មនុស្ស​៦​នាក់​ត្រូវ​ចាប់​ខ្លួន​ពាក់ព័ន្ធ​នឹង​ការ​ទន្ទ្រាន​ដី​ព្រៃ​លិច​ទឹក​នៅ​កំពង់ធំ

ជន​សង្ស័យ ៦​នាក់ ដែល​សង្ស័យ​ថា ទន្ទ្រាន​ដីព្រៃ​លិច​ទឹក និង​ផ្លូវ​លើ​អាង​ប្រឡាយ​ដែល​ហាមឃាត់​ចូល​តំបន់ ៣ ដែល​ជា​ដែន​កំណត់​នៃ​តំបន់​ហាមឃាត់​ជុំ​វិញ​បឹង​ទន្លេសាប ស្ថិត​ក្នុង​ឃុំ​សំព្រោច ស្រុក​ស្ទោង ខេត្ត​កំពង់ធំ ត្រូវ​បញ្ជូន​មក​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៥ កក្កដា។
ដោយ វិជ័យ អានន្ទ
2012-07-25
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

ជន​សង្ស័យ​ទាំង​នោះ រួម​មាន​មន្ត្រី​មន្ទីរ​ធនធាន​ទឹក និង​ឧតុនិយម​ខេត្ត មេ​ឃុំ​សំព្រោច និង​ប្រជាពលរដ្ឋ ៤​នាក់​ផ្សេង​ទៀត។

ជនសង្ស័យ ៦​នាក់ ត្រូវ​ចាប់​ខ្លួន​យ៉ាង​ប្រញាប់ប្រញាល់ និង​បញ្ជូន​ខ្លួន​ភ្លាមៗ​មក​កាន់​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៤ កក្កដា។ ការ​ចាប់​ខ្លួន​នេះ​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​គ្រួសារ​ជនសង្ស័យ​ដឹង​នោះ​ឡើយ។

ភរិយា​លោក​មេ​ឃុំ​សំព្រោច អ្នកស្រី លាន់ សេងលី ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៥ នេះ​ថា លោក ពាញ ពោល ដែល​ជា​ស្វាមី​អ្នកស្រី ត្រូវ​អាជ្ញាធរ​ចាប់​ខ្លួន ហើយ​អ្នកស្រី​មិន​បាន​ដឹង​ពី​មូលហេតុ​នៃ​ការ​ចាប់​ខ្លួន​ស្វាមី​អ្នកស្រី​នោះ​ឡើយ៖ «គេ​មក​រក ក៏​ខ្ញុំ​តេ​ទៅ​បិទ​ទូរស័ព្ទ​អស់​រលីង ក៏​ខ្ញុំ​ឆោឡោ ប៉េអឹម​គេ​ហៅ​ទៅ​ក៏​បាត់​ឈឹង​ចេះ​ឯង។ ខ្ញុំ​ភ័យ ខ្ញុំ​រក​គេ​រក​ឯង​ជូន​ទៅ​កន្លែង​ប៉េអឹម ដល់​ជួល​ដល់​កន្លែង​ប៉េអឹម គេ​ថា​គេ​មិន​ចាប់​ខ្លួន​ទេ គេ​យក​ទៅ​ថា ដឹង​យក​មុខ​ទៅ​ណា»

បង​ប្រុស​បង្កើត​របស់​មេ​ឃុំ​សំព្រោច លោក ពាញ ពិន មាន​ប្រសាសន៍​ថា ប្អូន​ប្រុស​របស់​លោក គឺ​លោក​ឈ្មោះ ពាញ ពោល និង​មន្ត្រី​នៃ​មន្ទីរ​ធនធាន​ទឹក និង​ឧតុនិយម ព្រម​ទាំង​ប្រជាពលរដ្ឋ ៤​នាក់​ផ្សេង​ទៀត ត្រូវ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ចាប់​ខ្លួន​ថ្ងៃ​ទី​២៤ កក្កដា បញ្ជូន​ទៅ​រាជធានី​ភ្នំពេញ។ តែ​លោក​មិន​ដឹង​ថា ការ​ចាប់​ខ្លួន​នោះ​ចោទ​ពី​បទ​អ្វី​នោះ​ឡើយ ហើយ​នៅ​ថ្ងៃ​ទី​២៥ កក្កដា នេះ អ្នក​ទាំង​នោះ​ត្រូវ​កង​រាជ​អាវុធហត្ថ​បញ្ជូន​ទៅ​កាន់​សាលា​ដំបូង​រាជធានី​ភ្នំពេញ និង​បើក​ការ​សាកសួរ​ដោយ​ចៅក្រម​សាកសួរ​សាលា​ដំបូង​លោក សេង នាង។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​មន្ត្រី​នាំ​ពាក្យ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក ខេង ទីតូ និង​ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក សេង នាង ដើម្បី​បំភ្លឺ​ពី​ករណី​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​២៥ កក្កដា។

ទាក់ទង​នឹង​ចំណាត់​ការ​ចុះ​បង្ក្រាប​មន្ត្រី​រដ្ឋាភិបាល​នេះ អង្គការ​សង្គម​សំដែង​ការ​សាទរ។

អនុ​ប្រធាន​ផ្នែក​អង្កេត​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាហុដ (Adhoc) លោក ចាន់ សុវ៉េត លើក​ឡើង​ថា កន្លង​មក​មន្ត្រី​រដ្ឋាភិបាល​មួយ​ចំនួន​បាន​ប្រព្រឹត្ត​បទល្មើស​ព្រៃ​ឈើ​ស្ទើរ​គ្រប់​កន្លែង​ទូទាំង​ប្រទេស តែ​មន្ត្រី​ទាំង​នោះ​គេ​ពុំ​សូវ​ឃើញ​មាន​ការ​ចាប់​យក​មក​ផ្ដន្ទាទោស​នោះ​ឡើយ ដូច្នេះ​ការ​បង្ក្រាប​នេះ​នឹង​ធ្វើ​ឲ្យ​មន្ត្រី​ផ្សេងៗ​ទៀត​ដែល​កំពុង​ប្រព្រឹត្ត​បទល្មើស​អាច​ខ្លាច​រអា​ជាង​មុន ហើយ​បទល្មើស​ព្រៃ​ឈើ ឬ​ព្រៃ​លិច​ទឹក​ទាំង​នោះ​នឹង​ត្រូវ​កាត់​បន្ថយ។

លោក ចាន់ សុវ៉េត៖ «បើ​តាម​អ្វី​ដែល​ជា​សេចក្ដី​រាយការណ៍​ខាង​ដើម បញ្ជាក់​ថា អ្នក​ទាំង​អស់​នោះ​សុទ្ធ​តែ​ធ្លាប់​បាន​ប្រព្រឹត្ត​បទល្មើស​ពី​ខាង​ដើម ទាក់ទង​នឹង​ព្រៃ​លិច​ទឹក ហ៊ុមព័ទ្ធ​យក​ដី​ខុស​ច្បាប់​ជាដើម អ៊ីចឹង​នៅ​ពេល​មាន​ចាប់​ខ្លួន​អ្នក​ទាំង ៦​ជា​បន្ត​បន្ទាប់​នោះ វា​មាន​លក្ខខណ្ឌ​ល្អ​ប្រសើរ»

ជនសង្ស័យ​ទាំង ៦​នាក់​ មាន​ទី​១ ប្រធាន​មន្ទីរ​ធនធាន​ទឹក​ខេត្ត​កំពង់ធំ លោក ជាតិ សុវុត្ថា អាយុ ៤៨​ឆ្នាំ ​ ទី​២ មេឃុំ​សំព្រោច ពាញ ពោល អាយុ ៤១​ឆ្នាំ ទី​៣ យក់ គឹមឡេន ភេទ​ស្រី អាយុ ៥៩​ឆ្នាំ ទី​៤ ថាវ ទុំ អាយុ ៣១​ឆ្នាំ ទី​៥ ធាង ធា អាយុ ៣៣​ឆ្នាំ និង​ទី​៦ ម៉េង ផល្លី អាយុ ៥០​ឆ្នាំ ទាំង ៤​នាក់ ជា​កសិករ។

ជន​សង្ស័យ​ទាំង ៦​នាក់ ត្រូវ​ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន និង​ចោទ​ថា បាន​ធ្វើ​សកម្មភាព​បំពាន​នៅ​ក្នុង​តំបន់​ហាម​ឃាត់​ដែល​ជា​តំបន់​គ្រប់គ្រង​ដោយ​ស្ថាប័ន​ជលផល និង​ធនធានទឹក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល