រី​អ.ស.ប.​បាន​ធ្វើ​សេចក្តី​អំពាវនាវ​មួយ​បន្ថែម​ទៀត​ដែរ ដល់​បណ្តា​ប្រទេស​ជា​សមាជិក​ដើម្បី​ការរៃ​ប្រាក់​អង្គាស​សប្បុរស​ចំនួន ១៨៧​លាន​៣​សែន​ដុល្លារ​អាមេរិក​ថែមទៀត​ដើម្បី​ជួយ​ប្រជាជន​រងគ្រោះ​នៅ​ក្នុង​ប្រទេស​ភូមា​នោះ ៕