យ៉ាងហោចណាស់មានផ្ទះជនជាតិចាមប្រហែល៣០០ខ្នងត្រូវបំផ្លាញទាំងស្រុង ប៉ុន្តែពុំទាន់ដឹងថា មានមនុស្សប៉ុន្មាននាក់រងរបួសនៅឡើយ នៅក្នុងអគ្គិភ័យមួយដែលឆាបឆេះនៅសង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ ក្រុងភ្នំពេញ នៅព្រឹកថ្ងៃ១៩ វិច្ឆិកា។
១៩-វិច្ឆិកា-២០០៩: សមត្ថកិច្ចបាញ់ទឹកពន្លត់ភ្លើងដែលឆាបឆេះនៅសង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ
ព័ត៌មានចុងក្រោយ អភិបាលរងខណ្ឌឫស្សីកែវ លោកស្រី លី រ៉ូហ្សាមី និយាយថា អគ្គិភ័យបានចាប់ផ្តើមរលត់ទៅវិញនៅម៉ោងមួយរសៀល ហើយត្រូវបានគេសន្និដ្ឋានជំហានដំបូងថា ប្រហែលបណ្តាលមកពីការផ្ទុះហ្គាស ឬការទុស្សេចរន្តអគ្គិសនី។
លោកស្រី លី រ៉ូហ្សាមី មានប្រសាសន៍ឲ្យដឹងដូច្នេះ ៖ «អ្នករងគ្រោះដូចជាចេញអស់ អត់មានគ្រោះថ្នាក់ដល់ជីវិតមនុស្សទេ ប៉ុន្តែនាំគ្នាជម្លៀស។ អ្នកខ្លះដែលមានទូកហ្នឹង គាត់រើអីវ៉ាន់ដាក់ទូកចេញទៅត្រើយម្ខាង ខាងព្រែកតាសេក ហើយក៏មានអ្នកខ្លះជម្លៀសចេញមកខាងណេះថ្នល់ ឲ្យចេញផុតពីកន្លែងអណ្ដាតភ្លើង។ មូលហេតុនៃដើមភ្លើងខ្ញុំអត់ទាន់ដឹងច្បាស់ទេ មិនដឹងមកពីផ្ទុះធុងហ្គាស ឬក៏ទុស្សេខ្សែភ្លើងម៉េចយើងអត់ទាន់ច្បាស់ អត់ទាន់បានស្រាវជ្រាវច្បាស់ទេ រវល់តែខិតខំរឿងពន្លត់ រឿងអគ្គិភ័យហ្នឹង»។
ចាប់តាំងពីម៉ោងប្រមាណ៧និង៣០នាទីព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ វិច្ឆិកា ភូមិជនជាតិចាមចំនួន២ ត្រូវគ្របដណ្តប់ទៅដោយផ្សែងខ្មួលខ្មាញ់ និងអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅ។ ប្រជាពលរដ្ឋខំប្រវេប្រវារត់ចេញពីអណ្តាតភ្លើងដោយតក់ក្រហល់ ខ្លះស្រវាបានសម្ភារៈ ខ្លះរត់យកតែរួចខ្លួន។
ក្រុមអាជ្ញាធរពុំទាន់បានបញ្ជាក់ពីចំនួនគ្រួសាររងគ្រោះ និងការខាតបង់នៅឡើយទេ ខណៈភ្លើងកំពុងតែឆេះ។
ប៉ុន្តែប្រជាពលរដ្ឋរងគ្រោះផ្ទាល់បានឲ្យដឹងទាំងការស្រែកទ្រហោយំចំពោះមុខអណ្តាតភ្លើងដែលកំពុងឆាបឆេះផ្ទះគាត់ថា ៖ «ម្នាក់ៗរាប់ម៉ឺន(ដុល្លារ) មួយសម្បុក៨ពាន់ៗ អស់រលីងប្រដាប់ឧបករណ៍រកស៊ី។ អល់ឡោះជួយខ្ញុំផង! ជួយភ្លើងកុំឲ្យឆេះដល់ផ្ទះខ្ញុំ។ គេអត់ព្រមបាញ់ទឹកទេ។ បាញ់ទឹកផ្ទះខ្ញុំមួយទៅលោក»។
ព័ត៌មានបណ្តោះអាសន្នបានអះអាងថា សាលាសង្កាត់ឫស្សីកែវ ប៉ុស្តិប៉ូលិស និងផ្ទះរបស់ប្រជាពលរដ្ឋត្រូវបានបំផ្លាញ។
រដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ អ្នកឧកញ៉ា ឧស្មាន់ ហាស្សាន់ ដែលបានស្ថិតនៅកន្លែងកើតហេតុបានឲ្យដឹងថា តំបន់ឆេះនេះមានពីរភូមិ មានប្រជាជនច្រើនរស់នៅប្រជ្រៀតគ្នាជាយូរឆ្នាំមកហើយ ហើយ៩០% ជាជនជាតិចាម ធ្វើឲ្យឡានទឹកចូលមិនដល់ ដែលបង្កការឆេះរាលដាលកាន់តែខ្លាំង ប៉ុន្តែលោកមិនដឹងថា មានប៉ុន្មានគ្រួសារនោះទេ។
លោក ឧស្មាន់ ហាស្សាន់ បានឲ្យដឹងដូច្នេះ ៖ «ផ្ទះនៅតំបន់នេះយើងអត់មានកន្លែងចូលទៅជួយពន្លត់នៅពេលអគ្គិភ័យឆាបឆេះខ្លាំង ដល់អ៊ីចឹងវាជាការលំបាកមួយ ទោះបីយើងប្រៀបធៀបថា ឃើញរថយន្តជាច្រើនមកពីគ្រប់ទិសទី ក៏ប៉ុន្តែដោយសារថា មិនអាចចូលទៅពន្លត់នៅក្នុងបាន»។
ជាមួយគ្នានេះលោកសូមអំពាវនាវឲ្យមានកិច្ចសហការគ្នាជួយសង្គ្រោះជាបន្ទាន់ ដូចជាសម្ភារៈ ស្បៀងអាហារជាដើម។ ក្រៅពីគ្រោះអគ្គិភ័យ ខណៈនោះក៏កើតចោរលួចឆ្លៀតឱកាសបន្លំយកសម្ភារៈជនរងគ្រោះជាច្រើន ៖ «ម៉ូតូជនរងគ្រោះដាក់ចោល ចូលទៅយកអីវ៉ាន់ក្នុងផ្ទះ ចេញមកវិញបាត់ៗ។ អម្បាញ់មិញដេញចាប់ចោរមួយដែរចាប់អត់ទាន់»។
មកដល់ពេលនេះ អាជ្ញាធរពុំទាន់មានរបាយការណ៍សរុបអំពីការខូចខាតនោះនៅឡើយទេ ហើយគេក៏មិនទាន់មានផែនការច្បាស់លាស់នៅឡើយ ក្នុងការជួយសង្រ្គោះនិងឧបត្ថម្ភដល់ជនរងគ្រោះ ក្រោយអគ្គិភ័យនោះ៕
មនុស្ស៣១នាក់ស្លាប់ដោយសាររន្ទះបាញ់និងខ្យល់ព្យុះនៅដើមឆ្នាំនេះ
មន្ត្រីអ.ស.ប.៖ កម្ពុជាត្រូវពង្រឹងប្រព័ន្ធផ្ដល់ព័ត៌មានស្ដីពីទឹកជំនន់
មន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយបារម្ភពីគ្រោះធម្មជាតិ
ខេត្តកំពង់ឆ្នាំង៖ ផ្ទះ ៣៩ ខ្នងខូចខាតធ្ងន់ធ្ងរដោយសារខ្យល់ព្យុះ
ភ្លើងឆេះផ្ទះ ២ ខ្នងខ្ទេច ដោយសារឡានបុកដបសាំង
ព្យុះនៅខេត្តកំពតបណ្ដាលឲ្យផ្ទះជាង១៥០ខ្នងខូចខាត
ខ្យល់ព្យុះធ្វើឲ្យខូចខាតផ្ទះជិត១០០ខ្នងនៅបន្ទាយមានជ័យ
អ្នកជំនាញត្រៀមបោះពុម្ពសៀវភៅអប់រំពីវិធីការពាររន្ទះ
មតិ
Click here to add your own comment