អាជ្ញាធរ​ខែត្រ​ឧត្ដរមានជ័យ​រង​ការ​ចោទ​ថា​គំរាម​បង្ខំ​ឲ្យ​ពលរដ្ឋ​ចាក​ចេញ​ពី​ដី

ក្រុម​ប៉ូលិស ប៉េអឹម​និង​ទាហាន រាប់​សិប​នាក់​នៃ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ខេត្ត​ឧត្តរមានជ័យ រង​ការ​ចោទ​ថា បាន​ប្រើ​អាវុធ​គំរាម​បង្ខំ​ពលរដ្ឋ​ខ្មែរ​រាប់​រយ​គ្រួសារ​ឲ្យ​ចេញ​ពី​ដី​ភូមិ​អូរអាមាន់​ដើម្បី​យក​ដី​នោះ​ប្រគល់​ឲ្យ​ក្រុមហ៊ុន​ឯកជន ANGKOR SUGAR។

ពលរដ្ឋ​មួយចំនួន​ដែល​រង​ការ​បណ្តេញ​ចេញ​ពី​ដី​ភូមិ​អូរអាមាន់ នៅ​ក្នុង​ឃុំ​កូនក្រៀល ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ បាន​ថ្លែង​អះអាង​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា កាល​ពី​រសៀល​ថ្ងៃ​សុក្រ ទី​៩ ខែ​តុលា ឆ្នាំ​២០០៩​នេះ ក្រុម​សមត្ថកិច្ច​ចម្រុះ​ដែល​រួម​មាន​ប៉ូលិស ប៉េអឹម​និង​ទាហាន ប្រដាប់​ដោយ​អាវុធ​វែង​ខ្លី បាន​នាំ​គ្នា​ទៅ​បណ្តេញ​ពលរដ្ឋ​អ្នក​ភូមិ​រាប់​រយ​គ្រួសារ​ឲ្យ​ចេញ​ពី​ដី​ដែល​ពលរដ្ឋ​រស់នៅ​ជា​យូរ​មក​ហើយ ដើម្បី​យក​ដី​ប្រគល់​ឲ្យ​ក្រុមហ៊ុន ANGKOR SUGAR ថា​ដើម្បី​វិនិយោគ​ទុន​ដាំ​អំពៅ។

ពលរដ្ឋ​រាប់​រយ​គ្រួសារ​ដែល​បាត់បង់​ទី​ជម្រក​ត្រូវ​រស់​នៅ​ក្រោម​ដំណក់​ទឹក​ភ្លៀង បន្ទាប់​ពី​ក្រុម​ប្រដាប់​អាវុធ​ទាំង​នោះ​បាន​បញ្ជា​ឲ្យ​គ្រឿង​ចក្រ​ឈូស​ឆាយ​រំលំ​និង​ដុត​បំផ្លាញ​ផ្ទះ​សម្បែង​របស់​ពលរដ្ឋ។

ពលរដ្ឋ​ខ្មែរ​អ្នក​ក្រីក្រ​ទាំង​នោះ​ស្រែក​ទ្រហោ​យំ​អំពាវនាវ​រក​អន្តរាគមន៍​ពី​មេ​ដឹកនាំ​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​ឲ្យ​ជួយ​បញ្ឈប់​សកម្មភាព​ប្រើ​អំណាច​ធ្វើ​បាប​ពលរដ្ឋ​ជាតិ​សាសន៍​របស់​ខ្លួន ដោយ​គ្មាន​ក្តី​មេត្តា​នោះ​ផង ៖ «ដុត​ផ្ទះ​ខ្ញុំ​អស់​រលីង​ទៀត​ហើយ គេ​ចាប់​អស់​ហើយ កូន​ខ្ញុំ ប្ដី​ខ្ញុំ គេ​ដេញ​ចេញ កំពុង​តែ​ធ្វើ​សកម្មភាព​ហ្នឹង​ឯង។ នេះ​ដល់​ដំណាក់កាល​ខ្មែរ​ដេញ​ខ្មោច​ហើយ មក​ឈូស​ឆាយ​របស់​គ្នា​អស់​រលីង គ្មាន​ស្រូវ​គ្មាន​អី​ហូប​ទេ។ លោក​អើយ​មេត្តា​ជួយ​ផង! សម្ដេច​នាយក​រដ្ឋមន្ត្រី​លោក​ជួយ! កូន​ខ្ញុំ​ដេក​ហាល​ភ្លៀង ហាល​សន្សើម»

គណៈកម្មាធិការ​អង្គការ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​មួយ​ក្រុម​បាន​បញ្ជូន​បុគ្គលិក​ទៅ​កាន់​កន្លែង​កើត​ហេតុ​ដើម្បី​តាម​ពិនិត្យ​មើល​សកម្មភាព​នៃ​ការ​បណ្តេញ​ពលរដ្ឋ​ចេញ​ពី​លំនៅ​ឋាន​កាល​ពី​ថ្ងៃ​សុក្រ​កន្លង​មក​នេះ ប៉ុន្តែ​ត្រូវ​បាន​ក្រុម​សមត្ថកិច្ច​រារាំង​មិន​ឲ្យ​ចូល​ទៅ​កាន់​ទី​នោះ​បាន​ទេ។

អ្នក​ស៊ើប​អង្កេត​របស់​គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម​នៃ​អង្គការ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា លោក ចាន់ សុវ៉េត មាន​ប្រសាសន៍​ថា យ៉ាង​ហោច​ណាស់​គេ​ឃើញ​មាន​កម្លាំង​ប៉ូលិស ប៉េអឹម​និង​ទាហាន​ប្រមាណ​៥០​នាក់ ត្រូវ​បាន​បញ្ជូន​ឲ្យ​ទៅ​ហ៊ុមព័ទ្ធ​ជា​ច្រើន​ថ្ងៃ តាំង​ពី​មុន​ថ្ងៃ​បណ្តេញ​ពលរដ្ឋ​អ្នក​ភូមិ​ឲ្យ​ចេញ​ពី​ដី​នោះ។

លោក ចាន់ សុវ៉េត មាន​ប្រសាសន៍​បន្ត​ថា ចាប់​តាំង​ពី​ថ្ងៃ​ដាក់​កម្លាំង​ប្រដាប់​អាវុធ​ហ៊ុម​ព័ទ្ធ​អ្នក​ភូមិ​នោះ​មក សមត្ថកិច្ច​បាន​ចាប់​ខ្លួន​តំណាង​អ្នក​ភូមិ​ចំនួន​៣​នាក់ និង​បាន​វាយ​ដំ​បុរស​ម្នាក់​ផ្សេង​ទៀត​ឲ្យ​រង​របួស​ធ្ងន់​បាក់​ដៃ។

លោក ចាន់ សុវ៉េត បាន​បញ្ជាក់​ថា ៖ «បាន​ទទួល​ព័ត៌មាន បាន​ប្រមូល​ព័ត៌មាន​មួយចំនួន ប៉ុន្តែ​យើង​អត់​ទាន់​បាន​ទាក់ទង​ឲ្យ​ជិតស្និទ្ធ​ជាមួយ​អាជ្ញាធរ​ទេ គឺ​គេ​បាន​ដាក់​កម្លាំង​ហ៊ុម​ព័ទ្ធ​តំបន់​ដី​ទំនាស់ ដែល​ជា​ក្រុមហ៊ុន Angkor Sugar ហ្នឹង​ណា៎។ គេ​ដាក់​កម្លាំង​ហ៊ុម​ព័ទ្ធ​ហ្នឹង​គឺ​តាំង​តែ​ពី​៤​ថ្ងៃ​មុន​ម៉្លេះ ហើយ​ចាប់​តាំង​ពី​ដាក់​កម្លាំង​ហ៊ុមព័ទ្ធ​តំបន់​ដី​ទំនាស់​ហ្នឹង គឺ​គេ​បាន​ចាប់​ខ្លួន​ប្រជាពលរដ្ឋ​ចំនួន​៣​នាក់​រួច​ហើយ មិន​តែ​ប៉ុណ្ណោះ​គេ​បង្ក​របួស​ស្នាម​ទៅ​លើ​បុរស​ម្នាក់​ផ្សេង​ទៀត បាក់​ដៃ»

ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​ក្រៅ​រដ្ឋាភិបាល​បាន​រក​ឃើញ​ថា យោង​ទៅ​តាម​ពាក្យ​បណ្តឹង​គឺ​មាន​ប្រជាពលរដ្ឋ​ចំនួន​ជាង​២១០​គ្រួសារ​ដែល​ពាក់ព័ន្ធ​នឹង​ការ​បណ្តេញ​ឲ្យ​ចេញ​ពី​ដី​នោះ ប៉ុន្តែ​ថា អាជ្ញាធរ​ព្រម​ទទួល​ស្គាល់​និង​ត្រៀម​ដោះ​ដូរ​សំណង​ជា​ដី​កន្លែង​ផ្សេង​ឲ្យ​ពលរដ្ឋ​តែ​ចំនួន​ជាង​៨០​គ្រួសារ​ប៉ុណ្ណោះ ដោយ​សំអាង​ថា សង​ទៅ​តាម​ការ​ពិនិត្យ​ជាក់ស្តែង ចំពោះ​អ្នក​ដែល​កំពុង​មាន​វត្តមាន​រស់​នៅ​លើ​ដី​ដែល​កំពុង​មាន​បញ្ហា។

វិទ្យុ​អាស៊ីសេរី​នៅ​មិន​ទាន់​អាច​ទាក់ទង​បាន​ដើម្បី​សុំ​សេចក្តី​បំភ្លឺ​ពី​បញ្ហា​នេះ​ពី​មន្ត្រី​នៃ​អាជ្ញាធរ​ខេត្ត​ឧត្តរមានជ័យ​នៅ​ឡើយ​ទេ​មក​ដល់​ពេល​នេះ៕