អតីតកងទ័ពខ្មែរក្រហម៤រូបត្រូវបានតុលាការក្រុងភ្នំពេញផ្តន្ទាទោសកាលពីព្រឹកថ្ងៃអង្គារនេះពីបទសម្លាប់អ្នកជំនាញការដោះមីនជនជាតិអង់គ្លេសនិងអ្នកបកប្រែកាលពី១២ឆ្នាំមុន។
លោក អ៊ីវ គឹមស្រ៊ី ចៅក្រមសាលាដំបូងក្រុងភ្នំពេញបានអានសាលក្រមនៅចំពោះមុខជនជាប់ចោទដែលសម្រេចឲ្យជនបីនាក់ជាប់គុកម្នាក់ៗ២០ឆ្នាំ និងម្នាក់ទៀត១០ឆ្នាំ។
នៅក្នុងចំណោមជនបីនាក់ដែលត្រូវបានកាត់ទោសឲ្យជាប់គុកម្នាក់ៗ២០ឆ្នាំនោះ រួមមានឈ្មោះ ខឹម ង៉ុន អាយុ៥៨ឆ្នាំ ដែលត្រូវបានជាប់ចោទពីបទបញ្ជាឲ្យសម្លាប់ ហើយជនពីរនាក់ទៀតគឺឈ្មោះ លុច ម៉ៅ អាយុ៥៦ឆ្នាំ និង ពុត លឹម អាយុ៥៧ឆ្នាំ ត្រូវបានចោទប្រកាន់ថាមានវត្តមាននៅពេលសម្លាប់ជនជាតិអង់គ្លេសឈ្មោះ Christopher Howes កាលពីខែមីនា ឆ្នាំ១៩៩៦។
ជនម្នាក់ដែលត្រូវបានកាត់ទោសទាក់ទងនឹងការសម្លាប់នោះដែរត្រូវបានជាប់គុក១០ឆ្នាំ គឺឈ្មោះ ស៊ិន ដន ឯជនជាប់ចោទម្នាក់ទៀតឈ្មោះ ជាប ចិត្ត ត្រូវបានរួចខ្លួន។
បន្ទាប់ពីការប្រកាសសាលក្រមនោះ ឈ្មោះ ពុត លឹម ដែលគេដឹងថាជាអ្នកបើករថយន្តឲ្យ ខឹម ង៉ុន បានថ្លែងថាសាលក្រមនេះគឺអត់ត្រឹមត្រូវទេ ដោយសារគាត់មិនមែនជាអ្នកសម្លាប់អ្នកទាំងពីរនាក់នោះឡើយ។
មេធាវីរបស់អ្នកទោសដែលជាអតីតយោធាខ្មែរក្រហមនេះ គឺលោក លីម អេងរតនៈ បានមានប្រសាសន៍ថាលោកពុំមានវត្តមាននៅក្នុងការប្រកាសសាលក្រមនោះទេ ដូច្នេះលោកមិនអាចធ្វើអត្ថាធិប្បាយអ្វីឡើយ ហើយក៏មិនអាចបញ្ជាក់បានថា តើនឹងត្រូវប្តឹងឧទ្ធរណ៍ឬយ៉ាងណានោះឡើយ ៖ «គេឲ្យដឹងដំណឹងហ្នឹង ប៉ុន្តែខ្ញុំអត់បានចូលរួមព្រឹកមិញ ខ្ញុំជាប់រវល់»។
ទាក់ទងនឹងការកាត់ទោសអតីតកងទ័ពខ្មែរក្រហមក្នុងការសម្លាប់មនុស្សនេះ កញ្ញា សេង ធារី នាយិកាមជ្ឈមណ្ឌលអភិវឌ្ឍន៍សង្គម បានមានប្រសាសន៍ថាការសម្រេចផ្តន្ទាទោសនោះគឺជារឿងដ៏ល្អមួយ។
កញ្ញា សេង ធារី បានមានប្រសាសន៍ថា ៖ «អ្វីដែលខ្ញុំបានឮពីភាសាច្រើន ពីគ្នាច្រើន ឮថាការកាត់ទោសហ្នឹងវាស្របនឹងអ្វីដែលតុលាការមានជាភស្តុតាងនៅក្នុងចំណោមសាក្សី នៅក្នុងចំណោមសភាពការណ៍ វាទំនង ដល់អ៊ីចឹងយើងគិតថា យុត្តិធម៌អត់មានព្រំដែននៅក្នុងន័យថា អត់មានពេលវេលាទេ រឿងហ្នឹងវាកើតឡើងយូរមែន ប៉ុន្តែមនុស្សដែលបានធ្វើឃាត អត់អាចរួចខ្លួនបានទេ ហើយយើងគិតថានេះវាអាចទាក់ទិនដល់នយោបាយផង ប៉ុន្តែប្រសិនបើក្រុមគ្រួសាររបស់ជនរងគ្រោះបានទទួលយុត្តិធម៌ យើងគិតថាវាសមរម្យហើយ យើងត្រូវការចូលរួមក្នុងការអបអរសាទរតុលាការដែលបានកាត់ទោស»។
គួរបញ្ជាក់ថា លោក Christopher Howes និងអ្នកបកប្រែរបស់គាត់ជាជនជាតិខ្មែរឈ្មោះ ហ៊ុន ហួត ត្រូវបានចាប់ខ្លួននិងសម្លាប់ដោយក្រុមទាហានខ្មែរក្រហមនៅតំបន់អន្លង់វែង កាលពីខែមីនា ឆ្នាំ១៩៩៦ នៅពេលដែលអ្នកទាំងពីរបានស្ថិតក្នុងបេសកកម្មមនុស្សធម៌ជាអ្នកជំនាញផ្នែកដោះមីន៕
|
|
អ៊ីម៉េល |
|
|
ព្រឹត្តិបត្រព័ត៌មាន |
|
|
បោះពុម្ព |
ជនរងគ្រោះនៃរបបខ្មែរក្រហមខឹងសម្បានឹងការយឺតយ៉ាវក្នុងការកាត់ក្តីអតីតមេខ្មែរក្រហម
ការកសាងសារមន្ទីរខ្មែរក្រហមនៅអន្លង់វែង មិនទាន់ចេញជារូបរាងទេ
ប្រធានមជ្ឈមណ្ឌលឯកសារកម្ពុជាស្នើឲ្យដកមន្ត្រីសាលាក្ដីខ្មែរក្រហមមួយចំនួន
ខៀវ សំផន ត្រូវតុលាការសម្រេចបន្តឃុំខ្លួនមួយឆ្នាំទៀត
មន្ត្រីអ.ស.ប.នឹងមកកម្ពុជាដើម្បីជជែកអំពីបញ្ហាសាលាក្ដីខ្មែរក្រហម
អតីតមេដឹកនាំខ្មែរក្រហម៣រូបនឹងត្រូវឃុំខ្លួនបន្តទៅទៀត
សវនាការស្ដីពីការបកប្រែសំណុំរឿងខៀវ សំផន នឹងធ្វើនៅថ្ងៃ៤ធ្នូ
អ្នកថតរូបជនជាតិស៊ុយអែដសោកស្ដាយដោយធ្លាប់គាំទ្ររបបខ្មែរក្រហម
អ្នកថតរូបជាតិស៊ុយអែតគ្រោងមកតាំងពិព័រណ៍រូបថតសម័យខ្មែរក្រហមនៅកម្ពុជា
ឥស្សរជនខ្មែរអាមេរិកាំងអំពាវនាវឲ្យកម្ពុជាជំរុញការកាត់ទោសមេខ្មែរក្រហមឲ្យបានឆាប់