ខ្មែរ​កម្ពុជា​ក្រោម​ម្នាក់​ត្រូវ​បាន​វៀត​ណាម​វាយ​ស្លាប់

កាល​ពី​ពេល​ថ្មីៗ​នេះ មាន​ការ​ចោទ​ប្រកាន់​ថា គ្រួសារ​ខ្មែរ​កម្ពុជា​ក្រោម​កំពុង​តែ​រង​ការ​រើសអើង​ក្នុង​ទម្រង់​ផ្សេងៗ​ គ្នា ប៉ុន្តែ​ឥឡូវ​នេះ មាន​ប្រជា​ពល​រដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ម្នាក់​បាន​ស្លាប់ និង​១១​នាក់​ទៀត​បាន​រង​របួស។
ដោយ សុខ សេរី
2010-09-03
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ព្រះ​សង្ឃ​ពុទ្ធ​សាសនា​ខ្មែរ​កម្ពុជា​ក្រោម​ច្រូត​ស្រូវ​នៅ​ក្នុង​ទឹក​ដី​កម្ពុជា​ក្រោម (ក្នុង​ប្រទេស​វៀតណាម)
ព្រះ​សង្ឃ​ពុទ្ធ​សាសនា​ខ្មែរ​កម្ពុជា​ក្រោម​ច្រូត​ស្រូវ​នៅ​ក្នុង​ទឹក​ដី​កម្ពុជា​ក្រោម (ក្នុង​ប្រទេស​វៀតណាម)
Photo supplied

ប្រជា​ពល​រដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ម្នាក់ បាន​ស្លាប់ និង​១១​នាក់​ទៀត បាន​រង​របួស​នៅ​ក្នុង​ការ​ព្រួត​វាយ​ដោយ​ក្រុម​ជន​ជាតិ​វៀត​ណាម​រាប់​សិប​នាក់ ប្រើ​ដំបង និង​កាំបិត កាល​ពី​ថ្ងៃ​ទី​២ ខែ​កញ្ញា​ថ្មីៗ​នេះ នៅ​ចម្ការ​កៅស៊ូ​មួយ នៅ​ក្នុង​ខេត្ត​ដុងណៃ ប្រទេស​វៀតណាម។

ប្រជា​ពល​រដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម ដែល​បាន​ស្លាប់​នោះ គឺ​មាន​ឈ្មោះ ចៅ ណែត ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជា​កម្មករ​នៅ​ក្នុង​ចម្ការ​កៅស៊ូ បាន​ស្លាប់​នៅ​ក្នុង​មន្ទីរ​ពេទ្យ នៅ​ក្នុង​ក្រុង​ព្រៃនគរ ឬ​ក្រុង​ហូជីម៉ិញ។

ប្រជា​ពល​រដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម ១១​នាក់​ទៀត ជា​បុរស បាន​រង​របួស​ដោយ​សារ​ការ​ព្រួត​វាយ​ដោយ​ក្រុម​ជន​ជាតិ​វៀតណាម​នោះ។

គ្មាន​ប្រភព​ជា​ផ្លូវ​ការ​ណា​មួយ បញ្ជាក់​ឲ្យ​ដឹង​អំពី​មូលហេតុ​នៃ​ការ​ព្រួត​វាយ​នោះ​ទេ ប៉ុន្តែ​ប្រភព​គ្រួសារ​ជន​រង​គ្រោះ និង​អ្នក​ភូមិ បាន​ផ្ដល់​ព័ត៌មាន​ថា គឺ​បណ្ដាល​មក​ពី​ការ​រើសអើង និង​ការ​ប្រមាថ​ដល់​ប្រជា​ពល​រដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ទាំង​នោះ ដែល​ញាំង​ឲ្យ​មាន​ជម្លោះ​ហិង្សា​នេះ។

ឪពុក​របស់​ជន​រង​គ្រោះ​ដែល​ស្លាប់ ដែល​សុំ​មិន​ប្រាប់​ឈ្មោះ នៅ​ក្នុង​ឃុំ​ចូវ​ទ្បាំង ស្រុក​ស្វាយ​ទង ខេត្ត​អានយ៉ាង ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម បាន​ថ្លែង​ប្រាប់​វិទ្យុ​អាស៊ី​សេរី​តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​ទី​៣ ខែ​កញ្ញា ថា ៖ «គេ​គុំ​គួន​យើង បាន​ជា​គេ​ធ្វើ​បាប​យើង​ហ្នឹង»

សាក​សព និង​អ្នក​រង​របួស ១១​នាក់ នឹង​ត្រូវ​ដឹក​ពី​ក្រុង​ព្រៃនគរ ឬ​ក្រុង​ហូជីម៉ិញ មក​ស្រុក​កំណើត​វិញ នៅ​ក្នុង​ខេត្ត​អាន​យ៉ាង ឬ​ខេត្ត​មាត់​ជ្រូក នៅ​ថៃ្ង​ទី​៣ ខែ​កញ្ញា។

ប្រជា​ពល​រដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម នៅ​ក្នុង​ឃុំ​អាង​គឺ ស្រុក​ទិន​បៀង ខេត្ត​អាន​យ៉ាង ដែល​បាន​ដឹង​រឿង​នេះ បាន​ថ្លែង​ថា ៖ «វា​ទៅ​ដើរ​លេង​យប់។ យួន​លើ​គ្នា​មក​កាប់​វា លើក​គ្នា​អស់​មួយ​ភូមិ។ វា​កាប់​សុទ្ធ​តែ​ដាវ ពួក​វា​ហ្នឹង។ វា​មើល​ងាយ​ខ្មែរ ឃើញ​យើង​ក្រ យើង​ទៅ​រក​ស៊ី​អ៊ីចឹង»

ប្រធាន​អង្គភាព​ស៊ើប​អង្កេត នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​ខ្មែរ​កម្ពុជា​ក្រោម នៅ​ក្នុង​ប្រទេស​កម្ពុជា លោក ថាច់ ឈួន​យ៉ាត បាន​មាន​ប្រសាសន៍​ថា អំពើ​នេះ​នឹង​រីក​រាល​ដាល បើ​សិន​ណា​គ្មាន​វិធានការ​ទប់​ស្កាត់ ៖ «បើ​សិន​ណា​រដ្ឋាភិបាល​មិន​អាច​ការ​ពារ​បាន មិន​អាច​ទប់​ស្កាត់​រឿង​នេះ​បាន។ នឹង​ជា​កំហុស​របស់​រដ្ឋាភិបាល​មួយ​ដែរ»

លោក​បាន​ទទូច​សុំ​ឲ្យ​អាជ្ញាធរ​វៀតណាម​ចាត់​វិធានការណ៍ ចាប់​ខ្លួន​ជន​ល្មើស​ដើម្បី​ផ្ដន្ទា​ទោស​តាម​ច្បាប់​ប្រទេស​វៀតណាម៕

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល