អំពើសងសឹកគ្នាដោយជះទឹកអាស៊ីត ដែលភាគច្រើនកើតមកពីរឿងប្រចណ្ឌស្នេហាត្រីកោណកន្លងមកនេះ នៅប្រទេសកម្ពុជាគេកម្រឃើញសមត្ថកិច្ចចាប់ជនល្មើសយកមកផ្តន្ទាទោសណាស់។
១៦-តុលា-០៩: ជនរងគ្រោះដោយទឹកអាស៊ីតកំពុងរៀនអក្សរនៅក្នុងអង្គការមួយក្នុងរាជធានីភ្នំពេញ។
ជនរងគ្រោះដោយសារទឹកអាស៊ីត ក៏ដូចជាមន្ត្រីអង្គការសិទ្ធិមនុស្ស បានថ្លែងឲ្យដឹងថា ជនល្មើសដែលប្រើអំពើហិង្សាជះទឹកអាស៊ីតជាច្រើននាក់កន្លងមកនេះ ហាក់ដូចជាមិនត្រូវបានតុលាការខ្មែររកមុខ ឬក៏ផ្តន្ទាទោសពួកគេនោះឡើយ។
អ្នករងគ្រោះដោយទឹកអាស៊ីតបានបង្ហើបទៀតថា ដោយសារតែកត្តាយ៉ាងនេះហើយ ដែលញ៉ាំងឲ្យមានការប្រើអំពើហិង្សានៃការជះទឹកអាស៊ីតនៅបន្តកើតមាននៅកម្ពុជាឥតឈប់ឈរ។
ជនរងគ្រោះឈ្មោះ កែ ដារ៉ានី បាននិយាយថា នៅពេលដែលអ្នកស្រីបានរងគ្រោះដោយការជះទឹកអាស៊ីតភ្លាមៗ នៅឯខែត្រសៀមរាប គឺថៅកែហាងដែលអ្នកស្រីបានធ្វើការ ក៏ដូចជាប្អូនស្រីរបស់គាត់ បានទៅប្តឹងសមត្ថកិច្ចដើម្បីចាប់ខ្លួនជនល្មើសដែលជាប្អូនថ្លៃរបស់ខ្លួន ប៉ុន្តែសមត្ថកិច្ចមិនធ្វើការចាប់ខ្លួនជនល្មើសឈ្មោះ ជាតិ នោះទេ។ រហូតមកទល់បច្ចុប្បន្នជនល្មើសរស់នៅធម្មតា ហាក់បីដូចជាខ្លួនមិនបានធ្វើអ្វីខុសទាល់តែសោះ។
អ្នកស្រី កែ ដារ៉ានី បានឲ្យដឹងដូច្នេះ ៖ «ទាល់តែឲ្យខ្ញុំអ្នករងគ្រោះទៅប្ដឹង ហើយមានភស្តុតាងបានគេអាចចាប់មនុស្សហ្នឹងបាន។ ខ្ញុំរងគ្រោះអ៊ីចឹង ខ្ញុំទៅមិនបានទេ អ៊ីចឹងទៅអង្គការលីកាដូ។ (ពេលកើតហេតុភ្លាមៗ) ខាងប៉ូលិសអត់មានមកធ្វើកំណត់ហេតុអីទេ»។
អតីតគ្រូពេទ្យមួយរូប អ្នកស្រី ថោង ខាំ បានរងគ្រោះដោយសារទឹកអាស៊ីតទាំងមិនដឹងខ្លួនព្រោះតែគ្រួសារអ្នកដទៃ គឺជនជាតិវៀតណាម ប្រពន្ធចុងបានជះទឹកអាស៊ីតមកលើប្រពន្ធដើមនៅក្នុងផ្សារកណ្តាល ក្រុងភ្នំពេញ បានត្រូវមកលើខ្លួនអ្នកស្រីនោះ បានបញ្ជាក់ដែរថា ចំពោះជនល្មើសមិនត្រូវបានសមត្ថកិច្ចធ្វើការចាប់ខ្លួនទេ បញ្ហានេះបានធ្វើឲ្យជនល្មើសបានចិត្ត និងជាគំរូដល់អ្នកដទៃទៀតចង់ធ្វើអ្វីតាមអំពើចិត្តដែលមិនញញើតច្បាប់។
ផ្អែកតាមរបាយការណ៍នៃអង្គការជួយជនរងគ្រោះកម្ពុជាដោយទឹកអាស៊ីត អះអាងថា អ្នករងគ្រោះដោយទឹកអាស៊ីតមានចំនួនសរុប ២១៥នាក់ គិតចាប់តាំងពីមានការកើតឡើងនៃអំពើនេះនាឆ្នាំ១៩៩៣មក ដោយមិនគិតអំពីចំនួនអ្នកស្លាប់ និងរបាយការណ៍ផ្សេងទៀតដែលគេមិនដឹង។
មន្រ្តីគ្រប់គ្រងអង្គការជួយជនរងគ្រោះកម្ពុជាដោយទឹកអាស៊ីត លោក ពិន តំណាង បញ្ជាក់ថា ក្នុងចំណោមនេះ គឺមនុស្សជាង១០០នាក់រងគ្រោះធ្ងន់ធ្ងរ។
អំពើសងសឹកគ្នាដោយធ្វើការជះទឹកអាស៊ីត បានកក្រើកឡើងខ្លាំងក្លា ដែលគេប្រទះឃើញញឹកស្ទើររៀងរាល់សប្តាហ៍ កើតមានឡើងនៅអំឡុងឆ្នាំ១៩៩៦ ដល់ឆ្នាំ២០០៨ នៅស្ទើរគ្រប់កន្លែង។
ករណីធំៗដែលនាំឲ្យមានការភ្ញាក់ផ្អើលដោយសារតែអំពើនោះ ត្រូវគេចាត់ទុកថា ធ្វើឡើងដោយសាហាវនៅក្នុងស្រទាប់មហាជនខ្មែរ មានដូចជាករណីនាង តាត ម៉ារីណា អតីតតារាចម្រៀងល្បីល្បាញ ដែលមានទំនាក់ទំនងជាមួយមន្ត្រីជាន់ខ្ពស់ខ្មែរ។
លោក តំណាង បានឲ្យដឹងទៀតថា ក្នុងចំណោមអ្នករងគ្រោះទាំងនេះ គឺភាគច្រើនមិនបានទទួលសំណងពីជនល្មើស ឬត្រូវបានតុលាការចាប់ដាក់ពន្ធនាគារនោះឡើយ ពួកគេបានព្យាបាលជំងឺដោយខ្លួនឯង និងបានមករកសេវាព្យាបាលពីអង្គការរបស់លោកជាដើម ហើយក៏មានមួយចំនួនទៀតស្លាប់ដោយសារអាស៊ីតនេះដែរ។
ប្រធានផ្នែកស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត បានឲ្យដឹងថា មូលហេតុដែលបង្កឲ្យមានអំពើហិង្សាកើតឡើងនាពេលកន្លងមក គឺ៩០%ដោយសាររឿងប្រចែប្រចណ្ឌស្នេហាត្រីកោណ រីឯ១០%ទៀត គឺរឿងគំនុំនិងរឿងផ្សេងៗទៀត។ ជាមួយគ្នានេះ លោកបានបន្ថែមថា អំពើហិង្សានៃការជះទឹកអាស៊ីតនេះ គឺជាវិនាសកម្មមួយធ្ងន់ធ្ងរជាងអំពើហិង្សាដទៃទៀត ដែលសមត្ថកិច្ចមិនគួរឲ្យរួចផុតពីសំណាញ់ច្បាប់នោះឡើយ ប៉ុន្តែផ្ទុយទៅវិញ គឺភាគតិចណាស់ដែលជនល្មើសបានទទួលទោសតាមផ្លូវច្បាប់។
លោក អំ សំអាត មានប្រសាសន៍ដូច្នេះ ៖ «មានករណីខ្លះ គឺមិនបានរកឃើញជនសង្ស័យទាំងអស់នោះផងទេ ហើយចំណែកឯតុលាការទៀតសោត ទោះបីជាករណីមួយចំនួនសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទាំងជនល្មើសទៅហើយ ក៏មានករណីលើកលែងនៃការចោទប្រកាន់ផងដែរ»។
អតីតបុគ្គលិកក្រុមហ៊ុនឯកជនមួយរូប ដែលធ្លាប់តែរស់នៅស្រួលមានប្រាក់បៀវត្សរ៍ខ្ពស់ តែឥឡូវបានធ្លាក់ខ្លួនក្រីក្រដោយសារតែរឿងប្រចែប្រចណ្ឌស្នេហាត្រីកោណ ប្រពន្ធរបស់លោកបានជះទឹកអាស៊ីតមកលើ ហើយភ្លាមៗនោះសមត្ថកិច្ចក៏ចាប់ខ្លួនប្រពន្ធលោកបញ្ជូនទៅតុលាការខែត្រពោធិ៍សាត់ ប៉ុន្តែដោយគិតថា គ្មានអ្នកណាថែរក្សាកូន លោកសុំឲ្យតុលាការដោះលែងប្រពន្ធវិញ ប៉ុន្តែត្រូវឲ្យលុយតុលាការចំនួន៦០០ដុល្លារទើបគេដោះលែង។
អតីតបុគ្គលិកក្រុមហ៊ុន សោម ប៊ុនណារិទ្ធិ បាននិយាយដូច្នេះ ៖ «ព្រោះអាស៊ីតវាជាអាវុធមួយ ហើយដែលស្ងាត់បំផុត អត់មានឮផូងផាំងទេ ឮតែឆាវហើយចប់ ហើយអានេះត្រូវភ្នែកងងឹតភ្នែក ជួនកាលបាត់បង់ជីវិតទៀត ក៏ប៉ុន្តែរដ្ឋាភិបាលយើងអត់បានគិតទេ។ ជួនកាលការជះទឹកអាស៊ីតហ្នឹងមានដល់ស្លាប់ គិតត្រឹមថាបង្ករបួសស្នាម»។
លោក អំ សំអាត បានបន្តថា ជនល្មើសដែលជាប្រជាពលរដ្ឋសាមញ្ញប៉ុណ្ណោះ ដែលសមត្ថកិច្ចឬតុលាការផ្តន្ទាទោសពួកគេ ប៉ុន្តែបើជនល្មើសជាអ្នកមានអំណាចវិញ គឺពួកគេមិនត្រូវបានគេចាប់ខ្លួននោះឡើយ ដូចជាករណីតារាភាពយន្ត តាត ម៉ារីណា ពិធីករនៃទូរទស្សន៍ CTN គឺលោក ទិត្យ ប៉ូឡែន មិនត្រូវបានតុលាការរកជនដៃដល់យកមកផ្តន្ទាទោសនោះទេ។
លោក អំ សំអាត មានប្រសាសន៍បន្តដូច្នេះ ៖ «អ្នកដែលបានប្រព្រឹត្តហ្នឹង សុទ្ធតែជាអ្នកមានលុយ មានអំណាច អ៊ីចឹងហើយបានជាកម្រនឹងឃើញនាំអ្នកទាំងអស់នោះយកទៅផ្ដន្ទាទោសតាមផ្លូវច្បាប់។ ទី២ អ្នកដែលទទួលទោសតាមផ្លូវច្បាប់ គឺអ្នកដែលប្រព្រឹត្តហ្នឹង គឺជាមនុស្សដែលទន់ខ្សោយ ដោយគ្មានទ្រព្យធន»។
លោក ចាន់ សុវ៉េត មន្ត្រីស៊ើបអង្កេតនៃសមាគមសិទ្ធិមនុស្សអាដហុក ក៏បានលើកឡើងដែរថា ការអនុវត្តច្បាប់នៅកម្ពុជានៅមានកម្រិតនៅឡើយ។
លោក ចាន់ សុវ៉េត មានប្រសាសន៍ដូច្នេះ ៖ «ជាក់ស្ដែងរឿងអ្នកស្រី ជា រដ្ឋា វាជារឿងពិសេសមួយសម្រាប់ឲ្យសង្គមជាតិ អន្តរជាតិ ពិនិត្យមើលឃើញអំពីប្រព័ន្ធតុលាការស្រុកខ្មែរយើង ថា តើប្រព័ន្ធតុលាការយើងយ៉ាងម៉េច? តុលាការនេះឯងដែលធ្វើឲ្យនិទណ្ឌភាពនៅស្រុកខ្មែរយើងជាវប្បធម៌មួយដ៏អាក្រក់ ហើយគួរឲ្យភ័យខ្លាចទៀតផង»។
លោក ជាម យៀប មន្ត្រីជាន់ខ្ពស់នៃគណបក្សប្រជាជនកម្ពុជា និងជាសមាជិករដ្ឋសភាបានទទួលស្គាល់ថា ការអនុវត្តច្បាប់របស់តុលាការនាពេលកន្លងមកគឺមានការធូររលុង ប៉ុន្តែលោកបានបញ្ជាក់ថា ច្បាប់ក្រមព្រហ្មទណ្ឌថ្មី ដែលរដ្ឋសភាទើបបានអនុម័តកាលពីពេលថ្មីៗនេះ មិនអាចឲ្យមន្ត្រីអនុវត្តច្បាប់អាចធ្វើដូចកាលពីមុនទៀតបានទេ។
លោក ជាម យៀប មានប្រសាសន៍ដូច្នេះ ៖ «កន្លងទៅអាចនៅមានសេសសល់ខ្លះនូវការធូររលុងក្នុងការអនុវត្តច្បាប់ ដោយក្នុងនោះអនុវត្តទៅតាមក្រមព្រហ្មទណ្ឌចាស់ ឆ្នាំ១៩៥៦ និងបណ្ដាច្បាប់ទាំងឡាយ និងក្រមព្រហ្មទណ្ឌអន្តរកាលដែលអ៊ុនតាក់ធ្វើក្នុងឆ្នាំ១៩៩២»។
លោក អំ សំអាត បានបន្ថែមថា តាមការស៊ើបអង្កេតរបស់លោកកន្លងមក គឺមានជនរងគ្រោះចំនួន១២ករណី ដែលរងគ្រោះដោយទឹកអាស៊ីត ក្នុងនោះមានតែ៤ករណីប៉ុណ្ណោះ ដែលសមត្ថកិច្ចចាប់ជនល្មើសបញ្ជូនមកតុលាការ។
អំពើជះទឹកអាស៊ីតត្រូវបានគេចាត់ទុកថា ជាការប៉នប៉ុងមនុស្សឃាតដែលធ្វើឡើងដោយចេតនា។
យោងមាត្រា៣១ នៃច្បាប់ព្រហ្មទណ្ឌសម័យអ៊ុនតាក់បានចែងថា អ្នកប្រព្រឹត្តបទល្មើសត្រូវជាប់គុកពី១០ឆ្នាំ ទៅ២០ឆ្នាំ។ នៅក្នុងមាត្រា៤១ នៃច្បាប់ដដែលនេះ បានចែងចំពោះអ្នកបង្កឲ្យមានរបួសស្នាមតិចតួច គឺត្រូវមានទោសពី៦ខែទៅ៥ឆ្នាំ ហើយអ្នកសមគំនិតក៏ត្រូវមានទោសដូចគ្នា។
លោក ជាម យៀប បានឲ្យដឹងទៀតថា ចំពោះមន្ត្រីតុលាការណាដែលមិនបានអនុវត្តច្បាប់ ដូចជាករណីចាប់បានជនសង្ស័យពីការជះទឹកអាស៊ីតហើយដោះលែងវិញនោះ គេនឹងទទួលទោសចំពោះមុខច្បាប់ ពិសេសគឺនៅពេលដែលក្រមព្រហ្មទណ្ឌថ្មីបានចូលជាធរមាន៕
|
|
អ៊ីម៉េល |
|
|
ព្រឹត្តិបត្រព័ត៌មាន |
|
|
បោះពុម្ព |
|
|
ចែករំលែករឿងនេះ |
តុលាការរាជធានីភ្នំពេញគ្រោងបើកសវនាការករណីមឿងសុនម្ដងទៀត
អ្នកកាសែតជាប់ឃុំម្នាក់បន្តប្ដឹងឧទ្ធរណ៍ក្នុងរឿងក្ដីជាមួយសយសុភាព
ក្រសួងយុត្តិធម៌គ្រោងជំរុញឲ្យតុលាការខេត្តស្វាយរៀងកោះហៅសមរង្ស៊ីឆាប់ៗ
បុគ្គលិកអង្គការមិត្តគ្មានព្រំដែនអំពាវនាវឲ្យពន្លឿនការស៊ើបអង្កេតករណីឃាតកម្ម
តុលាការខេត្តកំពតដោះលែងពលរដ្ឋម្នាក់ដែលជំទាស់នឹងការចាក់ដីលុបឆ្នេរសមុទ្ទ
រដ្ឋសភាកោះប្រជុំបន្ទាន់ដើម្បីអនុម័តការដកអភ័យឯកសិទ្ធិសមរង្ស៊ី
តុលាការខេត្តព្រៃវែងផ្ដន្ទាទោសគ្រូបង្រៀនម្នាក់ពីបទបរិហារកេរ្ដិ៍
ទាហានម្នាក់រងរបួសធ្ងន់ដោយសារមេបញ្ជាការវាយដំ
ប៉ូលិសម្នាក់នៅមណ្ឌលគិរីរងការចោទថាប៉ុនប៉ងធ្វើឃាតអ្នកភូមិ
ពលរដ្ឋម្នាក់នៅកំពង់ឆ្នាំងត្រូវអ្នកយាមឡូត៍នេសាទបាញ់ឲ្យស្លាប់
មតិ
អ្នកអាចបញ្ចេញមតិដោយបំពេញទម្រង់ខាងក្រោមនេះក្នុងទម្រង់ជាអក្សរសុទ្ធ។. មតិត្រូវតែអនុញ្ញាតដោយអ្នកសម្របសម្រួលនិងមិនបង្ហាញភ្លាមៗនៅលើទំព័រនេះទេ។ សូមអញ្ជើញត្រឡប់មកបើកទំព័រនេះម្ដងទៀតដើម្បីមើលថាតើមតិរបស់អ្នកត្រូវបានចុះផ្សាយឬអត់។
It's hard to find justice in Cambodia, if you have Dollar you will win no matter how. The root of corruption is very deep inside Khmer society,so only God can change.....
2009-10-31 11:42
I think that acid fighter is very bad and terrible. the government should take action on such criminal by courting seriously agaist he or her and hardly find any fair for such victim.
2009-10-30 06:25
All acid fighters are considered as crime.
2009-10-29 01:08
how to say for this is a very cruel crime and it is so scary. Haman now is not human anymore for their for this kind of treatment toward each other. What is the punishment they deserve.
2009-10-28 19:44
មើលមតិទាំងអស់.