បក្ស​សមរង្ស៊ី​គ្រោង​ធ្វើ​ពិធី​រំលឹក​វិញ្ញាណក្ខន្ធ​នៅ​បឹង​ជើង​ឯក ថ្ងៃ​១៧ មេសា

គណបក្ស​ប្រឆាំង​មាន​គម្រោង​រៀបចំ​បុណ្យ​ខួប​ថ្ងៃ ១៧ មេសា ដើម្បី​រំលឹក​ថា មនុស្ស​ដែល​ស្លាប់​បាត់បង់​ជីវិត និង​ជន​រងគ្រោះ​ក្នុង​របប​ខ្មែរ​ក្រហម​ដែល​នៅ​រស់រាន​មាន​ជីវិត នៅ​តែ​ចង់​ឃើញ​ការ​ផ្ដន្ទាទោស​ក្រុម​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​ប្រកប​ដោយ​តម្លាភាព និង​យុត្តិធម៌។

0:00 / 0:00

លោក គង់ គាំ ជា​ប្រធាន​ស្ដីទី​គណបក្ស សម រង្ស៊ី។ លោក​បាន​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​២០១២ បក្ស​ខ្លួន​នឹង​រៀប​ចំ​ពិធី​រាប់​បាត្រ បង្សុកូល ឧទ្ទិស​ដល់​វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់​ក្នុង​សម័យ​​​​​ខ្មែរ​ក្រហម។ ពិធី​នោះ​ប្រារព្ធ​ធ្វើ​នៅ​មជ្ឈមណ្ឌល​ប្រល័យ​ពូជសាសន៍​ជើង​ឯក និង​មាន​មនុស្ស​​ជិត ១​ពាន់​​​នាក់​ចូល​រួម។

លោក​ឲ្យ​ដឹង​ថា ពិធីបុណ្យ​នោះ មន្ត្រី​គណបក្ស សម រង្ស៊ី នឹង​ថ្លែង​សារ​នយោបាយ​ទៅ​កាន់​ថ្នាក់ដឹកនាំ​គណបក្ស​​​ប្រជាជន​កម្ពុជា កុំ​ឲ្យ​លូកដៃ​ចូល​ក្នុង​កិច្ចការ​ផ្ទៃ​ក្នុង​របស់​តុលាការ​ខ្មែរ​ក្រហម និង​ស្នើ​ឲ្យ​តុលាការ ឬ​ចៅក្រម​ជាតិ និង​អន្តរជាតិ ត្រូវ​បន្ត​បេសកកម្ម​របស់​ខ្លួន​ឲ្យ​មាន​​ឯករាជ្យ ដើម្បី​​រក​យុត្តិធម៌​ជូន​ជន​​​រងគ្រោះ។

កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មេសា គណបក្ស សម រង្ស៊ី បាន​ដាក់​លិខិត​ជូន​ដំណឹង​ទៅ​សាលា​រាជធានី​ភ្នំពេញ ជុំវិញ​ការ​រៀបចំ​ពិធី​បុណ្យ​ថ្ងៃ​ទី​១៧ ខែ​មេសា ប៉ុន្តែ​លោក គង់ គាំ បាន​ឲ្យ​ដឹង​ថា មក​ដល់​រសៀល​ថ្ងៃ​ទី​១៥ ខែ​មេសា នេះ សាលា​រាជធានី​មិន​ទាន់​មាន​ការ​ឆ្លើយ​តប​ទេ។

វិទ្យុ​អាសេរីសេរី​មិន​អាច​ទាក់ទង​មន្ត្រី​រដ្ឋាភិបាល ដើម្បី​បំភ្លឺ​ជុំវិញ​ការ​លើក​ឡើង​របស់​មន្ត្រី​បក្ស​ប្រឆាំង​ដែល​ថា មាន​មន្ត្រី​បក្ស​កាន់​អំណាច​កំពុង​ជ្រៀតជ្រែក​ចូល​កិច្ចការ​របស់​តុលាការ​ខ្មែរ​ក្រហម​បាន​ទេ នៅ​រសៀល​ថ្ងៃ​អាទិត្យ ទី​១៥ ខែ​មេសា ឆ្នាំ​២០១២។ ប៉ុន្តែ​កន្លង​មក មន្ត្រី​រដ្ឋាភិបាល​បាន​បដិសេធ​ថា មិន​បាន​ចូល​ជ្រៀតជ្រែក​កិច្ចការ​របស់​តុលាការ​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ។

ទោះ​ជា​យ៉ាង​នេះ​ក្តី លោក គង់ គាំ ចង់​ឃើញ​តុលាការ​ខ្មែរ​ក្រហម​បើក​ការ​ស៊ើប​អង្កេត​លើ​សំណុំ​រឿង ០០៣ និង ០០៤ បន្ត​ទៀត ដើម្បី​ធ្វើ​ជា​គំរូ និង​ផ្ដល់​យុត្តិធម៌​ជូន​គ្រួសារ​ជន​រង​គ្រោះ។ លោក​ឲ្យ​ដឹង​ថា ថ្ងៃ​១៧ មេសា ឆ្នាំ​១៩៧៥ ជា​ថ្ងៃ​ដែល​ខ្មែរ​ក្រហម​ឡើង​កាន់​អំណាច នាំ​ឲ្យ​មាន​ការ​សម្លាប់​ពលរដ្ឋ​​​ខ្មែរ​យ៉ាង​រង្គាល​រហូត​ដល់​ជិត ២​លាន​នាក់ ដូច្នេះ​តុលាការ​ខ្មែរ​ក្រហម​ត្រូវ​តែ​បន្ត​បេសកកម្ម​របស់​ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ បន្ត​កិច្ចការ​របស់​ខ្លួន​ដោយ​ឯករាជ្យ។

ទាក់ទង​បញ្ហា​នេះ​ដែរ រាជ​រដ្ឋាភិបាល​កម្ពុជា តាម​រយៈ​សាលា​រាជធានី​ភ្នំពេញ តែង​បាន​ប្រារព្ធ​ពិធី​រលឹក​​​វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់ ក្នុង​សម័យ​ខ្មែរ​ក្រហម​នៅ​វាល​ពិឃាត​ជើង​ឯក នៅ​ថ្ងៃ​ទី​២០ ខែ​ឧសភា ជា​រៀងរាល់​ឆ្នាំ។

ពិធី​​​រលឹក​ខួប​ដែល​រដ្ឋាភិបាល​ជ្រើស​យក​ថ្ងៃ​២០​ ខែ​ឧសភា ដើម្បី​រៀបចំ​ពិធី ក៏​ព្រោះ​តែ​នៅ​ពេល​ពួក​ខ្មែរ​ក្រហម​ឡើង​កាន់​អំណាច ពួកគេ​បាន​កំណត់​យក​ថ្ងៃ​ទី​២០ ខែ​ឧសភា ឆ្នាំ​១៩៧៥ ជា​ថ្ងៃ​ចាប់​ផ្ដើម​អនុវត្ត​គោល​នយោបាយ​ធ្វើ​ទារុណកម្ម​រហូត​ឈាន​ដល់​ការ​សម្លាប់​ពលរដ្ឋ​ខ្មែរ​អស់​ជិត ២​លាន​នាក់ ក្នុង​សម័យ​ខ្មែរ​ក្រហម ចន្លោះ​​ពី​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។