អាជ្ញាធរ​នាំ​ព្រះ​កាយ​ព្រះសង្ឃ​២​អង្គ​ទៅ​សាកសួរ​ព្រោះ​តែ​ស្រោច​ទឹក​ឲ្យ​កម្មករ

ក្រុម​កម្មករ និង​ពលរដ្ឋ​ជាង ២​ពាន់​នាក់ នៅ​ថ្ងៃ​ទី​២១ មករា ផ្ទុះ​ការ​តវ៉ា​ហែ​ក្បួន​ដើរ​ស្រែក​ជយឃោស​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៤ ទាមទារ​ឲ្យ​អាជ្ញាធរ​ដោះ​លែង​ព្រះសង្ឃ និង​រក​ដំណោះស្រាយ​ផ្ដល់​អត្ថប្រយោជន៍​ជូន​កម្មករ។
ដោយ វណ្ណ វិចារ
2013.01.21
កម្មករ ៣០៥ ២១-មករា-២០១៣៖ ក្រុម​កម្មករ​រោងចក្រ យ៉ាក់ជីន (Yak Jing) នៅ​ខណ្ឌ​ពោធិ៍សែនជ័យ និង​ពលរដ្ឋ ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​៤ ឆ្ពោះ​មក​រដ្ឋ​សភា ដើម្បី​ទាមទារ​ឲ្យ​ជួយ​ដោះលែង​ព្រះ​សង្ឃ​ដែល​ត្រូវ​ឃាត់​ព្រះ​កាយ​ទាំង​២​អង្គ។
RFA/Van Vichar

ហេតុការណ៍​នោះ​កើត​ឡើង​បន្ទាប់​ពី​អាជ្ញាធរ​ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ នាំ​ព្រះ​កាយ​ព្រះសង្ឃ​ពីរ​ព្រះអង្គ​ទៅ​សាកសួរ ដោយសារ​ព្រះតេជព្រះគុណ​ទាំង​ពីរ​អង្គ​នោះ​សូត្រ​ធម៌​ស្រោច​ទឹក​រំដោះ​គ្រោះ​ឲ្យ​កម្មករ​រោងចក្រ យ៉ាក់ជីង (Yak Jing) ដែល​ធ្វើ​កូដកម្ម​ទាមទារ​អត្ថប្រយោជន៍​ផ្សេងៗ​អស់​រយៈពេល ៣​ថ្ងៃ មក​ហើយ​នោះ។

ក្រុម​កម្មករ​រោងចក្រ យ៉ាក់ជីន ស្ថិត​នៅ​សង្កាត់​កំបូល ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ ផ្អាក​ការ​ធ្វើ​កូដកម្ម​នៅ​មុខ​រោងចក្រ ដោយ​ងាក​ទៅ​តវ៉ា​នៅ​មុខ​សាលា​សង្កាត់ និង​បន្ត​ដំណើរ​ថ្មើរ​ជើង​លើក​បដា​ស្រែក​ទាមទារ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៤ វិញ។ ការ​ធ្វើ​បែប​នេះ មក​ពី​នគរបាល​ខណ្ឌ​ពោធិ៍សែនជ័យ នាំ​ព្រះ​កាយ​ព្រះតេជព្រះគុណ​ពីរ​ព្រះអង្គ​ដែល​មក​សូត្រ​ធម៌​លើក​រាសី​ឲ្យ​កម្មករ​ទៅ​សួរ​នាំ​នៅ​សាលា​ខណ្ឌ​ពោធិ៍សែនជ័យ។

មន្ត្រី​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា ហៅ​កាត់​ថា ស៊ីខាវឌូ (CCAWDO) លោក ប៊ុត ប៊ុនឈាន ឲ្យ​ដឹង​ថា តំណាង​សហជីព និង​កម្មករ បាន​ធ្វើ​កូដកម្ម​អស់​រយៈពេល​ជាង ៣​ថ្ងៃ​មក​ហើយ ដើម្បី​ទាមទារ​អត្ថប្រយោជន៍​ផ្សេងៗ ដូចជា​ដំឡើង​ប្រាក់​ជីវភាព និង​ប្រាក់​បំណាច់​ឆ្នាំ​ជា​ដើម។

លោក​បន្ត​ថា ការ​ធ្វើ​កូដកម្ម​មិន​ទាន់​សម្រេច​បាន​ជា​ផ្លែផ្កា កម្មករ​ក៏​បាន​និមន្ត​ព្រះតេជព្រះគុណ​មក​សូត្រ​ធម៌ ស្វាធ្យាយ​ជយន្ដោ​លើក​រាសី​រំដោះ​គ្រោះ​ឲ្យ​កម្មករ គ្រាន់​តែ​សូត​មន្ត​លើក​រាសី​ចប់ សមត្ថកិច្ច​នគរបាល​ក៏​នាំ​ព្រះ​កាយ​ព្រះសង្ឃ​ទៅ​កាន់​សាលា​ខណ្ឌ​ពោធិ៍សែនជ័យ តែម្តង៖ «បន្ទាប់​ពី​យើង​និមន្ត​ព្រះសង្ឃ​មក​សូត្រ​មន្ត​ចប់​ហើយ ប៉ូលិស​គេ​បាន​នាំ​ព្រះសង្ឃ​ទៅ​តែម្ដង គឺ​ចូល​សាលា​សង្កាត់ ហើយ​យើង​សួរ​គាត់ គាត់​ប្រាប់​ថា ធ្វើ​តាម​បញ្ជា​មេ បើ​ព្រះសង្ឃ​សូត្រ​ធម៌​ឲ្យ​កម្មករ​ហើយ ត្រូវ​បាន​គេ​ហៅ​ទៅ​សួរ​នាំ សុំ​ដាក់​ចម្ងល់​ឲ្យ​សាធារណៈ​ដឹង​ថា មូលហេតុ​អី?»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​មន្ត្រី​សាលា​ខណ្ឌ​ពោធិ៍សែនជ័យ ដើម្បី​បំភ្លឺ​ពី​ការ​នាំ​ព្រះ​កាយ​ព្រះ​សង្ឃ​ទៅ​សាកសួរ​បាន​ទេ នៅ​ថ្ងៃ​ទី​២១ មករា ឆ្នាំ​២០១៣។

ទោះ​យ៉ាង​ណា​ក្តី មន្ត្រី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​កំបូល​ដែល​មិន​ប្រាប់​ឈ្មោះ​បញ្ជាក់​ថា ការ​នាំ​ព្រះ​កាយ​ព្រះសង្ឃ​ពីរ​ព្រះអង្គ​ទៅ​ខណ្ឌ គឺ​ធ្វើ​ឡើង​តាម​បញ្ជា​អភិបាល​ខណ្ឌ​ពោធិ៍សែនជ័យ ប៉ុន្តែ​គ្រាន់​តែ​និមន្ត​ក្នុង​ន័យ​ល្អ​ប៉ុណ្ណោះ៖ «និមន្ត​មក​សូត្រ​មន្ត​ហ្នឹង បាតុកម្ម​ខ្លាច​មាន​បញ្ហា​ចេះ​ចុះ​អី​ហ្នឹង ​លោក​អភិបាល​ហ្នឹង​ចង់​សួរ​លោក​និមន្ត​មក​ពី​ណា​អី​ណា ឲ្យ​និមន្ត​មក​វិញ​ហើយ​តើ! ខាង​ខណ្ឌ​គេ​អ្នក​និមន្ត មិន​មែន​ប៉ុស្តិ៍​ទេ»

ព្រះតេជព្រះគុណ​ពីរ​ព្រះអង្គ​នោះ គង់​នៅ​វត្ត​ភូមិថ្មី ឃុំ​បែកចាន ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល មាន​ព្រះនាម មិន សេង មាន​តួនាទី​ជា​អធិបតី​សង្ឃ​ដែល​មាន​ព្រះជន្ម ៧៨​វស្សា និង​សាមណេរ​ព្រះនាម អៀត ទរ។

ព្រះតេជព្រះគុណ មិន សេង មាន​ថេរដីកា​ថា ទង្វើ​របស់​អាជ្ញាធរ​មិន​ត្រឹមត្រូវ និង​សក្ដិសម​ជា​ពុទ្ធសាសនិកជន​នោះ​ទេ ព្រោះ​ព្រះសង្ឃ​គ្រាន់​តែ​សូត្រ​ធម៌​រំដោះគ្រោះ​ឲ្យ​កម្មករ​ប៉ុណ្ណោះ ហេតុ​អ្វី​ហៅ​ទៅ​សួរ​នាំ?

ព្រះអង្គ​បន្ត​ថា ប៉ូលិស​ហៅ​សួរ​ថា សូត្រ​ធម៌​ហ្នឹង​មាន​ឆាយា ឬ​អត់? សូត្រ​មន្ត​អ្វី? ហើយ​សូត្រ​ហ្នឹង​មាន​អាចារ្យ ឬ​អត់? ប៉ុន្តែ​តាម​ទម្លាប់ ព្រះសង្ឃ​ដែល​សូត្រ​ធម៌​នៅ​ជិតៗ​វត្ត មិន​ដែល​ដាក់​ឆាយា​ទៅ​ជា​មួយ​ឡើយ បើ​សិន​ជា​ឆ្លង​ខេត្ត ឬ​ប្រទេស​ទើប​ចាំបាច់​ដាក់​របស់​ទាំង​នេះ​តាម៖ «អាត្មា​គួរ​ឲ្យ​ឆ្ងល់​ដែរ គ្រាន់​តែ​និមន្ត​ប៉ុណ្ណឹង​ហៅ​មក​សួរ​ដែរ អាត្មា​គ្រាន់​តែ​ជម្រាប​ថា វា​មិន​សម​ទេ ជួយ​ពិចារណា​មើល​ទៅ»

បន្ទាប់​ពី​សួរ​នាំ​អស់​ជាង ១​ម៉ោង​រួច​មក ព្រះសង្ឃ​ទាំង​ពីរ​អង្គ​ក៏​ត្រូវ​អនុញ្ញាត​ឲ្យ​និមន្ត​ទៅ​កាន់​ទី​វត្ត​អារាម​វិញ​នៅ​វេលា​ម៉ោង ១០​ព្រឹក។

ក្រុម​កម្មករ​ទាំង​នោះ​នៅ​តែ​បន្ត​ការ​តវ៉ា​ទាមទារ​ឲ្យ​មាន​ដំណោះស្រាយ​ដដែល ដោយ​កម្មករ​ដើរ​ថ្មើរ​ជើង​សំដៅ​កាន់​រដ្ឋ​សភា ពេល​នោះ​ក្រុម​នគរបាល​បង្ក្រាប​រាប់​សិប​នាក់ ចុះ​រារាំង​កម្មករ​ត្រង់​ចំណុច​សាលា​សង្កាត់​ចោមចៅ ដោយ​ស្នើ​តំណាង​កម្មករ​ចូល​ដោះស្រាយ​ក្នុង​សង្កាត់​ចោមចៅ។ ក្នុង​នោះ​មាន​វត្តមាន​មន្ត្រី​ក្រសួង​ការងារ សាលា​ខណ្ឌ​ពោធិ៍សែនជ័យ ចៅ​សង្កាត់ តំណាង​ក្រុមហ៊ុន យ៉ាក់ជីន ចូល​រួម​ដោះស្រាយ។

កម្មករ​ស្នើ​ឲ្យ​ថៅកែ​ផ្ដល់​អត្ថប្រយោជន៍​ជូន​ពួក​គេ មាន​ដូច​ជា ដំឡើង​ប្រាក់​ខែ​គោល ផ្ដល់​ប្រាក់​បំណាច់​ប្រចាំ​ឆ្នាំ ប្រាក់​ជីវភាព ព្រម​ទាំង​លក្ខខណ្ឌ​ការងារ​មួយ​ចំនួន​ទៀត។ ភាគី​រោងចក្រ​បាន​សម្រេច​ព្រមព្រៀង​លើ​ចំណុច​មួយ​ចំនួន ហើយ​ចំណុច​ខ្លះ​ទៀត នឹង​ត្រូវ​បញ្ជូន​ចូល​ក្រុមប្រឹក្សា​អាជ្ញា​កណ្ដាល។

ក្នុង​ថ្ងៃ​ជាមួយ​គ្នា​នេះ​ដែរ មាន​កម្មករ​ជិត ១​ពាន់​នាក់​នៅ​រោងចក្រ​មួយ​ផ្សេង​ទៀត ឈ្មោះ International Fashion Royal នៅ​សួន​ឧសាហកម្ម​កាណាឌីយ៉ា ក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ ក៏​ផ្ទុះ​ការ​តវ៉ា​ដែរ ដើម្បី​ទាមទារ​លក្ខខណ្ឌ​ការងារ​មួយ​ចំនួន ប៉ុន្តែ​មិន​មាន​ដំណោះស្រាយ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។