គ្រាប់​ផ្លោង​៥​គ្រាប់​ត្រូវ​បាន​រក​ឃើញ​នៅ​ក្រោម​ដី​ក្នុង​ទីរួម​ខេត្ត​សៀមរាប

គ្រាប់​ផ្លោង​ធុន​១០៥​មីលីម៉ែត្រ​ចំនួន​៥​គ្រាប់​ត្រូវ​បាន​គេ​រក​ឃើញ​ក្រោម​ដី​​នៅ​តំបន់​ស្តាតចាស់ កណ្តាល​ទី​រួម​ខេត្ត​សៀមរាប កាល​ពី​ព្រឹក​ថ្ងៃ​ពុធ ២៣ ធ្នូ ខណៈ​ដែល​ក្រុម​កម្មករ​សំណង់​បាន​ជីក​ដី​ជម្រៅ​ប្រហែល​១​ម៉ែត្រ​ចុះ​ក្រោម​បម្រុង​ចាក់​គ្រឹះ​សំណង់​ថ្មី។

លោក សេង ផល្លី ប្រធាន​ក្រុម​កម្ទេច​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​របស់​កង​ឯកភាព​កម្ចាត់​មីន​ទី​៦​នៃ​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា CMAC ដែល​បាន​ទៅ​យក​គ្រាប់​ទាំង​នោះ​ដើម្បី​កម្ទេច​ចោល បាន​មាន​ប្រសាសន៍​ថា គ្រាប់​កាំភ្លើង​ធំ​ទាំង​៥​គ្រាប់​នេះ​ជា​ប្រភេទ​កាំភ្លើង​ផ្លោង​ធុន​១០៥​មីលីម៉ែត្រ​ដែល​ផលិត​នៅ​ប្រទេស​អាមេរិក ដែល​វា​ជា​គ្រាប់​សេស​សល់​ពី​សម័យ​លន់ នល់។

លោក សេង ផល្លី មាន​ប្រសាសន៍​ឲ្យ​ដឹង​ដូច្នេះ ៖ «ជា​គ្រាប់​១០៥​មីលីម៉ែត្រ។ គ្រាប់​នេះ​មិន​មែន​ជា​គ្រាប់​សម័យ​ថ្មីៗ​នេះ​ទេ វា​សល់​ពី​សម័យ លន់ នល់ មក​ហើយ។ គ្រាប់​នេះ​បើ​សិន​ជា​យើង​យក​ទៅ​បាញ់​វា​ពិបាក​ដែរ វា​ច្រេះ ប៉ុន្តែ​ប្រាកដ​ជា​នៅ​ផ្ទុះ ព្រោះ​វា​មាន​រំសេវ​នៅ​ក្នុង​ហ្នឹង»

លោក​វរសេនីយ៍​ទោ ឆេត ញ៉ា ប្រធាន​ការិយាល័យ​គ្រប់គ្រង​អាវុធ​ជាតិ​ផ្ទុះ​និង​ជាតិ​ពុល​នៃ​ស្នងការ​នគរបាល​ខេត្ត​សៀមរាប បាន​មាន​ប្រសាសន៍​ថា ​កន្លែង​ស្តាតចាស់​នេះ​ធ្លាប់​ជា​អតីត​កន្លែង​កាំ​ភ្លើង​ធំ​របស់​ទាហាន​សាធារណរដ្ឋ​ខ្មែរ​របស់​លោក​សេនា​ប្រមុខ លន់ នល់ ដែល​មាន​គ្រាប់​កាំភ្លើង​ធំ​ជា​ច្រើន​នៅ​សេស​សល់​កប់​ក្រោម​ដី ហើយ​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​ខាង CMAC ធ្លាប់​បាន​រាវ​រក​ឃើញ​ប្រមាណ​ជាង​៥០​គ្រាប់​នៅ​ក្នុង​តំបន់​នោះ៕