ព្រះរាជអាជ្ញាអមតុលាការខេត្ត លោក ម៉ី សាខន បញ្ជាក់ថាពួកគេកំពុងត្រូវបានឃុំខ្លួននៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ៖ «មិនទាន់បានសួរចម្លើយផង គ្រាន់តែសួរសាវតារជាតិ ដោយសារមនុស្សវាច្រើនពេក ហើយចុះបញ្ជីចុះអីហ្នឹង» ។
របាយការណ៍ពីមន្ត្រីផ្នែករដ្ឋបាលព្រៃឈើប្រចាំស្រុកអូរជុំឲ្យដឹងថា កាលពីថ្ងៃអង្គារ ទី១០ មិថុនាកន្លងទៅនេះ សមត្ថកិច្ចចម្រុះខេត្តបានបង្ក្រាបបទល្មើសជាក់ស្តែងទាក់ទិនទៅនឹងសកម្មភាពកាប់រានព្រៃឈើបំពានច្បាប់នៅឃុំសាមគ្គី ស្រុកអូរជុំ ហើយចាប់បានកម្មករស៊ីឈ្នួល២០នាក់ រួមទាំងវត្ថុតាងមានកាំបិត ពូថៅ ក៏ប៉ុន្តែពុំបានរកឃើញឈ្មួញមានប្រាក់ឬអ្នកមានអំណាចនៅពីក្រោយសកម្មភាពនេះឡើយ ។
នាយផ្នែកនៃខណ្ឌរដ្ឋបាលព្រៃឈើប្រចាំស្រុកអូរជុំ លោក សៅ វណ្ណនី បញ្ជាក់ថាកម្មករទាំងនោះត្រូវបានគេជួលមកពីស្រុកបារាយណ៍ ខេត្តកំពង់ធំ បានបដិសេធមិនដឹងពីអត្តសញ្ញាណអ្នកជួលពួកគេនោះឡើយ ។ ដូច្នេះលោកសម្រេចកសាងបញ្ជូនពួកគេទាំងនោះទៅកាន់តុលាការដើម្បីបើកការស៊ើបអង្កេតរកមេខ្លោងជួលកម្មករទាំងនោះ ។
លោក សៅ វណ្ណនី បានឲ្យដឹងថា ៖ «វាថាវាមកតាមគេ គេឲ្យកាប់ចេះតែកាប់ទៅ មិនដឹងរបស់អ្នកណា ។ ដំបូងនៅកំណត់ទី១ហ្នឹង គឺទំហំប្រហែលជា១០ហិកតា នាំគ្នាកាប់ហ្នឹងគឺមុខតូចៗ មុខ១៥ ហើយទុកអាធំៗ អាហ្នឹងអ្នកផ្សេង ក្រុមផ្សេងទៀត» ។
មន្រ្តីស៊ើបអង្កេតសមាគមអាដហុកខេត្តរតនគិរី លោក ប៉ែន ប៉ុណ្ណារ៍ បញ្ជាក់ថាទីតាំងដែលរកឃើញកាប់រានព្រៃឈើនោះគឺជាផ្នែកតូចមួយនៃតំបន់ព្រៃឈើដែលប្រជាសហគមន៍ផ្តល់របាយការណ៍មកថា មានសកម្មភាពកាប់រានរហូតដល់ទៅជាង៥០០ហិកតាដោយឈ្មួញមានប្រាក់ម្នាក់ឈ្មោះ សេង ពិសិដ្ឋ មានទីលំនៅនៅស្រុកបានលុង ។
លោក ប៉ែន ប៉ុណ្ណារ៍ បានមានប្រសាសន៍ថា ៖ «ដោយសារជីវភាពក្រីក្រ ដូច្នេះកាលណាគេជួលគាត់ គាត់ត្រូវតែធ្វើ ប៉ុន្តែអ្នកដែលបង្កមហន្តរាយបទឧក្រិដ្ឋគឺជាឈ្មួញ ហើយជាអ្នកមានអំណាចនៅពីក្រោយ» ។
ក៏ប៉ុន្តែយ៉ាងនេះក្តីលោក សេង ពិសិដ្ឋ ធ្លាប់បានបដិសេធប្រាប់វិទ្យុអាស៊ីសេរីថា លោកមិនបានជាប់ពាក់ព័ន្ធក្នុងករណីកាប់រានព្រៃឈើនោះឡើយ ។
បើតាមនាយផ្នែកព្រៃឈើខាងលើរាយការណ៍ថា កាលពីដើមខែមិថុនានេះសមត្ថកិច្ចចម្រុះខេត្តរួមនឹងអគ្គលេខាធិការរងអាជ្ញាធរជាតិដោះស្រាយវិវាទដីធ្លី លោក អ៊ិន វីរជាតិ បានរកឃើញតំបន់ព្រៃឈើប្រមាណ១ពាន់ហិកតាត្រូវបានគេកាប់រានរួចជាស្រេចដើម្បីយកដីត្រៀមដាំកៅស៊ូជាលក្ខណៈឯកជននៅស្រុកបរកែវ ។
នេះមិនរាប់បញ្ចូលសេចក្តីរាយការណ៍ពីប្រជាសហគមន៍ទាក់ទិនទៅនឹងសកម្មភាពឈូសឆាយដីព្រៃនិងដីចម្ការវិលជុំរាប់រយហិកតាទៀតធ្វើឡើងដោយអ្នកមានអំណាច ៕
