សមត្ថកិច្ច​កំណត់​មុខ​សញ្ញា​ជន​២​នាក់​ក្នុង​ករណី​បង្កៃ​គ្រាប់បែក

នៅ​ថ្ងៃ​នេះ​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ថា សមត្ថកិច្ច​បាន​កំណត់​មុខ​សញ្ញា​ជន​ពីរ​នាក់​ហើយ​ដែល​បាន​ដាក់​គ្រាប់​បែក​ច្នៃ​ចំនួន​បី​គ្រាប់​នៅ​ក្បែរ​អគារ​រដ្ឋាភិបាល​សំខាន់ៗ​ពីរ​កន្លែង​ផ្សេង​គ្នា​នោះ​ហើយ។
ដោយ មុំ សុផុន
2009.01.04
គ្រាប់​មីន អ្នក​ដោះ​មីន​គ្រប​គ្រាប់​បែក​ច្នៃ​ដែល​ត្រូវ​គេ​បង្កៃ​នៅ​មុខ​ក្រសួង​ការពារ​ជាតិ​ក្នុង​ក្រុង​ភ្នំពេញ​ នា​ថ្ងៃ​ទី​២ មករា ២០០៩។
AFP Photo

លោក ខៀវ កាញារីទ្ធ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា សមត្ថកិច្ច​កំពុង​តែ​បន្ត​ការតាមដាន​និង​ស៊ើប​អង្កេត​ជា​បន្ត​ទៀត។

លោក ខៀវ កាញារីទ្ធ បាន​បញ្ជាក់​ថា ៖ «បញ្ហា​ដាក់​បង្កៃ​គ្រាប់បែក​នេះ​គឺ​យើង​ឃើញ​ថា មុខ​សញ្ញា​មាន​ហើយ ប៉ុន្តែ​ទើប​តែ​បាន​២​នាក់​ទេ ប៉ុន្តែ​ខ្ញុំ​មិន​អាច​ជម្រាប​បាន​ដោយសារ​តែ​ទុក​ឲ្យ​សមត្ថកិច្ច​បន្ត​ធ្វើ​ការងារ​នេះ​ត​ទៅ​ទៀត។ ហើយ​ជា​ការ​ពិត​យើង​ឃើញ​ថា​អ្នក​ដែល​ដាក់​នេះ​គឺ​សំខាន់​គេ​កំញើញ​ស្មារតី​ប្រជាជន​មិន​ឲ្យ​ចូលរួម​៧​មករា​ហ្នឹង។ ខ្ញុំ​អាច​ជម្រាប​ប៉ុណ្ណឹង​សិន​ដោយសារ​ថា​ទុក​ការងារ​នេះ​ឲ្យ​អាជ្ញាធរ​គេ​ធ្វើការ​ស្រាវជ្រាវ​បន្ត​ទៀត។ សូម​ជម្រាប​ថា យើង​មាន​មុខសញ្ញា​ស្រួលបួល​របស់​យើង... ពីព្រោះ​មនុស្ស​ហ្នឹង​វា​មាន​ស្នាម​រួច​ទៅ​ហើយ អ៊ីចឹង​យើង​មាន​មុខសញ្ញា​ដែល​យើង​ស្រួល​រក»

សូម​បញ្ជាក់​ថា សមត្ថកិច្ច​បាន​រក​ឃើញ​គ្រាប់បែក​កែច្នៃ​ចំនួន​បី​គ្រាប់​ដែល​ដាក់​ចោល​នៅ​ក្បែរ​អគារ​រដ្ឋាភិបាល​សំខាន់ៗ​ពីរ​កន្លែង​ផ្សេង​គ្នា គឺ​នៅ​ក្បែរ​ក្រសួង​ការពារ​ជាតិ​មួយ​គ្រាប់​និង​ខាង​កើត​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ក្បែរ​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៣​ចំនួន​ពី​គ្រាប់។

គ្រាប់បែក​ដែល​ដាក់​បង្កៃ​ចោល​នេះ​មិន​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ឡើយ ប៉ុន្តែ លោក ខៀវ កាញារីទ្ធ បាន​ថ្លែង​ថា បើ​ទោះ​ជា​រូបភាព​ណា​ក៏​ដោយ​ទង្វើ​នេះ​គឺ​ជា​សកម្មភាព​ភេរវកម្ម។

លោក ខៀវ កាញារីទ្ធ បាន​ថ្លែង​ថា ៖ «ការបង្កៃ​គ្រាប់បែក​ហើយ​មិន​មែន​ថា​ជា​ក្រុម​សន្តិភាព​និយម​បាន​ទេ តែ​ដាក់​គ្រាប់បែក​គឺ​ក្រុម​ភេរវករ​ហើយ អា​ហ្នឹង​គឺ​តែ​ប៉ុណ្ណឹង។ ពិត​មែន​តែ​យើង​ឃើញ​ថា គ្រាប់បែក​នេះ​មិន​មាន​បំណង​ចង់​ឲ្យ​ស្លាប់​មនុស្ស​ក្ដី​ពីព្រោះ​អត់​មាន​ដាក់​អំបែង​ដាក់​អី​ចូល​ទេ ហើយ​បើសិន​ជា​ចង់​ឲ្យ​ផ្ទុះ​ក៏​ផ្ទុះ​យូរ​ណាស់​ហើយ​ដែរ នេះ​ជា​ការកំញើញ។ ប៉ុន្តែ​ដោយឡែក​សកម្មភាព​ប៉ុណ្ណឹង​ក៏​វា​ជា​សកម្មភាព​មួយ​ដែល​យើង​ហៅ​ថា​ជា​សកម្មភាព​ភេរវកម្ម​បាន​ដែរ»

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។