មន្រ្តីជលផលស្រុកពួកខែត្រសៀមរាបបានចាប់ខ្លួនប្រជាកសិករ៦នាក់បញ្ជូនទៅកាន់រដ្ឋបាលខែត្រកាលពីរសៀលថ្ងៃសុក្រ ទី២៥ ខែមេសា ដោយចោទប្រកាន់ប្រជាពលរដ្ឋទាំងនោះថាបានកាប់ឆ្ការរំលោភចូលដែនព្រៃលិចទឹកតំបន់ត្រីពងកូនដែលជាដែនការពារ ។
ប្រធានផ្នែកជលផលស្រុកពួក លោក សំ ផាន់ណា បានមានប្រសាសន៍ថាប្រជាកសិករទាំង៦រូបនោះរស់នៅភូមិផ្លាំង ឃុំព្រៃជ្រូក ត្រូវបានមន្ត្រីជលផលចាប់ខ្លួនខណៈពេលដែលកំពុងធ្វើសកម្មភាពជាក់ស្ដែងកាប់ឆ្ការព្រៃលិចទឹក តំបន់ត្រីពងកូនដើម្បីពង្រីកយកដីស្រែនៅតំបន់ក្រោមឈ្មោះថាត្រពាំងពងត្រី ។
លោក សំ ផាន់ណា បានឲ្យដឹងថា ៖ «បទល្មើសជាក់ស្ដែងនៅតំបន់ហាមឃាត់ដែននេសាទ ។ ដីនោះយើងបានចុះពិភាក្សាប៉ុន្មានដងហើយ ជាតំបន់ការពាររបស់សមត្ថកិច្ចជលផល» ។
បើតាមមន្ត្រីជលផលបានឲ្យដឹងទៀតថាព្រៃលិចទឹកប្រមាណ២០ហិកតាត្រូវក្រុមកសិករទាំងនោះកាប់បំផ្លាញហើយសមត្ថកិច្ចព្យាយាមហាមឃាត់ជាច្រើនលើកមកហើយដែលជនទាំងនោះអាចប្រឈមមុខនឹងការកសាងសំណុំរឿងបញ្ជូនទៅតុលាការ ។
ចំណែកឯអភិបាលស្រុកពួក លោក ពេជ សុខាល័យ បានមានប្រសាសន៍កាលពីរសៀលថ្ងៃសុក្រថា ការចាប់ខ្លួនគឺដោយសារប្រជាពលរដ្ឋទាំងនោះរំលោភទៅលើតំបន់ការពារនិងរំលោភទៅលើបំរាមរបស់អាជ្ញាធរដែលបានណែនាំជាច្រើនលើកមកហើយ ។
លោក ពេជ សុខាល័យ បានបញ្ជាក់ថា ៖ «ប្រជាជនគាត់បានទៅរំលោភ ហើយយើងបានធ្វើការអប់រំគាត់ជាច្រើនលើកច្រើនគ្រាហើយ ប៉ុន្តែគាត់មិនព្រមស្ដាប់ អ៊ីចឹងទេយើងគ្រាន់តែអញ្ជើញគាត់ឲ្យទៅជួបជាមួយនឹងការិយាល័យរដ្ឋបាលជលផលខែត្រណែនាំឲ្យបានច្បាស់លាស់» ។
ប៉ុន្តែទោះយ៉ាងណាក្រុមអ្នកភូមិបានបដិសេធចោលថា ការចាប់ខ្លួននោះពុំត្រឹមត្រូវទេ ។
បុរសឈ្មោះ ដោក រី នៅភូមិផ្លាំង ឃុំព្រៃជ្រូក ដែលកូននិងក្មួយរបស់គាត់ត្រូវសមត្ថកិច្ចចាប់ខ្លួននោះ បានមានប្រសាសន៍ថាទីនោះជាដីស្រែកេរដំណែលរបស់គាត់ជាយូរមកហើយ ដោយគ្រាន់តែគាត់ទុកចោលមួយរយៈប៉ុណ្ណោះ ។ លោកពុំបានកាប់ឆ្ការព្រៃដូចការអះអាងរបស់អាជ្ញាធរឡើយ ។
លោក ដោក រី បានឲ្យដឹងថា ៖ «ជលផលហើយនិងប៉ូលិសគេទៅចាប់ខ្ញុំ គេថាខ្ញុំកាប់ព្រៃជលផល ព្រៃសម្បទាន ប៉ុន្តែស្រែហ្នឹងស្រែកំណើតរបស់ខ្ញុំ ខ្ញុំធ្វើមក» ។
ក្រុមអ្នកភូមិជាច្រើនបានធ្វើការតវ៉ាយ៉ាងខ្លាំងក្លាចំពោះការចាប់ខ្លួននេះដោយអ្នកភូមិខ្លះបានតាមជាប់នៅជាមួយនឹងកូនចៅរបស់គេដែលសមត្ថកិច្ចចាប់ខ្លួននោះផង ។
មេឃុំព្រៃជ្រូក លោក អ៊ឹម អឿម បានមានប្រសាសន៍ថាតំបន់ត្រពាំងត្រីពងនោះគឺជាតំបន់ដីស្រែរបស់ប្រជាពលរដ្ឋក៏ប៉ុន្តែត្រូវបានកសិករបោះបង់ចោលតាំងពីឆ្នាំ១៩៨៤មកម្ល៉េះ ។ ថ្មីៗនេះកសិករបានចាប់ផ្ដើមចូលទៅចាប់យកដីស្រែរបស់គេវិញ ហើយលោកធ្លាប់ស្នើសុំតំបន់នោះប្រគល់ទៅឲ្យប្រជាកសិករវិញដែរ ក៏ប៉ុន្តែត្រូវមន្ត្រីជលផលនិងមន្ត្រីស្រុកពុំយល់ព្រម ។
មន្ត្រីស្រុកពួក បានអះអាងថាតំបន់នោះធ្លាប់ជាដីស្រែមែនកាលពីសម័យសង្គមរាស្ត្រនិយម ហើយចាប់ពីសម័យក្រោយៗមកមិនមានកសិករធ្វើស្រែទេរហូតដល់ព្រៃដុះ និងត្រូវបានចាត់ទុកជាជម្រកត្រីពងកូនដែលត្រូវការពារ ៕
|
|
ស្តាប់សំឡេង |
|
|
ថតសំឡេង |
|
|
អ៊ីម៉េល |
|
|
ព្រឹត្តិបត្រព័ត៌មាន |
|
|
បោះពុម្ព |
ពលរដ្ឋ២៣គ្រួសារនៅកំពង់ឆ្នាំងចោទថាក្រុមទាហានរំលោភយកដី
អ្នកភូមិជ័យសេនាដែលត្រូវបណ្ដេញចេញទីដី បារម្ភខ្លាចមិនបានបោះឆ្នោត
ពលរដ្ឋនៅកំពង់ចាមមកតវ៉ារឿងដីធ្លីដល់ផ្ទះនាយករដ្ឋមន្ត្រី
មន្ត្រីតុលាការខេត្តពោធិ៍សាត់រងការចោទថារំលោភយកដីពលរដ្ឋ
អាជ្ញាធរខេត្តកំពង់ស្ពឺបញ្ជាឲ្យក្រុមយោធាបញ្ឈប់ការបំពានយកដីអ្នកស្រុក
អ្នកភូមិខ្លះនៅភូមិតាកែនខេត្តកំពតចាកចេញពីដីដោយខ្លាចទាហាន
ជម្លោះដីធ្លីរវាងអ្នកភូមិនិងក្រុមយោធានៅស្រុកភ្នំស្រួច ខែត្រកំពង់ស្ពឺ
អ្នកភូមិនៅឃុំតាកែនស្រុកឈូកដែលប្រឈមនឹងការរុះរើផ្ទះសម្ដែងការអស់សង្ឃឹម
អាជ្ញាធរខែត្រកំពតបង្កើនសកម្មភាពរុះរើផ្ទះពលរដ្ឋនៅឃុំតាកែន