លោក អៀង សារី អតីតឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេសនៃរបបខ្មែរក្រហម ត្រូវបានអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាឃុំខ្លួនជាបណ្តោះអាសន្នដើម្បីរង់ចាំការជម្រះក្តី ពីបទថាបានប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិនិងឧក្រិដ្ឋកម្មសង្គ្រាមរវាងឆ្នាំ១៩៧៥ ដល់ឆ្នាំ ១៩៧៩ ។
លោក អៀង សារី អតីតមេខ្មែរក្រហម បង្ហាញខ្លួនក្នុងសវនាការសាធារណៈលើកដំបូងនៅសាលាក្ដីខ្មែរក្រហម នាថ្ងៃទី៣០ មិថុនា ២០០៨។
ប្រវត្តិរូបសង្ខេប តាមការដកស្រង់ព័ត៌មានពីមជ្ឈមណ្ឌលឯកសារកម្ពុជានិងប្រភពផ្សេងៗទៀត បានកត់ត្រាថា អៀង សារី មានឈ្មោះដើមថា គឹម ត្រាង ឈ្មោះបដិវត្តន៍ ស៊ូ ហាវ និងសមមិត្ត វ៉ាន់ ជនជាតិខ្មែរកម្ពុជាក្រោម កើតនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ១៩២៥ នៅខេត្តត្រាវិញ ប្រទេសវៀតណាម ។
នៅឆ្នាំ ១៩៤៩ អៀង សារី បានទទួលអាហារូបករណ៍ទៅរៀននៅប្រទេសបារាំង ហើយត្រឡប់មកវិញនៅឆ្នាំ១៩៥៣ ។ នៅឆ្នាំ១៩៦០ អៀង សារី ជាគ្រូបង្រៀនផ្នែកប្រវត្តិសាស្ត្រនិងភូមិសាស្ត្រ នៅសាលាឯកជនមួយឈ្មោះ «កម្ពុជបុត្រ» ដែលមានឈ្មោះ ហ៊ូ យន់ ជានាយកសាលា ។
នៅខែឧសភា ឆ្នាំ១៩៦៣ ដោយភ័យខ្លាចអំពីការចាប់ខ្លួនរបស់រដ្ឋអំណាចសង្គមរាស្ត្រនិយម អៀង សារី បានរត់ចូលព្រៃនៅតាមព្រំដែនខេត្តកំពង់ចាម ហើយក៏បង្កើតកងទ័ពតស៊ូនៅភូមិភាគឦសាន ។
នៅឆ្នាំ១៩៧០ អៀង សារី បានទៅហាណូយដើម្បីទាក់ទងការងារជាមួយវៀតណាម ហើយនៅឆ្នាំ១៩៧២ ក៏ក្លាយទៅជាអគ្គមេបញ្ជាការកងទ័ពនៅភូមិភាគឦសាន ។
នៅខែកញ្ញា ឆ្នាំ១៩៧៥ អៀង សារី ស្ថិតនៅក្នុងគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តកម្ពុជា ។ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ១៩៧៥ អៀង សារី ទទួលខុសត្រូវកិច្ចការបរទេស ទាំងបក្សនិងរដ្ឋ ។ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៧៦ អៀង សារី ត្រូវបានគណៈមជ្ឈិមបក្ស តែងតាំងជាឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការបរទេស ។
មានសេចក្តីរាយការណ៍មួយចំនួន បានរាយការណ៍ថា អៀង សារី ជាអ្នកដឹកនាំការឃោសនាបញ្ចុះបញ្ចូលនិស្សិតនិងបញ្ញវន្តខ្មែរជាច្រើននាក់នៅឯបរទេស ឱ្យត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ ក្រោមហេតុផលថា អង្គការបដិវត្តន៍កំពុងត្រូវការអ្នកទាំងនោះជាចាំបាច់ដើម្បីជួយក្នុងការកសាងប្រទេសជាតិឡើងវិញ ក្រោយពីត្រូវខ្ទេចខ្ទាំដោយសង្រ្គាម ។
លោក ទុំ បូរ៉ាន់ អតីតនាយទាហានកងនាវាចរណ៍ ដែលបានធ្វើកម្មសិក្សានៅឯសហរដ្ឋឤមេរិកកាលពីឆ្នាំ១៩៧៤ បានបញ្ជាក់អះអាងថា លោកបានជួបលោក អៀង សារី និងលោក ជួន ប្រសិទ្ធ នៅឆ្នាំ១៩៧៦ ហើយលោកថែមទាំងបានបដិសេធសេចក្តីអន្ទងរបស់បងទី៣នេះទៀតផង ដោយលោកមានប្រសាសន៍ដូច្នេះថា ៖ «ខ្ញុំទៅជួបលោក អៀង សារី ហ្នឹង គាត់និយាយពីរឿងកម្ពុជាប្រជាធិបតេយ្យបានឈ្នះហើយ ចម្រុងចម្រើនមហាអស្ចារ្យអីចុះឡើងអ៊ីចឹងទៅ ហើយក៏និយាយថា គេត្រូវការអ្នកចេះដឹងទៅជួយ ។ អ្នកដែលមករៀនជាមួយខ្ញុំ គេត្រឡប់ទៅវិញ ។ អ្នកដែលនៅជាមួយខ្ញុំពីរនាក់ គឺ គង់ ហ៊ត និង អ៊ឹង ហ៊ូយូ ផ្ញើ Postcard មកពីស្រុកចិន សរសេរថា ខ្ញុំបានមកដល់[សណ្ឋាគារ]ស្រុកចិនហើយ អត់អីទេ ហើយថ្ងៃស្អែកហ្នឹងនឹងឡើងយន្ដហោះទៅស្រុកខ្មែរ ។ ផុតពីស្រុកចិនទៅ គឺបាត់រហូត» ។
សាក្សីដែលនៅរស់ខ្លះ បានឲ្យដឹងថា ក្រោយការអន្ទងអូសទាញរបស់លោក អៀង សារី និស្សិត បញ្ញវ័ន្តខ្មែររាប់ពាន់នាក់បានវិលត្រឡប់ចូលប្រទេសកម្ពុជាវិញ ដែលអ្នកទាំងនោះត្រូវដាក់ឲ្យរស់នៅផ្តុំគ្នានៅមន្ទីរលត់ដំបឹងត្របែក ហើយខ្លះទៀត ក្រោយមក ត្រូវបានបញ្ជូនទៅធ្វើទារុណកម្ម សួរចម្លើយនិងសម្លាប់ចោលនៅមនី្ទរ ស-២១ ឬគុកទួលស្លែង ។
លោក អុង ថុងហឿង អតីតនិស្សិតខ្មែរមួយរូបនៅស្រុកបារាំង បានវិលត្រឡប់មកមាតុប្រទេសវិញ ។ លោកមានប្រសាសន៍ថា ក្នុងចំណោមខ្មែរវិលត្រឡប់ពីបរទេសប្រមាណ ៤ពាន់នាក់ ដែលលោកបានជួបនោះ នៅមានជីវិតមិនដល់ ១ពាន់នាក់ឡើយ សព្វថ្ងៃនេះ ៖ «យើងទាំងអស់គ្នា មកដើម្បីស្រុកទាំងអស់គ្នា អាហ្នឹងគឺក្នុងការយល់របស់ខ្ញុំនៅពេលហ្នឹង ។ ដល់យើងមកដល់ ចេញពីពោធិ៍ចិនតុងដឹកពួកខ្ញុំដល់វិទ្យាស្ថានបច្ចេកទេសមិត្តភាពសូវៀត ក៏គេដឹកខ្ញុំចូលទៅក្នុងហ្នឹង ខ្មែរក្រហមគេហៅថា ជំរំអប់រំ ស-១៥ ។ បងប្អូន មិត្តភក្តិខ្ញុំដែលមករស់នៅជាមួយគ្នាហ្នឹង ប្រហែលជាជិត ៤០០០នាក់ ហើយរស់នៅសព្វថ្ងៃ តាមខ្ញុំដឹង គឺមិនដល់១០០០នាក់ទេ» ។
មានសេចក្ដីរាយការណ៍ទៀតថា អៀង សារី បានរួមចំណែកក្នុងការអនុវត្តគោលការណ៍បោសសំឤតនិងសម្លាប់រង្គាលនៅក្នុងរបបខ្មែរក្រហម ។
នៅក្នុងសៀវភៅមួយក្បាល ដែលមានចំណងជើងថា «ឆ្ងាយហួសពីជើងមេឃ ៥ឆ្នាំជាមួយពួកខ្មែរក្រហម» របស់លោកស្រី ឡូរ៉ង់ ពិក ជាជនជាតិបារាំងនិងជាអតីតភរិយារបស់មន្ត្រីជំនិតម្នាក់របស់លោក អៀង សារី នោះ បានរៀបរាប់អំពីការជាប់ទាក់ទិនរបស់ អៀង សារី ក្នុងការសម្លាប់មនុស្ស ។
នៅក្នុងទំព័រ ១៨៤ និង១៨៥ លោកស្រី ឡូរ៉ង់ ពិក បានរៀបរាប់ដូច្នេះថា ៖ «ក្រោយពីរលកនៃការបោសសំឤត ប្រៀបដូចជាការបង្ហូរឈាមឲ្យខ្សោះនោះមក អៀង សារី បានកោះហៅកម្មាភិបាលដឹកនាំជាច្រើនរូប ទាំងប្រពន្ធនិងកូនផងនោះ មកពីភូមិភាគពាយ័ព្យដឹកនាំដោយ ឈ្មោះ ស៊ូ ។ ក្រោយពីការសម្រាកមួយរយៈខ្លីនៅ ប-១ ឬក្រសួងការបរទេសមក ពួកគេត្រូវបានបញ្ជូនជាផ្លូវការ ទៅកាន់អង្គភាពពិសេសមួយ ដើម្បីត្រៀមខ្លួនចេញទៅបើកស្ថានទូតនៅឯបរទេស ។ ប៉ុន្មានថ្ងៃក្រោយមក យើងទទួលដំណឹងថា អ្នកទាំងនោះជា "ពួកក្បត់" ទៅវិញ» ។
នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ១៩៧៩ លោក អៀង សារី ត្រូវបានកាត់ទោសកំបាំងមុខប្រហារជីវិតនិងរឹបអូសយកទ្រព្យសម្បត្តិទាំងអស់ដោយតុលាការប្រជាជនបដិវត្តន៍នៅទីក្រុងភ្នំពេញ ។
លោក អៀង សារី បានទទួលការលើកលែងទោសពីអតីតព្រះមហាក្សត្រខ្មែរ សម្តេចព្រះ នរោត្តម សីហនុ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ១៩៩៦ បន្ទាប់ពីបានដឹកនាំកងទ័ពខ្មែរក្រហមរាប់ពាន់នាក់ ចុះចូលជាមួយរាជរដ្ឋាភិបាលកម្ពុជា ។
តាមអំណាចនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ឬហៅដោយខ្លីថា សាលាក្តីខ្មែរក្រហម លោក អៀង សារី ត្រូវបានចាប់ខ្លួនចេញពីផ្ទះវីឡារបស់លោកនៅក្នុងទីក្រុងភ្នំពេញ កាលពីព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០០៧ ។
លោក អៀង សារី ត្រូវបានឃុំឃាំងជាបណ្តោះអាសន្នចាប់តាំងពីពេលនោះមក ។
ការសម្រេចឃុំខ្លួនបណ្តោះអាសន្ន បានធ្វើឲ្យលោក អៀង សារី ប្តឹងជំទាស់ ហើយតាមការគ្រោងទុកសាលាក្តីខ្មែរក្រហមនឹងលើកយកបណ្តឹងជំទាស់របស់លោក អៀង សារី មកធ្វើសវនាការនៅព្រឹកថ្ងៃច័ន្ទ ទី៣០ ខែមិថុនា ឆ្នាំ២០០៨ ដើម្បីសម្រេចថា តើត្រូវឃុំខ្លួនជាបន្ត ឬត្រូវដោះលែងជាបណ្ដោះអាសន្ន ៕