មនុស្ស​៤​នាក់​ស្លាប់​និង​២​នាក់​របួស​ដោយសារ​ផ្ទុះ​មីនតោន​នៅ​បាត់ដំបង

គ្រាប់​មីន​តោន​បាន​ផ្ទុះ​សម្លាប់​មនុស្ស ៤​នាក់ និង​បណ្ដាល​ឲ្យ​មនុស្ស​ពីរ​នាក់​ផ្សេង​ទៀត​រង​របួស​ធ្ងន់​ បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ នា​ខេត្ត​បាត់ដំបង កាល​ពី​ល្ងាច​ថ្ងៃ​ទី​៧ ខែ​តុលា ​ឆ្នាំ​២០១២។
ដោយ សួន សុផលមុន្នី
2012-10-08
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
មីន
អ្នក​ដោះ​មីន​របស់​ស៊ីម៉ាក (CMAC) រៀបចំ​កម្ទេច​គ្រាប់​មីន កាលពី​ថ្ងៃ​២៩ កញ្ញា ២០០៦។
AFP Photo

មូលហេតុ​ដែល​បណ្ដាល​ឲ្យ​ផ្ទុះ​មីនតោន​នោះ ដោយសារ​ជន​រងគ្រោះ​ទាំង​នោះ​បាន​បរ​ម៉ាស៊ីន​គោយន្ត​ដឹក​ពោត​ចេញ​ពី​ដី​ចម្ការ​មួយ​កន្លែង ស្ថិត​នៅ​ក្រុម​ទី​៥ ​ភូមិ​ដូន​ព្រឹក ឃុំ​តាសាញ់ ស្រុក​សំឡូត ខេត្ត​បាត់ដំបង។

លោក នួន មុត ​នាយ​សេនាធិការ អធិការដ្ឋាន​នគរបាល​ស្រុក​សំឡូត ​បាន​ថ្លែង​នៅ​ថ្ងៃ​ច័ន្ទ​ ទី​៨ ខែ​តុលា ថា នៅ​មុន​ពេល​កើត​ហេតុ ​ក្រុម​អ្នក​ភូមិ​បាន​បើក​ម៉ាស៊ីន​គោយន្ត​ចំនួន​ពីរ​គ្រឿង ​ដឹក​ពោត​ ចេញ​ពី​ចម្ការ។ លុះ​ដល់​កន្លែង​កើត​ហេតុ ​មាន​ម៉ាស៊ីន​គោយន្ត​មួយ​គ្រឿង​មាន​អ្នក​ជិះ ៦​នាក់ ​បាន​ ជាប់​ផុង។ នៅ​ពេល​នោះ អ្នក​ជិះ​លើ​គោយន្ត​បី​នាក់​បាន​ចុះ​រុញ ​ក៏​កិន​ចំ​លើ​គ្រាប់​មីន​តោន​សេសសល់​នៅ​ក្រោម​ដី កាល​ពី​សម័យ​សង្គ្រាម​បណ្ដាល​ឲ្យ​ផ្ទុះ​ឡើង។

លោក នួន មុត៖ «ដឹក​ពោត ព្រោះ​ផ្លូវ​គាត់​ដឹក​ចេញ​មក​ពីរ​បី​សា​ហើយ ផ្លូវ​ក្បែរ​ផ្ទះ...។ ដឹក​ពោត​មក​ដល់​ហ្នឹង គោយន្ត​ទី​១ បាន​ឆ្លង​ទៅ​ផុត គោយន្ត​ទី​២ ជាប់​ផុង​ នាំ​គ្នា​ចុះ​រុញ។ រុញ​ទៅ​វា​ផ្ទុះ​មីន​ហ្នឹង​ទៅ  ពេល​រុញ​កិន​លើ​មីន ហើយ​ផ្ទុះ​សាកសព ពីរ​នៅ​ល្អ សាកសព​ម្នាក់​ទៀត ​បែក​ជា​បំណែក គោយន្ត​ខ្ទេច​អស់...»

ការ​ផ្ទុះ​គ្រាប់មីន​តោន​នេះ ​បាន​សម្លាប់​មនុស្ស​បី​នាក់​នៅ​នឹង​កន្លែង​កើត​ហេតុ ​និង​ម្នាក់​ទៀត​របួស​ធ្ងន់ តែ​បាន​ស្លាប់​នៅ​ពេល​បញ្ជូន​ដល់​មន្ទីរ​ក្នុង​ខេត្ត​បាត់ដំបង។

ជនរងគ្រោះ​ដែល​ស្លាប់​ទាំង ៤​នាក់​ មាន​ឈ្មោះ ​ចេង​ ឌីន​ អាយុ ៣៦​ឆ្នាំ ​ឈ្មោះ ​ណុប ​នួន ​អាយុ ២២​ឆ្នាំ​ ឈ្មោះ ណុប ​នុន ​អាយុ ១៩​ឆ្នាំ​ និង​ម្នាក់​ទៀត​ដែល​ស្លាប់​នៅ​មន្ទីរពេទ្យ​មាន​ឈ្មោះ ​ទឹម​ ណន អាយុ ៤៥​ឆ្នាំ។ ចំណែក​ជន​រង​របួស​ពីរ​នាក់​ទៀត ​មាន​ឈ្មោះ ​ណុប​ ណាត​ អាយុ ២៥​ឆ្នាំ​ និង​ឈ្មោះ ​ចេង ដា អាយុ ២៥​ឆ្នាំ។ អ្នក​ស្លាប់​ និង​អ្នក​រង​របួស ​ជា​អ្នក​រស់​នៅ​ភូមិ​ដូន​ព្រឹក ឃុំ​តាសាញ ស្រុក​សំឡូត ខេត្ត​បាត់ដំបង។

នេះ​ជា​ករណី​ផ្ទុះ​គ្រាប់​មីន​តោន​ដែល​សេសសល់​ពី​សម័យ​សង្គ្រាម​ថ្មី​មួយ​ករណី​ទៀត​នៅ​ក្នុង​ខេត្ត​ បាត់ដំបង។ កាល​ពី​ថ្ងៃ​ទី​​៣០ ខែ​កញ្ញា ​កន្លង​ទៅ គ្រាប់មីន​តោន​បាន​ផ្ទុះ​សម្លាប់​មនុស្ស​ចំនួន ៦​នាក់ និង​របួស​ពីរ​នាក់ ខណៈ​ដែល​ជន​រងគ្រោះ​ទាំង ៨​នាក់ បាន​នាំ​គ្នា​ជិះ​គោយន្ត​កាត់​តាម​ផ្លូវ​លំ​មួយ ​ស្ថិត​ក្នុង​ភូមិ​បាណង់ ឃុំ​ស្ដៅ ​នៅ​​ស្រុក​រតនៈមណ្ឌល​ ខេត្ត​បាត់ដំបង។

សមត្ថកិច្ច​ប៉ូលិស​បាន​បញ្ជាក់​ថា ​រណ្ដៅ​ផ្ទុះ​គ្រាប់​មីន​តោន​ទាំង​ពីរ​ករណី​នៅ​ស្រុក​សំឡូត ​និង​ស្រុក​រតនៈមណ្ឌល ​ខេត្ត​បាត់ដំបង​នេះ មាន​ទំហំ​ធំ ហើយ​ទំនង​គ្រាប់មីន​តោន​នោះ ​ត្រូវ​បាន​គេ​ដាក់​ត្រួត​លើ​គ្នា ដើម្បី​ប្រឆាំង​ទៅ​នឹង​រថពាសដែក​នៅ​ក្នុង​សម័យ​សង្គ្រាម ​រវាង​កងទ័ព​ខ្មែរ​ក្រហម និង​កងទ័ព​នៃ​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល