អត្ថន័យ​នៃ​ការ​សាង​ផ្នួស​ក្នុង​ខែ​រ៉ាម៉ាឌន (ភាគ២)

ខែ​រ៉ាម៉ាឌន ក្នុង​ជំនឿ​សាសនា​អ៊ិស្លាម​តម្រូវ​ឲ្យ​អ៊ិស្លាមិកជន ឬ​ហៅ​ថា មូស្លីម តម​ចំណី​អាហារ ឬ​បួស​ចាប់​ពី​មុន​ពេល​ថ្ងៃ​រះ រហូត​ដល់​ថ្ងៃ​លិច​ផុត ទើប​អាច​ទទួល​ទាន​បាន​វិញ។

0:00 / 0:00

ចាប់​ពី​ថ្ងៃ ២២ ខែ​សីហា មក សាសនិក​អ៊ិស្លាម​ប្រមាណ ១.៣០០​លាន​នាក់ ទូទាំង​សកលលោក​ផ្តើម​តម ពោល​គឺ​មិន​ទទួល​ទាន​អ្វី​ចូល​ក្នុង​ខ្លួន​នៅ​ពេល​ថ្ងៃ រយៈ​ពេល ២៩​ថ្ងៃ ឬ ៣០​ថ្ងៃ។

ក្រៅ​ពី​ការ​តម​ចំណី​អាហារ ឬ​បួស​តាម​បញ្ជា​ពី​ព្រះ​អល់ឡោះ បួស​ផ្តល់​ប្រយោជន៍​ដូច​ម្តេច​ខ្លះ​ខាង​ផ្លូវ​លោក និង​ផ្លូវ​ធម៌? ហាជី ស្ហាឡេះ សាឡះ អធិប្បាយ​ថា កុសល​លើ​លោក​នេះ​ចំពោះ​ខ្លួន​មនុស្ស មាន​ដូច​ជា​ជួយ​សម្រាល​សុខភាព​មិន​ឲ្យ​មាន​ជំងឺ​មួយ​ចំនួន។

ហាជី ស្ហាឡេះ សាឡះ បាន​អធិប្បាយ​ដូច្នេះ ៖ «ការ​អំណត់​បួស ផ្ដល់​ផល​ប្រយោជន៍​ដល់​ប្រព័ន្ធ​រំលាយ​អាហារ។ ប្រព័ន្ធ​រំលាយ​អាហារ​ធ្វើ​ចលនា​ជា​ប្រចាំ​គ្មាន​ពេល​ឈប់​សម្រាក ក្នុង​មួយ​ថ្ងៃ ក្នុង​មួយ​ខែ ក្នុង​មួយ​ឆ្នាំ។ វេជ្ជបណ្ឌិត​សម័យ​ថ្មី​និង​ពេទ្យ​បុរាណ​បាន​ឲ្យ​ដឹង​ថា ការ​តម​អាហារ​វា​ជា​ថ្នាំ​ដ៏​ស័ក្ដិសិទ្ធិ​បំផុត​សម្រាប់​ព្យាបាល​នូវ​ជំងឺ​រលាក​ក្រពះ ជំងឺ​ពោះវៀន​ធំ។ វេជ្ជបណ្ឌិត​អារ៉ាប់​ម្នាក់... បាន​និយាយ​ថា ការ​តម​អាហារ​គឺ​ជា​ថ្នាំ​ដ៏​ស័ក្ដិសិទ្ធិ ជា​មេ​ថ្នាំ។ សារប្រយោជន៍​ទី​២ យើង​ឃើញ​ថា ការ​អំណត់​បួស​វា​ផ្ដល់​ផល​ប្រយោជន៍​ទៅ​លើ​បេះ​ដូង»

ចំពោះ​ផ្លូវ​ធម៌ ឬ​បរលោក ឬ​ជាតិ​ក្រោយ​វិញ លោក​ថា​អ្នក​កាន់​អ៊ិស្លាម​ជឿ​ថា​មនុស្ស​លោក​ណា​អនុវត្ត​តាម​បទបញ្ញត្តិ​របស់​ព្រះ​អល់ឡោះ​ជា​ម្ចាស់​បាន​ម៉ឺងម៉ាត់ ជន​នោះ​នឹង​ទទួល​បាន​នូវ​កុសល​ដ៏​ប្រពៃ​លើស​អ្វីៗ​លើ​លោក​នេះ ដែល​គេ​ធ្លាប់​ឃើញ។

ហាជី ស្ហាឡេះ សាឡះ បាន​ឲ្យ​ដឹង​បន្ថែម​ដូច្នេះ​ថា ៖ «នៅ​ក្នុង​សាសនា​អ៊ិស្លាម​ទទួល​ស្គាល់​ថា ឋាន​សួគ៌​មាន​លំដាប់​ថ្នាក់ អ្នក​ដែល​កាន់​អំណត់​បួស អល់ឡោះ​នឹង​ប្រទាន​ដល់​ពួក​គេ​នូវ​កម្រិត​មួយ​ដ៏​ខ្ពង់ខ្ពស់​នៅ​ក្នុង​ឋាន​សួគ៌ ដែល​គេ​ឲ្យ​ឈ្មោះ​ថា​អរីយ៉ាក។ សាសនិក​អ៊ិស្លាម​ទាំង​អស់​រំពឹង​ថា គេ​នឹង​ទទួល​បាន​នូវ​ឋាន​សួគ៌​ដល់​កម្រិត​ដ៏​ខ្ពង់ខ្ពស់​នេះ។ ហើយ​ការ​បួស​នេះ​ដែរ ជឿ​ជាក់​ថា អល់ឡោះ​លោក​នឹង​លុប​បំបាត់​ចោល​នូវ​ប្រការ​ដែល​គេ​បាន​សាង​ខុស​កន្លង​មក ការ​បួស​នេះ​គេ​លុប​លាង​ទោស​កំហុស​ដែល​កន្លង​មក ហើយ​និង​ទទួល​បាន​ឋាន​សួគ៌​ដ៏​ប្រសើរ​នា​ថ្ងៃ​បរលោក»

សាសនិក​អ៊ិស្លាម​ជឿ​លើ​អ្វី​ដែល​គេ​មើល​មិន​ឃើញ ហៅ​ថា Al-Ghaib ពោល​គឺ​ជឿ​លើ​ព្រះ​អល់ឡោះ ដែល​គេ​មិន​អាច​មើល​ឃើញ​ផ្ទាល់​ភ្នែក។ ដូច្នេះ​អ្វី​ដែល​ថា​អល់ឡោះ បញ្ជា គេ​ត្រូវ​តែ​ប្រកាន់​ខ្ជាប់ ព្រោះ​គេ​មាន​ជំនឿ​លើ​ព្រះអង្គ​រួច​ទៅ​ហើយ។

បរមគ្រូ មូហាំម៉ាត់ ដែល​ជា​អ្នក​នាំ​សារ​ព្រះ​អាទិទេព បាន​ប្រដៅ​មនុស្ស​ទៅ​តាម​អ្វី​ព្រះ​អល់ឡោះ កំណត់​ក្នុង​គម្ពីរ​អាល់កួរអាន ហើយ​រូប​លោក​បាន​ប្រតិបត្តិ​តាម​បទបញ្ជា​ចែង​ក្នុង​កួរអាន ឥត​មាន​ខ្វះ​ចន្លោះ​ត្រង់​ចំណុច​ណា​ឡើយ។ ក្នុង​គម្ពីរ​កួរអាន ត្រង់​កថា​ភាគ​មាន​ចំណង​ជើង​ថា អាន់ណះហាល់ ឬ​ប្រែ​ថា ឃ្មុំ គេ​សូត្រ​ថា ៖ Innallaha ya'muru bi-l Adhli wal-Ihassanii ប្រែ​ថា ៖ ពិត​ណាស់! ព្រះ​អល់ឡោះ បង្គាប់​ឲ្យ​មនុស្ស​មាន​យុត្តិធម៌​និង​ក្តី​សណ្តោស។

លោក​បាន​រំឭក​ថា មនុស្ស​លោក​គ្រប់​ពូជ​សាសន៍ មាន​កំណើត​ពី​ប្រភព​ឪពុក​តែ​មួយ និង​ម្តាយ​តែ​មួយ គឺ អាដាំ និង ហាវ៉ើ ហើយ​ថា អ្នក​កាន់​សាសនា​អ៊ិស្លាម​ដូច​គ្នា គឺ​ជា​បង​ប្អូន​ក្នុង​គ្រួសារ​តែមួយ។ លោក​ថា​កុំ​ប្រព្រឹត្ត​អយុត្តិធម៌​ចំពោះ​ខ្លួន​ឯង ពោល​គឺ​បើ​របស់​អ្វី​មួយ​ម្ចាស់​គេ​មិន​ប្រគល់​ឲ្យ​យើង​ដោយ​សេរី ដោយ​សុឆន្ទៈ​ទេ​នោះ របស់​នោះ​មិន​ស្រប​ច្បាប់​ឡើយ។

លោកគ្រូ យូសុស អាប់ឌុលរ៉ហ្សម៉ាន នាយក​សាលា​គរុកោសល្យ គ្រូ​បង្រៀន​អ៊ិស្លាម​នៅ​ក្រុង​ភ្នំពេញ បក​ស្រាយ​អំពី​អត្ថន័យ​យុត្តិធម៌​ក្នុង​សាសនា​អ៊ិស្លាម​ថា ៖ «ទី​១ យុត្តិធម៌​នៅ​ក្នុង​ការ​ជំនឿ​ជឿ ទី​២ យុត្តិធម៌​នៅ​ក្នុង​ការ​រៀបចំ​សង្គម ហើយ​និង​ប្រទេស​ជាតិ ហើយ​យុត្តិធម៌​ក្នុង​ការ​ធ្វើ​ឲ្យ​មនុស្ស​មាន​ការ​រស់​នៅ​ដោយ​មាន​សុវត្ថិភាព​នៅ​ក្នុង​ការ​រស់នៅ​របស់​មនុស្ស។ យុត្តិធម៌​នៅ​ក្នុង​ជំនឿ​ជឿ​នោះ គឺ​មាន ៣​កត្តា​ដែល​សំខាន់ ដែល​អល់ឡោះ​ជា​ម្ចាស់​បាន​បង្រៀន​ឲ្យ​មនុស្ស​មាន​យុត្តិធម៌​ក្នុង​ជំនឿ​ជឿ​របស់​គេ​ទៅ​ចំពោះ​អល់ឡោះ​ជា​ម្ចាស់ ថា អល់ឡោះ​នោះ​ហើយ​គឺ​ជា​ម្ចាស់​ដែល​បាន​បង្កើត​ពិភពលោក​ទាំង​មូល ហើយ​បាន​ថែ​រក្សា​ពិភព​លោក។ ដូច​ជា​អល់ឡោះ​ជា​ម្ចាស់​បាន​បញ្ជាក់​ប្រាប់​យើង​នៅ​ក្នុង​គម្ពីរ​អាល់កួរអាន នៅ​ក្នុងSurah Alfatihah ឃ្លា​ទី​១ ដែល​បាន​បញ្ជាក់​ថា អាល់ហាំ​ឌួលិលឡាហៀររ៉ប់ពីលអាឡាម៉ីន មាន​ន័យ​ថា តាម​ការ​ពិត​អល់ឡោះ​នោះ បាន​បង្កើត​អ្នក​ឯង ហើយ​បាន​បង្កើត​ទង្វើ​ទាំង​អស់ អ្វី​ដែល​ឯង​កំពុង​តែ​ប្រព្រឹត្ត​នោះ។ កត្តា​ទី​២ អល់ឡោះ​ជា​ម្ចាស់​បាន​ប្រើ​ឲ្យ​មនុស្ស​ធ្វើ​ការ​យុត្តិធម៌​ដែរ អល់ឡោះ​ជា​ម្ចាស់​ហាម​មិន​ឲ្យ​មនុស្ស​ធ្វើ​អំពើ​អយុត្តិធម៌ អយុត្តិធម៌​នៅ​ក្នុង​ច្បាប់​ទម្លាប់​អ៊ិស្លាម។ យុត្តិធម៌​ក្នុង​ការ​ថែរក្សា​ជីវិត​មនុស្ស ដូច​ជា​អល់ឡោះ​ជា​ម្ចាស់​បាន​បញ្ជាក់​ប្រាប់​យើង​ថា វ៉ាឡាកុមហ្វិលឃីស តីហាយ៉ាទីយ៉ាអូលីលអាល់ហ្គា វ៉ាឡាអាល់ឡាកុមតាត់តាកួន មាន​ន័យ​ថា ច្បាប់​ដែល​សម​ហេតុ​សម​ផល​ទៅ​នឹង​ទង្វើ​ឃាតករ​នោះ គោលបំណង​ដើម្បី​ឲ្យ​អ្នក​ឯង​ទាំង​ឡាយ​នោះ​រស់​រាន​មាន​ជីវិត​ទាំង​អស់​គ្នា មាន​ន័យ​ថា​ច្បាប់​អ៊ិស្លាម​ដ៏​មហា​យុត្តិធម៌​នោះ​ដាក់​ឲ្យ​សម​ហេតុ​សម​ផល​ទៅ​នឹង​ទង្វើ​ឃាតករ​នោះ ដើម្បី​កុំ​ឲ្យ​ឃាតករ​នោះ​មើល​ងាយ ឬ​សម្លាប់​ជីវិត​អ្នក​ដទៃ»

ក្នុង​ខែ​បួស សាសនិក​អ៊ិស្លាម​ព្យាយាម​ឲ្យ​អស់​ពី​សមត្ថភាព ធ្វើ​តាម​ការ​ប្រៀន​ប្រដៅ​របស់​បរម​គ្រូ មូហាំម៉ាត់ ឲ្យ​លើស​ពី​ខែ​ផ្សេងៗ​ទៀត មាន​ដូច​ជា​ប្រឹង​អំណត់​អត់​ធន់ ទាំង​ចិត្ត​ទាំង​កាយ ទាំង​វាចា មិន​ខឹង​ច្រឡោត ពុះ​កញ្ជ្រោល​តាម​តណ្ហា មិន​និយាយ​ពាក្យ​គំរោះ​គំរើយ​ជាដើម ពោល​គឺ​រក្សា​វិញ្ញាណ​ទាំង​ប្រាំ មាន​ដៃ ជើង ភ្នែក ច្រមុះ ត្រចៀក អណ្តាត មិន​ឲ្យ​ធ្លាក់​ចូល​ក្នុង​ប្រការ​បាបកម្ម​ទេ។ គេ​ប្រឹង​បរិច្ចាគ​ទាន​ឲ្យ​បាន​កាន់​តែ​ច្រើន​លើស​ធម្មតា ព្រោះ​គេ​ជឿ​ថា អំពើ​នីមួយៗ នឹង​ទទួល​បាន​កុសល​ពី​ព្រះ​អាទិទេព អល់ឡោះ មួយ​ទៅ​ជា ៧០​ដង ឬ​ទៅ​ជា ៧០០​ដង តាម​លោក​ប្រោស​ប្រទាន។

តាម​បទ​អត្ថាធិប្បាយ​អំពី​គម្ពីរ​កួរអាន ឈ្មោះ Tafsir Ibn Kathir បរម​គ្រូ​មូហាំម៉ាត់ ផ្តាំ​ថា ទាន​ជួយ​បិទ​បាំង ឬ​ជម្រះ​សម្អាត​បាបកម្ម​តូចតាច ដែល​មនុស្ស​ម្នាក់ៗ​បាន​សាង​ដោយ​មិន​ដឹង​ខ្លួន គឺ​ដោយ​អចេតនា។ បើ​សាសនិក​អ៊ិស្លាម​ណា​ម្នាក់​បួស​មិន​បាន ដោយសារ​មូលហតុ​ស្រប​ច្បាប់​វិន័យធម៌​បែប​ណា​មួយ គេ​ត្រូវ​ធ្វើ​បំពេញ​វិញ នៅ​ពេល​ណា​គេ​មាន​ឱកាស ដូច​ជា​ស្រ្តី​ទើប​សម្រាល​កូន ស្រ្តី​មាន​រដូវ មនុស្ស​មាន​ជំងឺ អ្នក​ត្រាច់ចរ​ជាដើម ។ល។ បើ​មាន​លទ្ធភាព អ្នក​មិន​បាន​បួស​ទៀង​ទាត់ ត្រូវ​បំប៉ន​អាហារ​ដល់​អ្នក​បួស​ឲ្យ​គ្រប់ ៣០​ថ្ងៃ ហើយ​គេ​ក៏​ទទួល​បាន​កុសល​ផល​បុណ្យ​ស្មើ​នឹង​អ្នក​បួស​ដែរ។

គោលការណ៍​ជំនឿ​សាសនា​អ៊ិស្លាម​ចែង​ថា ជន​ណា​ដែល​ជឿ​លើ​ព្រះ​អាទិទេព អល់ឡោះ តែ​មួយ​គត់ មិន​បាន​បរិច្ចាគ​ទាន​ពី​ទ្រព្យ​សម្បត្តិ​ខ្លួន​រក​ចំណូល​បាន តាម​ការ​កំណត់​ជា​ភាគរយ​ពី​គណៈ​សាសនា​ទេ​នោះ សម្បត្តិ​ទ្រព្យ​នោះ ព្រះ​អល់ឡោះ ចាត់​ទុក​ថា​ជា​ទ្រព្យ​មិន​បរិសុទ្ធ​ដាច់​ខាត៕