ក្រុមប៉ូលិសខណ្ឌទួលគោកនិងប៉ូលិសព្រហ្មទណ្ឌក្រុងដែលមានគ្នាជាច្រើននាក់ ខ្លះមានឯកសណ្ឋាននិងខ្លះទៀតស្លៀកពាក់ជាជនស៊ីវិលបានឡោមព័ទ្ធចាប់ជនសង្ស័យប្លន់ទាំងនោះក្នុងសណ្ឋាគាររ៉ូយ៉ាល់ផាឡេស ដោយបានបិទផ្លូវពីគ្លីនិកសម្ភពវិសាលសុខទៅផ្លូវផ្សារដើមគរចម្ងាយជាង១០០ម៉ែត្រពីសណ្ឋាគារនោះ។
ស្នងការរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ ទូច ណារ៉ុថ មានប្រសាសន៍ថា សមត្ថកិច្ចព្រហ្មទណ្ឌនិងខណ្ឌទួលគោក ក្រុងភ្នំពេញ បានព័ទ្ធចាប់ក្រុមសង្ស័យប្លន់ពីម៉ោង៨ព្រឹក និងចូលចាប់ខ្លួនបាននៅម៉ោង១០ព្រឹកទើបបាន៤នាក់ក្នុងចំណោមបក្សពួកផ្សេងទៀត។
លោកថា ក្នុង៤នាក់ដែលលាក់ខ្លួនស្នាក់នៅសណ្ឋាគាររ៉ូយ៉ាល់ផាឡេសនេះមានប្រុស២នាក់ ស្រី២នាក់ ប្រើអាវុធខ្លី២ដើម និងម៉ូតូ៤គ្រឿង។
លោកឧត្តមសេនីយ៍ ទូច ណារ៉ុថ បានមានប្រសាសន៍ថា ៖ «ដូច្នេះយើងបានដឹងថាមុខសញ្ញាចោរប្លន់វាស្នាក់នៅកន្លែងហ្នឹង ដូច្នេះយើងអនុវត្តតាមជំនាញរបស់យើង ចាប់មុខសញ្ញាចោរប្លន់នេះ។ យើងឃើញថា ៤នាក់ គឺមាននារី២។ នារីហ្នឹងអាចពាក់ព័ន្ធជាកម្លាំងចិត្ត ឬក៏ជាសង្សាររបស់មុខសញ្ញាចោរប្លន់ទាំងហ្នឹង។ ដូច្នេះយើងសម្រេចក្នុងករណីជាក់ស្ដែងដែលយើងឆែកឃើញនៅកន្លែងកើតហេតុ ទី១គឺយើងសម្រេចឃាត់ខ្លួនទាំងអស់ ហើយក្នុងហ្នុងមានប្រុស២ដែលជាមុខសញ្ញាចោរប្លន់ ហើយនិងនារី២នាក់ហ្នឹង ហើយទន្ទឹមនឹងនោះក៏យើងដកហូតបានអាវុធខ្លីចំនួន២ដើមក៏ដូចជាសម្ភារៈមួយចំនួនដែលពាក់ព័ន្ធនឹងការចែកចាយនិងប្រើប្រាស់ថ្នាំញៀន»។
លោកឧត្តមសេនីយ៍ ទូច ណារ៉ុថ អះអាងបន្តថា ជនសង្ស័យនោះជាមុខសញ្ញាចាស់ធ្លាប់ប្រព្រឹត្តបទល្មើសច្រើនករណីមកហើយ។ សមត្ថកិច្ចមិនទាន់អាចប្រាប់ឈ្មោះជនសង្ស័យទាំង៤នាក់នេះបានទេ ប៉ូលិសកំពុងសាកសួរនិងស្រាវជ្រាវបន្តរកជនសង្ស័យបន្ថែមទៀត។
លោកឧត្តមសេនីយ៍ ទូច ណារ៉ុថ បានបញ្ជាក់ថា ៖ «វាច្រើនលើកច្រើនសាហើយ ដូច្នេះយើងធ្វើការស៊ើបអង្កេតតាមដានដើម្បីចាប់ យើងចាប់បានខ្លះ ហើយមុខសញ្ញាសេសសល់យើងបន្តចាប់ តាមការស៊ើបអង្កេតរបស់យើង យើងក្ដាប់បានថាមុខសញ្ញាលាក់ខ្លួន ខ្ញុំកំពុងតែធ្វើការបន្តទៀត»។
អភិបាលខណ្ឌទួលគោក លោក សេង រតនៈ ចូលរួមបង្រ្កាបក្នុងសកម្មភាពនេះដែរ លោកសុំមិនធ្វើអត្ថាធិប្បាយឡើយ។
មហាជនភ្ញាក់ផ្អើលនឹងការបិទផ្លូវរហូតចាប់ខ្លួនជនសង្ស័យប្រព្រឹត្តល្មើសនៅថ្ងៃអាទិត្យនេះបានធ្វើឲ្យពួកគាត់សប្បាយចិត្តដោយសារតែកន្លងមកសកម្មភាពប្លន់បានកើតច្រើននាំឲ្យប្រជាជនមានការភ័យព្រួយពីសន្តិសុខក្នុងប្រទេស។
លោក វីរៈ រស់នៅភ្នំពេញមានយោបល់ថា ៖ «ខ្ញុំសរសើរដល់គុណសម្បត្តិរបស់សមត្ថកិច្ចយើងដែលបានបង្រ្កាបចោរប្លន់បានទាន់ពេលវេលា»។
ចំណែកលោក ភឿន រស់នៅភ្នំពេញដែរ សូមអរគុណដល់សមត្ថកិច្ចដែលបង្រ្កាបក្រុមចោរបានភ្លាមៗដូច្នេះ ៖ «ឥឡូវបើសមត្ថកិច្ចយើងធ្វើបាន បង្រ្កាបចោរប្លន់អីហ្នឹង ខ្ញុំក៏សប្បាយចិត្ត»។
ជុំវិញបញ្ហាចាប់ខ្លួនជនសង្ស័យប្លន់ទាំងមិនទាន់មានប្រភពផ្សេងទៀតអះអាងបញ្ជាក់ថា ជនទាំង៤នាក់នេះជាមុខសញ្ញាចាស់បានប្រព្រឹត្តអំពើប្លន់ពិតឬអត់ទេ។ សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យទាំង៤នាក់នោះបានបញ្ជូនទៅសាកសួរបន្ថែមនៅស្នងការដ្ឋានក្រុងរួចហើយនៅថ្ងៃនេះ៕
