កុមាររងគ្រោះទាំង ៣នាក់ មានទីលំនៅភូមិទួលប្រាសាទ នៃឃុំទំនប់ដាច់ ជិតតំបន់ព្រំដែនកម្ពុជា-ថៃ។
លោក កែវ តាន់ ជាអធិការ នគរបាលស្រុកត្រពាំងប្រាសាទ បានមានប្រសាសន៍កាលពីរសៀលថ្ងៃច័ន្ទ ទី១០ ខែកញ្ញា ថា តំបន់ដែលផ្ទុះគ្រាប់ស្លាប់កុមារ ៣នាក់នោះ គឺនៅចម្ងាយប្រមាណជា ៣ ឬ ៤គីឡូម៉ែត្រ ពីព្រំដែនកម្ពុជា-ថៃ។
មន្ត្រីនគរបាលដដែលបានមានប្រសាសន៍ថា កុមារចំនួន ៣នាក់ ដែលស្លាប់ គឺជាក្មេងដើរឃ្វាលគោនៅក្នុងចំណោមកុមារជាច្រើននាក់ទៀត៖ «ម៉ោង ២ និង ៣០នាទី ពីម្សិល។ ផ្ទុះគ្រាប់ប្រភេទ បេ៤០ ក្មេងផ្សេងៗ ក៏បានប្រាប់បានប្រងដែរ ថាកុំកាន់ កុំប៉ះ កុំយកទៅប្រយ័ត្នផ្ទុះងាប់អ៊ីចឹង។ តែមានក្មេងម្នាក់វាកាន់មកពីព្រៃមក មកដល់ជិតភូមិហ្នឹងវាកាន់បណ្តើរ វាដើរអុកៗ ក៏ផ្ទុះ។ ដាក់ទៅដល់ជិតមន្ទីរពេទ្យស្រុកអន្លង់វែង វាស្លាប់ម្នាក់ទៀតទៅទាំងអស់វាបី។ ក្មេងអាយុខ្ពស់ជាងគេ ៩ឆ្នាំ ក្មេងប្រុសទាំងអស់»។
មន្ត្រីមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានឱ្យដឹងថា តំបន់ដែលកុមារទាំង ៣នាក់ បានផ្ទុះគ្រាប់ស្លាប់នោះ គឺជាតំបន់សង្គ្រាមចុងក្រោយរវាងកងទ័ពរដ្ឋាភិបាល និងកម្លាំងឧទ្ទាមខ្មែរ ក្រហម កាលពីឆ្នាំ១៩៩៧។ នៅទីនោះ គឺជាកន្លែងដែលពោរពេញដោយគ្រោះថ្នាក់គ្រាប់មីន និងអាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅឡើយ។
លោក មាន សារុន ជាប្រធានកងឯកភាពកំចាត់មីនទី៦ របស់ ស៊ីម៉ាក បានមានប្រសាសន៍ថា កម្លាំងរបស់លោកប្រមាណជាង ៧០នាក់ កំពុងតែប្រតិបត្តិការសំអាតមីន និងអាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅទីនោះជាច្រើនឆ្នាំមកហើយ។
លោកបញ្ជាក់ថា តំបន់នោះ គឺសំបូរទៅដោយគ្រាប់មីនប្រឆាំងថ្មើរជើង និងប្រឆាំងរថក្រោះ ព្រមទាំងគ្រាប់មិនទាន់ផ្ទុះជាច្រើនប្រភេទទៀត។
មន្ត្រីស៊ីម៉ាក បានឱ្យដឹងថា គ្រាន់តែក្នុងរយៈពេល ៨ខែឆ្នាំ២០១២ គឺកម្លាំងស៊ីម៉ាក បានបោសសំអាតមីនប្រឆាំងថ្មើរជើងបានចំនួនជាង ២.០៩០គ្រាប់ មីនប្រឆាំងរថក្រោះជាង ៩០គ្រាប់ និងមីនច្នៃប្រមាណជាង ៧០គ្រាប់ ព្រមទាំងគ្រាប់មិនទាន់ផ្ទុះចំនួនជាង ១.៤៨០គ្រាប់ ចេញពីតំបន់នោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។