កម្ពុជា​និង​​ប្រយោជន៍​ពី​ការ​ចូល​ជា​សមាជិក​អាស៊ាន

មន្ត្រី​ជាន់ខ្ពស់​បាន​ថ្លែង​ថា ក្នុង​រយៈ​ពេល​១១​ឆ្នាំ​ដែល​កម្ពុជា​បាន​ចូល​ជា​សមាជិក​អាស៊ាន​នោះ កម្ពុជា​បាន​ទាញ​យក​ផល​ប្រយោជន៍​យ៉ាង​ច្រើន​ពី​សមាគម​មួយ​នេះ រួម​ទាំង​វិស័យ​ការទូត នយោបាយ សេដ្ឋកិច្ច និង​ទេសចរណ៍​ជាដើម។
ដោយ មុំ សុផុន
2010.05.10
អាស៊ាន ៣០៥ មេ​ដឹកនាំ​នៃ​សមាគម​អាស៊ាន​ថត​រូប​រួម​គ្នា ក្នុង​ពិធី​បើក​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​១៦ នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម កាល​ពី​ថ្ងៃ​៨ មេសា ២០១០។
AFP PHOTO/TANG CHHIN SOTHY

ថ្ងៃ​ទី​៣០ ខែ​មេសា គឺ​ជា​ថ្ងៃ​ដែល​ប្រទេស​កម្ពុជា​បាន​ចូល​ជា​សមាជិក​សមាគម​សហ​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ ដែល​ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា ASEAN (អាស៊ាន)។

ប្រទេស​កម្ពុជា​បាន​ចូល​ជា​សមាជិក​ទី​១០ នៃ​អាស៊ាន ពី​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​១៩៩៩ នៅ​ឯ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម។ ក្នុង​រយៈ​ពេល ១១​ឆ្នាំ ដែល​ប្រទេស​កម្ពុជា​បាន​ចូល​ជា​សមាជិក​សមាគម​សហ​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​នេះ មន្ត្រី​ជាន់​ខ្ពស់​របស់​ក្រសួង​ការ​បរទេស​នៃ​ប្រទេស​កម្ពុជា បាន​ថ្លែង​ឲ្យ​ដឹង​ថា កម្ពុជា​បាន​ទទួល​ផល​ប្រយោជន៍​យ៉ាង​ច្រើន​ពី​ការ​ចូល​ជា​សមាជិក​នេះ រួម​មាន​ កត្តា​នយោបាយ កត្តា​សន្តិសុខ ការ​បង្កើត​ធនធាន​មនុស្ស វិស័យ​ពាណិជ្ជកម្ម សេដ្ឋកិច្ច ទេសចរណ៍ និង​ផល​ប្រយោជន៍​ជា​ច្រើន​ទៀត​ដែល​មិន​អាច​វាស់​ស្មាន​បាន​នោះ។

លោក​បណ្ឌិត កៅ គឹមហួន រដ្ឋលេខាធិការ​នៃ​ក្រសួង​ការ​បរទេស និង​សហ​ប្រតិបត្តិការ​អន្តរជាតិ បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ក្នុង​រយៈ​ពេល ១១​ឆ្នាំ ដែល​ប្រទេស​កម្ពុជា​បាន​ចូល​ជា​សមាជិក​អាស៊ាន​នេះ ប្រទេស​កម្ពុជា​បាន​ផ្សព្វផ្សាយ​ពី​ការ​ធ្វើ​ពាណិជ្ជកម្ម និង​មាន​ការ​ទាក់ទាញ​លើ​វិស័យ​ទេសចរណ៍ ដែល​បាន​ធ្វើ​ឲ្យ​ទេសចរណ៍​នៅ​ក្នុង​ប្រទេស​មាន​ការ​កើន​ឡើង បើ​ទោះ​បី​ជា​អន្តរជាតិ​កំពុង​តែ​មាន​វិបត្តិ​សេដ្ឋកិច្ច​ក៏​ដោយ។

លោក​បណ្ឌិត កៅ គឹមហួន បាន​ថ្លែង​ទៀត​ថា ប្រទេស​កម្ពុជា​ធ្លាប់​បាន​ធ្វើ​ជា​ប្រធាន​អាស៊ាន​ម្ដង​ហើយ​កាល​ពី​ឆ្នាំ​២០០៣ ហើយ​នឹង​ធ្វើ​ម្ដង​ទៀត​នៅ​ឆ្នាំ​២០១២​ខាង​មុខ។ កម្ពុជា​បាន​ពង្រឹង​ពង្រីក​ទំនាក់​ទំនង​ការ​រក​ជំនួយ​សម្រាប់​ប្រទេស និង​ផល​ប្រយោជន៍​នយោបាយ​ផ្សេង​ទៀត។

លោក​មាន​ប្រសាសន៍​ទៀត​ថា តាម​រយៈ​អាស៊ាន ប្រទេស​កម្ពុជា​បាន​ទាក់ទាញ​អ្នក​វិនិយោគ​យ៉ាង​ច្រើន​ឲ្យ​បែរ​មក​បណ្ដាក់​ទុន​នៅ​ក្នុង​ប្រទេស​កម្ពុជា ទាំង​អ្នក​វិនិយោគ​នៅ​ក្នុង​ប្រទេស​អាស៊ាន​ផង និង​ប្រទេស​ដែល​ជា​ដៃគូ​ចរចា​នោះ​ផង ព្រម​ទាំង​អ្នក​វិនិយោគ​អន្តរជាតិ​ផ្សេង​ៗ​ទៀត ក្នុង​នាម​ជា​តំបន់​អាស៊ាន ដោយ​សហគមន៍​អាស៊ាន​ទាំង​អស់​បាន​ជំរុញ​ឲ្យ​មាន​ទីផ្សារ​តែ​មួយ និង​កន្លែង​ផលិត​តែ​មួយ​នោះ។

រដ្ឋលេខាធិការ​នៃ​ក្រសួង​ការ​បរទេស លោក កៅ គឹមហួន មាន​ប្រសាសន៍​ទៀត​ថា កត្តា​នយោបាយ​វិញ​នោះ គឺ​ប្រទេស​កម្ពុជា​អាច​ទាក់ទង​ជាមួយ​ប្រទេស​មហា​អំណាច​មួយ​ចំនួន តាម​រយៈ​ក្របខ័ណ្ឌ​អាស៊ាន​នោះ ដូច​ជា​ជំនួប​កំពូល​ថ្នាក់​ដឹកនាំ​អាស៊ាន និង​សហរដ្ឋ​អាមេរិក ប្រទេស​ចិន សហគមន៍​អឺរ៉ុប ប្រទេស​រុស្ស៊ី ជា​ដើម​នោះ។

លោក​បាន​ថ្លែង​ទៀត​ថា ប្រទេស​កម្ពុជា​ក៏​បាន​ពង្រីក​ខ្លួន​លើ​វិស័យ​ការទូត​ផង​ដែរ តាមរយៈ​ប្រទេស​ជា​សមាជិក​អាស៊ាន តាមរយៈ​ដៃគូ​ចរចា បើ​ទោះ​បី​ជា​ប្រទេស​កម្ពុជា​មិន​មាន​ស្ថានទូត​របស់​ខ្លួន​នៅ​តាម​ប្រទេស​មួយ​ចំនួន​ក៏​ដោយ។

លោក កៅ គឹមហួន បាន​បញ្ជាក់​ទៀត​ថា កម្ពុជា​បាន​ដើរ​តួនាទី​ស្នូល​ក្នុង​ការ​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​នៅ​ក្នុង​តំបន់ និង​អន្តរជាតិ និង​កាត់​បន្ថយ​គម្លាត​រវាង​សមាជិក​អាស៊ាន​ចាស់ និង​ថ្មី​ផង​ដែរ រួម​ទាំង​ចូល​រួម​ក្នុង​ការ​កសាង​សហគមន៍​អាស៊ាន ដើម្បី​សម្រេច​ទិសដៅ​រួម​នៅ​ឆ្នាំ​២០១៥។ កម្ពុជា​ក៏​ជា​ប្រទេស​ដែល​មាន​តួនាទី​ស្នូល​ក្នុង​ការ​សម្របសម្រួល​រវាង​អាស៊ាន និង​ប្រទេស​សំខាន់​ៗ​មួយ​ចំនួន​ទៀត​ដែរ និង​ជំរុញ​ឲ្យ​មាន​ការ​អភិវឌ្ឍ​នៅ​ក្នុង​ប្រទេស​មហា​អនុ​តំបន់​ទន្លេ​មេគង្គ ដែល​មាន​កម្ពុជា ​ជា​ដើម។

កម្ពុជា​ក៏​ជំរុញ​ឲ្យ​មាន​ការ​នាំ​ផលិតផល​កសិកម្ម​របស់​ប្រជា​ពលរដ្ឋ ចេញ​ទៅ​លក់​នៅ​ទីផ្សារ​ក្នុង​តំបន់​នៃ​ប្រទេស​អាស៊ាន និង​ទៅ​បណ្ដា​ប្រទេស​នានា​ផ្សេង​ទៀត តាម​រយៈ​ទីផ្សារ​អាស៊ាន។

ប៉ុន្តែ​ការ​លើក​ឡើង​របស់​មន្ត្រី​រដ្ឋាភិបាល​នេះ អ្នក​តំណាង​រាស្ត្រ​របស់​គណបក្ស សម រង្ស៊ី លោក យឹម សុវណ្ណ មាន​ប្រសាសន៍​ថា ក្នុង​រយៈពេល ១១​ឆ្នាំ​ដែល​ប្រទេស​កម្ពុជា​ចូល​ជា​សមាជិក​អាស៊ាន​នេះ គឺ​បាន​រីកចម្រើន​តិច​តួច​ប៉ុណ្ណោះ ហើយ​មិន​ទាន់​ទាញ​យក​ផល​ចំណេញ​បាន​ច្រើន​នៅ​ឡើយ ហើយ​ចំណុច​ខ្លះ​ប្រទេស​កម្ពុជា​បាន​ដើរ​ថយក្រោយ​ទៅ​វិញ។ ការ​សហការ​គ្នា​ពី​សមាជិក​អាស៊ាន នៅ​មិន​ទាន់​ប្រកប​ដោយ​សុទ្ធចិត្ត​នៅ​ឡើយ ដោយ​ឃើញ​មាន​ប្រទេស​ជិតខាង​នៅ​មាន​មហិច្ឆតា​លើ​ប្រទេស​កម្ពុជា។

អ្នក​តំណាង​រាស្ត្រ យឹម សុវណ្ណ មាន​ប្រសាសន៍​ទៀត​ថា កម្ពុជា​បាន​ចាញ់​ប្រៀប​ប្រទេស​សមាជិក ជា​ពិសេស​ប្រទេស​ជិត​ខាង​ដូច​ជា ថៃ និង​វៀតណាម​ជា​ដើម លើ​ផ្នែក​ពាណិជ្ជកម្ម​នោះ ដោយសារ​តែ​ប្រទេស​កម្ពុជា​ត្រូវ​ចំណាយ​ថ្លៃ​ដើម​ច្រើន ដើម្បី​ដំណើរការ​សិប្បកម្ម ដូច​ជា​សាំង ភ្លើង​អគ្គិសនី មាន​តម្លៃ​ថ្លៃ និង​ការិយាធិបតេយ្យ រួម​ជាមួយ​ការ​នាំ​ចូល​ផ្ដាច់​មុខ​ដែល​ធ្វើ​ឲ្យ​មិន​មាន​ការ​ប្រកួត​ប្រជែង​ឲ្យ​បាន​ស្មើភាព​គ្នា​នោះ។

បើ​ទោះ​បី​ជា​មន្ត្រី​បក្ស​ប្រឆាំង​បាន​លើក​ឡើង​ពី​អតុល្យភាព​លើ​ការ​នាំចេញ​នាំចូល​ក៏​ដោយ​នោះ រដ្ឋលេខាធិការ​នៃ​ក្រសួង​ការ​បរទេស និង​សហ​ប្រតិបត្តិការ​អន្តរជាតិ លោក កៅ គឹមហួន បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​​ដែរ​ថា គោលដៅ​របស់​អាស៊ាន​គឺ​បង្កើន​ឲ្យ​មាន​ទំនាក់ទំនង​ខាង​ផ្នែក​គមនាគមន៍​រវាង​ប្រទេស​ជា​សមាជិក​ទាំង​អស់ ទាំង​ផ្លូវ​អាកាស ផ្លូវ​គោក មាន​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ថ្នល់ និង​ផ្លូវ​ដែក​ជា​ដើម ដើម្បី​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​ប្រជា​ពលរដ្ឋ​ធ្វើ​ដំណើរ​ចេញ​ចូល​នៅ​ក្នុង​តំបន់​អាស៊ាន និង​ការ​ដឹក​ជញ្ជូន​ភ្ញៀវ​ទេសចរណ៍​នានា ព្រម​ទាំង​ជា​ការ​តភ្ជាប់​ផ្នែក​សេដ្ឋកិច្ច​នោះ​ផង​ដែរ ហើយ​ទិសដៅ​របស់​អាស៊ាន​នោះ គឺ​ពង្រឹង​ការ​ឯកភាព​ផ្ទៃក្នុង​ និង​កាត់បន្ថយ​គម្លាត​អ្នកមាន​និង​អ្នកក្រ​នៅ​ក្នុង​សមាជិក​អាស៊ាន រួម​ទាំង​បង្កើន​ការ​អភិវឌ្ឍ​ឲ្យ​បាន​ស្មើ​គ្នា។

អាស៊ាន​មាន​ប្រទេស​ចំនួន ១០ ជា​សមាជិក គឺ​មាន​ប្រទេស​ប្រ៊ុយណេ ប្រទេស​កម្ពុជា ប្រទេស​ឥណ្ឌូណេស៊ី ប្រទេស​លាវ ប្រទេស​ម៉ាឡេស៊ី ប្រទេស​ភូមា ប្រទេស​ហ្វីលីពីន ប្រទេស​សិង្ហបុរី ប្រទេស​ថៃ និង​ប្រទេស​វៀតណាម៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។