បុគ្គលិកមន្រ្តីរាជការចំនួនជាង១០០នាក់នៃនាយកដ្ឋានក្សេត្រសាស្រ្តនិងកែលម្អដីកសិកម្មរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្ដែងប្រតិកម្មតវ៉ាប្រឆាំងនឹងការលក់ដីស្ថានីយពិសោធន៍បណ្តុះដំណាំមួយកន្លែង នៅសង្កាត់ស្ទឹងមានជ័យ ក្រុងភ្នំពេញ ក្នុងតម្លៃជាទឹកប្រាក់ជាច្រើនលានដុល្លារអាមេរិក ឲ្យទៅក្រុមហ៊ុនឯកជនមួយ ដើម្បីយកប្រាក់ចែកចាយគ្នាក្នុងចំណោមមន្រ្តីជាន់ខ្ពស់មួយចំនួននៃនាយកដ្ឋាននោះ។
ប្រភពបានឲ្យដឹងថា ការលក់ដីទីតំាងចាស់នោះបានធ្វើទ្បើងដោយស្ងាត់ៗមិនឲ្យបុគ្គលិកនានាដឹងឮទេ ប៉ុន្តែបុគ្គលិករាជការនៃនាយកដ្ឋាននោះបានប្រមូលស្នាមផ្តិតមេដៃចំនួនជាង១០០នាក់ហើយ ដើម្បីសម្ដែងការតវ៉ានៅពេលដែលមានការធ្លាយរឿងនេះចេញមកក្រៅ។
បុគ្គលិកមន្ត្រីរាជការម្នាក់តំណាងឲ្យបុគ្គលិកតវ៉ាជាង១០០នាក់របស់នាយកដ្ឋានក្សេត្រសាស្រ្តនងកែលម្អដីរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីថា បុគ្គលិករាជការតូចតាចគ្មានបានទទួលប្រាក់ចំណែកអ្វីទ្បើយពីការលក់ដោះដូរដីនោះ។
មន្ត្រីរាជការដដែលបានឲ្យដឹងថា ៖ «មិនទាន់មានអ្នកណាដឹងថាចែកប៉ុន្មានទេ ព្រោះអីគេលាក់លៀមរឿងហ្នឹងទាំងអស់។ ពេលដែលគេលាក់ស្ងាត់ គេអត់ឲ្យដឹងថាលក់ឬដោះដូរក៏គេអត់ឲ្យដឹងដែរ។ ប៉ុន្តែនៅពេលដែលធ្លាយដឹងរឿង ពួកយើងបាននាំគ្នាធ្វើការតវ៉ាផ្ដិតមេដៃឲ្យប្រធាននាយកដ្ឋានហ្នឹងគាត់បំភ្លឺ។ ដល់ពេលអ៊ីចឹងពីម្សិលមិញហ្នឹង ដឹងរឿងអ៊ីចឹងប្រធានគាត់នាំគ្នាប្រជុំ ហើយគាត់យកគម្រោងដែលគាត់ត្រូវទិញស្អីហ្នឹងហើយលក់អីហ្នឹង មកផ្សព្វផ្សាយដល់បុគ្គលិកវិញថា អត់មានឲ្យអីទេ។ តាមការទាមទារហ្នឹងគឺម្នាក់២ពាន់ (ដុល្លារ)។ តម្លៃដីហ្នឹងគឺតាមការស្ទាបស្ទង់វាប្រហែលជា ៧ ឬ ៨លាន (ដុល្លារ) ២ហិកតារជាង ព្រោះអីដីស្ទឹងមានជ័យហ្នឹងថ្លៃណាស់»។
ទាក់ទងទៅនឹងបញ្ហាខាងលើនេះ លោក ស្រ៊ុន សុខម អនុប្រធាននៃនាយកដ្ឋានក្សេត្រសាស្រ្តនិងកែលម្អដីរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍បំភ្លឺថា ៖ «អ៊ីចឹងបានថាគណៈកម្មការរបស់អន្តរក្រសួង មាននាយកដ្ឋានចូលរួមដែរហ្នឹង ប្រហែលជាគាត់មានឯកសារបំភ្លឺ។ វាមានលម្អៀងបង់ចូលរដ្ឋក្នុងហ្នឹង»។
លោកបានបដិសេធថាលោកមិនបានទទួលប្រាក់កម្រៃអ្វីទេពីការដោះដូរដីនោះ។
ផែ្អកតាមឯកសារថតចម្លងដែលវិទ្យុអាស៊ីសេរីទទួលបាន ចុះថៃ្ងទី១៩ ខែមីនា ឆ្នាំ២០០៨កន្លងទៅនេះ របស់ទីស្តីការគណៈរដ្ឋមន្រ្តីផ្ញើជូនក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឯកសារនោះបាននិយាយថា យល់ព្រមឲ្យក្រុមហ៊ុន អេង កាំង Development Corporation and Construction Co., Ltd. ធ្វើការដោះដូរអតីតការិយាល័យការពារដំណាំ ជាថ្នូរនឹងដីចំនួន៦ហិកតាររបស់ក្រុមហ៊ុនដែលមានទីតាំងនៅក្នុងឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងរង្វង់ទឹកប្រាក់ជាង១លាន៩សែនដុល្លារអាមេរិក។
ឯកសារថតចម្លងផ្សេងមួយទៀត ចុះថៃ្ងទី២៤ ខែឧសភា ឆ្នាំ២០០៥កន្លងទៅ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកសារនោះបានឲ្យដឹងថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនោះ ធ្លាប់បានជួលដីការិយាល័យការពារដំណាំនៅស្ទឹងមានជ័យ របស់នាយកដ្ឋានក្សេត្រសាស្រ្តនិងកែលម្អដីនោះ ឲ្យទៅក្រុមហ៊ុន អេង កាំង នោះ សម្រាប់រយៈពេល៣០ឆ្នាំ ក្នុងទឹកប្រាក់៣០០០ដុល្លារអាមេរិកក្នុងមួយឆ្នាំ។
ផ្អែកតាមប្រភពបានឲ្យដឹងថា ក្រុមហ៊ុន អេង កាំង នោះ បានទិញដីជួលនោះផ្តាច់តែម្តង ក្នុងតម្លៃទឹកប្រាក់ជាច្រើនលានដុល្លារអាមេរិកនាពេលបច្ចុប្បន្ននេះ៕
|
|
ស្តាប់សំឡេង |
|
|
ថតសំឡេង |
|
|
អ៊ីម៉េល |
|
|
ព្រឹត្តិបត្រព័ត៌មាន |
|
|
បោះពុម្ព |
ប៉ូលិសនៅខេត្តកំពង់ឆ្នាំងរងការចោទថា ជំរិតទារប្រាក់ពីពលរដ្ឋ
ពលរដ្ឋនៅសង្កាត់ស្ទឹងមានជ័យត្អូញត្អែរថាអាជ្ញាធរមិនអើពើជួសជុលផ្លូវ
ជនជាតិភាគតិចនៅស្រុកក្រចេះសិក្សាពីបច្ចេកទេសដាំបន្លែដោយមិនប្រើជីគីមី
ស្ថានភាពបញ្ហាគ្រឿងញៀនអំឡុងពេល៩ខែនៃឆ្នាំ២០០៨
សហគមន៍អឺរ៉ុបជួបប្រជុំជាមួយសង្គមស៊ីវិលនិងមន្ត្រីរដ្ឋាភិបាល
ស្ថានភាពជ្រួលច្របល់នៅថៃធ្វើឲ្យតម្លៃពោតនៅប៉ៃលិនធ្លាក់ចុះ
កម្ពុជាបង្កើនកិច្ចការពារសន្តិសុខនៅតាមទីតាំងសំខាន់ៗ
បន្ទុកនិងការទទួលខុសត្រូវរបស់កម្ពុជាលើប្រាក់បំណុលបរទេស