ស្របពេលជាមួយនោះ ក្រសួងមហាផ្ទៃបានព្រមានថា បើសិនជា អង្គការសមាគមធាងត្នោត បើកការិយាល័យឡើងវិញមែន គឺជាទង្វើខុសច្បាប់មួយជាន់ទៀត ព្រោះថា ក្រសួងមហាបានប្រកាសបិទអង្គការនេះមួយរយៈ ដោយចោទថា មិនបានគោរពបទបញ្ជារបស់ក្រសួងមហាផ្ទៃ។
គេហ៍ទំព័រ របស់អង្គការសមាគមធាងត្នោតបានប្រកាស នៅថ្ងៃទី១មករា ឆ្នាំ២០១២ ថា អង្គការនេះនឹងប្ដូរការិយាល័យទៅទីតាំងថ្មី ។ ការប្រកាសនេះ ពុំមានន័យច្បាស់លាស់ថា អង្គការនេះ ធ្វើសកម្មភាពឡើងវិញ ឬគ្រាន់តែប្ដូរទីស្នាក់ការថ្មីតែប៉ុណ្ណោះ។ រឿងនេះស្ថិតក្នុងសភាពមិនប្រាកដនិយម ព្រោះថា អង្គការនេះត្រូវបានក្រសួងមហាផ្ទៃប្រកាសបិទទ្វារតាំងពីពាក់កណ្ដាលឆ្នាំ២០១១ មកម្ល៉េះ ហើយមិនបានអនុញ្ញាតឲ្យបើកវិញនៅឡើយទេ។
ក៏ប៉ុន្តែ ទោះយ៉ាងណា លោក អ៊ី រ៉ុម នាយកអង្គការសមាគមធាងត្នោត បានអះអាងនៅថ្ងៃទី២ មករា ឆ្នាំ២០១២ ថា អង្គការរបស់លោកនៅតែដំណើរការធម្មតា ក្នុងរយៈពេលកន្លងមក។ ចំណែកការផ្លាស់ប្ដូរទីតាំងកន្លែងធ្វើការវិញ ក៏ព្រោះតែការិយាល័យចាស់ មានទីធ្លាតូចចង្អៀត បុគ្គលិកពិបាកធ្វើការតែប៉ុណ្ណោះ៖ «ដូរទីតាំងថ្មីដោយសារកន្លែងថ្មី ដោយសារកន្លែងចាស់វាចង្អៀត វាតូច។ ចង់បានប៊ុយរ៉ូធំទូលាយបន្លិចស្រួលធ្វើការ។ យើងនឹងបន្តការងារយើងឆ្នាំ២០១២ជាធម្មតា»។
ការិយាល័យថ្មីនោះ ស្ថិតនៅសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចម្ការមន ក្រុងភ្នំពេញ។ ក្រសួងមហាផ្ទៃ បានបិទអង្គការសមាគមធាងត្នោត នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០១១ ដល់ថ្ងៃទី៣១ ខែ ធ្នូ ឆ្នាំ២០១១។
លោក នុត សាអាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានរំលឹកថា ការបិទការិយាល័យអង្គការ សមាគមធាងត្នោត គឺដោយសារ អង្គការនេះមិនគោរពច្បាប់ ដែលក្រសួងមហាផ្ទៃបានកំណត់ ៖ «សមាគមកន្លងមកនេះ ដោយសារសមាគមនឹង មានការផ្លាស់ប្ដូរប្រធាន ហើយមិនបានប្រាប់ក្រសួងមហាផ្ទៃ នឹងទី១។ ទី២ មានធ្វើវិសោធនកម្មលក្ខន្តិកៈរបស់ខ្លួន ក៏មិនបានប្រាប់ក្រសួងមហាផ្ទៃដែរ បានហៅមកប្រាប់ប៉ុន្មានដងហើយ តែនៅតែមិនព្រម។ អីចឹងក្រសួងបានផ្អាកតែម្ដងទៅ»។
ការប្រកាសបិទអង្គការសមាគមធាងត្នោត បានក្លាយទៅជារឿងចម្រូងចម្រាសមួយ រវាងក្រុមអង្គការមិនមែនរដ្ឋាភិបាល ជាមួយក្រសួងមហាផ្ទៃ ជាពិសេស ជាមួយតំណាងអង្គការនេះតែម្ដង។ ភាគីទាំងពីរបានអះអាងផ្ទុយគ្នា។
លោក អ៊ី រ៉ុម បានទទូចថា លោកមិនយល់អំពីគោលបំណងក្រសួងមហាផ្ទៃថាចង់បានអ្វី ព្រោះថាមន្ត្រីអង្គការលោកបានព្យាយាមឆ្លើយតបក្រសួងមានផ្ទៃច្រើនដងហើយ តែនៅតែក្រសួងបិទអង្គការលោក៖ «ខ្ញុំដូចជា ខ្ញុំបានជម្រាបជូនខាងដើមអីចឹង ខ្ញុំមិនដែលទទួលស្គាល់ការព្យួរនេះទេ ព្រោះថាយើងអត់បានធ្វើអ្វីខុសទេ ហើយកន្លងមកយើងបានទាក់ទងទៅក្រសួងដើម្បីឲ្យពន្យល់ហេតុអ្វីបានជាព្យួរយើង ក៏គ្មានចម្លើយណាមួយច្បាស់លាស់ដែរ»។
ទោះជាយ៉ាងណា គេនៅចាំបានថា ពេលក្រសួងមហាផ្ទៃបិទអង្គការធាងត្នោត អង្គការសមាគមនានាចំនួន ១៣០ បានចេញសេចក្ដីថ្លែងការជំទាស់ ដោយចោទរដ្ឋាភិបាលថា ប្រើអំណាចផ្ដាច់ការមកលើអង្គការមិនមែនរដ្ឋាភិបាល។ តែការចោទប្រកាន់នោះត្រូវបានរដ្ឋាភិបាលបដិសេធ។
ស្របពេលនោះដែរ មានសេចក្ដីរាយការណ៍នានាថា អង្គការសមាគមធាងត្នោតត្រូវបិទទ្វារ ដោយសារ បានបើកក៏កាយអំពីរឿងពុករលួយរបស់មន្ត្រីរដ្ឋាភិបាលក្នុងរឿងកិបកែងលុយសំណង ដែលត្រូវផ្ដល់ឲ្យប្រជាជនក្រីក្ររស់នៅតាមផ្លូវរទេះភ្លើង ដើម្បីរុះរើលំនៅស្ថានទៅនៅកន្លែងថ្មី។
លោក យ៉េង វីរៈ ប្រធានមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ មានប្រសាសន៍បែបប្រយ័ត្នប្រយែងថា ក្រសួងមហាផ្ទៃគួរតែអនុញ្ញាតឲ្យអង្គការធាងត្នោតបើកការិយាល័យឡើងវិញព្រោះថា រយៈពេលដែលក្រសួងប្រកាសបិទទ្វារអង្គការនេះ ក៏បានផុតកំណត់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១១ ហើយដែរ៖ «ប៉ុន្តែតាមមើលទៅទំនងគួរតែដំណើរការវិញបានហើយ ព្រោះអីលិខិតដែលផ្អាកនឹងដូចជាត្រឹមថ្ងៃ៣១ ខែ១២ ណា»។
ទោះយ៉ាងណា លោក នុត សាអាន បញ្ជាក់ថា ការបើកការិយាល័យថ្មីរបស់អង្គការសមាគមធាងត្នោតនេះ គឺជាកំហុសថ្មីមួយទៀតបន្ថែមលើកំហុសចាស់ ដែលអង្គការធាងត្នោតនឹងអាចប្រឈមមុខច្បាប់បន្ថែមទៀតទៅថ្ងៃមុខ៖ «ទោះបីយ៉ាងណាក៏ ត្រូវមានលិខិតក្រសួងមហាផ្ទៃឲ្យធ្វើសកម្មភាពឡើងវិញដែរ អីចឹងបានវាត្រឹមត្រូវ។ ប៉ុន្តែឥឡូវ ខ្ញុំមិនទាន់បានដឹងយ៉ាងម៉េច ចាំមើលខ្ញុំចូលធ្វើការវិញណា»។
អង្គការសមាគមធាងត្នោត ធ្វើការអភិវឌ្ឍន៍លំនៅឋាន និងរចនាសម្ព័ន្ធជួយទំនុកបម្រុងអ្នកក្រីក្រនៅទីក្រុង ឲ្យមានជីវភាពប្រសើរក្នុងសង្គម៕
