"២៨គុណ ដល់ពេលចេញ ៨២ក៏ត្រូវ ២៨ក៏ត្រូវ" ៖ នេះគឺជាសំឡេងការជជែកគ្នារវាងអ្នកចាក់ឆ្នោតនិងអ្នកទទួលចាក់ឆ្នោត។
ប្រជាពលរដ្ឋនៅតែសម្ដែងកង្វល់ពីសន្តិសុខព្រោះល្បែងស៊ីសងនៅតែដំណើរការយ៉ាងគគ្រឹកគគ្រេងនៅក្នុងទីក្រុងនិងតាមខេត្ត ទោះបីកន្លងមកមានការប្រកាសរបស់លោកនាយករដ្ឋមន្ត្រីខ្មែរ ឲ្យបិទល្បែងស៊ីសងទាំងនោះក៏ដោយ។
ប្រជាពលរដ្ឋម្នាក់រស់នៅក្នុងក្រុងភ្នំពេញឈ្មោះ សុខ រតនា បានរិះគន់ថា សេចក្តីប្រកាសរបស់លោកនាយករដ្ឋមន្ត្រីខ្មែរពុំមានប្រសិទ្ធភាពទេ ព្រោះល្បែងស៊ីសងដូចជាការចាក់បាល់ ចាក់កន្ទុយលេខ និងលេងបៀ នៅតែមាននៅតាមហាងកាហេ្វនិងហាងអាហារជាច្រើន។
លោក សុខ រតនា បានឲ្យដឹងថា ៖ «ខ្ញុំយល់ថា ប្រសាសន៍របស់គាត់វាជាការត្រឹមត្រូវ ប៉ុន្តែវាអត់ន័យទេ ព្រោះគាត់មានប្រសាសន៍នឹកឃើញគាត់ថាទៅ។ ខ្ញុំព្រួយបារម្ភរួមទាំងអស់នៅក្នុងប្រទេសកម្ពុជា សព្វថ្ងៃនេះ»។
ប្រជាពលរដ្ឋម្នាក់ទៀតរស់នៅក្នុងទីក្រុងភ្នំពេញដែរ ឈ្មោះ ស ចិន្តា បានសម្ដែងការព្រួយបារម្ភថា មិនថាតែនៅក្នុងក្រុងភ្នំពេញទេដែលលោកឃើញនៅមានកន្លែងភ្នាល់ចាក់បាល់ ចាក់កន្ទុយលេខ សូម្បីនៅតាមខេត្តក៏មានដែរ។ លោកមានការភ័យខ្លាចកើតមានចោរលួច ចោរប្លន់ ព្រោះដោយសារតែមានការលេងល្បែងទាំងនេះ។
លោក ស ចិន្តា បានឲ្យដឹងថា ៖ «យើងសង្កេតឃើញសកម្មភាពចោរកម្ម ឆក់ លួច ប្លន់ គឺបញ្ហាទាំងអស់ដោយសារតែល្បែងស៊ីសងហ្នឹងឯង។ នៅពេលដែលគាត់លង់នឹងល្បែង គឺគាត់ធ្វើអត់ចេញ គាត់មានគំនិតមួយ គាត់ទៅឆក់ប្លន់គេអ៊ីចឹងហើយ ធ្វើឲ្យខូចសង្គមខ្មែរយើងមែនទែន។ មិនបាច់ចាំនិយាយអីជាទ្រង់ទ្រាយធំទេ ខ្ញុំឃើញជាក់ស្ដែងគឺអ្នករត់ម៉ូតូឌុប គឺឥឡូវគាត់លែងរត់ម៉ូតូឌុប ហើយគាត់បែរជានាំគ្នាលេងបៀតាមចិញ្ចឹមផ្លូវហ្នឹង យើងមើលទៅដូចពិបាកភ្នែកមើលមែនទែន»។
អ្នកលេងល្បែងមួយរូបបាននិយាយថា ការបើកធ្វើអាជីវកម្មល្បែងស៊ីសងគ្រប់ប្រភេទថ្វីត្បិតតែមិនស្របច្បាប់ ប៉ុន្តែមិនមែនមានន័យថាអាជ្ញាធរមិនដឹងឡើយ។ ម្ចាស់បើកកន្លែងចាក់ឆ្នោតម្នាក់នៅម្តុំសំណង់១២ រាជធានីភ្នំពេញ បានឲ្យដឹងថា ទោះមានការហាមពីលោកនាយករដ្ឋមន្ត្រីខ្មែរក៏ដោយ ក៏កន្លែងអ្នកស្រីនៅតែអាចចាក់ឆ្នោតបានរាល់ថ្ងៃ គឺឆ្នោតវៀតណាមមួយថ្ងៃមាន៤ប៉ុស្តិ៍។ ចំណែកអ្នកចាក់កន្ទុយលេខនោះមានចំនួនច្រើនដដែល។ អ្នកស្រីក៏បានឲ្យដឹងដែរថា អាជ្ញាធរមិនថាអីទេព្រោះគាត់បានចំណាយប្រាក់៤ម៉ឺនទៅ៥ម៉ឺនរៀលរាល់ខែទៅឲ្យគេ។
ឆ្លើយតបនឹងការលើកឡើងរបស់ប្រជាពលរដ្ឋខាងលើនេះលោក ផែង វណ្ណៈ នាយរងការិយាល័យទទួលបន្ទុកផ្នែកស្រាវជ្រាវនៃស្នងការនគរបាលរាជធានីភ្នំពេញ ហើយជាអ្នកទទួលបន្ទុកបង្ក្រាបល្បែងភ្នាល់បាល់និងឆ្នោត មានប្រសាសន៍ទទួលស្គាល់ថា ល្បែងមួយចំនួនពិតជាមានបើកលួចលាក់មែន ប៉ុន្តែសមត្ថកិច្ចកំពុងចាត់វិធានការបង្រ្កាបបន្ថែមហើយដែរ។
លោកបន្តថា ៖ «មិនបដិសេធថាអត់ទេ អាចមាន ប៉ុន្តែការលួចលាក់ហ្នឹងគឺយើងបន្ត។ ចង់និយាយថា យើងធ្វើជាលក្ខណៈភ្លៀងរលឹម ហើយសង្ឃឹមថាមានតែប្រជាពលរដ្ឋទេដែលអាចផ្ដល់ព័ត៌មានដល់សមត្ថកិច្ចយើងហើយយើងនឹងទៅបង្រ្កាប ហើយយើងក៏ខំស្រាវជ្រាវរកដែរ បើសិនជាមានការលួចលាក់កន្លែងណា ផ្ដល់ព័ត៌មានមកយើងចុះចាប់ភ្លាម»។
សូមជម្រាបថា កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០០៩នេះ សេចក្តីណែនាំពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ថា ដោយសារល្បែងទាំងនោះគឺធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សីលធម៌រស់នៅរបស់ពលរដ្ឋបង្កឲ្យមានភាពអសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម ហើយរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចចាត់វិធានការដកហូតអាជ្ញាប័ណ្ណនិងបញ្ឈប់អាជីវកម្មល្បែងកម្សាន្តគ្រប់ប្រភេទ។ វិធានការបន្ទាន់ក្នុងការបញ្ចប់អាជ្ញាប័ណ្ណរកស៊ីបនល្បែងភ្នាល់បាល់ឈ្មោះ Cambo Six និងការរកស៊ីបនល្បែងខ្នាតមធ្យមឯទៀតៗនិងវិធានការមួយទៀតក្នុងការបញ្ឈប់ការផ្តល់អាជ្ញាប័ណ្ណដល់ការរកស៊ីបនល្បែងស្លុតម៉ាស៊ីននៅកម្ពុជា បានធ្វើឡើងបន្ទាប់ពីការព្រមានខ្លាំងៗជាថ្មីម្តងទៀតរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្រោយពីការសង្កេតឃើញថា ពលរដ្ឋខ្មែរជាច្រើននាក់បានលង់ខ្លួននៅក្នុងល្បែងស៊ីសងនេះ។
លោកនាយករដ្ឋមន្ត្រីក៏បានថ្លែងបកអាក្រាតថា មានអំពើពុករលួយឃុបឃិតគ្នារវាងអាជ្ញាធរមូលដ្ឋានជាមួយនិងមន្រ្តីអ្នកមានបណ្តាស័ក្តិក្នុងការបើកបនល្បែង ហើយលោកនឹងបកស័ក្តិចំពោះមន្រ្តីទាំងឡាយណាដែលនៅតែបន្តឲ្យបើកបនល្បែង។
លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ៖ «ខេមបូស៊ិក? ដូច ២០១១ អស់ហើយ។ បិទគ្រវាត់ចោលបណ្ដោយ ប្រកាសពីឥឡូវហ្នឹងឲ្យហើយ គ្មានបន្តអាជ្ញាប័ណ្ណអីទេ ឯពួកនៅសេសសល់មិនគោរពបិទចោល។ ចំពោះហិង្សាក្នុងគ្រួសារ លួច ប្លន់ មកពីអាហ្នឹង ឥឡូវដាក់វាមួយប្រ៉ាវទៀតមើល៍! និយាយមិនស្ដាប់ ថាឲ្យធ្វើដូចភ្លៀងរលឹម វាមិនដូចភ្លៀងរលឹម ឥឡូវហ្នឹងវារាំងខែវស្សាបណ្ដោយអានេះ។ មើល៍ក្បាលរឹង! ហើយកុំថាមានបង្អែក បង្អែកប៉ុណ្ណាក៏ដោយខ្ញុំប្រាប់ឲ្យហើយ លោកឯងមិនធ្វើធ្លាក់ខ្លួនលោកឯង លោកឯងសុខចិត្តទេ? លោកឯងយកខ្ញុំធ្វើបង្អែក ឬលោកឯងខ្លាចបង្អែកផ្សេងទៀត? ព្រោះបង្អែករបស់ខ្ញុំស៊ីញ៉េ លោកឯងអស់ស័ក្ដិខ្ញុំប្រាប់»។
នាយរងការិយាល័យទទួលបន្ទុកផ្នែកស្រាវជ្រាវនៃស្នងការនគរបាលរាជធានីភ្នំពេញក៏បានឲ្យដឹងដែរថា ចាប់តាំងពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសឲ្យបិទល្បែងស៊ីសងមក ក្រុមការងាររបស់លោកបានបង្ក្រាបកន្លែងភ្នាល់បាល់លួចលាក់បានចំនួន១២ករណី កន្ទុយលេខ៨ករណីបានឃាត់មនុស្សចំនួន៨១នាក់ ហើយបានអប់រំដោះលែងទៅវិញ៥៧នាក់ ហើយ២៤នាក់ទៀតបានបញ្ជូនទៅតុលាការ៕
