ប្រជាពលរដ្ឋខ្មែរឈ្មោះ យឿន យ៉េត អាយុ១៩ឆ្នាំ រស់នៅក្នុងឃុំព្រែកសំបួរ ស្រុកពាមជរ ខេត្តព្រៃវែង ជាជនរងគ្រោះដោយការប៉ុនប៉ងធ្វើឃាតរងរបួសជាច្រើនកន្លែងបានថែ្លងប្រាប់វិទ្យុអាស៊ីសេរីថា ខ្លួនបានស៊ីឈ្នួលភ្ជួរស្រែឲ្យជនជាតិវៀតណាមដែលបានទិញដីស្រែពីប្រជាពលរដ្ឋខែ្មរនៅតាមបណ្តោយព្រំដែនវៀតណាមកម្ពុជា។
លោក យឿន យ៉េត បានឲ្យដឹងថា ៖ «ភ្ជួរដីឲ្យវៀតណាម ភ្ជួរហើយខ្ញុំក៏ដេក យួនទៅធ្វើឃាតខ្ញុំពីរនាក់ ប្រុងទៅចាប់ខ្ញុំឲ្យងាប់ តែខ្ញុំរើរួចវិញ ខ្ញុំក៏រត់។ រត់មក យួនហ្នឹងក៏តាមខ្ញុំ ពេលយប់ បាននៅមុខផ្ទះខ្ញុំនៅកោះថ្មីជាប់ដងទន្លេមេគង្គ។ ស៊ីឈ្នួលភ្ជួរដីគេមួយកុង ២ម៉ឺនរៀល ស្មើ៨ម៉ឺនដុង»។
សុខ សេរី ៖ ប៉ុន្មាននាក់ដែលតាមចាប់? យឿន យ៉េត ៖ ពីរ (នាក់)។ តាមកាប់ យកពូថៅកាប់តាមក្រោយ អាមួយកាន់ពូថៅ អាមួយកាន់ព្រនង់។ ខ្មែរខ្ញុំតែម្នាក់ឯង ខ្ញុំដេករោងចាំក្របីម្នាក់ឯង។
សុខ សេរី ៖ ហេតុអីបានគេចាប់? យឿន យ៉េត ៖ ខ្ញុំ កូនក្របីវាចូល... មិនដល់ចូលត្រសក់ផង ហើយវាដៀលខ្ញុំថា ពូជខ្មែរពូជអី ចិញ្ចឹមក្របីចូលរបស់វា ដល់ពេលនេះខ្ញុំខឹង។ ពុកម៉ែខ្ញុំប្ដឹងខាងប៉ុស្តិ៍ប៉ូលិស ប៉ូលិសថាធានា។ ធានាអី យួនវារត់បាត់អស់ហើយ។ ចំក្បាល២ពូថៅ កន្លែងត្របកភ្នែកផង ត្រូវខ្លួនខ្ទាំ បិទឡើងសុះខ្លួនដែរ។
ហេតុការណ៍ខាងលើនេះបានកើតមានទ្បើងកាលពីសប្តាហ៍កន្លងទៅនេះ។ ប្រភពបានឲ្យដឹងថា ជនជាតិវៀតណាមដែលបានប្រព្រឹត្តអំពើហិង្សានោះបានរត់គេចខ្លួនអស់ហើយ មានចំនួនពីរនាក់។ ក្រុមគ្រួសាររងគ្រោះបានឲ្យដឹងថា ខ្លួនមិនទាន់បានប្តឹងទៅតុលាការក្នុងខេត្តព្រៃវែងនៅទ្បើយទេ រង់ចាំការដោះស្រាយពីអាជ្ញាធរមូលដ្ឋានជាមុនសិន។
លោក ព្រីង ហួរ ជាមេឃុំព្រែកសំបួរ ស្រុកពាមជរ ខេត្តព្រៃវែង បានមានប្រសាសន៍បំភ្លឺប្រាប់វិទ្យុអាស៊ីសេរីថា ៖ «អាហ្នឹងខ្ញុំគ្រាន់តែដឹងទេ ប៉ុន្តែខាងប៉ុស្តិ៍ ខាងអធិការស្រុកអី គេចុះមកដោះស្រាយអី មិនដឹងបានដល់ត្រឹមណាទេ។ អាហ្នឹងវាព្រហ្មទណ្ឌហើយ យើងថ្នាក់ឃុំអត់អាចដោះស្រាយបានទេ។ វៀតណាមវាគេចខ្លួនបាត់អស់ហើយ»។
ទាក់ទងនឹងបញ្ហាខាងលើនេះ លោក អំ សំអាត ប្រធានផែ្នកស៊ើបអង្កេតរបស់អង្គការសិទ្ធិមនុស្សលីកាដូបានមានប្រសាសន៍ថា ៖ «យើងខាងអង្គការលីកាដូ យើងបានទទួលព័ត៌មានហើយ ហើយយើងកំពុងតែរៀបចំភស្តុតាងដើម្បីចុះទៅធ្វើការស៊ើបអង្កេត។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយយើងឃើញករណីនេះជាករណីព្រហ្មទណ្ឌធ្ងន់ធ្ងរ បើយើងគិតទៅវាជាការប៉ុនប៉ងធ្វើមនុស្សឃាតផង»។
លោកបានឲ្យដឹងថា អង្គការរបស់លោកនឹងចាត់ចែងរកមេធាវីជូនក្រុមគ្រួសារជនរងគ្រោះ បើសិនណាគេបន្តក្តីនេះទៅតុលាការដើម្បីស្វែងរកចាប់ជនសង្ស័យក្រោមបទព្រហ្មទណ្ឌប៉ុនប៉ងធ្វើឃាតនោះ៕
