មនុស្ស​៣​នាក់​ស្លាប់​ក្នុង​ករណី​ឃាតកម្ម​២​ផ្សេង​គ្នា​នៅ​ខែត្រ​កំពង់ចាម

មនុស្ស​៣​នាក់​បាន​ស្លាប់​ដោយសារ​ឃាតកម្ម​ពីរ​ផ្សេង​គ្នា​នៅ​ក្នុង​ខេត្ត​កំពង់ចាម នៅ​យប់​ថ្ងៃ​ទី​២ កក្កដា​នេះ ស្រប​ពេល​ថ្ងៃ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្រ្ត​នៅ​ក្នុង​អាណត្តិ​ទី​៤ បាន​ឈាន​ជិត​មក​ដល់ ។

0:00 / 0:00

ឃាតកម្ម​ទី​១​នៅ​ក្នុង​ស្រុក​កោះ​សូទិន ប្តី​ប្រពន្ធ​ពីរ​នាក់​បាន​ស្លាប់​ដោយ​ការប្លន់​ប្រដាប់​អាវុធ ។ ឯ​ឃាតកម្ម​ទី​២ ក្មេង​ប្រុស​វ័យ​១៦​ឆ្នាំ​បាន​ស្លាប់​នៅ​ក្នុង​ស្រុក​ពញាក្រែក​ត្រូវ​បាន​ឃាតករ​លួច​កាប់​ពី​ក្រោយ​ខ្នង ។

អធិការ​ប៉ូលិស​ស្រុក​ពញាក្រែក ឈ្មោះ ប្រាក់ ប៊ុនណន់ បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ក្មេង​ប្រុស​អាយុ​១៦​ឆ្នំា ឈ្មោះ ធឿន សុធា នៅ​ក្នុង​ភូមិ​ត្រពាំង​ព្រីង ឃុំ​ត្រពាំង​ផ្លុង ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​លួច​កាប់​នឹង​កាំបិត​ប្រហារ​ពី​ក្រោយ​ខ្នង​នៅ​វេលា​ម៉ោង ៧​និង​៣០​នាទី យប់​ថ្ងៃ​ទី​២ កក្កដា ធ្វើ​ឲ្យ​បាត់បង់​ជីវិត​ភ្លាមៗ ។

លោក​បន្ត​ថា​ឃាតកម្ម​នេះ​លោក​សង្ស័យ​ថា​ជា​រឿង​គំនុំ ។ លោក​បាន​រក​មុខ​សញ្ញា​ឃើញ​ខ្លះៗ​ហើយ​ដែរ ប៉ុន្តែ​មិន​អាច​បញ្ចេញ​ឈ្មោះ​ជន​សង្ស័យ​បាន​នៅ​ពេល​នេះ ៖ «បង​ស្រី​វា មាន​អា​មួយ​ឈ្មោះ ក មក​ញ៉ែ​បង​វា រួច​អា​ប្អូន​វា​ចង់​ការពារ​អ៊ីចឹង រួច​អា​ភាគី​ម្ខាង​គេ​ខឹង...»

រីឯ​នៅ​វេលា​ម៉ោង​២​និង​៣០​នាទី​យប់​ដដែល​នៅ​ក្នុង​ភូមិ​មហា​លាភ ឃុំ​ពាម​ប្រធ្នោះ ស្រុក​កោះ​សូទិន ប្តី​ប្រពន្ធ​ពីរ​នាក់​បាន​ស្លាប់​មួយ​រំពេច​ដោយ​ក្រុម​ឃាតករ​មាន​គ្នា​៣​នាក់​បាញ់​ប្រហារ ។

លោក​មេ​ឃុំ​ពាម​ប្រធ្នោះ ឈ្មោះ សេង អុល បាន​មាន​ប្រសាសន៍​ជុំវិញ​ឃាតកម្ម​នេះ​ថា​ជា​អំពើ​ប្លន់​ប្រដាប់​អាវុធ ។ លោក​បាន​បន្ត​ថា​នៅ​វេលា​ម៉ោង​២​ជាង​នោះ ក្រុម​ចោរ​មាន​គ្នា​៣​នាក់​បាន​គាស់​ទ្វារ​ផ្ទះ​ជន​រងគ្រោះ​ខាង​ក្រោយ​ស្រាប់តែ​បុរស​ជា​ប្តី​ឈ្មោះ ឈុន សុភា បាន​ឮ​ក៏​ទៅ​ខ្ទប់​ទ្វារ​ត្រូវ​បាន​ក្រុម​ចោរ​នោះ​បាញ់​ប្រហារ​តែម្តង។ ភ្លាមៗ​នោះ​ក្រុម​ចោរ​ក៏​បាន​ចាប់​ប្រពន្ធ​ឈ្មោះ ហេង គឹមហួន និង​វាយ​សួរ​ចម្លើយ​យក​មាស​ប្រាក់​រួច​ក៏​បាញ់​សម្លាប់​និង​កាំភ្លើង​អាកា​ត្រូវ​ចំ​ក្បាល​ស្លាប់​ភ្លាមៗ បន្សល់​ទុក​កូន​ស្រី​៣​នាក់ ។

លោក​មេ​ឃុំ​បន្ថែម​ថា​លោក​មិន​ដឹង​ថា​ទ្រព្យ​សម្បត្តិ​ដែល​ក្រុម​ចោរ​បាន​ប្លន់​យក​នោះ​អស់​ប៉ុន្មាន​នោះ​ទេ ហើយ​រហូត​មក​ដល់​ពេល​នេះ​សមត្ថកិច្ច​មិន​ទាន់​រក​មុខ​សញ្ញា​ឃើញ​នៅ​ឡើយ​ដែរ ។

ឪពុក​មា​ជន​រងគ្រោះ​ឈ្មោះ មិន សុខមៀន បាន​មាន​ប្រសាសន៍​ថា​ជន​រងគ្រោះ​មាន​មុខរបរ​លក់​ដូរ​នៅ​ផ្ទះ ។ លោក​បាន​បញ្ជាក់​ប្រាប់​ពី​ហេតុការណ៍​នោះ​ថា ក្រោយ​ពី​ឃាតករ​បាន​បាញ់​សម្លាប់​ជន​រងគ្រោះ​ជា​ប្តី​លោក​រត់​ទៅ​ហៅ​ប៉ូលិស​នៅ​ក្នុង​ភូមិ​ជាមួយ​ឲ្យ​មក​ជួយ ប៉ុន្តែ​កាំភ្លើង​ប៉ូលិស​បាញ់​មិន​កើត ហើយ​ក៏​មិន​ហ៊ាន​ចូល​ទៅ​ជិត​ក្រុម​ចោរ​ប្រដាប់​ដោយ​អាវុធ​នោះ​ដែរ ៖ «នគរបាល​មក​តែ​បាញ់​វា​មិន​ចេញ...»

ជុំវិញ​ឃាតកម្ម​ខាង​លើ​មន្រ្តី​សម្រប​សម្រួល​និង​ឃ្លាំមើល​ការបោះ​ឆ្នោត​អង្គការ​ខុមហ្វ្រែល លោក នាង សូវ៉ាត មាន​ប្រសាសន៍​ថា​អំពើ​ឃាតកម្ម​ចេះតែ​កើត​មាន​ជា​បន្ត​បន្ទាប់​នៅ​ជិត​ពេល​បោះ​ឆ្នោត​នេះ វា​អាច​ប៉ះពាល់​ដល់​ស្មារតី​ប្រជាពលរដ្ឋ​នៅ​ក្នុង​ដំណើរការ​នៃ​ការបោះ​ឆ្នោត​នា​ពេល​ខាង​មុខ ។

សូម​បញ្ជាក់​ថា​នេះ​ជា​ឃាតកម្ម​លើក​ទី​៤​ហើយ​នៅ​ក្នុង​ខេត្ត​កំពង់ចាម​នៅ​ក្នុង​ខែ​មិថុនា​និង​ខែ​កក្កដា​នេះ ៕