សម្តេចព្រះបាទ នរោត្តម សីហនុ ព្រះវររាជបិតាទ្រង់ប្រសូត្រនៅថ្ងៃអង្គារ ១១កើត ខែកក្តិក ឆ្នាំច ចត្វាស័ក ព.ស.២៤៥៦ ដែលត្រូវនឹងថ្ងៃទី៣១ ខែតុលា ក្នុងឆ្នាំ១៩២២។ ព្រះអង្គប្រសូតនៅព្រះបរមរាជវាំងនៃព្រះរាជាណាចក្រកម្ពុជា។ ព្រះបិតាព្រះអង្គព្រះនាម ព្រះបាទ នរោត្តម សុរាម្រឹត រីឯព្រះមាតា សម្តេចព្រះមហាក្សត្រិយានី ស៊ីសុវត្ថិ កុសុមៈ នារីរដ្ឋ។
ព្រះអង្គបានឡើងគ្រងរាជសម្បត្តិនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ១៩៤១។ ក្នុងព្រះរាជឋានៈព្រះអង្គជាព្រះមហាក្សត្រនៃប្រទេសកម្ពុជា ទ្រង់បានបំពេញព្រះរាជបូជនីយកិច្ចធំៗជាច្រើនសម្រាប់ជាតិមាតុភូមិ ដូចជាជោគជ័យក្នុងការទាមទារឲ្យប្រទេសថៃ សងមកប្រទេសកម្ពុជាវិញជាដាច់ខាតនូវខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តកំពង់ធំ និងខេត្តស្ទឹងត្រែង ដែលប្រទេសថៃ បានយកទៅនាសម័យសង្គ្រាមឲ្យមកខ្មែរវិញ។ ព្រះអង្គបានទាមទារឯករាជភាពនៃប្រទេសកម្ពុជាពីសារណរដ្ឋបារាំង ហើយបានឈ្នះក្តីប្រាសាទព្រះវិហារជាមួយប្រទេសថៃ នៅឯទីក្រុងឡាអេផងដែរ។
បើតាមប្រសាសន៍របស់លោកស្រី ពុង ឈីវកេក ដែលក្នុងទសវត្សរ៍៦០ ជានិស្សិតពេទ្យនោះ បានថ្លែងថា សម្តេចព្រះបាទ នរោត្តម សីហនុ បានទាមទារឯករាជ្យពីសាធារណរដ្ឋបារាំងដោយមិនមានសង្គ្រាម។
លោកស្រី ពុង ឈីវកេក មានប្រសាសន៍ដូច្នេះ ៖ «ខ្ញុំចាំ កាលហ្នុងខ្ញុំនៅក្មេងដែរ គឺថា ប្រជាពលរដ្ឋលោកនឹកឃើញថា លោកជាអ្នករកឯករាជ្យសម្រាប់ប្រទេសកម្ពុជាយើង ហើយមិនបាច់ឈ្លោះជាមួយបារាំង មិនបាច់មានសង្រ្គាមជាមួយបារាំង។ ចំណែកយើងងាកទៅមើលអ្នកជិតខាងយើង ប្រទេសជិតខាងយើងវិញ ចម្បាំងជាមួយបារាំង ទម្រាំបានឯករាជ្យ ដូច្នេះប្រទេសយើងអត់មានសង្រ្គាមជាមួយបារាំងទេ យើងទាមទារដោយសន្តិវិធី ដោយអហិង្សា។ ទី២ ប្រជាពលរដ្ឋលោកនៅចាំថា ពេលមុនឆ្នាំ១៩៧០ហ្នឹង យើងអត់មានសង្រ្គាម នេះគឺសំខាន់»។
នៅក្នុងគ្រានោះ ប្រទេសកម្ពុជាបានរីកចម្រើនយ៉ាងខ្លាំងលើគ្រប់វិស័យ រួមមានការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ និងវិស័យឧស្សាហកម្មនានាជាដើម ដែលមិនមានពឹងជំនួយពីបរទេសក្នុងការអភិវឌ្ឍប្រទេសជាតិឡើយ ហើយត្រូវប្រសិទ្ធនាមថា ប្រទេសកម្ពុជាជាកោះសន្តិភាព។
ប្រជាពលរដ្ឋដែលធ្លាប់ឆ្លងកាត់សម័យសង្គមរាស្ត្រនិយមបានថ្លែងថា គ្រានោះប្រជាពលរដ្ឋខ្មែររស់នៅក្នុងសេចក្តីថ្លៃថ្នូរ និងសំបូរសប្បាយ រាជការគ្រប់ឋានៈមានប្រាក់បៀវត្សរ៍គ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់គ្រួសារ។
លោកស្រី ជា វណ្ណាត ដែលជានិស្សិតនៅសម័យសង្គមរាស្ត្រនិយមនោះ បានមានប្រសាសន៍ឲ្យដឹងថា ព្រះប្រមុខរដ្ឋបានលះបង់កម្លាំងកាយពលព្រះអង្គយ៉ាងច្រើន ដើម្បីជាតិមាតុភូមិជាមួយប្រជាពលរដ្ឋ។
លោកស្រី ជា វណ្ណាត មានប្រសាសន៍ឲ្យដឹងដូច្នេះ ៖ «ហើយលោកបានធ្វើព្រះរាជសកម្មភាពច្រើន ដើម្បីប្រមែប្រមូលកម្លាំងចលករនៅក្នុងស្រុកហ្នឹង ធ្វើជាហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដូចជាកសាងទំនប់អីជាដើមហ្នឹង ហើយអ្នកទៅធ្វើហ្នឹងក៏មិនមែនថា ធ្វើដោយបង្ខិតបង្ខំ ឬក៏ដោយខឹងសម្បាអីទេ គឺថា ដូចជារបៀបធ្វើការដោយសប្បាយ ពេញចិត្តនឹងធ្វើការ»។
លោកស្រីមានប្រសាសន៍ទៀតថា សេវាសាធារណៈដែលបម្រើឲ្យប្រជាពលរដ្ឋនោះ គឺមានសំបូរបែប ជាពិសេសវិស័យសុខាភិបាលនិងវិស័យអប់រំ ដែលគុណភាពខ្ពស់នោះ។
លោកស្រី ជា វណ្ណាត មានប្រសាសន៍បន្តដូច្នេះ ៖ «របៀបរស់ទៀត ក៏រស់នៅក្នុងសេចក្ដីថ្លៃថ្នូរជាប្រទេសមួយដែលមានឯករាជភាពពេញបរិបូរ មានបូរណភាពទឹកដី។ សំបូរសប្បាយនៅក្នុងន័យថា យើងនិយាយថា ប្រាក់ខែគ្រូបង្រៀនតូចតាច សាមញ្ញធម្មតា បើយើងគិតជាមាសទៅប្រហែលជា១តម្លឹងមាស បើយើងគុណនឹងថ្លៃមាសសព្វថ្ងៃហ្នឹង យើងឃើញថា មាសមួយតម្លឹងជាងមួយពាន់ដុល្លារ»។
បើទោះបីជាប្រទេសកម្ពុជាកំពុងតែរីកចម្រើនលើគ្រប់វិស័យ និងប្រជាពលរដ្ឋខ្មែររស់នៅប្រកបដោយសុខសន្តិភាពនោះ សម្តេចព្រះនរោត្តម សីហនុ ត្រូវលោកសេនាប្រមុខ លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់ព្រះអង្គចេញពីតំណែងជាព្រះប្រមុខរដ្ឋ នៅពេលដែលព្រះអង្គយាងចេញទៅបំពេញព្រះទស្សនកិច្ចនៅឯក្រៅប្រទេស។
ក្រោយពីរដ្ឋប្រហារទម្លាក់ព្រះអង្គចេញពីតំណែងព្រះប្រមុខរដ្ឋរួចមក ប្រទេសកម្ពុជាបានផ្លាស់ប្តូររបបនយោបាយ ហើយបានធ្លាក់ចូលទៅក្នុងសង្គ្រាម។
សម្តេចព្រះនរោត្តម សីហនុ ទ្រង់បានចូលរួមក្នុងការធ្វើឲ្យមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ និងជំរុញឲ្យមានការដកកងទ័ពវៀតណាមចេញពីប្រទេសកម្ពុជាផងដែរ។ ព្រះអង្គជាអ្នកដែលប្រមូលផ្តុំឲ្យអ្នកតស៊ូ និងអ្នកស្នេហាជាតិមាតុភូមិគ្រប់និន្នាការនយោបាយរួបរួមគ្នាវិលចូលមកកសាងប្រទេសជាតិឡើងវិញ និងមានការបោះឆ្នោតជាសកលនៅឆ្នាំ១៩៩៣ ហើយព្រះអង្គបានឡើងគ្រងរាជសម្បត្តិជាថ្មីម្តងទៀតក្រោយការបោះឆ្នោតនោះ។ ប៉ុន្តែព្រះអង្គបានដាក់រាជ្យវិញនៅដើមខែតុលា ឆ្នាំ២០០៤។
រដ្ឋសភានៃប្រទេសកម្ពុជា បានថ្វាយព្រះឋានៈព្រះអង្គជា ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ។ រាជវង្សានុវង្សសូមថ្វាយព្រះពរឲ្យព្រះអង្គមានព្រះជនយឺនយូរ។
លោក កែវ ពុទ្ធរស្មី ជាព្រះរាជសុនិសារព្រះអង្គបានថ្លែងយ៉ាងដូច្នេះថា ៖ «ខ្ញុំក្នុងនាមជាកូនចៅផង ក្នុងនាមជាសមាជិកសមាជិកាទាំងអស់នៃគណបក្សហ៊្វុនស៊ិនប៉ិច ដែលជាគណបក្សស្នាព្រះហស្តរបស់សម្ដេចឪ សម្ដេចតាយើងនេះ ឱកាសដ៏មហាបវរណាស់ ថ្ងៃទី៣១ ដ៏ប្រវត្តិសាស្រ្ដ ស្នាព្រះហស្ដរបស់ព្រះអង្គក្នុងការសម្បទានចំពោះជាតិ ដែលព្រះអង្គបានធ្វើពលិកម្មឥតសំចៃគ្រប់ពេលវេលា ឥតសំចៃព្រះកាយពល ក៏ដូចក្នុងពេលវេលាគ្រប់កាលៈទេសៈក្នុងប្រវត្តិសាស្រ្ដជាងពាក់កណ្ដាលសតវត្សរ៍កន្លងមកនេះ។ យើងខ្ញុំជាកូនចៅរបស់ព្រះអង្គ ឆ្លៀងឱកាសដ៏មហោឡារិកនេះ ក៏ដូចជាកូនចៅកម្ពុជាទាំងអស់របស់ព្រះអង្គ ក្នុងស្វាមីភក្ដិដ៏ខ្ជាប់ខ្ជួន សូមថ្វាយព្រះបង្គំក្នុងមនោសញ្ចេតនានៃការនឹករឭកផង គោរពស្រលាញ់នូវពរដ៏បវរសិរីសួស្ដី ថ្វាយចំពោះសម្ដេចឪ ក៏ដូចជាសម្ដេចម៉ែជាទីគោរពសក្ការៈ សូមព្រះអង្គប្រកបដោយព្រះសុខុមាលភាពល្អបរិបូរ មានព្រះជន្មាយុយឺនយូរ ព្រមទាំងព្រះបញ្ញាញាណវាងវៃ ដើម្បីព្រះអង្គបានគង់ជាម្លប់ដ៏ត្រជាក់យូរអង្វែងនៅកម្ពុជា»៕
