ប្រធានស្នាក់ការឧទ្យានជាតិវីរជ័យប្រចាំស្រុកសៀមប៉ាង លោក ទួន ផូ បញ្ជាក់ថាអ្នកភូមិទាំង៤នាក់ត្រូវបានឃាត់ខ្លួន កាលពីវេលាម៉ោង៩យប់ថ្ងៃទី៦ ឧសភា ឆ្នាំ២០០៨នៅចម្ងាយប្រមាណមួយគីឡូម៉ែត្រពីសួនឧទ្យាន ខណៈពេលពួកគេជាច្រើននាក់កំពុងដឹកជញ្ជួនឈើគ្រញូងតាមរទេះរុញដោយកម្លាំងមនុស្ស ហើយក្រុមល្បាតបានប្រទះឃើញ ក៏ធ្វើការឃាត់ខ្លួនពួកគេជាមួយនឹងវត្ថុតាងនៅនឹងទីកើតហេតុ ។
លោក ទួន ផូ បានឲ្យដឹងថា ៖ «ដោយការចាំងដៃ ...លឿនដែរ លួចលាក់ផង មួយយប់អីអាចគាត់ដឹកចេញផុតអីអ៊ីចឹង គាត់ធ្វើបានមួយគល់ គាត់ដឹកចេញមួយគល់ ពីរគល់គាត់ដឹកពីរគល់តែម្ដង ។ គ្នាគាត់ច្រើននាក់ណាស់ ប៉ុន្តែយើងចាប់ឃាត់ខ្លួនពួកគាត់បានតែ៤នាក់ដែលយើងជួបប្រទះ» ។
អ្នកភូមិទាំង៤នាក់មានឈ្មោះ ពុធ លីន, ហ្រ្វឿង អយ, ចាន់ ញ៉ុង និង ចាន់ នូន ។ ពួកគេរស់នៅភូមិញ៉ាំទុំ ឃុំថ្មកែង ស្រុកសៀមប៉ាង ត្រួវបាននាំខ្លួនមកកាន់ស្នាក់ការឧទ្យានជាតិប្រចាំស្រុក ជាមួយវត្ថុតាងមានកាំបិត ពូថៅ និងរទេះរុញ ជាមួយនឹងឈើគ្រញូងចំនួន២ផ្លាន ។
អភិបាលស្រុកសៀមប៉ាង លោក សាន់ រិទ្ធចំរើន មានប្រសាសន៏បញ្ជាក់ថាសមត្ថកិច្ចមូលដ្ឋានពុំបានធ្វើការឃុំខ្លួនអ្នកភូមិនោះទេ គ្រាន់តែនាំមករក្សាទុកដើម្បីធ្វើការស្រាវជ្រាវរកប្រភពអ្នកនៅពីក្រោយសកម្មភាពនាំឲ្យមានការកាប់ឈើប្រណីត ដើម្បីធ្វើអាជីវកម្មខុសច្បាប់នោះ ។
លោក សាន់ រិទ្ធចំរើន បានមានប្រសាសន៍ថា ៖ «យើងចង់ដឹងស្រាវជ្រាវថាតើប្រភពដែលគាត់ចូលទៅកាប់ឈើនៅតំបន់ហ្នឹង វាមានប្រភពចេញមកពីណា ? ហើយនរណាអ្នកឲ្យគាត់ទៅកាប់ ? គឺចង់ស្រាវជ្រាវរកមូលហេតុវាអ៊ីចឹង បានយើងស្រួលចាត់ការតាមផ្លូវច្បាប់» ។
បើតាមសេចក្តីរាយការណ៏ពីកងល្បាតប្រចាំឧទ្យានបញ្ជាក់ថា អ្នកភូមិប្រមាណ ៥ ទៅ ៦ក្រុមផ្សេងគ្នា ប្រដាប់ដោយកាបិត ពូថៅ និងរទេះរុញ បាននាំគ្នាចូលព្រៃជ្រៅៗក្បែរឧទ្យានជាតិ ដើម្បីកាប់ឈើគ្រញូង ឡាំងជាឈើជ្រុងដឹកជញ្ជូននៅវេលាយប់មកលាក់ទុកនៅក្នុងទឹកទន្លេក្បែរច្រាំង ហើយមានឈ្មួញមកប្រមូលទិញនាំចេញមកទីផ្សារក្នុងខេត្ត និងបន្តលក់ចេញទៅទីផ្សារផ្សេងទៀត ។
មេឃុំថ្មកែវ លោក សុធិ មានប្រសាសន៏បញ្ជាក់ថាពិតជាអ្នកភូមិក្រីក្រនាំគ្នាចូលព្រៃលួចកាប់ឈើដើម្បីជាមុខរបរចិញ្ចឹមជីវិត ។ លោកថាក៏ប៉ុន្តែក៏មានការឃុបឃិតពីសមត្ថកិច្ចនៅទីនោះបើកដៃផងដែរ ៖ «ហាមដែរ ប៉ុន្តែអ្នកខ្លះគេលួចទៅហ្នឹង គេទៅគេជេរ បើសិនជាខាងសមត្ថកិច្ចមិនឲ្យចូល គេអត់ហ៊ានចូលដូចគ្នាអ៊ីចឹង» ។
អាជ្ញាធរមូលដ្ឋានស្រុកសៀមប៉ាង ឲ្យដឹងដែរថាឈើប្រណីតមានតម្លៃត្រូវបានគេកាប់អស់ស្ទើរគ្មានសល់នាប៉ុន្មានឆ្នាំចុងក្រោយនេះ នៅតំបន់ព្រៃក្នុងស្រុកសៀមប៉ាង ហើយបច្ចុប្បន្នអ្នកភូមិត្រូវបានឈ្មួញផ្តល់សម្ភារៈមធ្យោបាយចូលព្រៃជ្រៅកាប់ឈើជាប់ឧទ្យានជាតិដែលមានឈើប្រណីតនៅសេសសល់នៅទីនោះ ។
បើតាមឆ្មាំការពារឧទ្យានជាតិស្រុកសៀមប៉ាងឲ្យដឹងដែរថា ចាប់ពីដើមឆ្នាំ២០០៨ មកទល់នឹងបច្ចុប្បន្នពួកគេបានបង្រ្កាបបាន៤ករណី និងចាប់ឃាត់ខ្លួនមនុស្សជាង១០នាក់ ហើយបានអនុវត្តវិធានការអប់រំ និងផាកពិន័យរឹបអូសវត្ថុតាង ហើយធ្វើការដោះលែងឲ្យទៅកាន់លំនៅឋានពួកគេវិញ ៕
