កម្មករ​ស៊ីឈ្មួល​កាប់​រាន​ព្រៃ​ឈើ​២០​នាក់​ត្រូវ​បាន​ចាប់​ខ្លួន

2008-06-11

តំណាង​ស្ថាប័ន​អយ្យការ​នៃ​តុលាការ​ខេត្ត​រតនគិរី​មាន​ប្រសាសន៍​ឲ្យ​ដឹង​នៅ​ថ្ងៃ​ពុធ ទី​១១ មិថុនា ឆ្នាំ​២០០០៨ ថា កម្មករ​ស៊ីឈ្មួល​កាប់​រាន​ព្រៃ​ឈើ​ដើម្បី​ហ៊ុមព័ទ្ធ​យក​ដី​ចំនួន​២០​នាក់​ត្រូវ​បាន​ចាប់​ខ្លួន ក៏ប៉ុន្តែ​មិន​ទាន់​ត្រូវ​បាន​ចោទ​ប្រកាន់​ផ្លូវការ​នៅឡើយ ដោយសារតែ​មន្រ្តី​ជំនាញ​ព្រៃ​ឈើ​ពុំទាន់​ផ្តល់​សំណុំ​រឿង​មក​តុលាការ ។

ព្រះរាជអាជ្ញា​អម​តុលាការ​ខេត្ត លោក ម៉ី សាខន បញ្ជាក់​ថា​ពួកគេ​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​បញ្ជាការដ្ឋាន​កង​រាជអាវុធហត្ថ​ខេត្ត ៖ «មិន​ទាន់​បាន​សួរ​ចម្លើយ​ផង គ្រាន់តែ​សួរ​សាវតារ​ជាតិ ដោយសារ​មនុស្ស​វា​ច្រើន​ពេក ហើយ​ចុះ​បញ្ជី​ចុះ​អី​ហ្នឹង»

របាយការណ៍​ពី​មន្ត្រី​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ប្រចាំ​ស្រុក​អូរជុំ​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​អង្គារ ទី​១០ មិថុនា​កន្លងទៅ​នេះ សមត្ថកិច្ច​ចម្រុះ​ខេត្ត​បាន​បង្ក្រាប​បទល្មើស​ជាក់ស្តែង​ទាក់ទិន​ទៅនឹង​សកម្មភាព​កាប់​រាន​ព្រៃឈើ​បំពាន​ច្បាប់​នៅ​ឃុំ​សាមគ្គី ស្រុក​អូរជុំ ហើយ​ចាប់​បាន​កម្មករ​ស៊ីឈ្នួល​២០​នាក់ រួមទាំង​វត្ថុតាង​មាន​កាំបិត ពូថៅ ក៏ប៉ុន្តែ​ពុំ​បាន​រកឃើញ​ឈ្មួញ​មាន​ប្រាក់​ឬ​អ្នក​មាន​អំណាច​នៅ​ពីក្រោយ​សកម្មភាព​នេះ​ឡើយ ។

នាយផ្នែក​នៃ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ប្រចាំ​ស្រុក​អូរជុំ លោក សៅ វណ្ណនី បញ្ជាក់​ថា​កម្មករ​ទាំង​នោះ​ត្រូវ​បាន​គេ​ជួល​មកពី​ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ បាន​បដិសេធ​មិន​ដឹង​ពី​អត្តសញ្ញាណ​អ្នក​ជួល​ពួកគេ​នោះ​ឡើយ ។ ដូច្នេះ​លោក​សម្រេច​កសាង​បញ្ជូន​ពួកគេ​ទាំង​នោះ​ទៅ​កាន់​តុលាការ​ដើម្បី​បើក​ការស៊ើបអង្កេត​រក​មេខ្លោង​ជួល​កម្មករ​ទាំង​នោះ ។

លោក សៅ វណ្ណនី បាន​ឲ្យ​ដឹង​ថា ៖ «វា​ថា​វា​មក​តាម​គេ គេ​ឲ្យ​កាប់​ចេះតែ​កាប់​ទៅ មិន​ដឹង​របស់​អ្នកណា ។ ដំបូង​នៅ​កំណត់​ទី​១​ហ្នឹង គឺ​ទំហំ​ប្រហែល​ជា​១០​ហិកតា នាំគ្នា​កាប់​ហ្នឹង​គឺ​មុខ​តូចៗ មុខ​១៥ ហើយ​ទុក​អា​ធំៗ អា​ហ្នឹង​អ្នក​ផ្សេង ក្រុម​ផ្សេង​ទៀត»

មន្រ្តី​ស៊ើបអង្កេត​សមាគម​អាដហុក​ខេត្ត​រតនគិរី លោក ប៉ែន ប៉ុណ្ណារ៍ បញ្ជាក់​ថា​ទីតាំង​ដែល​រក​ឃើញ​កាប់​រាន​ព្រៃ​ឈើ​នោះ​គឺ​ជា​ផ្នែក​តូច​មួយ​នៃ​តំបន់​ព្រៃឈើ​ដែល​ប្រជាសហគមន៍​ផ្តល់​របាយការណ៍​មក​ថា មាន​សកម្មភាព​កាប់​រាន​រហូត​ដល់​ទៅ​ជាង​៥០០​ហិកតា​ដោយ​ឈ្មួញ​មាន​ប្រាក់​ម្នាក់​ឈ្មោះ សេង ពិសិដ្ឋ មាន​ទី​លំនៅ​នៅ​ស្រុក​បានលុង ។

លោក ប៉ែន ប៉ុណ្ណារ៍ បាន​មាន​ប្រសាសន៍​ថា ៖ «ដោយសារ​ជីវភាព​ក្រីក្រ ដូច្នេះ​កាលណា​គេ​ជួល​គាត់ គាត់​ត្រូវតែ​ធ្វើ ប៉ុន្តែ​អ្នក​ដែល​បង្ក​មហន្តរាយ​បទឧក្រិដ្ឋ​គឺ​ជា​ឈ្មួញ ហើយ​ជា​អ្នក​មាន​អំណាច​នៅ​ពី​ក្រោយ»

ក៏ប៉ុន្តែ​យ៉ាងនេះ​ក្តី​លោក សេង ពិសិដ្ឋ ធ្លាប់​បាន​បដិសេធ​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា លោក​មិន​បាន​ជាប់​ពាក់​ព័ន្ធ​ក្នុង​ករណី​កាប់​រាន​ព្រៃ​ឈើ​នោះ​ឡើយ ។

បើ​តាម​នាយ​ផ្នែក​ព្រៃ​ឈើ​ខាង​លើ​រាយការណ៍​ថា កាលពី​ដើម​ខែ​មិថុនា​នេះ​សមត្ថកិច្ច​ចម្រុះ​ខេត្ត​រួម​នឹង​អគ្គលេខាធិការ​រង​អាជ្ញាធរ​ជាតិ​ដោះស្រាយ​វិវាទ​ដី​ធ្លី លោក អ៊ិន វីរជាតិ បាន​រក​ឃើញ​តំបន់​ព្រៃ​ឈើ​ប្រមាណ​១​ពាន់​ហិកតា​ត្រូវ​បាន​គេ​កាប់​រាន​រួច​ជា​ស្រេច​ដើម្បី​យក​ដី​ត្រៀម​ដាំ​កៅស៊ូ​ជា​លក្ខណៈ​ឯកជន​នៅ​ស្រុក​បរកែវ ។

នេះ​មិន​រាប់​បញ្ចូល​សេចក្តី​រាយការណ៍​ពី​ប្រជា​សហគមន៍​ទាក់ទិន​ទៅ​នឹង​សកម្មភាព​ឈូស​ឆាយ​ដី​ព្រៃ​និង​ដី​ចម្ការ​វិលជុំ​រាប់​រយ​ហិកតា​ទៀត​ធ្វើ​ឡើង​ដោយ​អ្នក​មាន​អំណាច ៕

អត្ថបទ​ដែល​ទាក់ទង

ប៉ូលិស​កំពុង​តាម​ចាប់​ខ្លួន​ក្មេង​១០​នាក់​ដែល​បាន​ចាប់​រំលោភ​នារី​២​នាក់

មន្ត្រី​អាដហុក​នៅ​ស្ទឹងត្រែង​សុំ​ឲ្យ​ស៊ើប​អង្កេត​ឡើង​វិញ​ជុំវិញ​មរណភាព​អ្នក​ភូមិ​ម្នាក់

អំពើ​ហិង្សា​មួយ​ផ្ទុះ​ឡើង​នៅ​ឯ​ទីរួមខេត្ត​រតនគិរី

ប៉ូលិស​ច្រក​ប៉ោយប៉ែត​រង​ការ​ចោទ​ថា ប្រើ​ហិង្សា​លើ​កុមារ

បុរស​ខ្មែរ​រស់​នៅ​អាមេរិក​ត្រូវ​នាំ​ខ្លួន​ទៅ​តុលាការ​ពី​បទ​ចាក់​សាំង​ដុត​គូ​ដណ្ដឹង

សកម្មជន​បក្ស​សម​រង្ស៊ី​នៅ​ខេត្ត​ស្ទឹងត្រែង​ត្រូវ​គេ​បាញ់​សម្លាប់

ក្រុម​ការពារ​សិទ្ធិ​សត្វ​រិះគន់​ចំពោះ​ការ​ជួញដូរ​សត្វ​ស្វា​នៅ​កម្ពុជា

ស្ត្រី​ម្នាក់​និង​កុមារី​ម្នាក់​រង​របួស​ធ្ងន់​ដោយសារ​ជន​ល្មើស​ចាក់​សាំង​ដុត​ទាំង​រស់

ជន​ល្មើស​ស្លៀក​ពាក់​ទាហាន​ធ្វើ​សកម្មភាព​ប្លន់​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ

អាជ្ញាធរ​ខែត្រ​រតនគិរី​ចុះ​បង្ក្រាប​ទីតាំង​រកស៊ី​ឈើ​ប្រណីត