មនុស្ស​៤​នាក់​ត្រូវ​ឃុំ​ខ្លួន​ពី​បទ​សង្ស័យ​រួម​គំនិត​គ្នា​លួច​រថយន្ត​ពី​ឃ្លាំង​គយ

2009-06-22

បុរស​ពីរ​នាក់​ក្នុង​ចំណោម​មនុស្ស​៤​នាក់ ដែល​គេ​សង្ស័យ​ថា បាន​រួម​គំនិត​គ្នា​លួច​រថយន្ត​១​គ្រឿង​ពី​ក្នុង​ឃ្លាំង​គយ​ខេត្ត​បាត់ដំបង​កាល​ពី​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ ត្រូវ​បាន​តុលាការ​សម្រេច​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន។

ចៅក្រម​តុលាការ​ខេត្ត​បាត់ដំបង លោក ឌុច សុខ​សារិន បាន​ថ្លែង​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​ថា ជន​សង្ស័យ​ទាំង​២​នាក់​ម្នាក់​ឈ្មោះ លាង ជា​សន្តិសុខ​យាម​ទ្វារ​របង​ស្នាក់ការ​គយ​និង​ម្នាក់​ទៀត​ឈ្មោះ ឈឿន ឆាល់ ជា​អ្នក​បើកបរ ត្រូវ​តុលាការ​ឃុំ​ខ្លួន​ជា​បណ្តោះ​អាសន្ន ៖ «កាល​ពី​បញ្ជូន​សំណុំ​រឿង​ទៅ​ដំបូង ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​មួយ ហើយ​ម្សិល​មិញ​សម្រេច​មួយ​ទៀត»

កាល​ពី​វេលា​ម៉ោង ១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១២ ខែ​មិថុនា រថយន្ត​ម៉ាក ISUZU ពណ៌​ស្ករ​ស៊េរី​ឆ្នាំ​២០០៥ ចង្កូត​ស្តាំ​១​គ្រឿង​អត់​ស្លាក​លេខ​និង​អត់​ពន្ធ បាន​បាត់​ពី​ក្នុង​ឃ្លាំង​គយ​ខេត្ត​បាត់ដំបង​ស្ថិត​ក្នុង​ក្រុង និង​ខេត្ត​បាត់ដំបង លុះ​ដល់​ថ្ងៃ​ទី​១៩ ខែ​មិថុនា ត្រូវ​បាន​កង​រាជ​អាវុធហត្ថ​រក​ឃើញ​នៅ​ចំណុច​ទួល​តា​អុក ភូមិ​ហៃ​សាន ឃុំ​ជ្រៃ ស្រុក​ថ្ម​គោល ខេត្ត​បាត់ដំបង។

សមត្ថកិច្ច​កង​រាជ​អាវុធ ជាមួយ​គ្នា​នេះ បាន​ឃាត់​ខ្លួន​មនុស្ស ៤​នាក់ ដើម្បី​សាក​សួរ ក្នុង​នោះ​មាន ឈ្មោះ លាង ជា​សន្តិ​សុខ​យាម​ទ្វារ​របង​គយ ឈ្មោះ ឈឿន ឆាល់ ជា​អ្នក​បើក​រថយន្ត ឈ្មោះ រស់ ឆៃ​លី ជា​អ្នក​រក​ស៊ី​លក់​ដូរ​រថយន្ត និង​ឈ្មោះ គឹម ប៊ុនធា ជា​អ្នក​បើក​រថយន្ត​ផ្ទាល់​របស់​លោក ស្រី ស៊ាង ប្រធាន​សាខា​គយ​ខេត្ត​បាត់ដំបង។

លោក សូឌី នាយ​ការិយាល័យ​ព័ត៌មាន​សន្តិសុខ​នៃ​កង​រាជ​អាវុធ​ខេត្ត​បាត់ដំបង បាន​ថ្លែង​ថា ឈ្មោះ គឹម ប៊ុនធា ជា​អ្នក​បើក​រថយន្ត​របស់​ប្រធាន​សាខា​គយ​ខេត្ត​បាត់ដំបង បាន​ប្រើ​ថ្នាំ​ពុល​លេប​បែក​ពពុះ​មាត់ ខណៈ​ដែល​នាំ​ខ្លួន​យក​មក​សាកសួរ។

លោក សូឌី ថ្លែង​ដូច្នេះ​ថា ៖ «គាត់​បាន​សម្លប់​បាត់​ហើយ ធ្វើ​ម៉េច មាន​តែ​សួរ​គាត់​ទេ​បាន​ដឹង​រឿង​ច្បាស់ ដល់​គាត់​សម្លប់​បាត់ មាន​អី​សួរ​កើត»

ប្រភព​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ថ្លែង​ថា តាម​ចម្លើយ​សារភាព​សន្តិសុខ​យាម​ទ្វារ​ឈ្មោះ លាង ដែល​កំពុង​ឃុំ​ខ្លួន​បាន​បញ្ជាក់​ថា នៅ​យប់​ថ្ងៃ​ទី​១២ ខែ​មិថុនា ឈ្មោះ គឹម ប៊ុនធា អ្នក​បើក​ឡាន​ឲ្យ​លោក ស្រី ស៊ាង ប្រធាន​គយ​ខេត្ត​បាត់ដំបង បាន​បញ្ជា​ឲ្យ​ខ្លួន​បើក​ទ្វារ​អនុញ្ញាត​ឲ្យ​ឈ្មោះ ឈឿន ឆាល់ បើក​រថយន្ត​នោះ​យក​ចេញ​ទៅ ៖ «ព្រោះ​ចោរ​ហ្នឹង​វា​លេច​ចេញ​ពី​ស្ថាប័ន​គយ ការ​សន្និដ្ឋាន​របស់​មជ្ឈដ្ឋាន​ទូទៅ គេ​ចង់​ទម្លាក់​ថា ប្រហែល​ជា​គយ​និង​តៃកុង​ឡាន​គយ​ហ្នឹង មាន​គំនិត​យ៉ាង​ណា​មួយ ហើយ​ដល់​បែក​រឿង​អ៊ីចឹង​ទៅ​បែរ​ជា​លាក់​រឿង​អាស្រូវ​ហ្នឹង»

ប្រធាន​សាខា​គយ​ខេត្ត​បាត់ដំបង លោក ស្រី ស៊ាង មិន​លើក​ទូរស័ព្ទ​អធិប្បាយ​ជុំវិញ​រឿង​អាស្រូវ​ខាង​លើ​នេះ​ទេ។ ទាក់ទិន​ករណី​នេះ មជ្ឈដ្ឋាន​នានា​ដាក់​ការ​សង្ស័យ​ថា​តើ ឈ្មោះ គឹម ប៊ុនធា អ្នក​បើក​ឡាន​ឲ្យ​លោក ស្រី ស៊ាង ប្រធាន​គយ​ខេត្ត​បាត់ដំបង បាន​ទទួល​បញ្ជា​ពី​អ្នក​ណា​ទើប​ហ៊ាន​ធ្វើ​ដូច្នេះ៕

ឧបករណ៍រឿង

ស្តាប់សំឡេង
ថតសំឡេង
អ៊ីម៉េល​
ព្រឹត្តិបត្រព័ត៌មាន
បោះពុម្ព
ចែករំលែករឿងនេះ

អត្ថបទ​ដែល​ទាក់ទង

ពលរដ្ឋ​ម្នាក់​នៅ​កំពង់ឆ្នាំង​ត្រូវ​អ្នក​យាម​ឡូត៍​នេសាទ​បាញ់​ឲ្យ​ស្លាប់

អតីត​អ្នក​កាសែត​ម្នាក់​ត្រូវ​ផ្តន្ទា​ទោស​ឲ្យ​ជាប់​គុក​២​ឆ្នាំ​ពី​បទ​ផ្សាយ​ព័ត៌មាន​មិន​ពិត

បុរស​តៃវ៉ាន់​ម្នាក់​ជាប់​គុក​៣៧​ឆ្នាំ​ពី​បទ​រត់ពន្ធ​គ្រឿង​ញៀន

ជន​ដាណាម៉ាក​ម្នាក់​រង​ការ​ចោទ​ថា​ចាប់​បង្ខំ​រួមភេទ​ជាមួយ​កុមារី​ខ្មែរ

ក្មេង​ស្រី​១៧​នាក់​ត្រូវ​ឃាត់​ខ្លួន​ពី​បទ​សង្ស័យ​ថា​ប្រកប​របរ​ផ្លូវ​ភេទ

យុវជន​ម្នាក់​នៅ​ព្រៃវែង​រង​របួស​ធ្ងន់​ដោយសារ​ក្រុម​ក្មេង​ទំនើង​លួច​កាប់

ប្រធាន​មជ្ឈមណ្ឌល​កុមារ​កំព្រា​នៅ​ខេត្ត​កណ្តាល​ត្រូវ​ចាប់​ខ្លួន​ពី​បទ​វាយ​ដំ​កុមារ

ជន​សង្ស័យ​ម្នាក់​ក្នុង​ករណី​ប៉ុនប៉ង​សម្លាប់​មនុស្ស​ត្រូវ​បាន​ដោះលែង

ទាហាន​ថៃ​រង​ការ​ចោទ​ថា​ប្រើ​អំពើ​ហិង្សា​លើ​ស្រ្ដី​ខ្មែរ​ម្នាក់​ឲ្យ​រង​របួស

ជន​រង​គ្រោះ​ដោយ​ទឹក​អាស៊ីត​និង​ការ​ស្វែង​រក​យុត្តិធម៌