អ្នក​ព្រះ​វិហារ​ខំ​ប្រឹង​ការពារ​ឃ្មុំ​ព្រៃ

ឃ្មុំ​គឺ​ជា​អនុផល​ព្រៃឈើ​មួយ​ក្នុង​ចំណោម​អនុផល​ព្រៃឈើ​ដទៃ​ទៀត​ដែល ដែល​ប្រពល​រដ្ឋ​នៅ​តំបន់​ព្រៃភ្នំ​អាស្រ័យផល សម្រាប់​បម្រើ​ជីវភាព​ប្រចាំ​ថ្ងៃ។ ពូក​គាត់​នាំ​គ្នា​រក​ឃ្មុំ​ព្រៃ​យក​ទឹក​ឃ្មុំ​ទៅ​លក់ បាន​ប្រាក់​កម្រៃ​បន្ថែម​ដើម្បី​ចិញ្ចឹម​ជីវិត​។ ក៏​ប៉ុន្តែ​បច្ចុប្បន្ន ឃ្មុំ​មាន​ការ​ថយ​ចុះ​ដោយ​សារ ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ដែល​ជា​ជម្រក​សត្វ​ឃ្មុំ​រស់នៅ។
ដោយ វោហារ ជាតិ
2011-11-17
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ឃ្មុំ ៣០៥
សមាជិក​សហគមន៍​ប្រមូល​ឃ្មុំ​ព្រៃ​កំពុង​យក​ឃ្មុំ​មួយ​នៅ​ខេត្ត​ព្រះវិហារ។
Photo courtesy of NTFP-EP

លោក អំ សាក់ ជា​មន្ត្រី​ក្រុម​ប្រឹក្សា​ឃុំ​ព្រះឃ្លាំង ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ។ លោក​បាន​រំលឹក​ថា កាល​ពី​ពីរ​បី​ឆ្នាំ​មុន​ក្នុង​​ព្រៃ​ក្នុង​តំបន់​ភូមិស្រុក​លោក​សម្បូរ​ឃ្មុំ​ហើយ​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​អម្បាយ​រីករាយ​នឹង​ប្រមូល​ផល​យក​ទៅ​លក់​ជា​រៀងរាល់​ឆ្នាំ ៖ «ឃ្មុំ​វា​ច្រើន​នៅ​ដើម​ឈើ​ទាល​ដើម​ត្រាច ដើម​ឈើ​ទាល​បើ​មាន​មែក​ច្រើន​ទៅ មួយ​ដើម​មានដល់​១០ ទៅ​១៥​សំបុក មួយ​សំបុក​មាន​៦​តឹក ៨តឹក ខ្លះ​មាន​ដល់​ទៅ​មួយ​ម៉ែត្រ»។

របាយការណ៍​អង្គការ​របស់​អង្គការ​កម្មវិធី​ផ្លាស់ប្ដូរ​អនុផល​ព្រៃឈើ​ ហៅ​កាត់​ថា អិន.ធី.អេហ្វ.ភី អ៊ី.ភី (NTFP-EP) បង្ហាញ​ថា ខេត្ត​ព្រះវិហារ សម្បូរទៅដោយ​ឃ្មុំ​ព្រៃ ហើយ​ក្នុង​ឆ្នាំ​២០១០ ប្រជា​ពលរដ្ឋ​បាន​ប្រមូល​ទឹក​ឃ្មុំ​ចំនួន​ជាង​ពីរ​តោន​លក់​នៅ​ទីផ្សារ​។

លោក អ៊ិត វង់ អនុ​ប្រធាន​សហព័ន្ធ​សហគ្រាស​ប្រមូល​ទិញ​ផលិតផល​ទឹកឃ្មុំ​ព្រៃ​កម្ពុជា មាន​ប្រសាសន៍​នៅ​ចុង​ខែ​តុលា​ថា ការ​រក​ឃ្មុំ​តាម​បែប​បូរាណ​ដែល​អ្នក​ភូមិ​​កំពុង​អនុវត្ត​សព្វថ្ងៃ​ក៏​គ្រោះ​ថ្នាក់​ធ្វើ​ឲ្យ​ឃ្មុំ​អាច​ផុត​ពូជ​បាន​ដែរ ដូច្នេះ​ហើយ​ទើប​អង្គការ​លោក​បាន បើក​វគ្គ​បណ្ដុះ​បណ្ដាល​ប្រជា​ពលរដ្ឋ​ឲ្យ​ចេះ​ថែ​រក្សា​ឃ្មុំ​ក្នុង​ព្រៃ​ ៖ «គាត់​យក​ភ្លើង​ទៅ​ដុត​យក​អីចឹង​គឺ​ធ្វើ​ឲ្យ​បាត់​បង់​ឃ្មុំ​បាត់​មេ​គឺ​ងាប់​អស់។ ប៉ុន្តែ​ប្រើ​វិធី​ថ្មី បច្ចេកទេស​នឹង​គឺ​ឲ្យ​គាត់​ប្រើ​ផ្សេង ផ្សែង​គឺ​ធ្វើ​ពី​​ស្លឹក​ឈើ យក​ស្លឹក​ស្ដៅ វា​ជាតិ​ល្វីង​វា​អាច​ធ្វើ​ឲ្យ​ឃ្មុំ​មិន​មក​ជិត​យើង»។

ដើម្បី​រក្សា​ព្រៃ​និង​សត្វ​ព្រៃ​ អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន ដូច​ជា​អង្គការ​ពន្លក​ខ្មែរ​និង​អង្គការ​ដៃ​គូ​ដ៏​ទៃ​ទៀត​​ បាន​រៀបចំ​ចងក្រង​សមាគម​ឬ​ក្រុម​តូចៗ នៅ​តាម​មូលដ្ឋាន​ពួក​គាត់ បង្ហាត់​ពី​របៀប​យក​ឃ្មុំ​មាន​ស្ថិរភាព​និង​វេច​ខ្ចប់​ទឹកឃ្មុំ​មាន​អនាម័យ​ជាដើម។ សហគមន៍​ឬ​ក្រុម​ប្រមូល​ឃ្មុំ​តូច​នេះ​ មាន​សមាជិក​ជាង​៥០​នាក់​នៅ​ក្នុង​ខេត្ត​៦​គឺ​ខេត្ត​ព្រះវិហារ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី រតនគិរី និង​ខេត្ត​កោះកុង។ ក្រុម​មន្ត្រី​អង្គការ ឲ្យ​ដឹង​ថា ​នេះ​ប្រមូល​ទឹក​ឃ្មុំ​ព្រៃ​លក់​ទៅ​ឲ្យ​សហព័ន្ធ​សហគ្រាស​ប្រមូល​ទឹក​ឃ្មុំ​ថ្នាក់​ជាតិ​មាន​ការិយាល័យ​នៅ​ភ្នំពេញ។

កញ្ញា ជុំ ភួង ប្រធាន​ក្រុម​ប្រមូល​ទិញ​ទឹក​ឃ្មុំ​ព្រៃ នៅ​ឃុំ​ពុទ្រា ស្រុក​សែន​ជ័យ ជា​ក្រុម​មួយ​ក្នុង​ចំណោម​ក្រុម​ជា​ច្រើន​ទៀត​នៅ​ខេត្ត​ព្រះវិហារ ​ឲ្យ​ដឹង​ថា ក្រុម​សហគមន៍​ទាំងអស់​បាន​យល់​ដឹង​អំពី​របៀប​អនាម័យ​ពេល​យក​ឃ្មុំ និង​ការ​ថែ​រក្សា​ឃ្មុំ​ព្រៃ​បាន​ច្រើន​ដែល​ធ្វើ​ឲ្យ​ចំនួន​​ឃ្មុំ​បាន​កើន​ឡើង​ច្រើន តាម​វិធី​យក​ឃ្មុំ​ថ្មី គឺ​ឃ្មុំ​មួយ​សំបុក​គេ​កាត់​យក​ក្បាល​ទឹក​តែ​មួយ​ផ្នែក​ប៉ុណ្ណោះ ៖ «​ពួក​អ្នក​យក​ឃ្មុំ​នៅ​ព្រៃ​ដូច​ថា​ឃ្មុំ​អីចឹង​គេ​កាត់​យក​ទឹក​ទេ​៨០​ភាគរយ គេ​យក​ដាក់​ថាំង ដាក់​ស្បៃ​​ឲ្យ​ស្រក់​ទឹក​ គេ​កាត់​ដុំ​តូច​ៗ​ឲ្យ​វា​ស្រក់​ទឹក​គេ​ច្រក​ដាក់​កាន​មក​លក់​ឲ្យ​ពួក​ខ្ញុំ​លក់​ឲ្យ​សហព័ន្ធ​នៅ​ភ្នំពេញ»។

កញ្ញា​បន្ត​ថា​នៅ​ពេល​​កាត់​ឃ្មុំ​ពី​ដើមឈើ​អ្នក​រក​ឃ្មុំ​ត្រូវ​មាន​អនាម័យ​ល្អ​ដូច​ជា​ពាក់​ស្រោមដៃ​ ច្រោះ​ទឹក​ឃ្មុំ​នឹង​ស្បៃ​ស្អាត​ជាដើម ហើយ​ក្រុម​សហគមន៍​ទាំងអស់​យក​ទឹកឃ្មុំ​លក់​ឲ្យ​សហព័ន្ធ​ប្រមូល​ទិញ​ទឹក​ឃ្មុំ​ថ្នាក់​ជាតិ​នៅ​ទីក្រុង​ភ្នំពេញ​យក​ប្រាក់​ចំណេញ​បន្ត។ តម្លៃ​ទឹកឃ្មុំ​ទិញ​នៅ​តាម​សហគមន៍​ថ្លៃ​១ម៉ឺន​ទៅ​២ម៉ឺនរៀល​ក្នុង​មួយ​លីត្រ។

លោក ប៊ុន ថន មន្ត្រី​អភិវឌ្ឍន៍​សហគ្រាស​សហគមន៍​នៃ អង្គារ​កម្មវិធី​ផ្លាស់ប្ដូរ​អនុផល​ព្រៃឈើ​ ហៅ​កាត់​ថា អិន.ធី.អេហ្វ.ភី អ៊ី.ភី មាន​ប្រសាសន៍​ថា ក្រៅ​ពី​ការងារ​នេះ អង្គការ​លោក​បាន​ចុះ​ជួយ​ពង្រឹង​សត្ត​ភាព​បច្ចេកទេស​ការ​គ្រប់​គ្រង​រក្សា​អនុផល​ព្រៃ​ឈើ​ដល់​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​បន្ថែម ដើម្បី​ធានា​ថា ពួក​គាត់​មាន​សមត្ថភាព​គ្រប់ ដូច​បណ្ដុះបណ្ដាល​ផ្នែក​គ្រប់គ្រង​ហិរញ្ញវត្ថុ ​គ្រាន់​ក្នុង​ការ​ការពារ​ការ​ និង​បញ្ជី​ចេញចូល ​ថែទាំ​ឃ្មុំ​ព្រៃ​មាន​តម្លៃ​របស់​ពួកគាត់​ដែល​មាន​ស្រាប់​ក្នុង​មូលដ្ឋាន ៖ «​គាត់​មាន​ជា​ធនធាន​ឃ្មុំ​នៅ​ក្នុង​តំបន់​គាត់​រួចហើយ ហើយ​គាត់​ក្រុម​តូច​ៗ​នេះ​គឺ​ក្នុង​បំណង​ថា​ប្រមូល​ដុំ​គ្នា​ ដើម្បី​ឲ្យ​មាន​កម្លាំង​ឬ​ប្រមូល​ទឹកឃ្មុំ​នឹង​បាន​កាន់​តែ​ច្រើន​ងាយ​ស្រួល​ផ្គត់ផ្គង់​ទៅ​ឲ្យ​ដៃ​គូ​ទីផ្សារ​ណា​មួយ​ដើម្បី​ងាយ​ស្រួល​ដល់​ពួកគាត់»។

យ៉ាង​នេះ​ក្ដី វិទ្យុ​អាស៊ីសេរី សង្កេត​ឃើញ​ថា ក្រុម​សហគមន៍​ប្រមូល​ទឹកឃ្មុំ​ព្រៃ​នៅ​មិនទាន់​មាន​សមត្ថភាព​គ្រប់​គ្រាន់​ក្នុង​ការ​ថែរក្សា​និង​អភិរក្ស​ឃ្មុំ​ព្រៃ​បាន​ត្រឹមត្រូវ​នៅឡើយ ជា​ពិសេស​ ការប្រកួត​ប្រជែង​គ្រប់​គ្រង​ទីផ្សារ​ទឹក​ឃ្មុំ​ត្រូវ​ធ្លាក់​លើ​ដៃ​ឈ្មួញ​ស្ទើរ​ទាំងស្រុង ជាក់ស្ដែង​អាជីវករ​លក់​ទឹក​ឃ្មុំ​ម្នាក់​នៅ​ផ្សារ​កំពុង​ប្រណាក​ក្រុង​ព្រះវិហារ បាន​ទិញ​ទឹកឃ្មុំ​ពី​សហគមន៍​ជា​ច្រើន​តោន​ស្ដុក​ទុក​លក់​ក្នុង​តម្លៃ​ខ្ពស់ គឺ​ទឹកឃ្មុំ​មួយ​លីត្រ​ថ្លៃ​៣ម៉ឺន​រៀល។

តែ​មន្ត្រី​សហព័ន្ធ​ប្រមូល​ទឹកឃ្មុំ​ជាតិ លោក អ៊ិត វង់ ពោល​ថា ទឹកឃ្មុំ​លក់​តាម​ផ្សារ​​មិន​សុទ្ធ​ដូច​របស់​អង្គការ ដែល​ធ្វើការ​គិត​ពី​ប្រយោជន៍​បរិស្ថាន​ព្រៃឈើ​និង​សុខភាព​របស់​មនុស្ស​ច្រើន​ជាង​ប្រាក់​ចំណេញ។

មន្ត្រី​សហព័ន្ធ​សហគ្រាស​ប្រមូល​ទឹក​ឃ្មុំ​ព្រៃ​កម្ពុជា​បាន​ឲ្យដឹង​ថា នៅ​ឆ្នាំ​២០១០ សហព័ន្ធ​នេះ​បាន​លក់​ទឹក​ឃ្មុំ​បាន​ជាង​២៧០០ ដុល្លារ ហើយ​សហព័ន្ធ​កំពុង​សម្លឹង​ទីផ្សារ​អន្តរជាតិ​លក់​ទឹកឃ្មុំ​ព្រៃ​នេះ​ទៅ​អនាគត៕

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល