អ្នករាំក្បាលទូកដែលភាគច្រើនជាបុរសពោរពេញដោយកម្លាំងកាយមាំមួន អង្គុយយ៉ាងប្រុងប្រយ័ត្នដើម្បីបញ្ជាទូករបស់ខ្លួនក្នុងការប្រណាំងយកឈ្នះចាញ់ ប៉ុន្តែក្រោយមកតួនាទីនេះបែរជាត្រូវជំនួសដោយស្រ្តី ដែលមានរាងតូចល្វតល្វន់ទៅវិញ។
០១-វិច្ឆិកា-០៩: កញ្ញា រឿន រាត្រី អ្នករាំក្បាលទូកឈ្មោះជម្ពូសមានជ័យសិរីមានឫទ្ធិ មកពីស្រុកបាធាយ ខេត្តកំពង់ចាម។
សំឡេងឆៃយ៉ាំបានបន្លឺឡើងដើម្បីហែហមក្រុមកីឡាករអ្នកប្រណាំងទូកង មិនថាបុរសនិងស្រ្តីឡើយ ឲ្យមានទឹកចិត្តពោរពេញដោយក្តីសប្បាយរីករាយ ក្នុងដំណើរឆ្ពោះទៅកាន់ទូករៀងៗខ្លួន មុននឹងចាប់ផ្តើមការប្រណាំង។
នៅក្បាលទូកងធ្វើអំពើឈើ ក្បូរក្បាច់រចនាពណ៌ក្រហមច្រាល ដែលមានកន្លែងទំនេរតូចបំផុត ទទឹងប្រហែល២តឹកប៉ុណ្ណោះ ហាក់ដូចជាគ្មានអ្វីទំនងសម្រាប់ចាប់កាន់ឡើយពេលមានគ្រោះថ្នាក់ នាង រឿន រាត្រី អាយុ១៧ឆ្នាំ ក្នុងសម្លៀកបំពាក់អាវប៉ាក់ស និងសំពត់ចងក្បិនភ្លឺផ្លេកពណ៌ក្រហម ផាត់ប្រេងម្សៅស្អាត ស្រស់សោភា បានអង្គុយនៅលើក្បាលទូកអណ្តែតលើផ្ទៃទឹក ធ្វើហាក់ដូចជាគ្មានការភ័យព្រួយចំពោះទឹកទន្លេល្ហាចល្ហឹមធំល្វឹងល្វើយឡើយ។
រាត្រី គឺជាអ្នករាំក្បាលទូកនៃទូកចែវរបស់នារីឈ្មោះ ជម្ពូសជ័យសេរីមានឫទ្ធិ ដែលមកពីស្រុកបាធាយ ភូមិមេព្រីង ឃុំមេព្រីង ខេត្តកំពង់ចាម។
រាត្រី បាននិយាយដោយទឹកមុខញញឹមថា គ្មានអ្វីដែលភ័យព្រួយសម្រាប់នាងឡើយ បើទោះបីជានាងគ្មានបទពិសោធន៍ក៏ដោយក្នុងការរាំក្បាលទូកនៅពេលប្រណាំងទូកងកាលពីឆ្នាំមុនៗក៏ដោយ។ នាងនិយាយបណ្តើរ សម្លឹងមើលផ្ទៃទន្លេល្ហល្ហេវធំធេងថា នាងនឹងគិតតែពីរាំទៅតាមចង្វាក់ ដើម្បីឲ្យអ្នកអុំទូកនិងគូកនរបស់នាងទាំងអស់ មានការប្រឹងប្រែងដើម្បីយកឈ្នះ។
កញ្ញា រឿន រាត្រី ឲ្យដឹងដូច្នេះ ៖ «ភ័យតិចៗ ភ័យខ្លាចតែធ្លាក់ទឹកអី។ ការពារខ្លួន។ ឲ្យយោកតាមទូក ហើយត្រូវចេះតោងផង កុំចេះតែរាំៗទៅធ្លាក់ទឹក។ មានអារម្មណ៍ថាសប្បាយ ហើយសង្ឃឹមថាឈ្នះ»។
ស្រ្តីម្នាក់ទៀតបាននិយាយថា វត្តមានរបស់អ្នករាំនៅក្បាលទូក ពោរពេញទៅដោយភាពស្រស់ស្រាយបែបនេះ ជាការសំខាន់ណាស់។ គាត់មិនអាចបកស្រាយថា តើការសំខាន់នោះយ៉ាងណាខ្លះទេ ប៉ុន្តែគាត់បានតែនិយាយថា បរមបុរាណតែងតែតម្រូវឲ្យមានអ្នករាំក្បាលទូកនេះជាចាំបាច់ ៖ «ទាល់តែមានអ្នករាំបានស្អាត ឲ្យសញ្ញាអ្នកចែវ។ សម័យបុរាណយើងមកអ៊ីចឹង ទំនៀមទម្លាប់យើងអ៊ីចឹង»។
មន្ត្រីពុទ្ធសាសនបណ្ឌិតនិងជាក្រុមជំនុំទំនៀមទម្លាប់ប្រពៃណីខ្មែរ លោក មៀច ប៉ុន បានអះអាងថា ស្រី្តអ្នករាំក្បាលទូកជាទូទៅ ត្រូវគេជ្រើសរើសយកស្រ្តីដែលនៅក្រមុំព្រហ្មចារី មានវ័យចន្លោះពី១៦ ទៅ១៧ឆ្នាំប៉ុណ្ណោះ ហើយប្រកបទៅដោយបុគ្គលិកលក្ខណៈល្អប្រសើរ ដើម្បីនាំនូវភ័ព្វសំណាងរបស់ទូក។
កាលពីដំបូងឡើយ កំណើតបុណ្យអុំទូកគេពុំបានយកស្រីមករាំនៅក្នុងពិធីនេះឡើយ។ ពិធីនេះគឺជាពិធីដែលគេរំឭកទៅដល់កងទ័ពជើងទឹកខ្មែរ កាលពីសម័យបុរាណដែលពោរពេញដោយអានុភាព។
លោក មៀច ប៉ុន បានអះអាងអ្នករាំក្បាលទូក គឺបុរសដែលតំណាងឲ្យមេទ័ពជើងទឹកវៃឆ្លាត និងមុតស្រួចក្នុងការបញ្ជាកងទ័ពកាលនោះ ដូច្នេះជាទូទៅគេឃើញតែអ្នករាំក្បាលទូកភាគច្រើនជាបុរសដែលគេមានលទ្ធភាពក្នុងការមើលគូប្រកួតរបស់ខ្លួន ដើម្បីប្រាប់ឲ្យក្រុមកីឡាកររបស់គេឲ្យមានការប្រុងប្រយ័ត្ន ហើយអាចយកជើងធាក់ខ្សែព្រ័ត្រនៅពេលជិតផ្តាច់ព្រ័ត្រជាដើម ដែលប្រការនេះគ្រោះថា្នក់ខ្លាំងណាស់ ដូច្នេះហើយគេមិនសូវឃើញវត្តមានរបស់ស្រ្តីឡើយ។
លោកបន្តទៀតថា ក្រោយមកទៀតគេបានឃើញមានវត្តមានស្រ្តីអ្នករាំនៅក្បាលទូក នៅក្នុងពិធីប្រណាំងទូកងរបស់ខ្មែរម្ដងៗ។ វត្តមានរបស់ស្រ្តីដែលមានរូបស្អាតល្វត់ល្វន់ មានសម្លៀកបំពាក់ចងក្បិនស្រស់ឆើតឆាយ បានក្លាយជាទីទាក់ចិត្តសម្រាប់អ្នកទស្សនា ក៏ដូចជាក្រុមកីឡាករឲ្យមានកម្លាំងចិត្តក្នុងការប្រណាំងនោះដែរ។
រឿន រាត្រី មានរាងតូចទ្រនាប់ ច្រមុះស្រួច នាងមានកាយវិការទន់ភ្លន់និងល្វតល្វន់ នៅពេលដែលនាងរាំនៅលើក្បាលទូកទៅតាមសំឡេងក្រុមកីឡាករអ្នកប្រណាំងរបស់នាងស្រែកជាសញ្ញា។
នាងនិយាយទៀតថា នាងសប្បាយចិត្តហើយមានមោទនភាព នៅពេលត្រូវបានអ្នកភូមិជ្រើសតាំងនៅក្នុងឆ្នាំនេះសម្រាប់ការរាំក្បាលទូក ដើម្បីការប្រណាំងដណ្តើមយកពាន់រង្វាន់ខាន់ខៅ សម្រាប់ត្រឡប់ទៅស្រុកវិញ ៖ «គេរើស គេហៅឲ្យទៅរាំ ខ្ញុំក៏រាំទៅ»។
ទូកចែវរបស់នារីនៅក្នុងស្រុកបាធាយ វត្តសិរីចំប៉ា នៅភូមិមេព្រីង ឃុំមេព្រីង មានចំណុះសរុប៣៨នាក់ ភាគច្រើនជាស្រ្តី គឺមានប្រុសប្រហែល១០នាក់ប៉ុណ្ណោះចូលរួម ដោយធ្វើជាអ្នកបាចទឹក ពេលដែលស្រ្តីៗកំពុងជាប់ចែវ។
ក្រុមនេះ កីឡាករស្លៀកក្បិនពណ៌បៃតងចាស់។ ស្រ្តីកីឡាករខ្លះចេះហែលទឹក ហើយខ្លះទៀតមិនចេះហែលទឹកឡើយ។
លឹម គា អាយុ៣០ឆ្នាំ ដែលកំពុងចងក្បិនពណ៌បៃតង មានចងយ័ន្តនៅចង្កេះផងនោះ មុននឹងត្រៀមខ្លួនចុះទូកក្នុងការប្រណាំងបាននិយាយប្រាប់ថា គ្រប់គ្នាត្រូវតែចងយ័ន្តដូច្នេះ ដើម្បីសុំសេចក្តីសុខសប្បាយ ហើយនាងមិនខ្លាចអ្វីទេ បើទោះបីជាមិនចេះហែលទឹកក៏ដោយ។
ស្រ្តី លឹម គា ឲ្យដឹងដូច្នេះ ៖ «តែទឹកហូរខ្លាំងវាកួចហើយ តែកួចខ្លាំងយើងចេះតែមានអារម្មណ៍ភ័យដែរ ប៉ុន្តែនឹកឃើញថា ចែវឲ្យជាប់ ឈរទូកឲ្យនឹង គឺដឹងតែឈ្នះអ៊ីចឹងតែម្ដង។ មានអារម្មណ៍ថាសប្បាយដែរ បើថាបានជោគជ័យ គឺថា សប្បាយអស់ពីចិត្តពីថ្លើមអ៊ីចឹងតែម្ដង»។
ស្រ្តីម្នាក់ទៀតបាននិយាយថា នាងសប្បាយរកថាមិនត្រូវ ដែលនាំឲ្យនាងចូលរួមជារៀងរាល់ឆ្នាំ ៖ «សប្បាយ ចិត្តចង់តែមកតែម្ដង»។
កីឡាករស្រ្តីម្នាក់ៗសុទ្ធតែមានទឹកមុខរីករាយ ដោយគេបរិភោគបាយរួមគ្នា សម្រាកនៅទីលានវត្តអារាមរួមគ្នា។ គេឮសូរតែសំឡេងហ៊ោកញ្ជ្រៀវក្រេវៗ នៅពេលដែលគ្នីគ្នារបស់គេបានស្រែកថា យក្សអរៗ បន្ទរដោយសំឡេងថា ឈ្នះៗៗ៕
ព្រះមហាក្សត្រយាងពន្លត់ភ្លើងជ័យនៃបុណ្យឯករាជ្យជាតិទី៥៦
កម្ពុជាប្រារព្ធខួបទី៥៦នៃបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា
ប្រវត្តិតស៊ូរបស់ស្រ្ដីអ្នករត់រ៉ឺម៉កម៉ូតូ
បញ្ហាការថែរក្សាអនាម័យក្នុងអំឡុងពេលបុណ្យអុំទូក
សរុបតួលេខនៃអំពើចោរកម្មនិងគ្រោះថ្នាក់ផ្សេងៗក្នុងពេលបុណ្យអុំទូក
អ្នកដើរកម្សាន្តក្នុងពិធីបុណ្យអុំទូកធ្លាក់ចុះ
ស្ថានភាពសន្តិសុខក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក
ទិដ្ឋភាពថ្ងៃទី៣នៃព្រះរាជពិធីបុណ្យអុំទូក
មតិ
អ្នកអាចបញ្ចេញមតិដោយបំពេញទម្រង់ខាងក្រោមនេះក្នុងទម្រង់ជាអក្សរសុទ្ធ។. មតិត្រូវតែអនុញ្ញាតដោយអ្នកសម្របសម្រួលនិងមិនបង្ហាញភ្លាមៗនៅលើទំព័រនេះទេ។ សូមអញ្ជើញត្រឡប់មកបើកទំព័រនេះម្ដងទៀតដើម្បីមើលថាតើមតិរបស់អ្នកត្រូវបានចុះផ្សាយឬអត់។
គ្រោះថ្នាក់អាចកើតឡើងជាយថាហេតុបើទោះជាយើងប្រុងប្រយ័ត្នឬអត់ ដូច្នេះរដ្ឋាភិបាលគួរតែផ្តល់ជាអាវពោងសំរាប់ពាក់ការពារ ព្រោះពេលនោះទឹកទន្លេហូរខ្លាំងហើយពេលខ្លះកួចទៀត ។ សូម្បីតែអ្នកចេះហែលទឹកមានការលំបាក់ទៅហើយ ចុះទំរាំតែអ្នកមិនចេះនោះ ។ ខ្ញុំថាបើយើងមានតែក្រុមជួយសង្គ្រោះនោះ គឺមិនអាចជួយបានទាន់ពេលវេលាគ្រប់ៗពេលនោះឡើយ ទឹកអាចគួចនាំអ្នកដែលលង់ទៅក្រោមផ្ទៃទឹកដែលធ្វើអោយអ្នកជួយសង្គ្រោះមិនអាចរកឃើញឡើយ តួយ៉ាងដូចជាឆ្នាំមុនៗអញ្ចឹង ។ រដ្ឋាភិបាលគួរតែគិតគួរពីបញ្ហានេះ ការការពារគឺវាប្រសើរជាងការព្យាបាល ៕
2009-11-08 11:16
Love it! Self motivation is the key to success!
2009-11-08 09:55
everything was done, jobs done well. one missing factor is " a life saver vest" it is more important for next year. each person must have one of life sver vest"
2009-11-04 00:39
Dear brother Hun sen, you and the your team team works had been done well, during boat vestival in this year. how much for a life saver vest? my friend adn i had been watched the opertation, in Tonle sap no one wearing life saver vest at all. your teams should learned from Kra tie 17 people drowning and dead. luckily one of the racing boat was sinking during racing and no one got problem, according to the above article, brother Hun sen should changed, who that travel by fresh water or sea, must have a life saver vest. it will helpe our nation a lot. Hi brother chivonmunirak how are you? hou your life in Cambodia?
2009-11-04 00:33
Before there is no woman can get into the canoe racer; but now a woman can be a leader and seats in fornt the canoe. Our custom has changed from time to time depending on the people think and believe what is good for them. Same as right now people turn from Budhism to Christianity; because they believe only Christ is the way to Heaven.
2009-11-03 15:26
មើលមតិទាំងអស់.