នៅក្នុងអាងទឹកនោះ មានទូក មានពោងកង់រថយន្តសម្រាប់ជួលឲ្យភ្ញៀវចុះងូតទឹក លេងទឹកកម្សាន្តថែមទៀត។ ចំណែក នៅបរិវេណខាងលើវិញ មានតូបអង្គុយសម្រាប់ជួលឲ្យភ្ញៀវសម្រាកទទួលទានអាហារផងដែរ។
អាងត្រពាំងថ្ម ឬហៅថា អាងទឹកត្រពាំងថ្មបានកសាងក្នុងរបបកម្ពុជាប្រជាធិបតេយ្យរបស់ខ្មែរក្រហម កាលពីឆ្នាំ ១៩៧៦។ ពួកខ្មែរក្រហម បានប្រើប្រាស់កម្លាំងមនុស្ស និងចំណាយអាយុជីវិតប្រជាពលរដ្ឋខ្មែររាប់រយនាក់ជីកអាងដ៏ធំមួយនេះ ដើម្បីទប់ទឹកសម្រាប់ប្រើប្រាស់ និងស្រោចស្រពដំណាំកសិកម្មនៅមូលដ្ឋានក្នុងតំបន់នោះ។
ក្រោយពីរបបខ្មែរក្រហម បានបញ្ចប់ទៅរដ្ឋាភិបាលកម្ពុជា និងប្រទេសជប៉ុន បានសហការគ្នាជួសជុលកែលំអឡើងវិញ ដើម្បីរក្សាទឹកសម្រាប់ប្រើប្រាស់ និងស្រោចស្រពដំណាំកសិកម្ម ហើយបច្ចុប្បន្ន អាងត្រពាំងថ្មជាទីកន្លែងអភិរក្សប្រភេទសត្វកម្រ និងកំពុងក្លាយជាតំបន់ទេសចរណ៍យ៉ាងសំខាន់។
ដោយមិនរំឭកដល់ការបូជាកម្លាំងកាយ និងអាយុជីវិតរបស់ពលរដ្ឋខ្មែរ ដែលកសាងអាងត្រពាំងថ្មតាមការបង្ខិតបង្ខំរបស់ពួកខ្មែរក្រហមកាលពីអតីតកាល។ លោក ជង់ ឡឹម ប្រធានមន្ទីរទេសចរណ៍ ខេត្តបន្ទាយមានជ័យ បញ្ជាក់ថា សោភ័ណភាពស្រស់ត្រកាលមានខ្យល់អាកាសបរិសុទ្ធ និងផ្ទៃទឹកនៅក្នុងអាងដ៏ធំល្វឹងល្វើយ បាននាំអារម្មណ៍ភ្ញៀវឲ្យដិតដាមនៅទីនោះ។
លោក ជង់ ឡឹម៖ «សំខាន់ គឺអាងវាធំ ដែលភ្ញៀវអាចទៅលេងបាន ជិះទូកកម្សាន្តបាន ហើយ ខាងក្រោមអាង គឺជាវាលស្រែធំល្វឹងល្វើយរាប់ពាន់ហិកតារអាចភ្ញៀវគេ ហើយចំណុចមួយទៀត គឺជាតំបន់ ដែលមានសត្វក្រៀល និងសត្វអភិរក្សស្លាប់ច្រើនប្រភេទ។ ក៏ប៉ុន្តែអាហ្នឹង មានតាមរដូវកាលវា បានយើងមើលឃើញរដូវទឹកសម្រកបានក្រៀលមកពីតំបន់ផ្សេងៗ ចុះមក »។
លោកបញ្ជាក់ថា អាងត្រពាំងថ្ម មានបណ្ដោយពីទិសខាងកើត ទៅទិសខាងលិច ប្រវែង ១២ គីឡូម៉ែត្រ និងមានទទឹងពីទិសខាងត្បូងទៅទិសជើងប្រវែង ៩ គីឡូម៉ែត្រ។ អាចផ្ទុកទឹកបានប្រមាណជាង ១៧០ លានម៉ែត្រគីប សម្រាប់បម្រើលើវិស័យកសិកម្មនៅស្រុកព្រះនេត្រព្រះ ស្រុកថ្មពួក ស្រុកស្វាយចេក និងស្រុកភ្នំស្រុក។
នៅក្នុងផ្ទៃទឹកអាង ភ្ញៀវអាចរីករាយកម្សាន្តជាមួយការជួលទូកជិះលំហែកាយ ការជិះពោងហែលទឹកកម្សាន្ត និងអាចរកទិញបាយ ត្រី សាច់ ទទួលទានអាហារជុំគ្នា នៅតាមតូបនៅផ្នែកខាងលើ។ លោក ស្រី កាន សុជាប់ អាយុ ២៨ ឆ្នាំ ជាអាជីវករលក់បាយ ទឹក ត្រី សាច់ នៅអាងត្រពាំងថ្មនោះបានរៀបរាប់ថា ភ្ញៀវទៅទស្សនាអាងត្រពាំងថ្ម ភាគច្រើនជាអ្នករស់នៅក្នុងខេត្តបន្ទាយមានជ័យ។ អ្នកខ្លះ មកពីខេត្តសៀមរាប និងតាមបណ្ដាខេត្តក្រុងមួយចំនួនទៀតក្នុងប្រទេសកម្ពុជា។
លោក ស្រី កាន សុជាប់៖ «វាអត់ទៀង។ ជួនកាលទៅថ្ងៃច័ន្ទច្រើន ជួនកាលថ្ងៃអាទិត្យ ជួនកាលថ្ងៃសៅរ៍។ វាអត់ទៀងទេ។ ដោយខែដែរ ខែណាសំបូរភ្ញៀវច្រើន ច្រើនដែរ។ ភាគច្រើនចម្រុះ។ ខាងសៀមរាប ភ្នំពេញ តាមខេត្តនានា មកទាំងអស់ក្នុងប្រទេសកម្ពុជាយើងខ្លះគេចង់មកលេងទឹក ខ្លះគេចង់ឃើញសត្វឃើញអី»។
លោក ម៉ាក់ កូឡាប នាយរងប៉ុស្តិ៍ ឃុំពន្លៃ ស្រុកភ្នំស្រុក ឲ្យដឹងថា អាជីវករជាអ្នកលក់ដូរនៅលើមាត់អាងត្រពាំងថ្ម មានចំនួន ២០ តូប ដែលលក់ជាប្រចាំ។ នៅទីនោះ មានមនុស្សទៅកម្សាន្តរាល់ថ្ងៃ។ ប៉ុន្តែ ថ្ងៃធម្មតាពុំមានមនុស្សទៅកម្សាន្តច្រើន ដូចនៅថ្ងៃបុណ្យទាននោះទេ។
លោក ម៉ាក់ កូឡាប៖ «ក្រៅពីនោះ មករាល់ថ្ងៃ។ ប៉ុន្តែមកតិច ដូចថាធម្មតា ជួនកាលអត់ ជួនកាលមាន។ បើសិនជាបុណ្យចូលឆ្នាំប្រពៃណី ខ្មែរ និងភ្ជុំបិណ្ឌ ហើយនិងចូលឆ្នាំចិន អាហ្នឹងគឺច្រើន។ អ្នកមកលក់ចេញពីភូមិមក ធ្វើតាមកន្លែងជាច្រើនទៀត»។
អាងត្រពាំងថ្មស្ថិតនៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ជាអាងកសាងក្នុងសម័យខ្មែរក្រហម។ ពួកខ្មែរក្រហម បានប្រើកម្លាំងបាយរបស់ប្រជាពលរដ្ឋខ្មែរ។ ពួកគេបានបង្ខំមនុស្សឱ្យធ្វើការហួសកម្លាំង និងហូបចុកមិនគ្រប់គ្រាន់រហូតស្លាប់មនុស្សរាប់រយនាក់។ ទោះជាយ៉ាងណាក៏ដោយ អាងត្រពាំងថ្មនេះ នៅពុំទាន់បានកសាងរួចរាល់ទាំងស្រុងទេ នៅក្នុងសម័យខ្មែរក្រហមនោះ។ ដូច្នេះ កាលពីអំឡុងឆ្នាំ ២០០៣ រាជរដ្ឋាភិបាលកម្ពុជា រួមជាមួយប្រទេសជប៉ុន បានជួសជុល និងកសាងបន្តរួចរាល់ជាស្ថាពរ។ ក្រោយមក ក៏មានការចេញព្រះរាជក្រឹត្យកំណត់ថា ជាតំបន់អភិរក្សសត្វក្រៀលក្បាលក្រហម ដែលជាសត្វកម្រក្នុងលោក ក្នុងចំណោមសត្វស្លាប ១៩០ ប្រភេទ។
អាងត្រពាំងថ្មគ្រប់គ្រងដោយអាជ្ញាធរមូលដ្ឋានឃុំប៉ោយចារ ស្រុកភ្នំស្រុក និងត្រួតពិនិត្យដោយមន្ទីរទេសចរណ៍ខេត្ត។ កន្លងទៅនេះ មន្ទីរទេសចរណ៍បានចុះធ្វើការណែនាំពីរបៀបផ្ដល់សេវា និងការរៀបចំកន្លែងលក់ដូរ សម្រាប់បម្រើដល់ភ្ញៀវទេសចរ។ លោក ជង់ ឡឹម បញ្ជាក់ថា មន្ទីរទេសចរណ៍មានគម្រោងរៀបចំកែលំអ តំបន់ទេសចរណ៍អាងត្រពាំងថ្មថែមទៀត តាមរយៈការដាំកូនឈើជាច្រើនដើម ឲ្យមានម្លប់នៅតាមបណ្ដោយមាត់អាង។ លោកបន្តថា អាងទឹកត្រពាំងថ្ម សំបូរប្រជាពលរដ្ឋខ្មែរទៅទស្សនាកម្សាន្ត។ ដោយឡែកជនបរទេសវិញ មានម្នាក់ទៅពីរនាក់ ក្នុងមួយខែ។ ប៉ុន្តែ គោលដៅរបស់ពួកគេចុះទៅសិក្សាប្រភេទសត្វស្លាប នៅក្នុងតំបន់អភិរក្សនៅទីនោះ។
លោក ជង់ ឡឹម៖ «សព្វថ្ងៃ ភ្ញៀវទេសចរបរទេស វាអត់មាន។ វាមានតិចតួច។ វាច្រើនទៅមើលសត្វ។ ខែខ្លះអត់មានសោះ ខែខ្លះមាន ៤ ទៅ ៥ ទៅ ៦ នាក់ តាមរបាយការណ៍អភិរក្សសត្វព្រៃ ដែលគេឱ្យមក។ ក៏ប៉ុន្តែអាងហ្នឹង ជាទីពេញនិយមរបស់ភ្ញៀវ នៅក្នុងស្រុកតែម្ដង។ ជាពិសេសពេលបុណ្យទានបុណ្យអីម្ដងភ្ញៀវច្រើនណាស់»។
ភ្ញៀវទេសចរសម្រុកទៅកម្សាន្តនៅអាងត្រពាំងថ្មច្រើន នៅក្នុងថ្ងៃបុណ្យទាន ដោយសារតែខេត្ត បន្ទាយមានជ័យ ពុំមានតំបន់ទេសចរណ៍ច្រើន។ ក្នុងស្រុក ក្រុងទាំង ៦ របស់ខេត្តនេះ ក្រៅពីតំបន់ទេសចរណ៍ប្រាសាទបូរាណមួយចំនួន នៅស្រុកថ្មពួក។ ក្នុងនោះ មានប្រាសាទបន្ទាយឆ្មារ និងប្រាសាទបន្ទាយទ័ព និងនៅស្រុកភ្នំស្រុក មានអាងត្រពាំងថ្ម ដែលជាទីកន្លែងកេរដំណែលបន្សល់ ទុកមកពីសម័យខ្មែរក្រហម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
