លោក អំ សាក់ ជាមន្ត្រីក្រុមប្រឹក្សាឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។ លោកបានរំលឹកថា កាលពីពីរបីឆ្នាំមុនក្នុងព្រៃក្នុងតំបន់ភូមិស្រុកលោកសម្បូរឃ្មុំហើយប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានអម្បាយរីករាយនឹងប្រមូលផលយកទៅលក់ជារៀងរាល់ឆ្នាំ ៖ «ឃ្មុំវាច្រើននៅដើមឈើទាលដើមត្រាច ដើមឈើទាលបើមានមែកច្រើនទៅ មួយដើមមានដល់១០ ទៅ១៥សំបុក មួយសំបុកមាន៦តឹក ៨តឹក ខ្លះមានដល់ទៅមួយម៉ែត្រ»។
របាយការណ៍អង្គការរបស់អង្គការកម្មវិធីផ្លាស់ប្ដូរអនុផលព្រៃឈើ ហៅកាត់ថា អិន.ធី.អេហ្វ.ភី អ៊ី.ភី (NTFP-EP) បង្ហាញថា ខេត្តព្រះវិហារ សម្បូរទៅដោយឃ្មុំព្រៃ ហើយក្នុងឆ្នាំ២០១០ ប្រជាពលរដ្ឋបានប្រមូលទឹកឃ្មុំចំនួនជាងពីរតោនលក់នៅទីផ្សារ។
លោក អ៊ិត វង់ អនុប្រធានសហព័ន្ធសហគ្រាសប្រមូលទិញផលិតផលទឹកឃ្មុំព្រៃកម្ពុជា មានប្រសាសន៍នៅចុងខែតុលាថា ការរកឃ្មុំតាមបែបបូរាណដែលអ្នកភូមិកំពុងអនុវត្តសព្វថ្ងៃក៏គ្រោះថ្នាក់ធ្វើឲ្យឃ្មុំអាចផុតពូជបានដែរ ដូច្នេះហើយទើបអង្គការលោកបាន បើកវគ្គបណ្ដុះបណ្ដាលប្រជាពលរដ្ឋឲ្យចេះថែរក្សាឃ្មុំក្នុងព្រៃ ៖ «គាត់យកភ្លើងទៅដុតយកអីចឹងគឺធ្វើឲ្យបាត់បង់ឃ្មុំបាត់មេគឺងាប់អស់។ ប៉ុន្តែប្រើវិធីថ្មី បច្ចេកទេសនឹងគឺឲ្យគាត់ប្រើផ្សេង ផ្សែងគឺធ្វើពីស្លឹកឈើ យកស្លឹកស្ដៅ វាជាតិល្វីងវាអាចធ្វើឲ្យឃ្មុំមិនមកជិតយើង»។
ដើម្បីរក្សាព្រៃនិងសត្វព្រៃ អង្គការក្រៅរដ្ឋាភិបាលមួយចំនួន ដូចជាអង្គការពន្លកខ្មែរនិងអង្គការដៃគូដ៏ទៃទៀត បានរៀបចំចងក្រងសមាគមឬក្រុមតូចៗ នៅតាមមូលដ្ឋានពួកគាត់ បង្ហាត់ពីរបៀបយកឃ្មុំមានស្ថិរភាពនិងវេចខ្ចប់ទឹកឃ្មុំមានអនាម័យជាដើម។ សហគមន៍ឬក្រុមប្រមូលឃ្មុំតូចនេះ មានសមាជិកជាង៥០នាក់នៅក្នុងខេត្ត៦គឺខេត្តព្រះវិហារ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី រតនគិរី និងខេត្តកោះកុង។ ក្រុមមន្ត្រីអង្គការ ឲ្យដឹងថា នេះប្រមូលទឹកឃ្មុំព្រៃលក់ទៅឲ្យសហព័ន្ធសហគ្រាសប្រមូលទឹកឃ្មុំថ្នាក់ជាតិមានការិយាល័យនៅភ្នំពេញ។
កញ្ញា ជុំ ភួង ប្រធានក្រុមប្រមូលទិញទឹកឃ្មុំព្រៃ នៅឃុំពុទ្រា ស្រុកសែនជ័យ ជាក្រុមមួយក្នុងចំណោមក្រុមជាច្រើនទៀតនៅខេត្តព្រះវិហារ ឲ្យដឹងថា ក្រុមសហគមន៍ទាំងអស់បានយល់ដឹងអំពីរបៀបអនាម័យពេលយកឃ្មុំ និងការថែរក្សាឃ្មុំព្រៃបានច្រើនដែលធ្វើឲ្យចំនួនឃ្មុំបានកើនឡើងច្រើន តាមវិធីយកឃ្មុំថ្មី គឺឃ្មុំមួយសំបុកគេកាត់យកក្បាលទឹកតែមួយផ្នែកប៉ុណ្ណោះ ៖ «ពួកអ្នកយកឃ្មុំនៅព្រៃដូចថាឃ្មុំអីចឹងគេកាត់យកទឹកទេ៨០ភាគរយ គេយកដាក់ថាំង ដាក់ស្បៃឲ្យស្រក់ទឹក គេកាត់ដុំតូចៗឲ្យវាស្រក់ទឹកគេច្រកដាក់កានមកលក់ឲ្យពួកខ្ញុំលក់ឲ្យសហព័ន្ធនៅភ្នំពេញ»។
កញ្ញាបន្តថានៅពេលកាត់ឃ្មុំពីដើមឈើអ្នករកឃ្មុំត្រូវមានអនាម័យល្អដូចជាពាក់ស្រោមដៃ ច្រោះទឹកឃ្មុំនឹងស្បៃស្អាតជាដើម ហើយក្រុមសហគមន៍ទាំងអស់យកទឹកឃ្មុំលក់ឲ្យសហព័ន្ធប្រមូលទិញទឹកឃ្មុំថ្នាក់ជាតិនៅទីក្រុងភ្នំពេញយកប្រាក់ចំណេញបន្ត។ តម្លៃទឹកឃ្មុំទិញនៅតាមសហគមន៍ថ្លៃ១ម៉ឺនទៅ២ម៉ឺនរៀលក្នុងមួយលីត្រ។
លោក ប៊ុន ថន មន្ត្រីអភិវឌ្ឍន៍សហគ្រាសសហគមន៍នៃ អង្គារកម្មវិធីផ្លាស់ប្ដូរអនុផលព្រៃឈើ ហៅកាត់ថា អិន.ធី.អេហ្វ.ភី អ៊ី.ភី មានប្រសាសន៍ថា ក្រៅពីការងារនេះ អង្គការលោកបានចុះជួយពង្រឹងសត្តភាពបច្ចេកទេសការគ្រប់គ្រងរក្សាអនុផលព្រៃឈើដល់ប្រជាពលរដ្ឋក្នុងសហគមន៍បន្ថែម ដើម្បីធានាថា ពួកគាត់មានសមត្ថភាពគ្រប់ ដូចបណ្ដុះបណ្ដាលផ្នែកគ្រប់គ្រងហិរញ្ញវត្ថុ គ្រាន់ក្នុងការការពារការ និងបញ្ជីចេញចូល ថែទាំឃ្មុំព្រៃមានតម្លៃរបស់ពួកគាត់ដែលមានស្រាប់ក្នុងមូលដ្ឋាន ៖ «គាត់មានជាធនធានឃ្មុំនៅក្នុងតំបន់គាត់រួចហើយ ហើយគាត់ក្រុមតូចៗនេះគឺក្នុងបំណងថាប្រមូលដុំគ្នា ដើម្បីឲ្យមានកម្លាំងឬប្រមូលទឹកឃ្មុំនឹងបានកាន់តែច្រើនងាយស្រួលផ្គត់ផ្គង់ទៅឲ្យដៃគូទីផ្សារណាមួយដើម្បីងាយស្រួលដល់ពួកគាត់»។
យ៉ាងនេះក្ដី វិទ្យុអាស៊ីសេរី សង្កេតឃើញថា ក្រុមសហគមន៍ប្រមូលទឹកឃ្មុំព្រៃនៅមិនទាន់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការថែរក្សានិងអភិរក្សឃ្មុំព្រៃបានត្រឹមត្រូវនៅឡើយ ជាពិសេស ការប្រកួតប្រជែងគ្រប់គ្រងទីផ្សារទឹកឃ្មុំត្រូវធ្លាក់លើដៃឈ្មួញស្ទើរទាំងស្រុង ជាក់ស្ដែងអាជីវករលក់ទឹកឃ្មុំម្នាក់នៅផ្សារកំពុងប្រណាកក្រុងព្រះវិហារ បានទិញទឹកឃ្មុំពីសហគមន៍ជាច្រើនតោនស្ដុកទុកលក់ក្នុងតម្លៃខ្ពស់ គឺទឹកឃ្មុំមួយលីត្រថ្លៃ៣ម៉ឺនរៀល។
តែមន្ត្រីសហព័ន្ធប្រមូលទឹកឃ្មុំជាតិ លោក អ៊ិត វង់ ពោលថា ទឹកឃ្មុំលក់តាមផ្សារមិនសុទ្ធដូចរបស់អង្គការ ដែលធ្វើការគិតពីប្រយោជន៍បរិស្ថានព្រៃឈើនិងសុខភាពរបស់មនុស្សច្រើនជាងប្រាក់ចំណេញ។
មន្ត្រីសហព័ន្ធសហគ្រាសប្រមូលទឹកឃ្មុំព្រៃកម្ពុជាបានឲ្យដឹងថា នៅឆ្នាំ២០១០ សហព័ន្ធនេះបានលក់ទឹកឃ្មុំបានជាង២៧០០ ដុល្លារ ហើយសហព័ន្ធកំពុងសម្លឹងទីផ្សារអន្តរជាតិលក់ទឹកឃ្មុំព្រៃនេះទៅអនាគត៕