រដ្ឋសភា​ថ្មី​នឹង​បើក​សមយ័​ប្រជុំ​លើក​ទី​១​នៅ​ថ្ងៃ​២៤ កញ្ញា​នេះ

2008-09-09

មន្រ្តី​ពិធីការ​រដ្ឋសភា​រួម​ជាមួយ​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​បាន​អះអាង​ឲ្យ​ដឹង​ថា រដ្ឋសភា​ថ្មី​អាណត្តិ​ទី​៤​កម្ពុជា​នឹង​បើក​សមយ័​ប្រជុំ​លើក​ទី​មួយ​របស់​ខ្លួន នៅ​ថ្ងៃ​ទី​២៤ កញ្ញា​ខាង​មុខ​នេះ ដោយ​មាន​ព្រះមហាក្សត្រ​កម្ពុជា​យាង​ជា​អធិបតី​ក្នុង​ពិធី​ប្រជុំ​នោះ។

លោក ព្រំ វីរៈ ប្រធាន​ការិយាល័យ​ពិធីការ​របស់​ខុទ្ទកាល័យ​រដ្ឋសភា​បាន​មា​នប្រសាសន៍​នៅ​ថ្ងៃ​ទី​៩ កញ្ញា ឲ្យ​ដឹង​ថា ការរៀបចំ​ប្រជុំ​នោះ​បាន​ដំណើរការ​ដោយ​មាន​យាង​ព្រះ​មហាក្សត្រ​ជា​ព្រះ​អធិបតី និង​មាន​អញ្ជើញ​អង្គទូត​បរទេស​ដែល​មាន​ស្ថានទូត​នៅ​ប្រទេស​កម្ពុជា រួម​ជាមួយ​តំណាង​អង្គការ​អន្តរជាតិ និង​សមាជិក​សភា​ថ្មី​តាម​ការប្រកាស​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ចំនួន​១២៣​រូប​ចូលរួម​ផង។

លោក ព្រំ វីរៈ បាន​ឲ្យ​ដឹង​ថា ៖ «ថ្ងៃ​២៤​ហ្នឹង​ហើយ។ អញ្ជើញ​តំណាង​រាស្រ្ដ អង្គទូត​អី​ហ្នឹង អង្គការ​អន្តរជាតិ​អី។ ព្រះករុណា​លោក​យាង​ជា​ព្រះរាជ​អធិបតី​ខ្ពង់ខ្ពស់​បើក»

ទាក់ទង​ជាមួយ​ការប្រជុំ​សភា​នៅ​ថ្ងៃ​ទី​២៤ កញ្ញា​នេះ​ដែរ លោក​បណ្ឌិត ជាម យៀប សមាជិក​សភា​និង​ជា​សមាជិក​គណៈអចិន្រ្តៃយ៍​របស់​គណបក្ស​ប្រជាជន​កម្ពុជា​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា សមាជិក​សភា​ដែល​ត្រូវ​ចូលរួម​ការប្រជុំ​លើក​ទី​មួយ​នោះ​បាន​ត្រូវ​អញ្ជើញ​ដោយ​ព្រះ​មហាក្សត្រ។

លោក​បណ្ឌិត ជាម យៀប បាន​មាន​ប្រសាសន៍​ថា ៖ «យោង​ទៅ​តាម​ច្បាប់​អត់​មាន​ទាស់​អី​ទេ គឺ​ថា​ព្រះ​មហាក្សត្រ​លោក​ឡាយ​ព្រះហស្ដ​លេខា អញ្ជើញ​ទាំង​១២៣ បើ​លោក​អញ្ជើញ​តែ​៩០ អា​ហ្នឹង​ខុស បើ​លោក​អញ្ជើញ​ទាំង​១២៣​ហើយ ប៉ុន្តែ​ត្រង់​អ្នក​ដែល​មិន​ទៅ​គឺ​ជា​សិទ្ធិ​របស់​អ្នក​មិន​ទៅ។ អ៊ីចឹង​ទេ​អត់​មាន​ខុស​នឹង​ច្បាប់​រដ្ឋធម្មនុញ្ញ ខុស​ស្អី​ទេ»

លោក សុន ឆ័យ សមាជិក​សភា​មក​ពី​គណបក្ស​សមរង្ស៊ី​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា មក​ទល់​ពេល​នេះ​គណបក្ស​សមរង្ស៊ី​នៅតែ​ប្រកាន់​ជំហរ​មិន​ចូលរួម​ប្រជុំ​ជាមួយ​សមាជិក​សភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​ថ្មីៗ​នេះ​បាន​សុំ​ព្រះ​មហាក្សត្រ​ស្បថ​ដោយឡែក​នៅ​ថ្ងៃ​ទី​២៥ កញ្ញា​ទៀត​ផង តែ​មិន​ទាន់​បាន​ទទួល​ចម្លើយ​ពី​ព្រះ​មហាក្សត្រ​នៅ​ឡើយ។

លោក សុន ឆ័យ បាន​ឲ្យ​ដឹង​ថា ៖ «មក​ទល់​ពេល​នេះ​យើង​មិន​ទាន់​មាន​ការដូរ​អី​ទេ យើង​នៅ​ចាំ​មើល​ចម្លើយ​ពី​ព្រះ​មហាក្សត្រ​ដែរ ព្រោះ​គណបក្ស​សមរង្ស៊ី​សុំ​ឲ្យ​មាន​ការស្បថ​ថ្ងៃ​២៥ ស្បថ​ដោយឡែក។ ហើយ​ការសម្រេច​បែប​ណា​ទៀត​យើង​នឹង​ធ្វើ​នៅ​ពេល​យើង​ទទួល​ជា​កិច្ច​ឆ្លើយតប​ពី​ព្រះ​មហាក្សត្រ លោក​ចារ​មក​យ៉ាង​ណា​នោះ ទើប​គណបក្ស​យក​សេចក្ដី​នូវ​ការឆ្លើយតប​របស់​ព្រះ​មហាក្សត្រ​នេះ យក​ទៅ​ពិនិត្យ​មើល​ថា​តើ​សម្រេច​យ៉ាង​ណា?»

តាម​មាត្រា​៨២​នៃ​រដ្ឋធម្មនុញ្ញ​បាន​ចែង​ថា រដ្ឋសភា​បើក​សម័យ​ប្រជុំ​ដំបូង​៦០​ថ្ងៃ​យ៉ាង​យូរ​ក្រោយ​ពេល​បោះ​ឆ្នោត តាម​ការកោះ​ប្រជុំ​របស់​ព្រះ​មហាក្សត្រ។ មុន​ពេល​ចាប់ផ្តើម​ការងារ​របស់​ខ្លួន​រដ្ឋសភា​ត្រូវ​អនុម័ត​បទបញ្ជា​ផ្ទៃ​ក្នុង សម្រេច​អំពី​សុពលភាព​នៃ​អាណត្តិ​របស់​សមាជិក​នីមួយៗ និង​ត្រូវ​បោះឆ្នោត​រើស​ដាច់​ដោយឡែក​ពី​គ្នា​នូវ​ប្រធាន និង​អនុ​ប្រធាន​រដ្ឋសភា និង​សមាជិក​ទាំងអស់​នៃ​គណៈកម្មាការ​នានា​របស់​រដ្ឋសភា ដោយ​មតិ​២​ភាគ​៣​នៃ​សមាជិក​រដ្ឋសភា​ទាំងមូល។តំណាង​រាស្រ្ត​ទាំងអស់​ត្រូវ​ធ្វើ​សច្ចាប្រណិធាន​មុន​ពេល​ចូល​កាន់​តំណែង៕

អត្ថបទ​ដែល​ទាក់ទង

គ.ជ.ប.​គ្រោង​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ​ប្រឆាំង សម រង្ស៊ី

មន្ត្រី​ហ្វ៊ុនស៊ិនប៉ិច​ពិចារណា​ពី​ការ​ចុះ​ចូល​ជាមួយ​គណបក្ស​នរោត្ដម​រណឫទ្ធិ

គ.ជ.ប. ស្នើ​ឲ្យ​រដ្ឋសភា​កាត់​ប្រាក់​ខែ​របស់​ប្រធាន​គណបក្ស​សម​រង្ស៊ី

អតិផរណា​ប៉ះពាល់​ដល់​កិច្ច​ប្រឹងប្រែង​អនុវត្ត​គោល​នយោបាយ​វិមជ្ឈការ

កម្ពុជា​គ្រោង​បោះឆ្នោត​រើស​ក្រុមប្រឹក្សា​ខេត្ត​ក្រុង​ស្រុក​និង​ខណ្ឌ​នៅ​ខែ​ឧសភា ២០០៩

គ.ជ.ប.៖ ពលរដ្ឋ​តែ​ជាង​៥០%​ប៉ុណ្ណោះ​បាន​ចុះ​ឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០០៨

ខុមហ្វ្រែល​ចេញ​របាយការណ៍​វាយតម្លៃ​លើ​ការបោះឆ្នោត​ឆ្នាំ​២០០៨

គ.ជ.ប. នឹង​បំផ្លាញ​សន្លឹក​ឆ្នោត​ដែល​ប្រើ​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​២០០៣​ចោល

អ្នក​សង្កេតការណ៍​សហភាព​អឺរ៉ុប​ស្នើ​ឲ្យ​កម្ពុជា​លុប​ចោល​ការប្រើ​ទម្រង់​១០១៨

តំណាង​រាស្ត្រ​បក្ស​សម​រង្ស៊ី​នឹង​មិន​ចូលរួម​ក្នុង​គណៈកម្មការ​ជំនាញ​សភា​ទេ