តើ​កោះ​ក្រចក​សេះ​និង​កោះ​ត្រល់​បាត់បង់​នៅ​ពេល​ណា?

ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​បារាំង រក​ឃើញ​ថា កោះ​ត្រល់ និង​កោះ​ក្រចក​សេះ ទើប​តែ​ត្រូវ​បាត់​បង់​ទាំង​ស្រុង​​​ទៅ​វៀតណាម ក្នុង​ពេល​ជាង ៧​ឆ្នាំ​កន្លង​ទៅ​នេះ។
ដោយ ម៉ម មុនីរតន៍
2012-09-16
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
១៤-កញ្ញា-២០១២៖ កោះត្រល់
១៤-កញ្ញា-២០១២៖ កោះត្រល់
RFA/Uon Chhin

ការ​ដែល​កោះ​ទាំង​ពីរ​បាន​ក្លាយ​ទៅ​ជា​សម្បត្តិ​របស់​វៀតណាម កើត​ឡើង​ក្រោយ​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥ រវាង​រដ្ឋាភិបាល​ដែល​គ្រប់​គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា និង​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម។ ក៏​ប៉ុន្តែ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អះ​អាង​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា កោះ​ត្រល់​លែង​ក្លាយ​ជា​របស់​កម្ពុជា ក្រោយ​ព្រះ​បាទ​សម្ដេច​ព្រះ នរោត្តម សីហនុ យក​ឯកសារ​តម្កល់​នៅ​អង្គការ​សហ​ប្រជាជាតិ​ឆ្នាំ​១៩៦៤។

ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា​ ដែល​មាន​ទីតាំង​នៅ​ប្រទេស​បារាំង អះ​អាង​ថា កិច្ច​ព្រមព្រៀង និង​សន្ធិសញ្ញា​បំពេញ​បន្ថែម​​ក្នុង​របប​​​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា ក្រោម​ការ​គ្រប់​គ្រង​ដោយ​មេដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា បច្ចុប្បន្ន គឺ​ជា​ដើម​ហេតុ​​ដែល​នាំ​ឲ្យ​​កោះ​ក្រចក​សេះ​ និង កោះ​ត្រល់ ត្រូវ​បាត់​បង់​ទៅ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម។

លោក ស៊ាន ប៉េងសែ ជា​ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​បារាំង។ លោក​​ថ្លែង​ថា អ្វី​ដែល​ធ្វើ​ឲ្យ​កោះ​ក្រចក​សេះ និង​កោះ​ត្រល់ ត្រូវ​ស្ថិត​ក្រោម​​ការ​ត្រួតត្រា​របស់​រដ្ឋាភិបាល​វៀតណាម រហូត​មក​ដល់​ពេល​សព្វ​ថ្ងៃ​នេះ​កំហុស​កើត​ឡើង​​ដោយសារ​កិច្ច​ព្រមព្រៀង​​រវាង​រដ្ឋាភិបាល​ដែល​គ្រប់​គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា និង​រដ្ឋាភិបាល​វៀតណាម ឆ្នាំ​១៩៨២ និង​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥។

លោក ស៊ាន ប៉េងសែ បន្ត​ថា អ្នក​ដែល​ធ្វើ​ឲ្យ​បាត់​បង់​កោះ​ទាំង​នេះ ចាំបាច់​ទទួល​ខុស​ត្រូវ​ចំពោះ​ប្រវត្តិសាស្ត្រ។ លោក​ថ្លែង​ទៀត​ថា ប្រសិន​បើ​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ​ជា​មេដឹកនាំ​ម្នាក់​តាំង​​ពី​សម័យ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា រហូត​មក​នោះ ប្រើ​ប្រាស់​ប្រព័ន្ធ​ច្បាប់​​ស្ដី​ពី​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ ឲ្យ​បាន​ត្រឹម​ត្រូវ​នោះ កោះ​ក្រចក​សេះ​ និង​កោះ​ត្រល់ នឹង​មិន​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​រដ្ឋាភិបាល​វៀតណាម នោះ​ទេ។

លោក ស៊ាន ប៉េសែ បន្ថែម​ថា៖ «បើ​សិន​ជា​បាត់​កោះ​ត្រល់​ហ្នឹង​នៅ​ជំនាន់ នរោត្តម សីហនុ ហេតុ​អី​ក៏​យួន​ហ្នឹង​សូម​ឲ្យ​លោក ហ៊ុន សែន ទទួល​ស្គាល់​ថែម​ទៅ​ទៀត ព្រោះ​អស់​បាត់​ទៅ​ហើយ? ខ្ញុំ​និយាយ​តែ​ប៉ុណ្ណឹង​ទេ បើ​សិន​ជា​យួន​ហ្នឹង​បាត់​កោះ​ហ្នឹង​ហើយ ហេតុ​អី​ក៏​ចាំបាច់​ឲ្យ​ចុះ​ហត្ថលេខា​ហ្នឹង​ឈ្លោះ​គ្នា​រហូត​មក​ដល់​សព្វ​ថ្ងៃ ហើយ​បង្គាប់​ឲ្យ​លោក ហ៊ុន សែន ទទួល​ស្គាល់​ហ្នឹង ស្គាល់​កោះ​ត្រល់ និង កោះ​ពូឡូប៉ង់សង់ ហើយ​លោក ហ៊ុន សែន គាត់​និយាយ​តែ​កោះ​ហ្វូកុក និង​កោះ​ថូជូ ទេ គាត់​អត់​និយាយ​ជា​ខ្មែរ​ទេ»

ផ្ទុយ​ពី​លើក​ឡើង​នេះ កាល​ពី​ដើម​ខែ​សីហា ប្រមុខ​រដ្ឋាភិបាល លោក ហ៊ុន សែន ​ចាត់​ទុក​ថា រដ្ឋាភិបាល​ដែល​គ្រប់​គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​បញ្ចប់​បញ្ហា​​​ព្រំដែន​គោក និង​ព្រំដែន​ទឹក ជាមួយ​ប្រទេស​វៀតណាម តាម​រយៈ​យន្តការ​បង្កើត​តំបន់​ទឹក​ប្រវត្តិសាស្ត្រ។ លោក​ថា អ្វី​ដែល​កម្ពុជា នៅ​សេសសល់​ទឹកដី​ដូច​ក្នុង​ពេល​បច្ចុប្បន្ន​នេះ គឺ​កើត​ឡើង​ដោយ​សារ​កិច្ច​ព្រមព្រៀង​ និង​សន្ធិសញ្ញា​បំពេញ​បន្ថែម​​របស់​រដ្ឋាភិបាល​​ទាំង​ពីរ គឺ​កម្ពុជា និង​វៀតណាម រវាង​ឆ្នាំ​១៩៨២ និង​ឆ្នាំ​២០០៥។

លោក ហ៊ុន សែន៖ «តើ​កិច្ច​ព្រមព្រៀង​តំបន់​ទឹក​ប្រវត្តិសាស្ត្រ​បាន​ធ្វើ​ឲ្យ​បាត់​បង់​ទឹក​ដី​តំបន់​ទឹក​មួយ​ម៉ឺន​គីឡូម៉ែត្រ​ក្រឡា​មែន​ទេ​ឬ? ដែល​ពួក​អស់​លោក​បាន​ឭ​ចម្លើយ គឺ​សាមញ្ញ​ណាស់! គឺ​អត់​មាន​បាត់​ទេ។ ដូច្នេះ​បាន​ជា​ជម្រាប​ជូន​អំពី​ខាង​លើ​រួច​ហើយ​ថា កិច្ច​ព្រមព្រៀង​នេះ​ពុំ​បាន​កំណត់​ព្រំដែន​សមុទ្រ​រវាង​ប្រទេស​ទាំង​ពីរ​នៅ​ឡើយ​ទេ។ លើស​ពី​នេះ​ទៀត ភាគី​ទាំង​ពីរ​ត្រូវ​បន្ត​ចរចា​រក​ចំណុច​ប្រសប់​សូន្យ​រវាង​កោះ​វ៉ៃ និង​កោះ​ថូជូ ដើម្បី​កំណត់​ព្រំដែន​នៅ​ក្នុង​តំបន់​ទឹក​ប្រវត្តិសាស្ត្រ​នេះ។ អ៊ីចឹង​ការ​ចោទ​ប្រកាន់​ថា បាត់​បង់​តំបន់​ទឹក​មួយ​ម៉ឺន​គីឡូម៉ែត្រ​ក្រឡា​មិន​ខ្លាច​រន្ទះ​បាញ់​ងាប់​ទេ​អី?»

ឯកសារ​ចំនួន ៧៩​ទំព័រ ត្រូវ​បាន​រដ្ឋាភិបាល​បោះ​ពុម្ព និង​ចែក​ចាយ​ជា​សាធារណៈ​ក្រោយ​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រប​ខ្លួន​ឆ្លើយ​សំណួរ​របស់​លោក សុន ឆ័យ អ្នក​តំណាង​រាស្ត្រ​មក​ពី​គណបក្ស សម រង្ស៊ី ដែល​ប្រើ​ពេល​ជាង ៥​ម៉ោង នៅ​រដ្ឋ​សភា។ នៅ​ក្នុង​ឯកសារ​ដែល​ស្រង​សំដី​ដើម​ទាំង​ស្រុង​​របស់​លោក​នាយករដ្ឋមន្ត្រី​មក​ចុះ​ផ្សាយ​ឲ្យ​ដឹង​ថា កោះ​ត្រល់​ត្រូវ​បាត់​បង់​ចាប់​ពី​ឆ្នាំ​១៩៣៩ នៅ​គ្រា​លោក ប្រេវីយ៉េ អគ្គ​ទេសាភិបាល​បារាំង ​ដាក់​កោះ​នេះ​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​គ្រប​គ្រង​របស់​វៀតណាម ឬ​កូសាំងស៊ីន។ ក្រោយ​មក​នៅ​ឆ្នាំ​១៩៤៩ កិច្ច​ព្រមព្រៀង​កូសាំងស៊ីន ត្រូវ​បាន​បារាំង ប្រគល់​ទៅ​ឲ្យ​ព្រះចៅ បៅដាយ។

ឯកសារ​ឲ្យ​ដឹង​ទៀត​ថា រយៈ​ពេល ១៥​ឆ្នាំ ពោល​គឺ​ឆ្នាំ​១៩៦៤ សម្ដេច​ព្រះ នរោត្តម សីហនុ ដែល​ជា​ប្រមុខ​រដ្ឋ​ក្នុង​សម័យ​នោះ បាន​យក​ខ្សែ​ផែន​ទី ប្រេវីយ៉េ ឆ្នាំ​១៩៣៩ ទៅ​តម្កល់​នៅ​អង្គការ​សហប្រជាជាតិ ​គឺ​ដើម្បី​ស្នើ​សុំ​ឲ្យ​អន្តរជាតិ និង​ប្រទេស​សាមី​ទទួល​ស្គាល់​ថា ជា​ខ្សែ​ព្រំដែន​សមុទ្រ​រវាង​កម្ពុជា និង​វៀតណាម។ ក្នុង​ន័យ​នេះ​ហើយ​ដែល​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ​ថា ជា​ឧបសគ្គ​​ក្នុង​ការ​ទាម​ទារ​ដើម្បី​គ្រប់គ្រង​កោះ​ទាំង​នោះ​ឡើង​វិញ ហើយ​ថា បញ្ហា​នេះ​​ពុំ​មែន​ជា​កំហុស​ក្នុង​អាណត្តិ​របស់​លោក​គ្រប់គ្រង​ប្រទេស​នោះ​ដែរ។

ទាក់ទិន​ករណី​នេះ​កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា លោក សឺន ស៊ូប៊ែរ្តិ៍ ឧត្ដម​ក្រុមប្រឹក្សា​ព្រះមហាក្សត្រ​បាន​ច្រាន​ចោល​ការ​ថ្លែង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ភ្ជាប់​ព្រះ​នាម​សម្ដេច​ព្រះ នរោត្តម សីហនុ ទៅ​នឹង​ភាព​ចម្រូងចម្រាស​នៅ​ក្នុង​តំបន់​ទឹក​នេះ។

លោក សឺន ស៊ូប៊ែរ្តិ៍ ចាត់​ទុក​ថា សម្ដេច​ព្រះ នរោត្តម សីហនុ ពុំ​បាន​ធ្វើ​ឲ្យ​កោះ និង​តំបន់​ទឹក​ខ្មែរ​ត្រូវ​ខាត​បង់​ទៅ​ប្រទេស​វៀតណាម នោះ​ទេ ព្រោះ​ការ​តម្កល់​ឯកសារ​នៅ​ពេល​នោះ គឺ​ដើម្បី​រក្សា​ភាព​គង់វង្ស​តំបន់​ទឹក​​តែ​ប៉ុណ្ណោះ។ ក្នុង​ន័យ​នេះ​លោក​ថា ក្នុង​ឋានៈ​​ប្រមុខ​រដ្ឋាភិបាល​លោក ហ៊ុន សែន គួរ​ទទួល​ខុស​ត្រូវ​​ចំពោះ​ប្រវត្តិសាស្ត្រ​​ជា​ជាង​ភ្ជាប់​បញ្ហា​ពី​មួយ​ទៅ​មួយ។

ចំណែក​ឯកសារ​ស្ដី​ពី​តំបន់​ព្រំដែន​កម្ពុជា និង​ខ្ពង់​រាប​ដែន​សមុទ្រ​របស់​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា ដែល​ចង់​ក្រង​ឡើង​​ដោយ​លោក ស៊ាន ប៉េងសែ។ កោះ​ត្រល់​មាន​ចម្ងាយ ៤៥​គីឡូម៉ែត្រ ពី​ខេត្ត​ហាទៀង របស់​វៀតណាម។ តួលេខ​នេះ​បើ​ប្រៀបធៀប​ពី​កម្ពុជា មាន​ចម្ងាយ​តែ ១៥​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​ខេត្ត​កំពត។ បើ​គិត​ពី​កោះ​សេះ ដែល​ជា​កោះ​មួយ​ស្ថិត​នៅ​ចន្លោះ​ខេត្ត​កំពត និង​ខេត្ត​ព្រះសីហនុ មាន​ចម្ងាយ ៥​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​កោះ​ត្រល់។

មជ្ឈដ្ឋាន​នានា​និយាយ​ថា បើ​ទោះ​ជា​បែប​នេះ​ក្តី ផ្អែក​តាម​ផ្លូវ​ច្បាប់​គេ​ក៏​នៅ​តែ​អាច​ទាមទារ​សិទ្ធិ​កាន់​កាប​កោះ​ដែល​បាត់​បង់​ទាំង​នេះ​ពី​រដ្ឋាភិបាល​វៀតណាម វិញ​បាន។

និស្សិត​ផ្នែក​ច្បាប់​នៅ​សកលវិទ្យាល័យ​មួយ​នៅ​ខេត្ត​កំពត លោក ធន់ វុឌ្ឍី។ លោក​បាន​បង្ហាញ​ទស្សនៈ​ថា ​ប្រសិន​បើ​​រដ្ឋាភិបាល​មាន​ឆន្ទៈ​ក្នុង​ការ​ទាមទារ​កោះ​ដែល​បាត់​បង់​នោះ​មក​វិញ គឺ​ពុំ​មាន​ឧបសគ្គ​នោះ​ឡើយ ព្រោះ​កិច្ច​ព្រមព្រៀង​ក្រោម​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥ នោះ គឺ​មិន​ស្រប​ច្បាប់ ដែល​ផ្ទុយ​ពី​ពី​ស្មារតី​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ឆ្នាំ​១៩៩១ ស្ដី​ពី​កម្ពុជា។

លោក​បន្ត​ថា កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស បាន​ធានា​ថា សន្ធិសញ្ញា​ទាំង​ឡាយ​ណា​​កើត​ឡើង​នៅ​មុន​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ចូល​ជា​ធរមាន ត្រូវ​ចាត់​ទុក​ជា​មោឃៈ៖ «ពាក់​ព័ន្ធ​នឹង​គតិយុត្តិ​យើង​មាន​មូលដ្ឋាន​ក្តី សង្ឃឹម​មួយ​យ៉ាង​ច្បាស់​លាស់​ថា គឺ​មូលដ្ឋាន​ធំ​បំផុត​គឺ​យើង​មាន​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស គេ​និយាយ​អំពី​អធិបតេយ្យភាព​របស់​កម្ពុជា។ នៅ​ក្នុង​អធិបតេយ្យ​របស់​កម្ពុជា​ហ្នឹង មាន​​រួម​ទាំង​អ្នក​ដែល​ធ្វើ​សាក្សី​ធំ​ជាង​គេ​បំផុត​មាន​​អង្គការ​សហប្រជាជាតិ​មួយ​ដែរ ដែល​ចូល​រួម​នៅ​ក្នុង ១៨​ប្រទេស​នោះ»

ទោះ​ជា​បែប​ណា​របាយការណ៍​ចំនួន ៤១​ទំព័រ​ដែល​ចេញ​ផ្សាយ​កាល​ពី​ខែ​ឧសភា ឆ្នាំ​២០០២ របស់​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​បារាំង បាន​ហៅ​កិច្ច​ព្រមព្រៀង​ស្ដី​ពី​តំបន់​ទឹក​ប្រវត្តិសាស្ត្រ​​ដែល​កើត​ឡើង​រវាង​រដ្ឋាភិបាល​​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​សាធារណរដ្ឋ​​សង្គម​និយម​វៀតណាម កាល​ពី​​ថ្ងៃ​ទី៧ ខែ​កក្កដា ឆ្នាំ​១៩៨២ ថា បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​វៀតណាម មាន​ឱកាស​កាត់​យក​កោះ​ខ្មែរ​មួយ​ចំនួន និង​ដែន​សមុទ្រ​ខ្មែរ​មួយ​ភាគ​បី (១/៣) បន្ថែម​ទៀត។

លោក វ៉ា គឹមហុង ប្រធាន​គណៈកម្មាធិការ​កិច្ចការ​ព្រំដែន​កម្ពុជា តែង​បដិសេធ​​ក្នុង​ការ​​ឆ្លើយ​បំភ្លឺ​​ជុំវិញ​ការ​រក​ឃើញ​ទាំង​ឡាយ​ណា​ដែល​ថា រដ្ឋាភិបាល​បច្ចុប្បន្ន​បាន​ធ្វើ​ឲ្យ​បាត់​បង់​កោះ​ត្រល់​ទៅ​វៀតណាម។ លោក វ៉ា គឹមហុង មាន​ប្រសាសន៍​ថា លោក​មិន​ចាំ​បាច់​​​ធ្វើ​អត្ថាធិប្បាយ​បន្ថែម​ទៅ​លើ​អ្វី​ដែល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បកស្រាយ​ជាង ៥​ម៉ោង​នៅ​រដ្ឋសភា​​ពាក់​ព័ន្ធ​នឹង​បញ្ហា​ព្រំដែន​ទឹក​នេះ កាល​ពី​ថ្ងៃ​ទី​៩ ខែ​សីហា ទៀត​នោះ​ទេ។

គណៈកម្មាធិការ​ព្រំដែន​កម្ពុជា និង​អ្នក​នយោបាយ​បក្ស​ប្រឆាំង​​តែង​ចោទ​ថា សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥ ជា​ហេតុ​ផល​មួយ​ប៉ុណ្ណោះ​ដែល​ធ្វើ​កិច្ច​ព្រមព្រៀង​ឆ្នាំ​១៩៨២ រវាង​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម និង​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា ក្លាយ​ទៅ​ជា​សន្ធិសញ្ញា​ស្រប​ច្បាប់​ក្នុង​ការ​អនុញ្ញាត​ឲ្យ​ប្រទេស​វៀតណាម កាន់កាប់​កោះត្រល់ និង​តំបន់​ទឹក​មួយ​ចំនួន​ទៀត​របស់​ខ្មែរ។ ក៏​ប៉ុន្តែ​ទាំង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​មន្ត្រី​ក្នុង​រដ្ឋាភិបាល​របស់​លោក​តែង​អះ​អាង​ថា សន្ធិសញ្ញា​នេះ​គឺ​ជា​យន្តការ​មួយ​ដែល​ជួយ​ធ្វើ​ឲ្យ​មាន​តំបន់​ទឹក​កម្ពុជា-​វៀតណាម មាន​ភាព​ត្រឹមត្រូវ និង​សម្បត្តិ​ទាំង​ឡាយ​ក្នុង​ដែន​សមុទ្រ​ក្លាយ​ជា​អធិបតេយ្យភាព​របស់​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (64)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

Sign with US for commonwealth and let US put the military base.

Oct 05, 2014 08:41 PM

អ្នក​អាន​អនាមិក

Sign with US for commonwealth and let US put the military base.

Oct 05, 2014 08:39 PM

អ្នក​អាន​អនាមិក

ខ្ញុុំនឹងដាក់បណ្តាសសារ អោយវារលាយដូចទឹកអំបិល​នៅពេលណាដែលយើងទាំងអស់គ្នាដឹងថានណាម្នាក់ដែលជាជនជាតិខ្មែរបានលក់សម្បត្តិជាតិទៅអោយបរទេសនោះ។

Aug 10, 2014 11:10 AM

អនាមិក

ពី ញូយ៉ក

កោះទាំងពីរបាត់បង់ទៅក្នុងនិងក្រោយពេលដែលលោក ហ៊ុន សែន គម្រាមសម្តេចព្រះបាទ នរោត្តម សីហនុ ក្នុងការចុះហត្តលេខាលើសន្ធិសញ្ញាបំពេញបន្ថែមរវាងកម្ពុជា វៀតណាម នាឆ្នាំ២០០៥។

Aug 05, 2014 10:04 PM

សុភី

ពី សៀមរាប

បើចង់ទាមទាយកកោះដែលយើងវានបាត់ក្នុងសម័យនៃការដឹកនាំរាប់សម្តេច​ ហ៊ុន សែន នោះគឺដូវាចេញទៅ ដាក់អ្នកថ្មីដែលមិនក្បត់ជាតិទៅវាបានទៅហើយ។

Mar 25, 2014 04:43 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល