អ្នករិះគន់ទាំងនោះបានអំពាវនាវដល់រាជរដ្ឋាភិបាល ជាពិសេសក្រសួងធម្មការ និងសាសនា ឲ្យជួយធ្វើការអប់រំកុំឲ្យមានការសម្លាប់គោ ហើយយកមកដុតអាំងទាំងមូលលក់យ៉ាងដូច្នេះទៀត ពីព្រោះដើរផ្ទុយនឹងគោលច្បាប់ព្រះពុទ្ធសាសនា ដែលរាជរដ្ឋាភិបាល និងពលរដ្ឋកម្ពុជា បានលើកតម្កើងថា ជាសាសនារបស់រដ្ឋសព្វថ្ងៃនេះ។
សេចក្ដីរាយការណ៍របស់អ្នកស្រី កែវពេជ្រ មេតា្ដ៖
បើគេធ្វើដំណើរកាត់តាមដងផ្លូវធំៗ នៅតាមទីផ្សារខ្លះ និងនៅក្នុងហាងអាហារដ្ឋានមួយចំនួននៅទីក្រុងភ្នំពេញ សព្វថ្ងៃ គេនឹងឃើញការដាក់លក់គោដុត ឬគោអាំងទាំងមូល ពិសេសគឺនៅពេលល្ងាចដែលមានមនុស្សម្នាត្រូវការទិញម្ហូបអាហារទទួលទាន។
ការដាក់លក់សាច់គោដុតដែលមានរូបរាងនៅទាំងមូលយ៉ាងដូច្នោះ ត្រូវបានសាធារណជនមួយចំនួនគេរិះគន់ថា ជាការលក់ដូរមួយមិនសមរម្យទាល់តែសោះ ពីព្រោះគេមើលទៅហាក់បីដូចជាសាកសពមនុស្សដែលគេកាត់ដៃកាត់ជើង និងក្បាលចេញ។ មិនតែប៉ុណ្ណោះ គេឃើញអ្នកលក់ខ្លះ បានចាក់ដោតកាំបិតជាប់នៅលើខ្នងគោអាំង និងពន្លះសាច់បន្តិចម្ដងៗ ដែលធ្វើឲ្យប៉ះទង្គិចអារម្មណ៍ និងមានការភ័យខ្លាច ពិសេសកុមារតូចៗដែលបានដើរទៅឃើញទិដ្ឋភាពនោះ។
អ្នករិះគន់ទាំងនោះដែលរួមមានមន្ត្រីរាជការ អង្គការ និងពុទ្ធបរិស័ទមួយចំនួន បានបញ្ជាក់ទៀតថា ការដាក់លក់សាច់គោដុត ឬអាំងទាំងមូលដោយកាត់តែក្បាល និងកន្ទុយចេញ ហើយយកមកឆ្កាងលក់ទម្រាំអស់ គេមើលទៅអាក្រក់ខ្លាំងណាស់ មិនសមរម្យជាពលរដ្ឋកម្ពុជា អ្នកគោរពព្រះពុទ្ធសាសនាទេ។
ក្នុងចំណោមអ្នករិះគន់ទាំងនោះ បុគ្គលិកអង្គការក្រៅរដ្ឋាភិបាលមួយរូប ឈ្មោះ សឹង្ហ គា បានមានប្រសាសន៍ថា ការដាក់លក់សាច់គោដុតទាំងមូលសព្វថ្ងៃនេះ គឺមើលទៅហាក់បីដូចជាការធ្វើទារុណកម្មសត្វគោ។
លោកបន្តថា ៖ «ឃើញរបៀបចាក់ដោតកាំបិតនៅហ្នឹង ហើយដោតពីគូទ ធ្លាយមកក្បាល ហែកជើងអ៊ីចឹងទៅ មើលទៅដូចឃោរឃៅព្រៃផ្សៃ ពិសេសយើងប្រទេសអ្នកកាន់ព្រះពុទ្ធសាសនា មានព្រះសង្ឃរាប់ម៉ឺនរាប់សែនអង្គ ហើយមានអ្នកកាន់សីលហ្នឹងរាប់លានអ្នកទៀត។ អ្នកសង្រួមគាត់មានសីលក្នុងខ្លួន គាត់មានក្ដីមេត្តាក្នុងខ្លួន ពេលគាត់ឃើញអ៊ីចឹងតើវាប៉ះពាល់យ៉ាងម៉េច? អាហ្នឹងយើងគួរពិចារណាអ៊ីចឹងផង។ វាមិនខុសអីទេ ប៉ុន្តែវាមិនសមនឹងប្រទេសជាអ្នកយកព្រះពុទ្ធសាសនាជាសាសនារបស់ជាតិ របស់រដ្ឋ អ៊ីចឹងទៅវាដូចដើរខុសគ្នាអ៊ីចឹងទៅណា ថ្វីត្បិតតែសត្វជាអាហារយើង។ ប្រទេសខ្លះគេកាន់ គេមិនហូបសាច់ជ្រូក តែគេក៏មិនមានជ្រូកខ្វៃអីសាហាវអ៊ីចឹងដែរ»។
ការដាក់លក់សាច់គោដុត ឬគេហៅថា កូនគោអាំងទាំងមូល ដោយដាក់លក់សម្ញែងភ្នែកអ្នកទិញជារាងច្រងាងនៅតាមហាងក្ដី និងនៅតាមដងផ្លូវសាធារណៈក្ដី កំពុងតែធ្វើឲ្យមានការត្រិះរិះពិចារណារបស់ពលរដ្ឋខ្មែរជាច្រើននាក់ទៀត រហូតដល់អ្នកខ្លះបានប្ដេជ្ញាថា គេមិនទិញសាច់គោយកមកទទួលទានទៀតទេ ពីព្រោះមានការអាណោចអាធ័មនៅក្នុងចិត្តខ្លាំងណាស់។
ស្ត្រីមួយរូបឈ្មោះ ធីម ដែលកំពុងអង្គុយលក់ដូរនៅផ្សារដើមថ្កូវ និងនៅមិនឆ្ងាយប៉ុន្មានពីកន្លែងលក់គោដុតមួយកន្លែងនៅតាមផ្លូវឡើងចេញចូលពីវត្តសន្សំកុសល បានប្រាប់ឲ្យដឹងថា ចាប់តាំងពីគាត់បានឃើញគេដាក់លក់គោដុតទាំងមូលនៅទីនោះជារៀងរាល់ថ្ងៃ ធ្វើឲ្យគាត់មានចិត្តណាយមិនដែលទិញសាច់គោមកបរិភោគឡើយ។
ស្ត្រីអ្នកលក់ដូរ ៖ «អត់ញ៉ាំទេបង! គ្រាន់តែឃើញនឹកក្នុងចិត្តអាណិតវាណាស់ យកមកឆ្កាងដៃឆ្កាងជើង ដូចជាអាក្រក់អាក្រីពេកហើយ ប៉ុន្តែមិនដឹងធ្វើម៉េច មុខរបររបស់គេ គេធ្វើអ៊ីចឹង។ បើយកទៅទឹមទៅអីមិនអាណិតទេ តែបើយកលក់ឲ្យឈ្មួញអ៊ីចឹងអាណិតវាណាស់»។
មានប្រសាសន៍ប្រាប់ស្រដៀងគ្នានេះដែរ ឧបាសិកាមួយរូបឈ្មោះ ស៊ី មឿន នៅទីក្រុងភ្នំពេញ បានបញ្ជាក់ថា តាមការប្រតិបត្តិធម៌ក្នុងព្រះពុទ្ធសាសនាជារៀងរាល់ថ្ងៃរបស់គាត់នោះ ធ្វើឲ្យគាត់មានការអាណិតអាសូរនៅពេលបានឃើញគេយកសត្វគោមកដុតអាំងលក់នៅទាំងមូលយ៉ាងដូច្នេះ។
ឧបាសិកាដដែលបានបន្តថា គាត់ចង់សំណូមពរកុំឲ្យគេធ្វើយ៉ាងដូច្នេះទៀត តែមិនហ៊ាន និងមិនដឹងធ្វើដូចម្ដេច ៖ «យើងមានសិទ្ធិអីទៅនិយាយ គេរបររកស៊ីគេ គេមានសេរីភាពក្នុងការរកស៊ីរបស់គេ។ ប៉ុន្តែការរកស៊ីយើងត្រូវហាមប្រាមផង អាអំពើណាដែលធ្វើឲ្យយើងធ្វើឲ្យអាប់ឱនជាតិយើង អាប់ឱនពុទ្ធសាសនាយើងអាប់ឱនហ្នឹង។ យើងអាងតែមានសិទ្ធិសម្លាប់គ្នាបានចេះតែសម្លាប់ហួសហេតុ។អត់មានចិត្តមនុស្សធម៌សោះ គួរអាណោចអាធ័មគិតដល់ជីវិតគេជីវិតឯង។ ដោតច្រងាងនៅអាំង ហើយព្រលះ យើងមើល! រដ្ឋាភិបាលយើងគួរគិតត្រង់ហ្នឹងដែរ កុំបណ្ដោយធ្វើអ៊ីចឹងពេក»។
ការធ្វើឃាតសត្វគោ ហើយយកមកដុតអាំងលក់នៅខ្លួនទាំងមូល ដែលគេកំពុងតែដាក់លក់សព្វថ្ងៃនេះ ក៏មានប្រតិកម្មពីមន្ត្រីក្រសួងធម្មការ និងសាសនាថ្នាក់ក្រោមផងដែរ ដោយបានលើកឡើងថា ជាអំពើអសីលធម៌ ប្រាសចាកធម៌មនុស្ស។
លោក វ៉ាយ វិបុល ជំនួយការអគារធិការដ្ឋានពុទ្ធិកសិក្សាជាតិ បានមានប្រសាសន៍ថា លោកធ្លាប់បានឃើញការដាក់លក់គោដុត ឬអាំងទាំងមូលនេះជាច្រើនឆ្នាំមកហើយ ដែលជាការមិនសមរម្យទាល់តែសោះ ប៉ុន្តែក្នុងឋានៈជាមន្ត្រីក្រសួងធម្មការតូចតាច លោកមិនដឹងជាធ្វើយ៉ាងឡើយ។
លោកបន្ថែមដូច្នេះ ៖ «ប៉ុន្តែបើសិនជាអ្នកកាន់សីល អ្នកប្រព្រឹត្តសុចរិតមានគ្នាច្រើន រួមទាំងអ្នកមានឥទ្ធិពលផង ហើយលោកមានចំណង់ចំណូលចិត្តក្នុងការទប់ស្កាត់នូវអំពើទាំងអស់នោះ ខ្ញុំជឿជាក់ថា អាចបាន។ ហើយអាចពន្យល់ណែនាំ បង្ហាត់បង្រៀន ឬក៏ទេសនាគ្រប់បែបគ្រប់យ៉ាងដើម្បីឲ្យការលើកតម្កើងសីលធម៌ គុណធម៌ឲ្យបានច្រើនៗ តាមវិទ្យុ តាមការផ្សាយពាណិជ្ជកម្មអីហ្នឹង ឲ្យគេយល់។ អាហ្នឹងធ្វើអ៊ីចឹងបានទប់ស្កាត់បាន បើមិនទាំងស្រុង ក៏អាចជាជំហានតូចមួយដែរ»។
នូវរាល់ការលើកឡើងទាំងប៉ុន្មាននេះ វិទ្យុអាស៊ីសេរី បានព្យាយាមទាក់ទងទៅថ្នាក់ដឹកនាំក្រសួងធម្មការ និងសាសនាដែរ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១១ ដើម្បីចង់ដឹងថា តើលោកជួយដោះស្រាយ និងមានវិធានការបែបណា? ប៉ុន្តែលោកបានតបថា ជាប់រវល់ប្រជុំ។
មន្ត្រីរាជការ និងអង្គការក្រៅរដ្ឋាភិបាល ព្រមទាំងប្រជាពលរដ្ឋ និងពុទ្ធបរិស័ទមួយចំនួននៅទីក្រុងភ្នំពេញ ដែលបានរិះគន់ការដាក់លក់សាច់គោដុតដែលមានរូបរាងនៅទាំងមូលនោះ បានបញ្ជាក់ប្រាប់ដែរថា ទោះជាយ៉ាងណាក៏ដោយ គេសំណូមពរសុំដល់រាជរដ្ឋាភិបាលឲ្យជួយលៃលកធ្វើយ៉ាងណាណែនាំអប់រំក្រុមប្រកបអាជីវកម្មលក់ដូរសាច់សត្វនោះឲ្យមានការលក់បានសមស្របទៅតាមប្រទេសកម្ពុជា មានការគោរពព្រះពុទ្ធសាសនា និងប្រកាន់យកនូវការសន្ដោសអាណិតអាសូរទាំងជីវិតមនុស្ស និងជីវិតសត្វ។
ស្របពេលនេះដែរ មានប្រជាជន និងពុទ្ធបរិស័ទមួយចំនួនក៏បានរិះគន់ដល់អំពើអ្នកប្រកបរបរលក់សាច់សត្វដ៏ទៃទៀតដែលមិនសមរម្យ ដូចជាលក់សាច់ឆ្កែ និងអ្នកខ្លះទៀតបានសម្លាប់សត្វឆ្មា យកសាច់មកធ្វើជាអាហារជាដើម ដែលបណ្ដាលឲ្យមានចោរដើរទាក់ឆ្កែ ឆ្មា យកមកលក់ ធ្វើឲ្យឆ្កែ ឆ្មាអ្នកស្រុកបាត់ស្ទើរតែរាល់យប់៕