ស្រ្តីវ័យក្មេងៗមួយចំនួនបានប្រកបរបររកស៊ីផ្លូវភេទដោយសារត្រូវទទួលបន្ទុកចិញ្ចឹមឪពុកម្តាយចាស់ជរា ហើយស្ត្រីខ្លះទៀតមានមូលហេតុដែលធ្វើឲ្យពួកគេមិនអាចគេចបាន។
១៨-ធ្នូ-២០០៨: ស្រ្ដីរកស៊ីផ្លូវភេទអង្គុយនៅតាមចិញ្ចើមថ្នល់ក្នុងរាជធានីភ្នំពេញ។
ស្រីណា មានរាងតូចច្រឡឹង កម្ពស់ប្រហែលជា១,៦០ម៉ែត្រ សម្បុរស្រអែម អាយុ១៩ឆ្នាំ ក្នុងសម្លៀកបំពាក់ចាស់ៗ កំពុងឈរផងអង្គុយផងនៅក្នុងរបងវត្តភ្នំ ដោយភ្នែកសម្លឹងទៅរកមនុស្សដែលកំពុងធ្វើដំណើរតាមដងផ្លូវនៅក្នុងទីក្រុងភ្នំពេញ។
នៅពេលអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីសាកសួរពីប្រវត្តិរបស់នាង នាងស្រក់ទឹកភ្នែក និយាយស្ទើរមិនចេញថានាងមិនចង់លក់ខ្លួនទេ។
ស្រីណា បានលើកយកប្រវត្តិរបស់នាងមកបរិយាយថា ម្តាយបង្កើតរបស់នាងបានស្លាប់តាំងពីនាងនៅតូចៗមកម៉្លេះ បន្ទាប់មកឪពុករបស់នាងក៏បានយកប្រពន្ធចុងមួយទៀត។ នាងត្រូវម្តាយចុងវាយធ្វើបាបស្ទើររាល់ថ្ងៃ ដោយប្រមាថថា ពួកបងប្អូននាងទាំងបីនាក់មិនចេះរកលុយដើម្បីផ្គត់ផ្គង់គ្រួសារ។
ស្រីណា បានឲ្យដឹងថា ៖ «ដល់កូនខាងឪខ្ញុំគាត់ធ្វើអាក្រក់ គាត់ធ្វើបាប គាត់វ៉ៃ»។
សោភ័ណ ៖ មូលហេតុអីបានវ៉ៃ? ស្រីណា ៖ ដឹងអីគាត់។ ជួនណាច្របាច់ក វ៉ៃដំ យកជើងធាក់ខ្នង ធាក់អី។
ស្រីណា បានឲ្យដឹងថា ពេលនាងអាយុ១៨ឆ្នាំត្រូវម្តាយចុងបញ្ជូននាងឲ្យមកធ្វើការនៅក្នុងទីក្រុងភ្នំពេញ ជាអ្នករាប់ពងទានៅក្នុងគ្រួសារមួយ។ នាងថា នាងធ្វើការនៅទីនោះមិនដឹងជាបានប្រាក់ខែប៉ុន្មានទេ ព្រោះប្រាក់ខែរបស់នាងត្រូវម្តាយចុងមកបើកយកអស់រាល់ខែ។
ស្រីណា បាននិយាយថា ៖ «កាលហ្នុងខ្ញុំនៅធ្វើស្រែទេ ប៉ុន្តែគាត់បង្ខំឲ្យខ្ញុំចេញមកធ្វើការនៅភ្នំពេញ។ ខ្ញុំខ្ជិលធ្វើការ គាត់យកលុយទៅអស់ពេក។ គាត់មកបើកលុយ គាត់អត់មានប្រាប់ខ្ញុំផង»។
ស្រីណា បន្តថា ប្រហែលជា៦ខែក្រោយប្អូនស្រីរបស់នាងក៏ត្រូវម្តាយចុងបញ្ជូនឲ្យមកធ្វើការក្នុងផ្ទះរាប់ពងទាជាមួយនាងដែរ ដោយពួកគេទាំងពីរនាក់មិនដែលមានលុយនៅក្នុងហោប៉ៅទេ គឺម្តាយចុងរបស់ពួកគេមកបើកយករាល់ខែ។
ស្រីណា និយាយថា ប្រមាណបីខែក្រោយមករូបនាងនិងប្អូនស្រីអាយុ១៧ឆ្នាំ ខឹងនឹងម្តាយចុងពេក ក៏នាំគ្នារត់ចេញពីផ្ទះរាប់ពងទានោះ។ ក្នុងពេលនោះដែរមានបុរសម្នាក់ស្រឡាញ់ប្អូនស្រីរបស់នាងបបួលពួកនាងទៅធ្វើការជាសន្តិសុខជាមួយ ពួកនាងក៏យល់ព្រម។
ស្រីពៅ អាយុ១៧ឆ្នាំ មានរូបរាងប្រហាក់ប្រហែលនឹងស្រីណាដែរ បានរៀបរាប់ថា ពីរខែក្រោយមកពួកនាងក៏នាំគ្នាទៅលេងម្តាយមីងនៅស្រុកកំណើតក្នុងខេត្តពោធិ៍សាត់រយៈពេលពីរថ្ងៃ ក៏ត្រឡប់មកធ្វើការវិញ ស្រាប់តែប្រធានសន្តិសុខតម្រូវឲ្យពួកនាងបង់លុយ៥ម៉ឺនរៀលក្នុងម្នាក់ដើម្បីបានធ្វើការវិញ។ ពួកនាងអត់មានលុយគ្រប់សម្រាប់បង់ឲ្យគេទេ ព្រោះលុយដែលបើកត្រូវជូនម្តាយមីងខ្លះហើយចាយវាយក្នុងការធ្វើដំណើរ គឺសល់តែ១ម៉ឺនរៀលតែប៉ុណ្ណោះ។
ស្រីពៅ បានឲ្យដឹងថា ៖ «ខ្ញុំសុំទៅលេងផ្ទះ ហើយខ្ញុំដាក់ក្រដាសច្បាប់ទៅ ក៏ខាងក្រុមហ៊ុនអត់បានស៊ីញ៉េឲ្យ ខ្ញុំទៅបាត់ហើយ។ ពេលខ្ញុំតេទៅផ្ទះសុំលុយមីងខ្ញុំ ដាក់ឲ្យខ្ញុំមក ខ្ញុំបង់ចូលធ្វើម្ដងទៀត គាត់អត់ឲ្យទេ»។
ស្រីពៅ និយាយថា ដោយសារនាងត្រូវការលុយដើម្បីទិញបាយហូប នៅពេលឮស្ត្រីខ្លះដែលនាងស្គាល់ប្រាប់ថា ឲ្យនាងមករកស៊ីលក់ខ្លួននៅម្តុំវត្តភ្នំទៅពិតជាមានលុយទិញបាយហូបហើយ ឮបែបនេះពួកនាងក៏នាំគ្នាយួរថង់ខោអាវដែលមានពីរកំប្លេសម្រាប់ប្រើនោះមកនៅវត្តភ្នំ។
ស្រីពៅ បានបញ្ជាក់ថា ៖ «ពេលខ្ញុំអត់មានលុយមានអី ហើយមានគេរុញច្រានខ្ញុំថា បើជ្រុលតែខ្ញុំខូចខ្លួនហើយ ឲ្យខ្ញុំទៅធ្វើស្រីខូចតាមវត្តភ្នំតែម្ដងទៅ។ គេរុញច្រានខ្ញុំច្រើនពេក ដោយការសម្រេចចិត្តខ្លីរបស់ខ្ញុំ សម្រេចចិត្តធ្វើដោយខ្លួនឯងទៀត»។
ស្រីណា បានឲ្យដឹងថា ពួកនាងបាននាំគ្នាមកលក់ខ្លួនរយៈពេល៦ខែមកហើយ ហើយពួកនាងរស់នៅក្នុងវត្តភ្នំនេះ ប៉ុន្តែដោយសារនៅវត្តភ្នំនេះមានអ្នកគ្រប់គ្រង គេមិនអនុញ្ញាតឲ្យដេកនៅទីនេះទេ តែពួកនាងនៅតែលួចដេកនៅទីនេះពេលថ្ងៃ ហើយពេលយប់គឺត្រូវអង្គុយចាំភ្ញៀវហៅទៅគេងរហូតទល់ភ្លឺ។
ស្រីណា បាននិយាយថា ៖ «អត់ដែលគេងផងយប់ឡើង ពេលថ្ងៃអត់ នៅលេងវត្តភ្នំ អត់មានផ្ទះ។ ពេលមានលុយខ្ញុំទៅដេកប៉ៅអ៊ីនៅផ្សារថ្មីអ៊ីចឹងទៅ ១យប់គេយក៣០០០រៀល។ ពេលអត់ខ្ញុំទ្រាំអង្គុយទាល់ភ្លឺទៅ ទ្រាំរហូតដល់ថ្ងៃណាខ្ញុំមានលុយ ជួនកាលឆ្លៀតងោកខ្លះៗអ៊ីចឹងទៅ។ ទ្រាំទាល់តែថ្ងៃមានលុយទើបខ្ញុំទៅជួលប៉ៅអ៊ីដេកដែរ ពេលខ្ញុំអត់លុយខ្ញុំសុខចិត្តទ្រាំ ព្រោះនៅក្នុងវត្តភ្នំ គេអត់ឲ្យយើងដេកបានទេ វាជាបញ្ជាថ្នាក់លើមក គេអត់ឲ្យយើងដេករហេតរហូតអ៊ីចឹងទេ»។
ពួកនាងនិយាយថា ពួកគេប្រឈមមុខនឹងបញ្ហាជាច្រើនក្នុងការប្រកបមុខរបរនេះ ព្រោះជួនកាលភ្ញៀវបានហៅនាងទៅឲ្យតម្លៃ១០ដុល្លារក្នុងមួយយប់ ប៉ុន្តែគេឲ្យតែ៥ដុល្លារក៏មាន ជួនកាលអត់ឲ្យលុយក៏មាន មិនតែប៉ុណ្ណោះជួនកាលពួកនាងត្រូវក្រុមប្រុសៗ៥នាក់ទៅ៧នាក់ចាប់បង្ខំឲ្យនាងគេងជាមួយពួកគេ ៖ «គេធ្វើបាប៧នាក់ នៅខាងត្រើយម្ខាងក្បែរច្បារអំពៅ។ គេធ្វើបានសម្រេចទាំងអស់ ព្រោះគ្នាគេច្រើនពេក ខ្ញុំមិនដឹងរត់ទៅចន្លោះណាទេ ព្រោះនៅឆ្ងាយពីផ្ទះគេ។ ភ្ញៀវខ្លះទៀតទៅឲ្យតម្លៃថ្លៃ ប៉ុន្តែអត់ចង់ពាក់ស្រោមពេលរួមភេទទេ គាត់ថាមិនស្និទ្ធ។ ពេលខ្លះទៅដល់ផ្ទះសំណាក់ គាត់ធ្វើការរួមភេទអ៊ីចឹងទៅ ហើយបានពាក់កណ្ដាល គាត់ដកស្រោមហ្នឹងចេញ ក៏អត់បានដឹងដែរ ជួនកាលមានអ៊ីចឹង»។
សូមជម្រាបថា លោក ទា ផល្លា អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ មានប្រសាសន៍កាលពីពេលថ្មីៗនេះថា ស្រ្តីរកស៊ីផ្លូវភេទមានការកើនឡើងជាលំដាប់។ កាលពីឆ្នាំ២០០៧ អ្នករកស៊ីផ្លូវភេទមានចំនួន១១.០០០នាក់ នៅឆ្នាំ២០០៨ មានចំនួនជិត២០.០០០នាក់ ហើយនៅឆ្នាំ២០០៩ មានចំនួនជិត៣០.០០០នាក់។
លោក ទា ផល្លា ក៏បានបញ្ជាក់ទៀតថា ស្រ្តីដែលមានមុខរបររកស៊ីផ្លូវភេទនៅក្នុងប្រព័ន្ធមានប្រហែល២០% ចំណែកឯជាង៨០%ទៀតមាននៅតាមសេវាកម្សាន្តសប្បាយ ដូចជាទីសាធារណៈ ខារ៉ាអូខេ ភោជនីយដ្ឋាន កន្លែងកាត់សក់ កន្លែងម៉ាស្សា ផ្ទះសំណាក់ អូតែលជាដើម។ កំណើនក្រុមអ្នករកស៊ីផ្លូវភេទត្រូវបានគេបន្ទោសច្រើនទៅលើការធ្លាក់ចុះនៃការរកប្រាក់ចំណូលប្រចាំគ្រួសាររបស់ពលរដ្ឋខ្មែមួយរយៈចុងក្រោយនេះ ក្រោយពីកម្ពុជាទទួលរងនូវវិបត្តិសេដ្ឋកិច្ចពិភពលោក៕
(សូមបញ្ជាក់ថាឈ្មោះរបស់នារីរកស៊ីផ្លូវភេទទាំងពីររូបខាងលើនេះ គឺជាឈ្មោះដែលវិទ្យុអាស៊ីសេរីបានដាក់ឲ្យ)
មន្រ្តីអាមេរិកនិយាយអំពីការជួញដូរមនុស្សនៅកម្ពុជា
ខេត្តសៀមរាបធ្វើយុទ្ធនាការប្រឆាំងទេសចរណ៍ផ្លូវភេទ
អាមេរិកាំងម្នាក់ត្រូវជាប់គុក១០ឆ្នាំពីបទរួមភេទជាមួយកុមារីយៀកណាមនៅកម្ពុជា
បារាំង២នាក់ត្រូវតុលាការខ្មែរចោទប្រកាន់ពីបទរួមភេទជាមួយកុមារ
មន្ត្រីសង្គមស៊ីវិលនិងរដ្ឋាភិបាលព្រួយបារម្ភអំពីការឆ្លងរាលដាលនៃជំងឺអេដស៍
ករណីរំលោភផ្លូវភេទលើកុមារីនៅខេត្តសៀមរាបកើនឡើង
តុលាការបាត់ដំបងឃុំខ្លួនស្ត្រីម្នាក់ពីបទសង្ស័យថានាំក្មេង២នាក់ទៅលក់នៅថៃ
អំពើរំលោភសេពសន្ថវៈនិងនិទណ្ឌភាពនៅខេត្តពោធិ៍សាត់
បុរសជនជាតិអង់គ្លេសម្នាក់ត្រូវចាប់ខ្លួនពីបទប្រព្រឹត្តអនាចារលើកុមារីខ្មែរ