ដូច្នេះ បើគាត់មិនបានទទួលផលស្រូវប្រាំងទៀត ប្រជាពលរដ្ឋទាំងនោះមុខជាខ្វះស្បៀងជាមិនខាន។
ប្រជាពលរដ្ឋស្រុកបន្ទាយមាស ខេត្តកំពត អំពាវនាវសុំឲ្យមន្ត្រីកសិកម្ម និងមន្ត្រីធនធានទឹកជួយបូមទឹកពីប្រឡាយមេ ឈ្មោះកៅវ៉ាក់ បង្ហូរទឹកតាមកូនប្រឡាយ ដើម្បីពួកគាត់បូមទឹកបន្តមកស្រោចស្រែប្រាំងជាង ១០០ហិកតារ ដែលកំពុងខ្វះទឹក ខណៈស្រូវប្រាំងកំពុងចេញផ្កា។
អ្នកភូមិឃុំស្ដេចគង់ខាងត្បូង និងឃុំស្ដេចគង់ខាងជើង កំពុងប្រញាយដណ្ដើមបូមទឹកពីប្រឡាយតូចៗដែលនៅក្បែរស្រែរបស់ពួកគេ បូមដាក់ស្រូវប្រាំង ព្រោះស្រូវកំពុងក្រៀមខ្លោចខ្វះទឹក។
លោក ណម ជឿន នៅឃុំស្ដេចគង់ខាងត្បូង ថ្លែងថា ស្រូវប្រាំង ៣ហិកតាររបស់គាត់នឹងងាប់នៅក្នុងសប្ដាហ៍នេះ ព្រោះទឹកប្រឡាយមេឈ្មោះកៅវ៉ាក់ នៅឆ្ងាយជិត ២គីឡូម៉ែត្រពីស្រែគាត់។ គាត់សុំឲ្យមន្ត្រីពាក់ព័ន្ធជួយបូមទឹកពីប្រឡាយមេកៅវ៉ាក ទម្លាក់មកប្រឡាយតូចៗ ដើម្បីប្រជាពលរដ្ឋបូមបន្តដាក់ស្រែរៀងខ្លួន៖ «ច្រើនរយហិកតារណាស់ ហើយឥឡូវហ្នឹងស្រូវហ្នឹងកំពុងតែខ្វះទឹក។ ស្រូវប្រភេទអ៊ីអ៊ែរហ្នឹង ចង់ចេញហើយ វាបានអាយុ ២ខែហើយ នៅមួយខែទៀត ខ្វះទឹកឥឡូវហ្នឹង។ ម៉ាស៊ីននៅដេករាប់អាទិត្យហើយ នៅតែចាំបូមទឹកហ្នឹង»។
អ្នកភូមិសង្កែដួច លោក យិន សារិន ថ្លែងថា អ្នកភូមិរំពឹងតែស្រែប្រាំងនេះទេ ព្រោះស្រូវវស្សាគ្រប់គ្នាមិនបានដាំស្រូវបានឡើយ មកពីគ្រោះរាំងស្ងួត។ បន្ទាប់មក នៅចុងរដូវវស្សាបែរជាមានភ្លៀងទឹកជន់ ទើបតែចុងខែតុលា អ្នកភូមិនាំគ្នាធ្វើស្រូវពង្រោះ។ ឥឡូវស្រូវប្រាំងអ៊ីអ៊ែរ៥៦ កំពុងចេញផ្កា បែរជាខ្វះទឹកស្រោច៖ «បូមពីរត បីត បានដល់ស្រែ។ អីចឹង វាវេទនាដែរហ្នឹង»។
មេភូមិសង្កែដួច លោក អោម ហាក់ អះអាងថា ក្នុងភូមិនោះស្រែប្រាំង ៥៦ហិកតារ កំពុងខ្វះទឹក។ លោកថា អ្នកភូមិនឹងខ្វះស្បៀង ប្រសិនបើស្រូវប្រាំងនោះងាប់ដោយខ្វះទឹកស្រោចស្រព៖ «ប៉ុន្តែថ្ងៃខាងមុខ បើសិនណាមិនបានទឹកនោះមកទេ វារឹតតែខូច»។
ជំទប់ទី១ ឃុំស្ដេចគង់ខាងត្បូង លោក ខៀវ ស៊ី ថ្លែងថា អាជ្ញាធរបានធ្វើសេចក្តីរាយការណ៍ទៅសាលាស្រុកឲ្យអន្តរាគមន៍ជួយបូមទឹកពីប្រឡាយកៅវ៉ាក់ ទម្លាក់មកប្រឡាយតូចៗ។ ទើបមន្ត្រីធនធានទឹកបានបូមទឹកពីប្រឡាយមេទម្លាក់មកប្រឡាយតូចៗខ្លះដែរ តែអ្នកនៅក្បាលទឹក គាត់សម្រុកបូមយកទឹកអស់ ធ្វើឲ្យអ្នកមានស្រែនៅខាងក្រោម អត់ទឹកបូមដាក់ស្រូវ៖ «បូមមកដាក់មក អ្នកនៅខាងដើមខ្សែហ្នឹង គេបូមយកអស់ទៅហើយ។ អីចឹងអ្នកនៅចុងខ្សែហ្នឹង វាតែងតែមានការខ្វះខាតអីចឹងហើយ ប្រហែលជា ១០០ហិកតារអីហ្នឹង»។
មេភូមិស្ដេចគង់ លោក សៅ អួក ថ្លែងថា ដីស្រែនៅក្នុងភូមិនោះមានចំនួន ២២២ហិកតារ។ នៅឆ្នាំ២០១២ អ្នកភូមិធ្វើប្រាំង និងវស្សា សរុបបានតែ ១៨៤ហិកតារទេ។ បច្ចុប្បន្ន ដីស្រែប្រាំងកំពុងខ្វះទឹក។ ចំណែកទឹកប្រឡាយមានតិចតួច អ្នកស្រុកដណ្ដើមគ្នាបូមដាក់ស្រែ។ លោកថា អ្នកដែលគ្មានម៉ាស៊ីនបូមទឹកដាក់ស្រែ នាំគ្នាចេញពីភូមិជាង ១០០គ្រួសារ ទៅរកកម្រៃចិញ្ចឹមជីវិត ដោយសារការធ្វើស្រែឆ្នាំ២០១២ នេះ មិនទទួលផលល្អ៖ «ចំណាកស្រុកអស់ហើយ ខ្ញុំចំណាកស្រុកជាង១០០ទៅហើយ ព្រោះអត់មានការងារធ្វើ។ ប្រជាពលរដ្ឋចេះតែចំណាកស្រុកចេញទៅរកស៊ីនៅថៃ នៅអង្គនៅអី គ្រប់បែបគ្រប់យ៉ាងអីចឹងទៅ ចេញអស់»។
ទោះជាយ៉ាងណា លោក ស្រ៊ុន សុខុម អគ្គនាយករងនៃអគ្គនាយកដ្ឋានក្រសួងកសិកម្ម ឲ្យដឹងថា ដំណាំស្រូវវស្សាមានស្រូវពង្រោះ និងសន្ទូងនៅឆ្នាំ២០១២ ដាំបានលើដីជាង ២លានហិកតារ លើសផែនការ ១០៤%។ ប៉ុន្តែខេត្តនៅប៉ែកនិរតី ប្រទេសកម្ពុជា មានខេត្តកំពត តាកែវ ជាដើម មិនបានដាំស្រូវអស់ផ្ទៃដី ដោយសារទឹកភ្លៀងធ្លាក់រាយប៉ាយមិនគ្រប់កន្លែង។ ទន្ទឹមនោះ កាលពីដើមរដូវវស្សា គ្រោះរាំងស្ងួតក៏បានធ្វើឲ្យដំណាំស្រូវពង្រោះនៅខេត្តបាត់ដំបង និងខេត្តដទៃខូចអស់ជាង ២ម៉ឺន ២ពាន់ហិកតារដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។