តំណាង​អង្គការ​សង្គម​ស៊ីវិល​ជួប​ពិភាក្សា​ចងក្រង​អនុសាសន៍​ជូន​ដៃគូ​អភិវឌ្ឍន៍​កម្ពុជា

តំណាង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ជាង​១០០ នៅ​ថ្ងៃ​ទី២៥ ខែ​កញ្ញា បាន​ជួប​ពិភាក្សា​គ្នា​នៅ​ទីក្រុង​ភ្នំពេញ ដើម្បី​រៀបចំ​ចង​ក្រង​អនុសាសន៍ មតិ យោបល់​នានា ជូន​កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់ នៃ​ដៃគូ​អភិវឌ្ឍន៍​កម្ពុជា។
ដោយ សុខ សេរី
2012-09-25
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ប្រជុំ​សង្គម​ស៊ីវិល ៣០៥
តំណាង​អង្គការ​សង្គម​ស៊ីវិល​ជាង​១០០​នាក់ ជួប​ពិភាក្សា​ស្ដីពី​អនុសាសន៍​ជូន​កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់ នៃ​ប្រទេស​ម្ចាស់​ជំនួយ​អន្តរជាតិ កាល​ពី​ថ្ងៃ​ទី២៥ ខែ​កញ្ញា ឆ្នាំ​២០១២។
RFA/Sok Serey

កន្លង​មក លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​លើក​ពេល​កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​នេះ រហូត​ដល់​ឆ្នាំ​២០១៤។

កិច្ច​ប្រជុំ​របស់​តំណាង​អង្គការ​មិន​មែន​រដ្ឋាភិបាល​នោះ គឺ​ក្រោម​ប្រធាន​បទ​ថា បញ្ហា​អភិវឌ្ឍន៍​នៃ​ប្រទេស​កម្ពុជា ក្នុង​ឆ្នាំ​២០១០-២០១២។

តំណាង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ជាង​១០០ នោះ នឹង​ដាក់​ជូន​អនុសាសន៍ និង​គោល​ជំហរ​របស់​ខ្លួន​ចំនួន ២២​ចំណុច ជូន​កិច្ច​ប្រជុំ​នៃ​គណៈកម្មាធិការ​សម្រប​សម្រួល រវាង​រដ្ឋាភិបាល និង​ដៃគូ​អភិវឌ្ឍន៍​លើក​ទី១៩ ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី២៦ ខែ​កញ្ញា ឆ្នាំ​២០១២ នៅ​ឯ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ក្រោម​អធិបតី​របស់​ឧបនាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក គាត ឈន់។

តំណាង​អង្គការ​ចំនួន​បី នឹង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​នោះ​ដែរ នៅ​ក្នុង​ចំណោម​អង្គការ​មិន​មែន​រដ្ឋាភិបាល សរុប​ជាង ៣ពាន់ នៅ​ប្រទេស​កម្ពុជា។

ប្រធាន​នៃ​គណៈកម្មាធិការ​ចាត់​ចែង​របស់​វេទិកា​អង្គការ​មិន​មែន​រដ្ឋាភិបាល ស្ដីពី​កម្ពុជា អ្នកស្រី ប៉ុក បញ្ញាវិចិត្រ បាន​មាន​ប្រសាសន៍​ថា មតិ និង​យោបល់​នានា ដែល​គ្រោង​ដាក់​ជូន​នៅ​ក្នុង​កិច្ច​ប្រជុំ​នោះ គឺ​ជា​លទ្ធផល​នៃ​ការ​តាម​ដាន​ដោយ​ឯករាជ្យ​កន្លង​មក អំពី​ដំណើរ​ការ​អភិវឌ្ឍន៍​នៅ​កម្ពុជា ដែល​នៅ​មាន​ការ​ចន្លោះ​ប្រហោង៖ «ការ​អនុវត្ត​ក្របខណ្ឌ​ច្បាប់​ដែល​មាន​ស្រាប់ និង​ការ​បង្កើន​តម្លាភាព គឺ​ជា​ស្នូល​ធានា​ឲ្យ​បាន​នូវ​គ្រឹះ​ប្រជាធិបតេយ្យ ដែល​អនុញ្ញាត​ឲ្យ​មាន​ការ​ចូល​រួម​ពិភាក្សា​ក្នុង​លក្ខណៈ​ស្ថាបនា និង​សម្រេច​បាន​នូវ​អភិបាល​កិច្ច​ល្អ»

កិច្ច​ប្រជុំ​របស់​តំណាង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ជាង​១០០ នោះ មិន​ត្រូវ​បាន​ចូល​រួម​ដោយ​មន្រ្តី​តំណាង​រដ្ឋាភិបាល​ទេ ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល​បាន​មាន​ប្រសាសន៍​ថា អនុសាសន៍​របស់​អង្គការ​មិន​មែន​រដ្ឋាភិបាល​នោះ គឺ​ជា​អ្វី​ដែល​រដ្ឋាភិបាល​បាន​កែទម្រង់​រួច​ទៅ​ហើយ​កន្លង​មក។

មន្ត្រី​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បាន​មាន​ប្រសាសន៍​ថា គោល​ជំហរ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​នោះ លោក​យល់​ថា មាន​និន្នាការ​នយោបាយ​ច្រើន​ជាង​វិជ្ជាជីវៈ៖ «គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ហ្នឹង ប្ដូរ​ពីរ ឬ​បី​ដង​រួច​ស្រេច​ទៅ​ហើយ អា​ហ្នឹង​មួយ។ យើង​បាន​ធ្វើ​បច្ចុប្បន្នភាព ដើម្បី​ឆ្លើយ​តប​នឹង​ប្រសិទ្ធភាព​នៃ​ដំណើរ​ការ​បោះ​ឆ្នោត​ហ្នឹង​ឯង»

នៅ​ក្នុង​ចំណោម​សេចក្តី​ព្រាង​អនុសាសន៍​ចំនួន ២២​ចំណុច​របស់​តំណាង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ជាង ១០០​អង្គការ​នោះ មាន​ដូច​ជា ការ​ស្នើសុំ​ឲ្យ​កែទម្រង់​គណៈកម្មាធិការ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប)។ ការ​ស្នើសុំ​ឲ្យ​កែទម្រង់​ប្រព័ន្ធ​តុលាការ រាប់​ទាំង​ឲ្យ​មាន​ច្បាប់​ស្ដីពី​ការ​រៀបចំ​តុលាការ អយ្យការ និង​ច្បាប់​ស្ដីពី​លក្ខន្តិកៈ​ចៅក្រម និង​ព្រះរាជអាជ្ញា និង​ឧត្តម​ក្រុម​ប្រឹក្សា នៃ​អង្គ​ចៅក្រម​ជាដើម។

ក្រៅ​ពី​នេះ គឺ​មាន​ការ​ស្នើសុំ​ឲ្យ​មាន​ការ​កែទម្រង់​ដីធ្លី​ដោយ​តម្លាភាព និង​ការ​គ្រប់គ្រង​ចំណូល​ធនធាន​ប្រេង ឧស្ម័ន និង​រ៉ែ ដោយ​ច្បាប់​មួយ​ដែល​ល្អ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល