ឃាតកម្មទី១នៅក្នុងស្រុកកោះសូទិន ប្តីប្រពន្ធពីរនាក់បានស្លាប់ដោយការប្លន់ប្រដាប់អាវុធ ។ ឯឃាតកម្មទី២ ក្មេងប្រុសវ័យ១៦ឆ្នាំបានស្លាប់នៅក្នុងស្រុកពញាក្រែកត្រូវបានឃាតករលួចកាប់ពីក្រោយខ្នង ។
អធិការប៉ូលិសស្រុកពញាក្រែក ឈ្មោះ ប្រាក់ ប៊ុនណន់ បានមានប្រសាសន៍ឲ្យដឹងថា ក្មេងប្រុសអាយុ១៦ឆ្នំា ឈ្មោះ ធឿន សុធា នៅក្នុងភូមិត្រពាំងព្រីង ឃុំត្រពាំងផ្លុង ត្រូវបានជនមិនស្គាល់មុខលួចកាប់នឹងកាំបិតប្រហារពីក្រោយខ្នងនៅវេលាម៉ោង ៧និង៣០នាទី យប់ថ្ងៃទី២ កក្កដា ធ្វើឲ្យបាត់បង់ជីវិតភ្លាមៗ ។
លោកបន្តថាឃាតកម្មនេះលោកសង្ស័យថាជារឿងគំនុំ ។ លោកបានរកមុខសញ្ញាឃើញខ្លះៗហើយដែរ ប៉ុន្តែមិនអាចបញ្ចេញឈ្មោះជនសង្ស័យបាននៅពេលនេះ ៖ «បងស្រីវា មានអាមួយឈ្មោះ ក មកញ៉ែបងវា រួចអាប្អូនវាចង់ការពារអ៊ីចឹង រួចអាភាគីម្ខាងគេខឹង...» ។
រីឯនៅវេលាម៉ោង២និង៣០នាទីយប់ដដែលនៅក្នុងភូមិមហាលាភ ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ប្តីប្រពន្ធពីរនាក់បានស្លាប់មួយរំពេចដោយក្រុមឃាតករមានគ្នា៣នាក់បាញ់ប្រហារ ។
លោកមេឃុំពាមប្រធ្នោះ ឈ្មោះ សេង អុល បានមានប្រសាសន៍ជុំវិញឃាតកម្មនេះថាជាអំពើប្លន់ប្រដាប់អាវុធ ។ លោកបានបន្តថានៅវេលាម៉ោង២ជាងនោះ ក្រុមចោរមានគ្នា៣នាក់បានគាស់ទ្វារផ្ទះជនរងគ្រោះខាងក្រោយស្រាប់តែបុរសជាប្តីឈ្មោះ ឈុន សុភា បានឮក៏ទៅខ្ទប់ទ្វារត្រូវបានក្រុមចោរនោះបាញ់ប្រហារតែម្តង។ ភ្លាមៗនោះក្រុមចោរក៏បានចាប់ប្រពន្ធឈ្មោះ ហេង គឹមហួន និងវាយសួរចម្លើយយកមាសប្រាក់រួចក៏បាញ់សម្លាប់និងកាំភ្លើងអាកាត្រូវចំក្បាលស្លាប់ភ្លាមៗ បន្សល់ទុកកូនស្រី៣នាក់ ។
លោកមេឃុំបន្ថែមថាលោកមិនដឹងថាទ្រព្យសម្បត្តិដែលក្រុមចោរបានប្លន់យកនោះអស់ប៉ុន្មាននោះទេ ហើយរហូតមកដល់ពេលនេះសមត្ថកិច្ចមិនទាន់រកមុខសញ្ញាឃើញនៅឡើយដែរ ។
ឪពុកមាជនរងគ្រោះឈ្មោះ មិន សុខមៀន បានមានប្រសាសន៍ថាជនរងគ្រោះមានមុខរបរលក់ដូរនៅផ្ទះ ។ លោកបានបញ្ជាក់ប្រាប់ពីហេតុការណ៍នោះថា ក្រោយពីឃាតករបានបាញ់សម្លាប់ជនរងគ្រោះជាប្តីលោករត់ទៅហៅប៉ូលិសនៅក្នុងភូមិជាមួយឲ្យមកជួយ ប៉ុន្តែកាំភ្លើងប៉ូលិសបាញ់មិនកើត ហើយក៏មិនហ៊ានចូលទៅជិតក្រុមចោរប្រដាប់ដោយអាវុធនោះដែរ ៖ «នគរបាលមកតែបាញ់វាមិនចេញ...» ។
ជុំវិញឃាតកម្មខាងលើមន្រ្តីសម្របសម្រួលនិងឃ្លាំមើលការបោះឆ្នោតអង្គការខុមហ្វ្រែល លោក នាង សូវ៉ាត មានប្រសាសន៍ថាអំពើឃាតកម្មចេះតែកើតមានជាបន្តបន្ទាប់នៅជិតពេលបោះឆ្នោតនេះ វាអាចប៉ះពាល់ដល់ស្មារតីប្រជាពលរដ្ឋនៅក្នុងដំណើរការនៃការបោះឆ្នោតនាពេលខាងមុខ ។
សូមបញ្ជាក់ថានេះជាឃាតកម្មលើកទី៤ហើយនៅក្នុងខេត្តកំពង់ចាមនៅក្នុងខែមិថុនានិងខែកក្កដានេះ ៕
