អ្នកជំនាញកសិកម្មនៅកម្ពុជា មួយចំនួនបានឲ្យដឹងថា ដើម្បីឲ្យកសិករអនុវត្តកសិកម្មខ្នាតតូចបានខ្លាំងទៅបាន ទាល់តែមានការជួយពីរដ្ឋ និងស្ថាប័នជំនាញកសិកម្ម។
អ្នកវិភាគខាងកសិកម្មរបស់ទីភ្នាក់ងារអភិវឌ្ឍន៍របស់ប្រទេសកាណាដា លោក ស្រី ចន្ធី បានអង្កេតឃើញថា កសិករនៅកម្ពុជាធ្វើកសិកម្មលើទំហំដីតូច ហើយប្រជាជនកម្ពុជាជិត ២លានគ្រួសារជាកសិករខ្នាតតូច។
លោក ចន្ធី បានឲ្យដឹងទៀតថា បើចង់លើកកម្ពស់ជីវភាពប្រជាជនកម្ពុជា និងចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រនោះ ការអភិវឌ្ឍកសិកម្មខ្នាតតូចគឺត្រឹមត្រូវ៖ «អ៊ីចឹងបើចង់អភិវឌ្ឍអោយមានជីវភាពល្អហ្នឹង គឺអភិវឌ្ឍន៍ពួកគាត់ក្នុង Scaleហ្នឹងហើយ ផ្ដោតលើថ្ម Scale family។ ពីព្រោះប្រជាជនខ្មែរយើងភាគច្រើនគឺកសិករខ្នាតតូច ៨០% នៃកសិករទាំងអស់ហ្នឹង ហើយនិយាយមែនទែនទៅប្រហែល ២លានគ្រួសារអីទៅហើយ»។
លោក ចន្ធី មានប្រសាសន៍បន្តទៀតថា កសិករមួយគ្រួសារមានសមាជិក ៥នាក់ មានដីប្រមាណជាង ១ហិកតារ ហើយគ្រួសារដែលមានដីតិចជាង ១ហិកតារកន្លះ មានជាង ៨០% នៅទូទាំងប្រទេស។
លោកបន្ថែមថា បញ្ហាប្រឈមសម្រាប់កសិករខ្នាតតូច គឺពួកគាត់ខ្វះការយល់ដឹងបច្ចេកទេសក្នុងការធ្វើកសិកម្មខ្នាតតូចទាំងអស់នោះ៖ « ការទទួលបានបច្ចេកវិទ្យានៅខ្វះខាតសម្រាប់កសិករខ្មែរយើង ការយល់ដឹងអីផ្សេងៗ ថ្វីត្បិតតែការផ្សព្វផ្សាយកសិកម្មបានប្រសើរឡើងជាង ៥ឆ្នាំមុន។ ក៏ប៉ុន្តែកម្រិតអត្រាដែលពួកគាត់អាចទទួលបាន នៅមានកម្រិតណាស់ នៅទាបណាស់បាទ!»។
ឆ្លើយតបទៅនឹងដំណោះស្រាយបញ្ហានេះ មន្ត្រីទំនាក់ទំនងរបស់អង្គការស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មនៅកម្ពុជា សេដាក (CEDAC) លោក ហ៊ឹម ខទៀត បានឲ្យដឹងថា អង្គការសេដាក បានធ្វើការងារផ្សព្វផ្សាយទាក់ទងនឹងបច្ចេកទេសកសិកម្មទៅអ្នកដែលពាក់ព័ន្ធទាំងអស់ក្នុងការលើកកម្ពស់ចំណេះដឹងកសិករក្នុងការធ្វើកសិកម្មនៅកម្ពុជា។
លោកបន្ថែមទៀតថា តាមការស្រាវជ្រាវរបស់អង្គការសេដាក ក្នុងភូមិមួយ យើងត្រូវការអ្នកផ្សព្វផ្សាយកសិកម្មចំនួនមួយនាក់៖ «យើងធ្លាប់បានធ្វើអនុសាសន៍ទៅដល់ក្រសួងកសិកម្ម ពីការងារកសិកម្មយើងអោយបានដើរស្រួល ពិសេសអាការងារផ្សព្វផ្សាយកសិកម្មអោយបានទៅដល់ការងារកសិករយើងទាំងចំណេះដឹងពីបច្ចេកទេស ក៏ដូចជាចំណេះដឹងទីផ្សារ និងការងារមួយចំនួនទៀត គឺយើងត្រូវការអ្នកបច្ចេកទេសសម្រាប់ការងារហ្នឹងតែមួយភូមិម្នាក់ ដល់យើងធ្លាប់គណនាទៅ គឺក៏មិនទាមទារថវិការបស់រដ្ឋថែមអស់ប៉ុន្មានដែរ ដែលយើងអាចគិតថា វាជាការងារមួយមានប្រសិទ្ធភាព ហើយអាចធ្វើទៅបាន»។
លោក ខទៀត សន្និដ្ឋានឃើញថា ការធ្វើកសិកម្មខ្នាតតូចនេះវាមានសារសំខាន់ ព្រោះតាមការសិក្សាកន្លងមក ការធ្វើកសិកម្មខ្នាតតូចមានប្រសិទ្ធភាពជាងកសិកម្មទំហំធំ។
ប្រធាននាយកដ្ឋានផ្សព្វផ្សាយបច្ចេកទេសកសិកម្មនៃក្រសួងរុក្ខាប្រមាញ់ និងនេសាទ លោក ម៉ាក់ សឿន បានឲ្យដឹងថា តួនាទីរបស់ក្រសួងគឺការផ្សព្វផ្សាយបច្ចេកទេសកសិកម្មឲ្យបានគ្រប់ខេត្តក្រុង។
លោក ម៉ាក់ សឿន បានឲ្យដឹងទៀតថា អ្នកផ្សព្វផ្សាយបច្ចេកទេសកសិកម្មមានចំនួនប្រមាណជាង ៨ ពាន់នាក់នៅថ្នាក់ឃុំ និងភូមិដែលជាបុគ្គលិកស្ម័គ្រចិត្ត ហើយចំនួននេះមិនបានបូកបញ្ចូលអ្នកផ្សព្វផ្សាយកសិកម្មពីអង្គការក្រៅរដ្ឋាភិបាលផ្សេងៗទេ៖ «មន្ទីរកសិកម្មខេត្តមានជាង ៣០០នាក់ នៅថ្នាក់ស្រុកមានជាង ១.០០០នាក់។ អ្នកផ្សព្វផ្សាយឃុំ ហើយអ្នកផ្សព្វផ្សាយឃុំហ្នឹង បូកសរុបទៅជាង ៨.០០០នាក់ ហើយអាហ្នឹងយើងអត់គិតចូលសម្រាប់ភ្នាក់ងារសត្វផង។ ប៉ុន្តែចំនួននេះមិនគិតបញ្ចូលចំនួនអ្នកផ្ដល់សេវាផ្សព្វផ្សាយរបស់អង្គការក្រៅរដ្ឋាភិបាល ឬក៏ក្រុមហ៊ុនឯកជននានា ពីព្រោះគាត់ គាត់មានតួនាទីផ្សព្វផ្សាយបច្ចេកទេស»។
លោក ម៉ាក់ សឿន បន្ថែមទៀតថា យើងត្រូវការអ្នកផ្សព្វផ្សាយផ្នែកបច្ចេកទេសកសិកម្មច្រើននាក់ទៀត ដោយលោកបញ្ជាក់ទៀតថា ក្នុងគោលបំណងបំពេញបន្ថែមដល់អ្នកផ្សព្វផ្សាយថ្នាក់ស្រុក ហើយគោលដៅរបស់យើងដើម្បីបង្កើតមណ្ឌលកសិកម្មឃុំ៖ «អង្គការច្រើន ជាពិសេសបំពេញបន្ថែមនៅមន្ត្រីផ្សាយនៅថ្នាក់ស្រុក ពីព្រោះទិសដៅរបស់យើង យើងចង់បង្កើតមណ្ឌលកសិកម្មឃុំអោយទៅជាមណ្ឌលសុខភាពតាមឃុំទៅ គឺយ៉ាងហោចណាស់ក៏យើងត្រូវការក្នុងមួយឃុំ ក៏យើងត្រូវការ ២ ឬក៏ ៣នាក់ដែរ ដើម្បីទៅឈរជើងនៅមណ្ឌលកសិកម្ម។ អ៊ីចឹងយើងត្រូវការច្រើន ជាពិសេសនៅថ្នាក់ខេត្ត និងនៅថ្នាក់ស្រុក»។
លោក ម៉ាក់ សឿន បន្ថែមទៀតថា កសិកម្មខ្នាតតូចចូលរួមចំណែកសន្តិសុខស្បៀង និងអាចលក់ដូរនៅទីផ្សារក្នុងស្រុក និងកសិកម្មខ្នាតមធ្យមគឺសម្រាប់បម្រើទីផ្សារក្នុងស្រុកផង និងនាំចេញផង។
កសិករមួយចំនួនយល់ឃើញថា ចំនួនដីមួយហិកតារមិនអាចនឹងធ្វើកសិកម្មបានចំណូលច្រើនបានទេសម្រាប់ផ្គត់ផ្គង់គ្រួសារ ដូចនេះការផ្សព្វផ្សាយដល់ប្រជាកសិករឲ្យយល់ដឹងអំពីបច្ចេកទេសធ្វើកសិកម្មលើទំហំដីតូចនេះឲ្យកាន់តែទូលាយគឺជាការចាំបាច់។
លោក ស្រី ចន្ធី មានប្រសាសន៍ថា ផ្នត់គំនិតកសិករកម្ពុជាមួយចំនួន ពិបាកនឹងកែប្រែណាស់ ដោយសារតែជាទម្លាប់ គឺកសិករទុកដីទំនេរបន្ទាប់ពីធ្វើស្រែចម្ការរួច។
លោក ចន្ធី បន្ថែមទៀតថា អ្នកដែលពាក់ព័ន្ធត្រូវធ្វើយុទ្ធនាការអប់រំកសិករឲ្យកាន់តែខ្លាំង ហើយត្រូវមានប្រព័ន្ធធារាសាស្ត្រទៅដល់ទីនោះ៖ «យើងអាចបង្វែរបាន ប៉ុន្តែយើងត្រូវការយុទ្ធនាការខ្លាំងណាស់ ដើម្បីកែប្រែគំនិត និងការយល់ដឹងរបស់កសិករ ព្រោះគាត់តែងគិតថា តាំងពីដូនតាមក គាត់ធ្វើតែស្រែ ដីនឹងសម្រាប់តែស្រែទេ អ៊ីចឹងធ្វើអីអត់កើតទេ។ ក៏ប៉ុន្តែដីស្រែដែលគាត់ធ្វើស្អីហ្នឹង គឺយើងអាចធ្វើស្អីទៀតបាន ប៉ុន្តែការកែប្រែនឹងត្រូវការលុយច្រើន»។
អ្នកគ្រប់គ្រងកម្មវិធីរបស់ NGOs Forum លោក ជា គឹមសុង មានប្រសាសន៍ថា ការចំណាយលើវិស័យកសិកម្មគឺមានកម្រិតទាបធៀបទៅនឹងតម្រូវការព្រោះប្រជាជនជាង ៧០% ធ្វើកសិកម្ម។
លោកបន្ថែមទៀតថា តាមការស្រាវជ្រាវរបស់លោកកន្លងមកបានបង្ហាញថា ការផ្សព្វផ្សាយបច្ចេកទេសកសិកម្មរបស់មន្ត្រីផ្សព្វផ្សាយនៅមានកម្រិតនៅឡើយ ដោយសារតែខ្វះថវិកា៖ «តាមការសិក្សាឃើញថា វាបញ្ហាសំខាន់ គឺមកពីកញ្ចប់ថវិកា កាលណាកញ្ចប់យើងអត់ច្រើន អ៊ីចឹងអាការបង្កើនចំនួនបុគ្គលិកសម្រាប់ផ្សព្វផ្សាយបច្ចេកទេសកសិកម្មហ្នឹង ក៏អត់គ្រប់គ្រាន់ទៅតាមតម្រូវការដែរ»។
លោក គឹមសុង បន្ថែមទៀតថា មន្ត្រីបច្ចេកទេសកសិកម្មត្រូវមានយ៉ាងហោចណាស់មួយនាក់ក្នុងមួយឃុំ៕
